បន្ទាប់ពីកម្ពុជាទទួលរងនៅការឡើងកម្តៅខ្លាំងខុសធម្មតាដោយសារតែឥទ្ធិពលបាតុភូត អែលនីញ៉ូ ភ្លៀងបានចាប់ផ្តើមធ្លាក់ជាបន្តបន្ទាប់ដែលជាការសម្គាល់នៃការចាប់ផ្តើមរដូវរស្សាដែលបានមកយឺតជាងរាល់ឆ្នាំ។ ទោះយ៉ាងណា ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ចំពោះខ្យល់និងផ្គររន្ទះ។
នៅដើមសប្តាហ៍នេះ ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសឱ្យពលរដ្ឋខ្មែរមានប្រុងប្រយ័ត្នចំពោះខ្យល់កន្ត្រាក់និងផ្គររន្ទះ ដែលនឹងអាចកើតមានឡើងចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៨មិថុនា ខណៈភ្លៀងចាប់ផ្តើមធ្លាក់រាយប៉ាយតាមតំបន់នានាក្នុងប្រទេសកម្ពុជា។ សេចក្តីប្រកាសដែលចេញកាលពីថ្ងៃអង្គារក៏បានឱ្យដឹងផងដែរថា នឹងមានបាតុភូត ខ្យល់កន្ត្រាក់ភ្លៀង ផ្គររន្ទះនិងរលកធំៗនៅតាមតំបន់មាត់សមុទ្រ។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ VOA នៅថ្ងៃពុធនេះថា ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយនៅទូទាំងប្រទេសនៅក្នុងខែមិថុនា ប៉ុន្តែប្រជាពលរដ្ឋនៅតំបន់ភាគខាងជើងនិងតំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជាគួរតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះផ្គរនិងរន្ទះ។
លោកបានមានប្រសាសន៍ថា៖
«នៅពេលដែលមេឃរកកល់ភ្លៀង ឬក៏កំពុងភ្លៀង គឺថាខ្យល់កន្ត្រាក់ រន្ទះនឹងអាចកើតមានឡើង ហើយនៅតែមានឥទ្ធិពលខ្លាំងនៅឡើយដោយសារយើងដឹងហើយក្នុងរដូវប្រាំងកន្លងមកនេះគឺស្ថានភាពសីតុណ្ហភាពកើនកម្តៅខ្លាំង ដូច្នេះពេលដែលចាប់ធ្លាក់ភ្លៀងដូច្នេះគឺបាតុភូតនេះមានឥទ្ធិពលខ្លាំង លុះត្រាតែភ្លៀងធ្លាក់ជោគជាំហើយសីតុណ្ហភាពអតិបរមាថយចុះជាងនេះតែបន្តិច»។
ទាក់ទិននឹងការធ្លាក់ភ្លៀងលោក ចាន់ យុត្ថា បានបន្ថែមថា នៅក្នុងឆ្នាំនេះភ្លៀងនឹងធ្លាក់រាយប៉ាយល្អជាងឆ្នាំ មុនចាប់តាំងពីសប្តាហ៍ទីបីនៃខែឧសភាមកម្លេះ ដែលនេះជាសញ្ញាវិជ្ជមានមួយ ទោះបីជាសីតុណ្ហភាពឡើងខ្ពស់ជាងសព្វដងក៏ដោយ។
ទោះយ៉ាងណា ការចាប់ផ្តើមនៃរដូវវស្សា តែងតែនាំមកជាមួយនូវផ្គរ រន្ទះ ខ្យល់កន្ត្រាក់ជាដើម ដែលវាបានឆក់យកជីវិតប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្តាខេត្ត រួមទាំងបានបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពួកគេផងដែរ។
មកដល់រសៀលថ្ងៃពុធនេះ VOA មិនទាន់ទទួលបានព័ត៌មានពីស្ថាប័នពាក់ព័ន្ធណាមួយបង្ហាញអំពីចំនួននៃការខូចខាតនិងចំនួនប្រជាពលរដ្ឋ ដែលបានរងរបួសឬបាត់បង់ជីវិតដោយសាររន្ទះ ឬខ្យល់កន្ត្រាក់នៅឡើយទេ។
លោក កែវ វី អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបដិសេធផ្តល់តួលេខនេះ និងបានឲ្យ VOA ទាក់ទងទៅលោក ញឹម វ៉ាន់ដា អនុប្រធានទីមួយនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប៉ុន្តែលេខទូរស័ព្ទរបស់លោកមិនអាចទាក់ទងបានឡើយ។
លោក កែវ វី បាននិយាយថា៖
«អូ! ខាង VOA ទាក់ទងទៅឯកឧត្តម ញឹម វ៉ាន់ដា ណាចង់សួរព័ត៌មានអីផ្សេងៗទាក់ទងទៅជាមួយគាត់»។
អ្នកស្រី ម៉ែន ណារីសុភ័ក្រ អនុរដ្ឋលេខាធិការរងនៃកាកកបាទក្រហមកម្ពុជា បានប្រាប់ VOA ថា ពិតជាមានប្រជាពលរដ្ឋរងគ្រោះដោយសាររន្ទះ ប៉ុន្តែអ្នកស្រីមិនទាន់ទទួលបានរបាយការណ៍ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឡើយ។
អ្នកស្រីបាននិយាយថា៖
«វាមានអ្នកស្លាប់ដោយរន្ទះបាញ់តើ តែគ្រាន់តែថាតួលេខទាល់តែចេញជាផ្លូវការពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ យើងនិយាយតែការងារដែលពាក់ព័ន្ធនឹងកាកកបាទក្រហមទេ»។
ទោះយ៉ាងណា យោងតាមទិន្នន័យដែល VOA ស្វែងរកនៅលើគេហទំព័ររបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបង្ហាញថា មកដល់ត្រឹមពាក់កណ្តាលឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋដែលបានស្លាប់ដោយគ្រោះធម្មជាតិមានចំនួន៤៤នាក់ របួស៤៨នាក់ និងផ្ទះចំនួន៨២ខ្នងត្រូវបានបំផ្លាញទាំងស្រុង៕