ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិកម្ម​ចម្រុះ​ទាក់ទង​នឹង​ការសារភាព​ទទួល​កំហុស​របស់​មេខ្មែរ​ក្រហម​នួន ជា


នួន ជា នៅ​ក្នុង​សវនាការ​ខ្មែរក្រហម។
នួន ជា នៅ​ក្នុង​សវនាការ​ខ្មែរក្រហម។
ក្រុម​ជនរងគ្រោះ​និង​អ្នកនយោបាយ​កម្ពុជា​បានបង្ហាញ​ជំហរ​មិន​ដូចគ្នា​នោះ​ទេ​ចំពោះ​ការប្រកាស​ទទួល​ខុសត្រូវ​លើ​ការខូចខាត​និង​ការបំផ្លិច​បំផ្លាញ​ប្រទេស​កម្ពុជា​ដោយ​ពួក​ខ្មែរក្រហម​របស់​ជនជាប់ចោទ​នួន ជា។

អតីត​ប្រធាន​សភា​ខ្មែរក្រហម​និង​ជា​បងធំ​លំដាប់​ទី២​បន្ទាប់ពី​មេ​ស្ថាបនិក​របប​ខ្មែរក្រហម​គឺ​ប៉ុល ពត​ នួន ជា ​បាន​ថ្លែង​ក្នុង​សវនាការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ចំពោះមុខ​ជនរងគ្រោះ​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ថា​ ខ្លួន​ទទួល​ខុសត្រូវ​«ទាំងស្រុង»​ចំពោះ​អ្វីដែល​បានកើត​ឡើង​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ។ ក្នុង​ឋានៈ​ខ្លួន​ជា​មេដឹកនាំ​ខ្មែរក្រហម​មួយរូប។
នេះ​គឺជា​លើក​ទីមួយ​ដែល​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ប្រកាស​ទទួល​ខុសត្រូវ​លើ​របប​កាប់សម្លាប់​ដែល​ខ្លួន​គ្រប់គ្រង​អំណាច​នោះ។

លោក​ស៊ុម រិទ្ធី ​អតីត​អ្នកទោស​របស់​ពួក​ខោអាវ​ខ្មៅ​ខ្មែរក្រហម​នៅ​ខេត្តសៀមរាប​អស់​រយៈពេល​ជិត​បី​ឆ្នាំ​និង​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​០០២​ដែល​មាន​ជនជាប់ចោទ​នួន ជា ​និង​ខៀវ សំផន។
លោក​ចាត់ទុកថា​សេចក្តី​ប្រកាស​របស់​នួន ជា ​ជា​ចំណិត​តូច​មួយ​នៃ​ការពិត​នៅឡើយ។
«យើង​ចង់​បាន​ការពិត។ ការពិត​ហ្នឹង គឺ​ដូច​អ្វីដែល​គាត់​បាន​និយាយ​ពីថ្ងៃ​ម្សិលមិញ​ហ្នឹង​ប៉ុន្តែ​និយាយ​ប៉ុណ្នឹង​មិន​គ្រប់គ្រាន់​ទេ»។

នួន ជា ​អាយុ៨៦ឆ្នាំ ​ត្រូវគេ​ជឿថា​គឺជា​មេ​មនោគមវិជ្ជា​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ឬ​គេ​ស្គាល់​ថា​ជា​របប​ខ្មែរក្រហម។ របប​នេះ​ដែល​បាន​បង្ក​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ស្លាប់​យ៉ាងតិច​១,៧​លាន​នាក់។

