ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព​និង​កម្មករ​ចង់​ឃើញ​ប្រាក់​ឈ្នួល​ដំឡើង​បាន​យ៉ាង​តិច​១០ដុល្លារ​បន្ថែម​ទៀត


រូបឯកសារ៖ កម្មករធ្វើដំណើរតាមរថយន្តរួមគ្នានៅលើផ្លូវជាតិមួយ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣។ (Photo by TANG CHHIN Sothy / AFP)
រូបឯកសារ៖ កម្មករធ្វើដំណើរតាមរថយន្តរួមគ្នានៅលើផ្លូវជាតិមួយ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣។ (Photo by TANG CHHIN Sothy / AFP)

ក្រុម​សហជីព ​និង​កម្មករ​ដែល​កំពុង​បម្រើ​ការ​ក្នុង​វិស័យ​វាយន​ភណ្ឌ​កាត់​ដេរ​ ផលិត​ស្បែក​ជើង​ និង​ផលិត​ផល​សម្រាប់​ការធ្វើ​ដំណើរ ​និង​កាបូប​បាន​ជំរុញ​ឱ្យ​ភាគី​ពាក់​ព័ន្ធ​គិតគូរ​ដំឡើង​ប្រាក់​ឈ្នួល​ឆ្នាំ ​២០២៥ ​ឱ្យ​បាន​ក្នុង​កម្រិត​មួយ​ជា​អតិ​បរមា​ ដើម្បី​អាច​ជួយ​សម្រាល​បន្ទុក​សេដ្ឋ​កិច្ច ​និង​ជីវភាព​របស់​កម្មករ។​

ការ​ជំរុញ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្ប​បរមា​ កំពុង​ចរចា​ប្រាក់​ឈ្នួល​អប្បរមា​សម្រាប់​ឆ្នាំ​ ២០២៥។​ ការ​ចរចា​ប្រាក់​ឈ្នួល​នៃ​វិស័យ​នេះ​តែង​តែ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​រវាងបី​ភាគី ​ដែល​រួម​មាន​តំណាង​និយោជក ​តំណាង​កម្មករ​និយោជិត ​និង​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។​

ការ​ចរចា​នេះ​កំពុង​ស្ថិត​ក្នុង​មាន​ការ​ប្រទាញ​ប្រទង់​ក្នុង​គម្លាត​ចំនួន​ ៨ ​ដុល្លារ​អាមេរិក​ ដោយ​តំណាង​កម្មករ​និយោជិត​ ធ្លាប់​ទាម​ទារ​ឱ្យ​ដំឡើង​ ១៤ ​ដុល្លារ​អាមេរិក​ ចុះ​មក​ត្រឹម​ ១០ ​ដុល្លារ។​ ចំណែក​តំណាង​ភាគី​និយោ​ជក​ធ្លាប់​ដាក់​តួលេខ​ដំឡើង ​១ ​ដុល្លារ ​ប្តូរ​មក​ដំឡើង ​២ ​ដុល្លារ​វិញ។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​ ចុះ​ថ្ងៃ​ទី ​៦​ ខែ​កញ្ញា ​ស្តី​ពី​លទ្ធផល​នៃ​ជំនួប​ចរចា​ប្រាក់​ឈ្នួល​លើក​ទី ៨។ ​តួលេខ​នេះ​នឹង​ត្រូវ​យក​មក​ជជែក​ចរចា​រវាង​ភាគី​ទាំង​បីជា​បន្ត​បន្ទាប់​ទៀត​ មុន​នឹង​ឈាន​ទៅ​បោះ​ឆ្នោត​សម្រេច​ថា ​ តើ​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ ​២០២៥ ​នឹង​ឡើង​ក្នុង​កម្រិត​ណា​មួយ​នោះ។

