ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​កម្ពុជា​បន្ត​ស្វែងរក​ឧទ្ធម្ភាគចក្រ​ដែល​បាត់​ក្នុង​ខេត្ត​ពោធិ៍សាត់


ទិដ្ឋភាព​ជួរ​ភ្នំក្រវ៉ាញនៅខេត្តពោធិ៍សាត់​ថតពី​ឧទ្ធម្ភាគចក្រ​នៃបេសកកម្ម​ស្វែងរក​ឧទ្ធម្ភាគចក្រ​ដែល​បាន​បាត់​ក្នុង​អំឡុង​ពេល​ហោះ​ហ្វឹកហ្វឺន​។ (Facebook / SBN)
ទិដ្ឋភាព​ជួរ​ភ្នំក្រវ៉ាញនៅខេត្តពោធិ៍សាត់​ថតពី​ឧទ្ធម្ភាគចក្រ​នៃបេសកកម្ម​ស្វែងរក​ឧទ្ធម្ភាគចក្រ​ដែល​បាន​បាត់​ក្នុង​អំឡុង​ពេល​ហោះ​ហ្វឹកហ្វឺន​។ (Facebook / SBN)

អាជ្ញាធរ​ពាក់ព័ន្ធ​កំពុ​ង​បន្តស្វែង​រក​ឧទ្ធម្ភាគចក្រ​ដែល​បាន​បាត់​នៅ​តំបន់​ជួរភ្នំ​ក្រវ៉ាញ ក្នុង​ភូមិសាស្រ្ត​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដែល​បាត់​ការ​ទាក់ទង​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។

រដ្ឋលេខាធិការ និង​ជាអ្នកនាំ​ពាក្យ​ក្រសួងការពារ​ជាតិ លោក ឈុំ សុជាត ប្រាប់​វីអូអេ​ថា មក​ត្រឹម​ម៉ោង​ ២ ​រសៀល​ថ្ងៃ​ចន្ទ​នេះ ក្រុម​ការងារ​ជួយ​សង្រ្គោះ​មិន​ទាន់​មាន​តម្រុយ​បន្ថែម​ពី​ឧទ្ធម្ភាគចក្រ​ដែល​បាន​បាត់​ការទាក់ទង​នេះ​នៅ​ឡើយ​ទេ។ លោក​បន្ថែម​ថា​ ពេល​នេះអាកាស​ធាតុ​មិន​អំណាយ​ផល​សម្រាប់​ការ​ស្វែង​រក​ឡើយ។

លោក​ថ្លែង​ថា៖ «ដូច​ប្អូន​ដឹង​ហើយ ​តំបន់​ហ្នឹងជា​តំបន់​ភ្នំ​ តំបន់​ភ្នំ​ក្រវ៉ាញ​ ហើយ​ភ្នំក្រវ៉ាញយើង​ឥឡូវ​មាន​អាកាស​ធាតុ​ភ្លៀង​នៅ​ក្បែរ។ យើង​ឥឡូវ​ភ្លៀង ចឹង​ហើយ​ភ្នំ​ពិបាក​ដើរ​ចូល​ក្នុង​ព្រៃ​។ និយាយ​រួម​ ពិបាក​ក្នុង​ភូមិសាស្រ្ត​ធ្វើ​ដំណើរ​រុក​រក​តែ​ម្តង ហើយ​យើង​ខ្វះ​ឧបករណ៍​តាម​ដាន​ដែរ។ យើង​អត់​មាន​ឧបករណ៍​បច្ចេកទេស​តាម​ដាន​ពី​ផ្កាយ​រណប​អី​ទេ យើង​រក​ដោយ​ថ្មើរ​ជើង ដោយ​ភ្នែក​យើង អ៊ីចឹងត្រូវ​តែ​មាន​ការ​លំបាក​បន្តិច​ហើយ»។

