មន្ត្រីរដ្ឋាភិបាល និងក្រុមអង្គការសង្គមស៊ីវិលកាលពីថ្ងៃអាទិត្យ បានផ្ដល់មតិខុសៗគ្នា ចំពោះការត្រៀមផ្ដល់ជំនួយថវិកាជិត៨០លានដុល្លាររបស់សហរដ្ឋអាមេរិកមកដល់រាជរដ្ឋាភិបាលកម្ពុជា។
ជំនួយថវិកាជិត៨០លានដុល្លារ គឺស្ថិតនៅក្នុងសេចក្ដីព្រាងច្បាប់ថវិកាមួយ ដែលគ្រោងទឹកប្រាក់សរុបជាង ៥២ពាន់លានដុល្លារ សម្រាប់ចំណាយទៅលើកិច្ចប្រតិបត្តិការទាំងក្នុង និងក្រៅប្រទេសរបស់សហរដ្ឋអាមេរិក រួមមាន ការពង្រឹងចំណងទាក់ទងជាមួយប្រទេសជាសម្ព័ន្ធមិត្ត ការប្រយុទ្ធប្រឆាំងនឹងសកម្មភាពក្រុមភេរវកម្ម ការពង្រឹងវិស័យសុខាភិបាលពិភពលោក និងការពង្រឹងប្រជាធិបតេយ្យ។
ប៉ុន្តែ សំណើថវិកាសម្រាប់ប្រទេសកម្ពុជានេះ ក៏ភ្ជាប់មកជាមួយនូវលក្ខខណ្ឌផងដែរ ពោលគឺកម្ពុជានឹងទទួលបានជំនួយនេះ លុះត្រាតែ «រដ្ឋាភិបាលនៃប្រទេសកម្ពុជាបញ្ឈប់អំពើហិង្សា និងការយាយីអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានប្រាប់VOAកាលពីថ្ងៃអាទិត្យថា លោកមិនយល់ថាតើសហរដ្ឋអាមេរិក បានធ្វើការវាស់ស្ទង់យ៉ាងណា ចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា។
ទាក់ទិនលក្ខខណ្ឌដែលភ្ជាប់នឹងជំនួយដែលព្រឹទ្ធសភាអាមេរិកគ្រោងផ្តល់ដល់កម្ពុជានោះ លោក ផៃ សុផាន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖
«តើពួកអ្នកជាប់គុកប៉ុន្មាន ជាប់ដោយសាររឿងអី? អង្គហេតុអីថាអង្គច្បាប់យ៉ាងម៉េច មិនមើលអាហ្នឹង ឬឲ្យតែគណបក្សប្រឆាំង សង្គមស៊ីវិល គឺនៅតែក្រៅច្បាប់ នៅពីលើច្បាប់រហូតយ៉ាងម៉េច? ជជែកគ្នា ឲ្យពិតប្រាកដមើល! តើពួកហ្នឹងជាប់គុកដោយសារអី? នែ៎ មូលហេតុអី? អង្គហេតុអី? តើហេតុម៉េច បានគេយកច្បាប់ហ្នឹងយកមក គេធ្វើការវិនិច្ឆ័យ? អ្នកណាមានអំណាចលើការវិនិច្ឆ័យ? លើអំណាចវិនិច្ឆ័យ នៅលើមាត់របស់ពួកអ្នកសហរដ្ឋអាមេរិក ឬច្បាប់អនុញ្ញាតឲ្យចៅក្រម ឬព្រះរាជអាជ្ញាហ្នឹង អ្នកដាក់ទោសទណ្ឌ?»។
លោក សុខ ឥសាន្ត ជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្សគ្រប់គ្រងប្រទេស បានមានប្រសាសន៍ប្រាប់ VOA ថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ចំពោះការផ្ដល់ជំនួយថវិកាពីសហរដ្ឋអាមេរិក។
លោកអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនបានញាំញីទៅលើគណបក្សប្រឆាំងនោះទេ។
លោកបន្ថែមថា ការផ្ដល់ឬមិនផ្ដល់ឲ្យជំនួយនេះ គឺអាស្រ័យលើការសន្និដ្ឋាន របស់សហរដ្ឋអាមេរិកចំពោះដំណើរការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
«សូមជម្រាបជូនថា រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជន មិនបានយាយីទៅលើគណបក្សប្រឆាំងទេបាទ។ អីចឹងទេ បញ្ហាដែលកើតឡើងកន្លងទៅនេះ មិនមែនជាការយាយីទេ តែជាលទ្ធផលនៃការប្រព្រឹត្តល្មើសច្បាប់របស់សាមីជន នៅក្នុងជួរគណបក្សសង្គ្រោះជាតិ»។
ថវិកាជិត៨០លានដុល្លារដែលព្រឹទ្ធសភាសហរដ្ឋអាមេរិកព្រាងសម្រាប់ផ្ដល់ជូនកម្ពុជា នឹងផ្ដោតទៅលើការអភិវឌ្ឍប្រទេសនេះ ក្នុងវិស័យមួយចំនួនដូចជា វិស័យសុខាភិបាល សេដ្ឋកិច្ច ប្រឆាំងភេរវកម្ម ការដោះមីននិងគ្រាប់មិនទាន់ផ្ទុះ ហើយនិងដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមក្នុងប្រទេសកម្ពុជា។
លោក អំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានថ្លែងថា ប្រទេសកម្ពុជា ពិតជាបាននិងកំពុងប្រឈមនឹងការរំលោភសិទ្ធិមនុស្ស ដូចជាការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សអាដហុក និងមន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោកបញ្ជាក់ថា ការលើកឡើងរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកគឺស្របទៅតាមស្ថានភាពជាក់ស្ដែងដែលកើតមាននៅកម្ពុជា។