អ្នកស្រី​ អ៊ុក ស្រីធំ​ មក​ពី​ខេត្ត​ពោធិ៍សាត់ ​និង​កំពុង​ធ្វើ​ការ​នៅ​រោងចក្រ​កាត់ដេរ ​នៅ​ម្តុំ​ផ្លូវ​វេងស្រេង​ រាជ​ធានី​ភ្នំពេញ ​ប្រាប់​វីអូអេ​ថា ​អ្នកស្រី​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​ខែ​សរុប​ ២២៥ ​ដុល្លារ​ដែល​បូក​ទាំង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ​ដែល​រោង​ចក្រ​ផ្តល់​ឱ្យ។​

ស្ត្រី​ដែល​មាន​កូន​ ២ ​នាក់​ និង​មាន​ស្វាមី​ជា​កម្មករ​សំណង់ ​រូប​នេះ​ បាន​ត្អូញ​ត្អែរ​អំពី​បញ្ហា​ប្រឈម ​ក៏ដូច​ជា​បញ្ហា​សេដ្ឋកិច្ច ​និង​ជីវភាព​របស់​ខ្លួន ​ដូចជា​ការ​ចំណាយ​លើ​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ ​ទិញ​ទឹក​ដោះ​កូន ​ បង់​ថ្លៃផ្ទះ​ជួល ​បង់​សង​ធនាគារ​ និង​ផ្ញើ​ប្រាក់​ទៅ​ឪពុក​ម្តាយ​ដែល​រស់​នៅ​ស្រុក​កំណើត​ជាដើម។​

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖​ «វា​មិន​សូវ​គ្រប់​គ្រាន់​ប៉ុន្មាន​ទេ​ បាន​តែ​មួយ​ចាយៗ។ ​វា​មិន​សល់​ណា៎!»។​

ក្នុង​ពេល​ដែល​ភាគី​ពាក់​ព័ន្ធ​កំពុង​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា ​កម្មកា​រិនី​វ័យ​អាយុ​ ៣៦​ឆ្នាំ​រូប​នេះ ​បាន​ស្នើ​ទៅ​ភាគី​ពាក់ព័ន្ធ​ដំឡើង​ប្រាក់​ឈ្នួល ​១០​ ដុល្លារ​បន្ថែម​ទៀត​លើ​ប្រាក់​ខែ​គោល​បច្ចុប្បន្ន​ដែល​មាន​ចំនួន ​២០៤ ​ដុល្លារ។​

អ្នកស្រី​បញ្ជាក់​ថា៖ ​«និយាយ​រួម​ទៅ​ ប្រាក់ខែ​គោល​ឥឡូវ​ហ្នឹង​ ២០៤ ​ហើយ ​តែ​ចង់​ឱ្យ​ខាង​តំណាង​សហ​ជីព​ជួយ​ឱ្យ​ដំឡើង​ឱ្យ​បាន​ត្រឹម​ ១០ ​ដុល្លារ​អី​ទៀត​មក ​គ្រាន់​បាន​ជួយ​សម្រួល ​ការ​ចាយ​វាយ។​ ឥវ៉ាន់​ឥឡូវ​ឡើង​ថ្លៃ​ច្រើន​ណាស់»។​

រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​ដេរសម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)
រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​ដេរសម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)

ចំណែក​កម្មកា​រិនី​ម្នាក់​ទៀត​ដែល​កំពុង​អង្គុយ​ហូប​បាយ​កញ្ចប់​រួម​គ្នា​ជាមួយ​កម្មករ​ផ្សេង​ទៀត​នៅ​ខាង​មុខ​រោងចក្រ​កាត់​ដេរ​ នៅ​ម្តុំ​ផ្លូវ​វេងស្រេង​ដែរ​នោះ ​ អ្នកស្រី ​សេង ​ធារ៉ែន ​យល់​ថា ​បើ​ប្រាក់​ឈ្នួល​អប្ប​បរមា​សម្រាប់​ឆ្នាំ ​២០២៥ ​ឡើង​បាន​តិចតួច​ ឬ​ឡើង​ត្រឹម​ ២ ​ដុល្លារ​អាមេរិក ​ នោះ​វា​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​ជីវភាព​របស់​កម្មករ​ឱ្យ​រស់​នៅ​សមរម្យ​បាន។​

កម្មកា​រិនី​វ័យ​ ៣៥ ​ឆ្នាំ​រូប​នោះ​ប្រាប់​វីអូអេ​ថា៖ «២​ ដុល្លារ​សម្រាប់​ពួក​ខ្ញុំ​ ខ្ញុំថា​ ​តិច​ពេក។ ​វា​ឡើង​អត់​ស​រម្យ​នឹង​តម្លៃ​ដែល​ចង់​ឡើង​[ចង់​ទទួល​បាន]​ ព្រោះ​ថែម​ដូច​ខាង​នេះ​[សហជីព]​ទាមទារ​ ១០ ​ដុល្លារអាច​សមរម្យ ​អ៊ីចឹង​ណា៎។​ ប៉ុន្តែ​គ្រាន់​តែ​ចរចា​ ១០​ ដុល្លារ ​និង​ ២ ​ដុល្លារ​ អាហ្នឹង​យើង​ម៉េច​ដឹង។ ​អាហ្នឹង​ស្រេច​លើ​គេ​ឱ្យ។​ ប៉ុន្តែ​តាម​ពួក​ខ្ញុំ​ អត់​សម​រម្យ​ទេ ​ឱ្យ​២​ដុល្លារ​ហ្នឹង​ហ៍!»។​

បើ​តាម​កម្មការិនី​រូប​នោះ ​បច្ចុប្បន្ន​នេះ ​កម្មករ​រោងចក្រ​សុទ្ធ​តែ​ប្រឈម​មុខ​នឹង​បញ្ហា​សេដ្ឋកិច្ច ​ដោយ​សារ​ចំណូល​តិច ​មិន​សមាមាត្រ​ទៅ​នឹង​ការ​ចំណាយ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ។​

អ្នកស្រី​លើក​ឡើង​ថា៖ ​«និយាយ​ទៅ​កម្មករ​ទាំង​អស់​ ជួប​សុទ្ធ​តែ​ដូចគ្នា​ទាំង​អស់។ ​អត់​មាន​អ្នក​ណា​មួយ​ច្រើន​ជាង​អ្នក​ណា​ទេ ​គឺ​ខ្វះ​ខាត​ទាំង​អស់​គ្នា»។​

ចំណែក​ក្រុម​មេ​ដឹកនាំ​សហជីព​ ដែល​ជា​តំណាង​ចរចា​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ​ នៅ​តែ​យល់​ឃើញ​ថា ​ប្រសិន​បើ​ការ​ដំឡើង​ប្រាក់​ឈ្នួល​សម្រាប់​ឆ្នាំ​ ២០២៥ ​តិច​ជាង ​១០ ​ដុល្លារ ​នោះវា​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​សេដ្ឋកិច្ច ​និង​ជីវភាព​រស់​នៅ​របស់​កម្មករ​ឡើយ។​

អ្នកស្រី ​យ៉ាង សុភ័ណ្ឌ ​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​ ប្រាប់​វីអូអេ​ថា ​ការ​ចរចា​ប្រាក់​ឈ្នួល​រវាង​ត្រី​ភាគី​ប្រព្រឹត្ត​ទៅ​បាន​ចំនួន​៣​លើក​ បើគិត​ត្រឹម​ថ្ងៃ​ទី​ ៦ ​ខែ​កញ្ញា ​ដែល​ការ​ចរចា​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាលពន្យល់​ហេតុ​ផល​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ភាគីតំណាង​និយោជក ​និង​តំណាង​កម្មករ​និយោជិត​ ដែល​ផ្តោត​លើអតិ​ផរណា​លើ​ទីផ្សារ ​កត្តា​សេដ្ឋកិច្ច​ និង​លក្ខណៈ​វិនិច្ឆ័យ​ទាំង​៧​ចំណុច។​