អធិការ​ស្រុក​វាល​វែង ខេត្ត​ពោធិ៍សាត់ លោក ធាង ឡេង ប្រាប់​វីអូ​អេ​ថា ​មក​ត្រឹម​ម៉ោង​ ២ ​រសៀល​ថ្ងៃ​ចន្ទ​នេះ លោក​មិន​ទាន់​មាន​ដំណឹង​អ្វី​បន្ថែម​ចំពោះ​ការ​បាត់​ឧទ្ធម្ភាគចក្រ​នៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវ៉ាញ​ទេ ដោយ​សារ​អាកាសធាតុ​មិន​ល្អ​ដែល​បង្ក​ការ​លំបាក​សម្រាប់​ការ​ស្វែង​រក។

លោក​ថ្លែង​ថា៖ «មក​ដល់​ពេល​នេះ ​តម្រុយ​នៃ​ការ​រុករក​គឺ​យើង​មិន​ទាន់​ទទួល​បាន ដោយ​សារ​ក្រុម​រុករក​យើង​មាន​ពីរ​ក្រុម​គឺ​ក្រុម​ជើង​អាកាស និង​ក្រុម​ថ្មើរ​ជើង។ ក្រុម​ថ្មើរ​ជើង​ក៏​ចេញ​ល្បាត​អត់​រួច ដោយ​សារ​តែ​ពេល​វេលា​នេះ គឺ​អាកាស​ធាតុ​កំពុង​តែ​មាន​ភ្លៀង មាន​ខ្យល់​ហើយ​សម្បូរ​ទៅ​ដោយ​ពពក។ អ៊ីចឹងទាំង​ថ្មើរ​ជើង​ ទាំង​ផ្លូវអាកាស មិន​អាច​ធ្វើ​ការ​បាន។ ហើយ​មួយ​ទៀ​តតំបន់​ដែល​យើង​ត្រូវ​រុក​រក​មិន​មាន​សេវា​ទាក់​ទង​គ្នា​ទេ»។

រដ្ឋមន្ត្រីការពារជាតិ​លោក ទៀ សីហា ថ្លែង​នៅ​ក្នុង​ពិធីមួយ នៅ​ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។ (Facebook / ក្រសួងការពារជាតិ)
រដ្ឋមន្ត្រីការពារជាតិ​លោក ទៀ សីហា ថ្លែង​នៅ​ក្នុង​ពិធីមួយ នៅ​ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។ (Facebook / ក្រសួងការពារជាតិ)

កាល​ពី​ថ្ងៃ​អាទិត្យ រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ សីហា បាន​ថ្លែង​ថា​ ឧទ្ធម្ភាគចក្រ​ដែល​បាត់​ខ្លួន​នោះ​ហោះ​ហើរ​ក្នុង​បេសកកម្មហ្វឹកហ្វឺន​នៅ​តាម​តំបន់ ដើម្បី​មើល​បច្ចេកទេស និង​ឧបករណ៍​ទំនើប​កម្ម​លើ​វិស័យ​ហោះ​ហើរ។

លោក​ថ្លែង​ថា​៖ «ហើយ​ខ្ញុំ​ក៏​មិន​ទាន់​សន្និដ្ឋាន​យ៉ាង​ណា​ទេ ប៉ុន្តែ​ក្នុង​បេសកកម្ម​របស់​យើង គឺ​មាន​អ្នក​បើក​បរ​អ្នក​ជំនាញ​ Pilot​ (អ្ន​ក​បើក​ឧទ្ធម្ភាគចក្រ) យើង​មួយ​ និង​ជំនួយ​ការ​ម្នាក់​។ មាន​តែ​ពីរ​រូប​តែ​ប៉ុណ្ណោះ​ដែល​បាន​ហ្វឹកហ្វឺន​ហោះ​ហើរ​ទៅ​គោល​ដៅ​ដែល​បាន​កំណត់​ក្នុង​បេសកកម្ម។ ជា​អកុសល ​យើង​ឃើញ​ថា​ក្នុង​ថ្ងៃ​ហ្នឹង អាកាសធាតុ​មិន​អំណោយ​ផល​ ហើយ​បាន​ផ្តាច់​ការ​ទាក់​ទង​គ្នា​មក​ទល់​ពេល​នេះ​ចូល​ថ្ងៃ​ទី​ ២ ​ហើយ»។