លោក​ប៊ូ ម៉េង ​អតីត​អ្នកទោស​គុក​ទួលស្លែង​ឬ​មន្ទីរ​ស២១ ​យល់ថា​ការប្រកាស​ពី​ការទទួល​ខុសត្រូវ​របស់​នួន ជា ​ប្រហែល​ជា​ដោយសារ​ជនជាប់ចោទ​រំពឹងថា​អាច​នឹងត្រូវ​តុលាការ​ដោះលែង។
លោក ប៊ូ ម៉េង ​យល់ថា​ការទទួល​ខុសត្រូវ​នេះ​មានន័យ​ថា​នួន ជា ​បាន​ចូលរួម​ចំណែក​ក្នុងការ​សម្លាប់​ពលរដ្ឋ​ខ្មែរ។
«បើ​ទោស​ប្រព្រឹត្ត​បានន័យថា​យើង​ចូលក្នុង​ការសម្លាប់​ហើយ។ មិន​ធូរចិត្ត​ទេ​ពីព្រោះ​ជីវិត​ប្រពន្ធ​ខ្ញុំ​ដែល​ស្លាប់​នោះ ​ហើយ​ប្រពន្ធ​ខ្ញុំ​មកវិញ​មក ​ដូច្នេះ​រឿងរ៉ាវ​ទាំងនេះ ​លោក​មិនអាច​រួចខ្លួន​បាន​ទេ​ ប៉ុន្តែ​វិសាលភាព​ប៉ុណ្ណឹង»។
ប្រពន្ធ​របស់​លោក​ប៊ូ ម៉េង ​ត្រូវ​ពួក​ខ្មែរក្រហម​យកទៅ​សម្លាប់​នៅ​បឹង​ជើងឯក។

អតីត​ប្រធាន​មន្ទីរ​ស ២១ ​ឬ​គុក​ទួលស្លែង ​កាំង ហ្គេកអ៊ា​វ ហៅ​ឌុច​ ធ្លាប់​បាន​ប្រកាស​ថា​នួន ជា ​បាន​ត្រួតត្រា​និង​បញ្ជា​លើ​គុក​នេះ។ គុក​នេះ​ដែលមាន​អ្នកទោស​យ៉ាងតិច​១.២៣៨០​នាក់​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​និង​សម្លាប់ចោល។

លោក​យឹម សុវណ្ណ ​តំណាងរាស្ដ្រ​និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្ស​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិមនុស្ស។ លោក​យឹម សុវណ្ណ គិតថា​នួន ជា ​បានបង្ហាញ​គំរូ​ល្អ​មួយ​ដល់​មេដឹកនាំ​ប្រទេស​ជំនាន់​ក្រោយ​ដោយ​ហ៊ាន​ទទួល​ខុសត្រូវ​នូវ​កំហុស​របស់​ខ្លួន។
«ជា​គំរូ​ល្អ ​បើ​យើង​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​យើង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ប្រជារាស្ត្រ​ខ្មែរ ​អ្នកដឹកនាំ​ដទៃ​ទៀត​ហ្នឹង ​ក៏​មិនត្រូវ​ប្រើប្រាស់​អំពើ​ហិង្សា​អ្វីៗ​ទៅលើ​ប្រជា​ពលរដ្ឋ​ខ្មែរ​នោះទេ។ យើង​ត្រូវធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ហ្នឹង​ឆាប់​ជា​សះស្បើយ​នៅ​ជំងឺ​ដ៏​រ៉ាំរ៉ៃ​ខាង​ផ្លូវចិត្ត»។

លោក​ទិត្យ សុធា ​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណ​រដ្ឋមន្ត្រី​មិន​អធិប្បាយ​ច្រើន​លើ​សេចក្តី​ថ្លែងការណ៍​របស់​នួន ជា ​នោះ​ទេ​ដោយ​ហេតុ​ថា ​លោក​គិតថា​តុលាការ​មាន​សមត្ថកិច្ច​វិនិច្ឆ័យ​លើ​ជនជាប់ចោទ​ច្បាស់លាស់​ជាង។
«យើង​មិនអាច​ទៅ​វិនិច្ឆ័យ​លើ​សម្តី​របស់​គាត់​ប៉ុណ្ណឹង​ថា​គួរ​ថា​មានន័យ​សម្រាប់​កម្ពុជា ​ពលរដ្ឋ​កម្ពុជា​ឬ​មួយ​បកស្រាយ​យ៉ាងណា​ទេ ​ហើយ​ផ្ទុយ​ពី​សេចក្តី​សម្រេច​របស់​សាលក្រម ​នៃ​តុលាការ​មិនគួរ​អត្ថាធិប្បាយ​លើ​ដំណាក់កាល​នោះ​ទេ»។

គួររំលឹក​ថា​បើទោះ​ជា​ជនជាប់ចោទ​នួន ជា ​ប្រកាស​ទទួល​ខុសត្រូវ​ចំពោះ​របប​ខ្មែរក្រហម ​ប៉ុន្តែ​នួន ជា ​នៅតែ​និយាយ​ថា​ខ្លួន​មិនដឹង​ពី​ការកាប់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ទេ៕
XS
SM
MD
LG