អ្នកស្រី​ចាត់​ទុក​ការ​ចរចា​ប្រាក់​ឈ្នួល​គ្រាន់​តែ​ជា​ការ​កែ​ប្រែ​ប្រាក់​ឈ្នួល​ឱ្យ​ស្រប​តាមអតិ​ផរណា​ទីផ្សារ​ប៉ុណ្ណោះ ​ដោយ​វា​មិន​ទាន់​ឆ្លើយ​តប​បាន​ល្អ​ប្រសើរ​ទៅ​នឹង​តម្រូវ​ការ​សេដ្ឋ​កិច្ច​ និង​ជីវភាព​របស់​កម្មករ​នោះ​ទេ។​

អ្នកស្រី​ថ្លែង​ថា៖ ​«បើ​សិន​ណា​ប្រាក់​ឈ្នួល​ឡើង​ទៅ​តាម​សំណូមពរ​របស់​សហជីព​ដែល​បាន​ដាក់​ទៅ​ក្នុង​លេខ ​២១៨ ​ឬ​ ២១៤​ហ្នឹង​ គ្រាន់​តែ​ជា​ការ​កែប្រែ​ប្រាក់​ឈ្នួល​របស់​កម្មករ​ពី​មុន​ទៅ​តាម​តម្លៃ​អតិ​ផរណា​ទីផ្សារ​តែ​ប៉ុណ្ណោះ មិន​មែន​ជា​ការ​ដំឡើង​ឱ្យ​កម្មករ​ទៅ​តាម​អ្វី​ ដែល​ជា​ការ​ចំណាយ​របស់​កម្មករ​ជាក់​ស្តែង​ឱ្យ​គាត់​មាន​ជីវភាព​សមរម្យ​នៅ​ក្នុង​សង្គម​ថ្លៃថ្នូរ​បាន​ទេ។ ​វា​គ្រាន់​តែ​ជា​ការ​កែសម្រួល​ប្រាក់​ឈ្នួល​តែ​ប៉ុណ្ណោះ»។

ប្រធាន​សហ​ព័ន្ធ​សហជីព​កម្ពុជា​រូបនេះ ​បន្ត​ថា​ បើ​សិន​ជាតួលេខ​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​ក្រោម ​២១៤ ​ដុល្លារ​ នោះ​តួលេខ​នេះ​នឹង​ធ្វើ​ឱ្យ​កម្មករ​ប្រឈម​មុខ​ទៅ​នឹង​បញ្ហា​សេដ្ឋ​កិច្ច ​និង​ជីវភាព​រស់នៅ។​

អ្នកស្រី​ថ្លែង​ថា៖ ​«បើ​សិន​ណា​ប្រាក់​ឈ្នួល​របស់​កម្មករ​ អត់​កែ​សម្រួល​ពី​ឆ្នាំ​មុន​ មក​តាម​សំណើរ​របស់​សហ​ជីព​ទេ​ ធ្វើ​ឱ្យ​កម្មករ​របស់​យើង​កាន់​តែ​ពិបាក ​ហើយ​អត់​ឱ្យ​គាត់​យក​ទៅ​ចាយវាយ​ ​ឬ​យក​ទៅ​ទិញ​នំ ​ចំណី​អាហារ​ហូប​ចុក​ទៅ​តាម​តម្រូវ​ការ​ជីវភាព​រស់​នៅ​របស់​គាត់​ទេ»។

បើ​តាម​អ្នកស្រី ​យ៉ាង សុភ័ណ្ឌ ​ការ​លើក​ហេតុ​ផល​របស់​តំណាង​និយោ​ជក ​មិន​ទាន់​ឃើញ​ការ​បញ្ជាក់​បែប​លក្ខណៈ​បច្ចេក​ទេស ​និង​សេដ្ឋកិច្ចណាមួយ​នៅ​ឡើយ​ទេ ​ក្រៅ​ពី​លើក​ឡើង​ការ​ប្រឈម​សេដ្ឋកិច្ច ​ដោយ​សារការ​រាត​ត្បាត​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩។​

អ្នកស្រី ​យ៉ាង សុភ័ណ្ឌ ​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា ការ​ចរចា​ប្រាក់​ឈ្នួល​រវាង​ភាគី​ពាក់ព័ន្ធ​នឹង​ធ្វើ​ឡើងប្រមាណ ​២​ឬ​៣​ដង​ទៀត​ ដែល​អាច​នឹង​បញ្ចប់​កិច្ច​ចរចា​ប្រាក់​ឈ្នួល​នៅ​ត្រឹម​ខែ​កញ្ញា​នេះ។​

