ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការងារ​ស្នើឱ្យ​សហគ្រាស​នានា​ចុះ​បញ្ជីការ​ប្រើប្រាស់​ហត្ថពលកម្ម​បរទេស​សម្រាប់​ឆ្នាំ​២០២៥


រូបឯកសារ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ដើរ​ទិញ​ទំនិញ​នៅក្នុង​ផ្សារទំនើប​មួយ​នៅក្នុង​ក្រុង​ព្រះសីហនុ។
រូបឯកសារ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ដើរ​ទិញ​ទំនិញ​នៅក្នុង​ផ្សារទំនើប​មួយ​នៅក្នុង​ក្រុង​ព្រះសីហនុ។

ក្រសួង​ការងារ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ឱ្យ​គ្រឹះស្ថា ​និង​សហគ្រាស​នានា ​ស្នើ​សុំ​ប្រើប្រាស់​ហត្ថ​ពលកម្ម​បរទេស​សម្រាប់​ឆ្នាំ​ ២០២៥​ ខណៈ​ព្រមាន​ពី​ការ​ផាក​ពិន័យ​ក្នុង​ករណី​ខក​ខាន។​

បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ​ ចុះ​ថ្ងៃទី​ ១១​ ខែ​កញ្ញា​ ឆ្នាំ​ ២០២៤​ គ្រឹះស្ថាន​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​ប្រើប្រាស់​ហត្ថ​ពលកម្ម​បរទេស​ចាប់​ពីថ្ងៃ​ទី​ ១ ​កញ្ញា ​រហូត​ដល់​ថ្ងៃ​ទី​ ៣០ ​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២៤ ​តាម​រយៈ​គេហ​ទំព័រ​ www.fwcms.mlvt.gov.kh​ ហើយ​សហគ្រាស​ដែល​បើក​ដំណើរ​ការ​ក្រោយ​កាល​បរិច្ឆេទ​នេះ​ អាច​ស្នើ​សុំ​ប្រើ​ប្រាស់​ហត្ថ​ពលកម្ម​បរទេស​ភ្លាមៗ ​បន្ទាប់​ពី​សហគ្រាស ​គ្រឹះស្ថាន​នោះ​ដំណើរ​ការ។​

ក្រសួង​បញ្ជាក់​ថា៖​ «ក្នុង​ករណី​មិន​បាន​ស្នើ​សុំ​ប្រើ​ប្រាស់​ហត្ថ​ពលកម្ម​បរទេស​តាម​កាល​បរិច្ឆេទ​ខាង​លើ​ ម្ចាស់​ឬ​នាយក​សហ​គ្រាស​ គ្រឹះ​ស្ថាន​ដែល​ប្រើប្រាស់​ហត្ថ​ពលកម្ម​បរទេស ​ត្រូវ​ទទួល​រង​ការ​ផាក​ពិន័យ​ភ្លាមៗ​ពី​អធិការ​ការងារ។ ​ម្ចាស់​ឬ​នាយក​សហ​គ្រាស​ គ្រឹះស្ថាន​ដែល​ប្រើប្រាស់​ហត្ថ​ពលកម្ម​បរទេស​ ដោយ​គ្មាន​លិខិត​អនុញ្ញាត​ប្រើប្រាស់​ហត្ថ​ពលកម្ម​បរទេស​ ត្រូវ​ចាត់​ទុក​ថា​ ល្មើស​នឹង​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការ​ងារ​ ដែល​ត្រូវ​ផ្តន្ទាទោស​តាម​ជំពូក​ទី ១៦​ នៃ​ច្បាប់​ស្តីពី​ការងារ»។​

អ្នក​នាំពាក្យ​ក្រសួង​ការងារ​ លោក​ កត្តា អ៊ន ​ប្រាប់​វីអូអេ​ថា​ នេះ​គឺ​ជា​ការ​ជូន​ដំណឹង​ដល់​ជន​បរទេស​ដែល​ធ្វើ​ការ​នៅ​កម្ពុជា​ត្រូវ​មាន​ឯកសារ​គ្រប់គ្រាន់​ដូច​ជា​សៀវភៅ​ការងារ​ និង​បណ្ណ​ការងារ​ ហើយ​សហ​គ្រាស​ត្រូវ​ចុះ​បញ្ជី​ពួកគេ​ដើម្បី​ក្រសួង​គ្រប់គ្រង​ទិន្នន័យ​នេះ ​ហើយ​ធានា​ការងារ​ជូន​ប្រជា​ពលរដ្ឋ​កម្ពុជា។​

លោក​បញ្ជាក់​ថា៖ ​«ក្នុង​ករណី​ដែល​ក្រសួង​រក​ឃើញ​ថា ​គ្រឹះ​ស្ថាន​ណា​មួយ​ប្រើប្រាស់​ហត្ថ​ពលកម្ម​បរទេស​ខុស​ច្បាប់ ​១ ​នាក់​ត្រូវ​ផាក​ពិន័យ​ ១២​លាន​ ៦​សែន​រៀល​ ២​នាក់​ ២៥​លាន​ ២​សែន​រៀល​ ៣​នាក់​ ៣៧​លាន ​៨​សែន​រៀល ​៤​នាក់ ​៥០​លាន ​៤​សែន​រៀល​ ហើយ​ចាប់ពី​ ៥​នាក់​ឡើង​ទៅ​គឺ​ ៦៣​លាន​រៀល។ ​នេះ​គឺ​ជា​គោល​ការណ៍​ដែល​យើង​ត្រូវ​ផាក​ពិន័យ»៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG