ក្រសួងការងារនៃប្រទេសកម្ពុជា នៅថ្ងៃសុក្រនេះ បានថ្លែងការពារសេចក្តីព្រាងច្បាប់ស្តីពីសហជីព ដោយអះអាងថា ច្បាប់នេះនឹងការពារសិទ្ធិកម្មករ ហើយរួមចំណែកក្នុងការបង្កើតការងារសមរម្យដល់ពលរដ្ឋកម្ពុជា។
ការតាក់តែងសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសស្តីពីសហជីពនេះនឹងត្រូវបញ្ចប់នាពេលដ៏ខ្លីខាងមុខនេះ ក្រោយពីច្បាប់នេះត្រូវបានដាក់ឲ្យមានការពិភាក្សាជាសាធារណៈអស់រយៈពេល៧ឆ្នាំ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ដែលចេញក្រោយពីមានការលើកឡើងនាពេលថ្មីៗនេះនូវមតិជំទាស់ពីក្រុមសហជីពដែលទទួលជំនួយពីបរទេស។
សេចក្តីប្រកាសព័ត៌មាននេះបានឲ្យដឹងថា ច្បាប់សហជីពនេះមានគោលដៅការពារផលប្រយោជន៍ស្របច្បាប់របស់កម្មករ និយោជិត និងធានានូវសិទ្ធិសេរីភាពនៃអង្គការសហជីពរបស់កម្មករ និយោជិត និងនយោជក ហើយនិងលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត។
ក៏ប៉ុន្តែ ក្រុមសហជីពឯករាជ្យបានសម្តែងការព្រួយបារម្ភចំពោះការតាក់តែងសេចក្តីព្រាងច្បាប់នេះ ដោយពួកគេយល់ថា ច្បាប់នេះនឹងរឹតបន្តឹងដល់សេរីភាពក្នុងការបង្កើតសហជីពនៅក្នុងប្រទេសកម្ពុជា។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានប្រាប់ VOA ថា ច្បាប់សហជីពនេះពុំបម្រើផលប្រយោជន៍របស់កម្មករនោះទេ ព្រោះវាជាច្បាប់ដែលស្នើឡើងដោយភាគីនិយោជក ដែលមានបំណងរារាំងកម្មករមិនឲ្យចូលរួមចលនាសហជីព។
លោកមានប្រសាសន៍ថា៖ «ច្បាប់នេះ សុំកុំភ្លេចថា វាជាការស្នើឡើងរបស់និយោជក ហើយរដ្ឋាភិបាលក៏ឯកភាពទៅ។ អញ្ចឹងមានន័យថា ធ្វើគឺដើម្បីការពារផលប្រយោជន៍និយោជកច្រើនជាងហើយ ព្រោះនិយោជកគេចង់បាន»។
ក្រសួងការងារធ្វើការប្រកាសការពារសេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះ បន្ទាប់ពីក្រុមសហជីពមួយក្រុមត្រៀមនឹងដាក់សំណើទៅលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ដាក់សំណើទៅសភាជាតិ និងដាក់សំណើទៅស្ថានទូតសហគមន៍អឺរ៉ុបប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃអង្គារខាងមុខនេះ ដើម្បីសុំឲ្យបញ្ឈប់ការបង្កើតច្បាប់ស្តីពីសហជីពនេះ។
នៅក្នុងលិខិតមួយដែលគ្រោងនឹងយកទៅដាក់ជូនលោករដ្ឋមន្ត្រីក្រសួងការងារនោះ មេដឹកនាំ និងតំណាងសហជីពចំនួន២៧បានថ្លែងថា៖
«សេចក្តីព្រៀងច្បាប់ ដែលក្រសួងការងារកំពុងរៀបចំនេះ គឺមិនបានឆ្លុះបញ្ចាំងពីការការពារ លើកកម្ពស់សិទ្ធិសេរីភាព និងផលប្រយោជន៍ជូនកម្មករ និយោជិតនោះទេ ពីព្រោះមានមាត្រាជាច្រើនមានការរិតត្បិតដល់សិទ្ធិសេរីភាពសហជីព»។
ពួកគេក៏បានបញ្ជាក់នៅក្នុងលិខិតដដែលនោះផងដែរថា មាត្រាខ្លះទៀតនៅក្នុងសេចក្តីព្រាងច្បាប់នេះបានដាក់បន្ទុកធ្ងន់ធ្ងរក្នុងការអនុវត្តសិទ្ធិសហជីព។ មាត្រាទាំងនោះរួមមាន មាត្រា១២ដែលតម្រូវឲ្យមានការកំណត់ចំនួនសមាជិកក្នុងការបង្កើតសហជីពរហូតដល់២០% ហើយនិងមាត្រា៧៨ និងមាត្រា៨០ដែលនឹងដាក់ទោសពិន័យមកលើសហជីព។
ច្បាប់នេះក៏តម្រូវឲ្យសហជីពដែលមានស្រាប់ត្រូវធ្វើការចុះបញ្ជីការឡើងវិញផងដែរ ប្រសិនបើច្បាប់នេះចូលជាធរមាន។
លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នៅតែបន្តការគាំទ្រឲ្យច្បាប់នេះចេញឲ្យបានឆាប់ បើទោះជាមានសំណើពីក្រុមសហជីពឲ្យបញ្ឈប់ការបង្កើតច្បាប់នេះក្តី។
លោកនិយាយថា៖ «យើងត្រូវការឲ្យច្បាប់ហ្នឹងចេញឆាប់ ពីព្រោះឥឡូវ នៅស្រុកខ្មែរ ឈ្មោះស្រុកខ្មែរគេឃើញហើយ គេអត់ហ៊ានមកធ្វើរោងចក្រទៀតទេ ពីព្រោះកម្មកររង់ចាំក្រុមសហជីពណែនាំកូដកម្មខុសច្បាប់រហូត អត់នីតិវិធីច្បាប់ទេ»៕