ចំណែក​លោក​ គង់ អាទិត្យ​ ប្រធាន​សហ​ភាព​ការងារ​កម្ពុជា​ មើល​ឃើញ​ថា ​មូល​ដ្ឋាន​វិនិច្ឆ័យ​ទាំង ​៧ ​ចំណុច ​ដែល​យក​មក​ចរចា​ប្រាក់​ឈ្នួល​នេះ ​គឺ​មាន​ភាព​ចុះ​សម្រុង​គ្នា​ច្រើន។​ លោក​បន្ថែម​ថា​ ​បើ​សិន​ជា​ប្រាក់​ឈ្នួល​ដំឡើង​ត្រឹម ​២ ​ដុល្លារ​អាមេរិក នោះ​វាមិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ជាក់​ស្តែង​របស់​កម្មករ​ឡើយ។​ លោក​រំពឹង​ថា ​ការ​ចរចា​ជា​បន្ត​បន្ទាប់​ទៀត​នឹង​អាច​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​បាន​មួយ​កម្រិត​ទៀត។​

លោក​ប្រាប់​វីអូអេ​ថា៖​ «ឥឡូវ​នេះ ​វា​មាន​ភាព​ស្រប​គ្នា​ច្រើន​ អ៊ីចឹង​ខាង​រដ្ឋាភិបាល​ក៏​បាន​ប្រឹង​ប្រែង ​ហើយ​យើង​ដឹង​ហើយ​រឿង​មួយ​ចំនួន​ទៀត ​ដែល​យើង​ត្រូវ​ការ​ដោះ​[ស្រាយ]​បណ្តើរៗ​ទៀត។ ​ក៏​ប៉ុន្តែ​ខ្ញុំ​ជឿ​ជាក់​ថា​នឹង​មាន​ការ​ឡើង​ជា​បន្ត​ទៀត​ ហើយ​ថាតើ​ឡើង​ដល់​កម្រិត​ណា ​អាហ្នឹង​អាស្រ័យ​ទៅ​លើ​កត្តា​សេដ្ឋ​កិច្ច​យើង​ផង ​ហើយ​នឹង​កត្តា​ប្រកួត​ប្រជែង​ក្នុង​វិស័យ​ ហើយ​នឹង​កត្តា​ប្រទេស​ដែល​ប្រកួត​ប្រជែង​តំបន់​យើង​ហ្នឹង​ផង»។​

រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ ថ្លែងនៅក្នុងកិច្ចចរចា​ប្រាក់ឈ្នួលអប្បបរមារបស់​កម្មករ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។ (Facbeook / ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ)
រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ ថ្លែងនៅក្នុងកិច្ចចរចា​ប្រាក់ឈ្នួលអប្បបរមារបស់​កម្មករ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។ (Facbeook / ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ)

លោក​ ខេន លូ​ អគ្គ​លេខា​ធិការ​នៃ​សមាគម​វាយនភណ្ឌ​សម្លៀក​បំពាក់​ ស្បែក​ជើង ​និង​ផលិត​ផល​សម្រាប់​ការ​ធ្វើ​ដំណើរ​ (TAFTAC)​ ប្រាប់​វីអូអេ​ថា​ តំណាង​និយោជក​ក៏​បាន​ប្រើ​ប្រាស់​លក្ខខណ្ឌ​ទាំង​៧​ចំណុច​ក្នុង​ការ​ចរចា​ប្រាក់​ឈ្នួល​នេះ​ផង​ដែរ។​

លោក​បដិសេធ​មិន​បញ្ជាក់​ថា​ តើ​ហេតុអ្វី​បាន​ជា​តំណាង​និយោជក​កំណត់​ដំឡើង​ ២ ​ដុល្លារ​នោះ​ទេ​ ដោយ​លោក​ប្រាប់​អ្នក​សារ​ព័ត៌មាន​វីអូអេ​ឱ្យ​រង់ចាំ​មើល​លទ្ធផល​នៃ​កិច្ច​ចរចា​ជាបន្ត​បន្ទាប់​ទៀត។​