លោក​រដ្ឋមន្រ្តី​ការពារ​ជាតិ​ក៏​បាន​អំពាវនាវ​ដល់​អ្នក​ផ្សាយ​ព័ត៌មាន​កុំ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បញ្ចៀស​ការ​ភ័ន្ត​ច្រឡំ​នា​នា ខណៈ​ក្រុម​ការងារ​កំពុង​ស្វែង​រក។

បើ​តាមលិខិត​ស្តី​ពី​ផែន​ការ​ហោះហើរ​របស់​កង​ទ័ព​ជើង​អាកាស​ដែល​វីអូអេ​ទទួល​បាន មន្រ្តី​យោធា​ពីរ​នាក់ គឺ​លោក ស៊ុន ផ្លា ប្រធាន​ក្រុម និង​លោក ខេង ឆៃយុទ្ធ អាកាស​យានិក​ត្រូវ​បានអនុញ្ញាត​ឱ្យហ្វឹក​ហ្វឺន​ផ្លូវ​ឆ្ងាយ ដោយ​ហោះ​ចេញ​នៅ​ម៉ោង​ ១១ ​ព្រឹក ថ្ងៃ​ទី​ ១២ ខែកក្កដា និង​ត្រូវ​ឡប់​មក​វិញ នៅ​ម៉ោង​ ២ រសៀល​ថ្ងៃ​ដដែល។

តាម​សេចក្តីជូន​ដំណឹង​របស់​ក្រសួង​ការពារ​ជាតិ ឧទ្ធម្ភាគ​ចក្រ​មួយ​គ្រឿង បាន​បាត់​ការ​ទាក់ទង​ពី​ទី​បញ្ជា​ការ​ទ័ព​អាកាស ក្នុង​ភូមិសាស្រ្ត​ជួរភ្នំ​ក្រវ៉ាញ ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កោះកុង កាល​ពី​ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤។ ក្រសួង​ការពារ​ជាតិ​បញ្ជាក់​ថា​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​ហោះហើរ​ហ្វឹកហ្វឺន ​ដែល​ការ​ហោះ​ហើរ​នេះ ស្ថិត​នៅ​ក្នុង​ផែន​ការ​ហោះ​ហើរ​ហ្វឹកហ្វឺន​ជា​ប្រចាំ​របស់​កងទ័ព​ជើង​អាកាស​នៅ​តំបន់​នោះ។

ឧទ្ធម្ភាគចក្រ​ដែល​បាន​បាត់​នោះ ជា​ប្រភេទ​ឧទ្ធម្ភាគចក្រ​ Z-9 ​ដែល​ផលិត​នៅ​ប្រទេស​ចិន។ កម្ពុជា​បាន​ទិញ​ឧទ្ធម្ភាគចក្រ​ប្រភេទ​ Z-9 ​ចំនួន​ ១២ ​គ្រឿង កាល​ពី​ឆ្នាំ​ ២០១៣។

កាល​ពី​ឆ្នាំ​ ២០១៤ ឧទ្ធម្ភាគចក្រ​ប្រភេទ​ Z-9​ នេះ ក៏​ធ្លាប់​បាន​ធ្លាក់​ម្តង​ហើយ​នៅ​តំបន់​ជាយ​ក្រុង​ភ្នំពេញ​ ដែល​កាល​នោះ​បណ្តាល​ឱ្យ​មនុស្ស​ ៤ ​នាក់​ស្លាប់ និង​ម្នាក់​រងរបួស​ធ្ងន់៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG