ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនរងគ្រោះ​បន្ត​​ទាមទារ​ប្រាក់​សំណង​ពី​ក្រុមហ៊ុន​នាំ​ពលករ


ឯកសារ៖​ ពលករ​ខ្មែរ​រង់​ចាំ​ក្នុង​ពេល​កន្លង​មក
ឯកសារ៖​ ពលករ​ខ្មែរ​រង់​ចាំ​ក្នុង​ពេល​កន្លង​មក

ពលករ​កម្ពុជាជាង​១០០នាក់​ បានមក​ជួបជុំគ្នា​នៅ​ក្រសួង​ការងារ​នៅ​ថ្ងៃ​ពុធនេះ​ ដើម្បី​ទាមទារ​ប្រាក់​ដែលពួកគេបាន​បង់​ទៅឲ្យ​ក្រុមហ៊ុន​នាំចេញ​ពលករ​ក្នុង​ស្រុក​ចំនួនពីរ​ គឺ​ក្រុមហ៊ុន​ Rice Natural Co. Ltd និង​ក្រុមហ៊ុន​ Century (Cambodia) Manpower Co. Ltd ជា​ថ្នូរ​នឹង​ឱកាស​ការងារ​នៅ​ប្រទេស​ជប៉ុន។ នេះបើ​យោង​តាម​តំណាង​ពលករ​រងគ្រោះ​ និង​មន្តី្រ​អង្គការ​សិទ្ធិ​មនុស្ស​។​ ​

​ការ​មក​ប្រមូល​ផ្តុំគ្នា​របស់​ពួកគេ​ ធ្វើឡើងនៅ​ក្រោយពេល​ ដែល​ក្រុមហ៊ុន​ទាំងពីរ​បាន​ចាប់​ផ្តើម​សង​ប្រាក់​ត្រឡប់​ទៅ​កម្មករ​បាន​ចំនួន​៦៨នាក់ក្នុង​រយៈ​ពេល​ពីរថ្ងៃ​កន្លង​មក​នេះ។ ​

លោក ជុន ភក្តី ​តំណាង​ពលករ​រងគ្រោះ​មក​ពី​ខេត្ត​សៀមរាប​ បាន​ឲ្យ​ដឹង​ថា​ លោក​មក​កាន់​ក្រសួង​ការងារ​តាំង​ពីព្រឹក​រហូត​មក​ដល់​រសៀល​ថ្ងៃ​នេះ​ ដោយ​សង្ឃឹម​ថា​នឹង​ទទួលបាន​ប្រាក់​ដូច​កម្មករ​ចំនួន​៦៨នាក់​នេះ ​ពីព្រោះ​តំណាងក្រុមហ៊ុន​ទាំងពីរ​សន្យា​ថា​នឹង​បន្ត​ប្រគល់​ប្រាក់​ជូន​បន្ថែម​ចាប់ពី​ថ្ងៃនេះ​ទៅ ប៉ុន្តែ​ពលករ​និង​រូបលោក​ដែល​មក​ជួបជុំ​គ្នា​នៅ​ក្នុង​ក្រសួង​ការងារ​ពុំ​ទាន់​ទទួល​បាន​ប្រាក់​នៅ​ឡើយ​ទេ។

​លោក​និយាយ​ថា៖ «ថ្ងៃទី២០​ហ្នឹង​គឺត្រូវ​តែដោះស្រាយ​ក្នុង២០០​នាក់​ជាង។ ឥឡូវហ្នឹង​ថ្ងៃទី​២០​នេះ​ជា​ថ្ងៃ​ដំបូង​របស់​ខ្ញុំ​ នៅ​តែ​អត់​ទាន់​ឃើញ​ដោះ​ស្រាយ​ឲ្យ​ខ្ញុំ​ផង»។

កាលពី​ថ្ងៃច័ន្ទ​ក្រុមហ៊ុន​ Rice Natural Co. Ltd ​បាន​សន្យា​ប្រគល់​ប្រាក់ទៅឲ្យ​ពលករ​ចំនួន​៤៨នាក់​ ហើយ​ថ្ងៃអង្គារ​ម្សិលមិញ​នេះ​ ក្រុមហ៊ុន Century (Cambodia) Manpower Co. Ltd ក៏បាន​យល់​ព្រមប្រគល់ប្រាក់​ទៅឲ្យ​ពលករ​ចំនួន​២០នាក់។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ជុន ភក្កី។

ក៏ប៉ុន្តែ​ លោក​ស្រី មាស សាអ៊ីម អនុ​ប្រធាន​ផ្នែក​ស្រ្តី​ កុមារ​ និង​ការ​ដោះ​ស្រាយ​ទំនាស់​ក្រៅប្រព័ន្ធ​តុលាការ​នៃ​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ បាន​ពន្យល់ថា​ ប្រាក់​ដែល​ក្រុមហ៊ុន Rice Natural Col. Ltd ថា​ឲ្យ​ទៅ​ពលករ​៤៨នាក់​នោះ​ គឺ​គ្រាន់​តែ​ជា​ការសន្យា​តែប៉ុណ្ណោះ ប៉ុន្តែ​ប្រាក់​មិនទាន់​បាន​ធ្លាក់​ទៅ​ដល់​ដៃ​កម្មករ​រងគ្រោះ​នៅឡើយ​ទេ​។​

