អ្នកជំងឺម្នាក់ទៀតដែលជាជនជាតិខ្មែរបានស្លាប់ដោយសារជំងឺកូវីដ១៩ នៅព្រឹកថ្ងៃអង្គារនេះ ដែលជាករណីស្លាប់ទី៥ហើយ គិតត្រឹមថ្ងៃទី២៣ ខែមីនា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយនៅថ្ងៃអង្គារនេះ។
ក្រសួងបានឲ្យដឹងថាស្រ្តីម្នាក់អាយុ៦២ឆ្នាំ រស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញ កាលពីវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា។ ក្រសួងបន្តថាស្រ្តីនោះបានចូលមន្ទីរពេទ្យ កាលពីថ្ងៃទី២០ ខែមីនា ដោយមានអាការៈហត់ ហើយត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ នៅថ្ងៃទី២១ ខែមីនា។ ក្រសួងមិនបានបញ្ជាក់ឈ្មោះរបស់អ្នកជំងឺដែលស្លាប់នោះទេ។
ក្រសួងសុខាភិបាលបញ្ជាក់ថា៖ «ស្រ្តីវ័យ៦២ឆ្នាំខាងលើនេះគឺបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ វាយលុកលឿន ធ្វើឲ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ខ្សោយសួតខ្លាំងពេក»។
នេះជាករណីស្លាប់ទី៥ហើយក្នុងប្រទេសកម្ពុជា ខណៈការឆ្លងសហគមន៍នៅតែបន្តកើនឡើង។ ក្រសួងសុខាភិបាលឲ្យដឹងនៅថ្ងៃអង្គារនេះថាមនុស្ស៣៣នាក់ទៀតបានឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍«២០កុម្ភៈ» ដែលធ្វើឲ្យករណីឆ្លងសរុបក្រោយព្រឹត្តិការណ៍នោះ បានកើនដល់១.២៦៦នាក់ហើយ៕