ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧទ្ធម្ភាគចក្រ​ខ្មែរ​ដែល​ធ្លាក់ ត្រូវ​បាន​រក​ឃើញ​ហើយ​នៅ​លើ​ភ្នំ ១៧​ថ្ងៃ​ក្រោយ​បាត់ ដោយ​គ្មាន​ឃើញ​អ្នក​នៅ​រស់​ឡើយ


បំណែក​ខ្ទេចខ្ទី​នៃ​ឧទ្ធម្ភាគចក្រ​យោធា​ខ្មែរ​មួយ​គ្រឿង​ដែល​បាន​បាត់​កាល​ពី​ជាង​២​សប្តាហ៍​មុន​ដោយ​មាន​អ្នក​បើក​ពីរ​នាក់ ត្រូវ​បាន​ប្រទះឃើញ​នៅ​ថ្ងៃ​ចន្ទ លើ​កំពូល​ភ្នំ​មួយតែ​គេ​មិន​ឃើញ​អ្នក​នៅ​រស់រានជីវិត​ភ្លាមៗ​ទេ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP ដែល​បាន​ដក​ស្រង់​ប្រភព​រដ្ឋាភិបាល​និង​អង្គភាព​សារព័ត៌មាន​រដ្ឋ។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ​ដែល​បាន​បង្ហោះ​លើ​ទំព័រ​Facebook ​ថា​ការ​ហោះ​ស្វែង​រកបាន​ប្រទះ​ឃើញ​បំណែក​ខ្ទេចខ្ទី​នៃ​ឧទ្ធម្ភាគចក្រ​ម៉ាក Z-9 ​ផលិត​នៅ​ប្រទេស​ចិន​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវ៉ាញ​ដែល​មាន​ព្រៃ​ស្តុក ស្ថិត​ក្នុង​ខេត្ត​ពោធិ៍សាត់ ប៉ែក​និរតី។

ក្រុមយោធា​រុករក​ត្រូវ​បាន​បញ្ចូន​ទៅ​កាន់​ទីតាំង​ឧទ្ធម្ភាគចក្រ​នោះ​ធ្លាក់ តែ​គេ​ពិបាក​ចូល​ទៅ​ដល់​ដោយសារ​ទី​នោះ​ជា​តំបន់​ព្រៃ​ស្តុក​ហើយ​អាកាសធាតុ​មិន​ល្អ។ នេះ​បើ​យោង​តាម​ក្រសួង​ការពារ​ជាតិ។

​ក្រសួង​ដដែល​មិន​បាន​លើកឡើង​អំពី​សាកសព​ឬ​អ្នក​នៅ​រស់រាន​ជីវិត​ទេ តែ​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ AKP បាន​ស្រង់​សម្តី​មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់​ម្នាក់​ដែល​មិន​បង្ហាញ​ឈ្មោះ​ថា​សាកសព​អ្នក​បើក​ឧទ្ធម្ភាគចក្រ​នោះ​ម្នាក់ ត្រូវ​បាន​ប្រទះ​ឃើញ​ ហើយ​ក្រុម​រុករក នឹង​ស្វែងរកម្នាក់​ទៀត។

ឧទ្ធម្ភាគចក្រដែល​មាន​អ្នក​បើក​ពីរ​នាក់​នោះ បាន​បើក​ហ្វឹកហ្វឺន តែ​ការ​ហោះ​នោះ​ស្ថិត​ក្នុង​ស្ថានភាព​អាកាសធាតុ​មិន​ល្អ ពេល​ដែល​ទីបញ្ជាការ​កងកម្លាំង​ទ័ព​អាកាស បាន​បាត់​សញ្ញា​ទាក់ទង​នៅ​ថ្ងៃ​ទី​១២​ខែ​កក្កដា។ ការ​ស្វែងរក​ឧទ្ធម្ភាគចក្រ​ដែល​បាន​បាត់​នោះ បាន​ធ្វើ១​ថ្ងៃ​ក្រោយ​ហេតុការណ៍​ធ្លាក់​នោះ៕

XS
SM
MD
LG