«យើងឃើញថា ស្ថានភាពនយោបាយមានសភាពតានតឹង បានន័យថា កំពុងតែកម្ដៅនយោបាយកំពុងតែក្តៅគគុក ហើយការគោរពសិទ្ធិមនុស្សក៏ធ្លាក់ចុះ។ អីចឹងហើយ បានជាសហរដ្ឋអាមេរិកហ្នឹងគេប្រាប់ថា បើសិនជាកម្ពុជាយើង ចង់បានជំនួយ អាហ្នឹងត្រូវតែមានការកែលម្អឡើងវិញនូវស្ថានភាពនៃការរំលោភសិទ្ធិមនុស្ស ក៏ដូចជា ដោះស្រាយបញ្ហានយោបាយហ្នឹងឲ្យចុះកម្ដៅឡើងវិញ»។
លោកបន្ថែមថា មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា គួរយកមតិរិះគន់មានលក្ខណៈស្ថាបនារបស់សង្គមស៊ីវិល និងស្ថាប័នដទៃទៅពិចារណាសម្រាប់ការកែសម្រួលនៃរបៀបលេងនយោបាយដែលមិនចំណេញដល់ប្រជារាស្ត្រ ប៉ុន្តែចំណេញតែផលប្រយោជន៍ផ្លូវនយោបាយមួយដែលមិនអាចធ្វើឲ្យប្រទេសដើរទៅមុខក្នុងគន្លងប្រជាធិបតេយ្យមួយពិតប្រាកដនោះ។
ស្ថានភាពតានតឹងផ្នែកនយោបាយដែលចេះតែអូសបន្លាយមកនេះ ត្រូវអ្នកសង្កេតការណ៍បោះឆ្នោតនៅប្រទេសកម្ពុជា យល់ថា អាចជាចលករនាំឲ្យខូចដល់ដំណើរការរៀបចំការបោះឆ្នោតក្នុងប្រទេស ឬក៏បង្កការភ័យខ្លាចដល់អ្នកបោះឆ្នោត។
អ្នកសង្កេតការណ៍បោះឆ្នោតនិយាយថា ប្រសិនបើការបោះឆ្នោតមិនត្រូវបានធ្វើឡើងដោយត្រឹមត្រូវ និងយុត្តិធម៌ទេ នោះលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា មុខជានឹងដើរថយក្រោយ។
លោក សំ គន្ធាមី នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិក បានថ្លែងថា ក្រោយការលើកឡើងរបស់ព្រឹទ្ធសភាអាមេរិក រាជរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើការបន្ធូរបន្ថយភាពតានតឹងផ្នែកនយោបាយនៅក្នុងប្រទេស ដើម្បីបើកផ្លូវឲ្យមានបរិយាកាសសមប្រកបមួយដល់ដំណើរការរៀបចំការបោះឆ្នោតនៅក្នុងប្រទេស។
លោកបញ្ជាក់បន្តថា លទ្ធិប្រជាធិបតេយ្យ នឹងពុំមាននៅក្នុងប្រទេសកម្ពុជានោះទេ ប្រសិនបើការបោះឆ្នោត នឹងត្រូវបានរៀបចំឡើងដោយ បរិយាកាសដែលពោរពេញទៅដោយការភ័យខ្លាចនោះ។
«បើសិនជាលទ្ធិប្រជាធិបតេយ្យរបស់យើង ការបោះឆ្នោតរបស់យើង មិនប្រកបដោយសេរីនិងយុត្តិធម៌ទេ អាហ្នឹងហើយក៏អត់មានប្រជាធិបតេយ្យដែរ ហើយបើការបោះឆ្នោតយើងនៅមានបរិយាកាសនយោបាយហ្នឹង មានការភិតភ័យ អ្នកបោះឆ្នោតភិតភ័យ គណបក្សនយោបាយទាំងអស់ មិនអាចប្រកួតប្រជែងស្មើភាពគ្នាក្នុងវិស័យនយោបាយទេ អាហ្នឹងហើយដែលគេវាស់វែងទាំងអស់ហ្នឹងហើយ។ អីចឹងហើយ បានគេកំណត់ថា លទ្ធិប្រជាធិបតេយ្យហ្នឹង មានប៉ុណ្ណា ដោយសារការវាស់វែងហ្នឹងឯង»។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាងបីទសវត្សរ៍ បានបញ្ជាក់សាជាថ្មី ប្រាប់ក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងថ្ងៃប្រារព្ធខួបទី៦៥ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៨មិថុនា ថា កម្ពុជាមិនមានវិបត្តិនយោបាយនោះទេ គឺមានតែវិបត្តិបុគ្គលរបស់អ្នកនយោបាយមួយចំនួន។
លោកនាយករដ្ឋមន្ត្រីខ្មែររូបនេះ ក៏បានផ្ដាំផ្ញើក្រុមអង្គការសង្គមស៊ីវិល កុំឲ្យយកខ្លួនទៅភ្ជាប់ជាមួយនឹងវិបត្តិបុគ្គលទាំងនោះ។
លោកបានថ្លែងបន្តនាឱកាសប្រារព្ធខួបបង្កើតបក្សនោះថា ប្រទេសកម្ពុជាគឺជាប្រទេសឈរលើគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ។
លោកក៏បានអះអាងផងដែរថា ការខិតខំប្រកូកប្រកាសរបស់មនុស្សខ្លះដែលថា កម្ពុជាកំពុងមានវិបត្តិ ឬកម្ដៅនយោបាយនោះ គឺធ្វើឡើងក្នុងឧបាយកលទុច្ចរិត និងប៉ុនប៉ងបំភាន់សាធារណមតិប៉ុណ្ណោះ៕