លោកស្រី​ពន្យល់​ថា​កម្មករ​ទាំង​ ៤៨​នាក់​នោះពុំបាន​ប្តឹង​មក​អង្គការ​លោកស្រី​ទេ។

លោកស្រី មាស​ សាអ៊ីម​បាន​បន្ថែម​ថា​៖ «គាត់​សន្យា​ថា​បង់​ឲ្យ ៤៨នាក់​ ប៉ុន្តែ​មិនទាន់​ចេញជា​លទ្ធផល​ថា​បង់​ឲ្យ​នៅ​ឡើយ​ទេ។ ខ្ញុំ​បញ្ជាក់​កន្លែង​ហ្នឹង​ ៤៨​នាក់​ហ្នឹង​ មិនមែន​ជាឈ្មោះជន​រងគ្រោះដែល​អាដហុក​ទទួល​ពាក្យ​បណ្តឹង​បាន​ទេ»។

លោកស្រី មាស សាអ៊ីម ​មិន​អាច​បញ្ជាក់​ពី​ពលករ​២០នាក់​ផ្សេង​ទៀត​បាន​ទេ ​ដោយ​ពុំទាន់​ទទួល​បានព័ត៌មាន​គ្រប់គ្រាន់។

ដោយឡែក​ លោក ​ហែម ប៊ុននី​ ប្រធាន​នាយកដ្ឋាន​ ពលករ​ និង​ការងារ​នៃ​ក្រសួង​ការងារ​បញ្ជាក់ថា​ក្រសួង​បាន​ទទួលពាក្យ​បណ្តឹង​ពី​ពលករ​រងគ្រោះ​តាំង​ពី​ខែធ្នូ​ឆ្នាំ​២០១៤​មក ​ហើយ​បាន​ស្នើឲ្យ​ពលករ​នាំមក​នូវ​សក្ខីប័ត្រ​ដើម​ ដែល​ពួកគេ​បាន​ទទួល​ពី​ក្រុមហ៊ុន​ ដើម្បី​ទូទាត់​ សំណង​ប៉ុន្តែ​លោក​បដិសេធ​មិន​ឆ្លើយ​ទាក់​ទង​នឹង​ចំនួន​ពលករ​ជាង​១០០​នាក់​ដែល​មក​តវ៉ា​នៅ​ថ្ងៃនេះ​ទេ។​

លោកមាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​គ្រាន់​តែ​ប្រាប់​អញ្ចេះ ​ពាក្យ​បណ្តឹង​ដែល​ខ្ញុំ​ទទួល​បាន​ ខ្ញុំ​ទទួល​បាន​តាំង​ពី​ឆ្នាំ​២០១៤​ម៉្លេះ​ មិនមែន​ទើប​ថ្ងៃនេះ​ទេ​បាទ។ ក៏​ប៉ុន្តែ​ពលករ​មកប្តឹង​ហ្នឹង​គ្មាន​សក្ខីប័ត្រ​ដើម។ យល់នៅ​?​ គ្រាន់​តែ​ប្តឹង​យើងទាររក​វិក្កយបត្រ​វាអត់​មាន​។ អញ្ចឹង​យើង​ថា​ព្យាយាម​ទៅ​រក​មក ក្រែង​ទុក​នឹង​បង​ប្អូន​ ទុក​អី​ណា​អញ្ចឹង»។

កាលពី​សប្តាហ៍​មុនក្រសួង​ការងារ​បាន​បង្គាប់ឲ្យ​ក្រុមហ៊ុន​ទាំង​ពីរ​សង​ប្រាក់​ ឲ្យ​បាន​គ្រប់​ចំនួន​ជូន​ពលករ​ដែល​មានសក្ខីបត្រ​ត្រឹមត្រូវ​ក្នុង​រយៈពេល​មួយ​ខែ​គឺគិត​ចាប់​ពីថ្ងៃ​ទី២០​ ខែ​ឧសភា​ ដល់ថ្ងៃ​ទី​២០ ខែ​មិថុនា។​

ក្រុមហ៊ុន Rice Natural Co. Ltd និង ក្រុមហ៊ុន Century (Cambodia) Manpower Co. Ltd ទទួល​រង​ការ​ចោទ​ប្រកាន់​ថា​បានទទួល​ប្រាក់​ចំនួន​៤០០ដុល្លារ​ពី​ពលករម្នាក់ៗ​ សម្រាប់​តម្លៃចុះ​ឈ្មោះ​របស់​ពលករ​ដើម្បី​បាន​ទៅធ្វើការ​ផ្នែក ​កសិកម្ម​ ឧស្សហកម្ម​ និង​សំណង់​ក្នុង​ប្រទេស​ជប៉ុន ​ក៏​ប៉ុន្តែ​មិនបាន​ធ្វើតាម​សន្យា ​ហើយ​ក៏​ប្តូរ​ទីតាំង​ការិយាល័យ​ក្រោយ​ពី​បាន​ទទួល​បា្រក់​អស់ហើយ៕

XS
SM
MD
LG