លោក​ប្រាប់​វីអូអេ​ថា៖​ «អ៊ីចឹង​យ៉ាង​ម៉េច ​អីយ៉ាង​ម៉េច​ ចាំ​លទ្ធផល​នៃការ​ចរចា​ទៅ!​ យើង​ចរចា​អត់​ទាន់​ចប់»។​

កាល​ពី​ឆ្នាំ​មុន ​ភាគី​ពាក់ព័ន្ធ​បាន​បោះ​ឆ្នោត​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​២​ដុល្លារ​អាមេរិក។​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​បាន​សម្រេច​បន្ថែម ​២ ​ដុល្លារ​អាមេរិក​ទៀត​ដែល​ធ្វើ​ឱ្យ​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​ ២០២៤ ​នៃ​វិស័យ​វាយន​ភណ្ឌ​ កាត់​ដេរ ​ផលិត​ស្បែក​ជើង​ និង​ផលិត​ផល​ធ្វើ​ដំណើរ​និង​កាបូប ​មាន​ចំនួន​ ២០៤​ ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។​

ទាក់ទង​នឹង​ដំណើរ​ការ​ចរចា​ប្រាក់​ឈ្នួល​សម្រាប់​ឆ្នាំ​ ២០២៥​ ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​ចរចា​ប្រាក់​ឈ្នួល​លើក​ទី​ ៨​ កាល​ពី​ថ្ងៃ​ទី​ ៦​ ខែ​កញ្ញា​នោះ​លោក​ ហេង សួរ ​រដ្ឋមន្ត្រី​ក្រសួង​ការងារ ​ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​ ថា ​ក្រសួង​ការ​ងារ​នឹង​ខិតខំ​សម្រប​សម្រួល​ឱ្យ​ភាគី​តំណាង​កម្មករ​និយោជិត​ និង​តំណាង​និយោ​ជក​កាន់​តែ​យល់​គ្នា ​និង​ខិត​ជិត​គ្នា ​ក្នុង​ការ​ចរចា​ប្រាក់​ឈ្នួល​អប្ប​បរមា​សម្រាប់​ឆ្នាំ​ ២០២៥។​

លោក​ថ្លែង​ថា៖ ​«ហើយ​រដ្ឋាភិបាល​នឹងខិត​ខំ​ធ្វើ​ម៉េច​ឱ្យ​មាន​ប្រព័ន្ធ​ ឱ្យ​មាន​យន្ត​ការ​ ហើយ​នឹង​ផ្តល់​ហេតុ​ផល​ស្ថិតិ ​ធ្វើ​ម៉េច​ឱ្យ​បាន​សមរម្យ​ ដើម្បី​ភាគី​នីមួយៗ​ គាត់​អាច​យោង ​និង​ធ្វើការ​ពិភាក្សា​គ្នា​បាន»។​

ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្ប​បរមា​ គឺ​ជា​យន្តការ​ត្រី​ភាគី ​ដែល​មាន​សមាជិក​សរុប​៥១ ​រូប ​ដោយ​ក្នុង​នោះ ១៧ ​រូប​ជា​តំណាង​រាជ​រដ្ឋា​ភិបាល ​១៧ ​រូប​ជា​តំណាង​និយោជក​ និង​ ១៧ ​រូប​ទៀត​ជា​តំណាង​កម្មករ​និយោ​ជិត​ ដើម្បី​ពិនិត្យ​ និង​វាយ​តម្លៃ​ទៅ​លើ​លក្ខណៈ​វិនិច្ឆ័យ​សេដ្ឋ​កិច្ច ​និង​សង្គម​ចំនួន​ ៧ ​ចំណុច ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា ​ដែល​វិភាគ​អំពី​ស្ថាន​ភាព​គ្រួសារ ​អត្រា​អតិ​ផរណា​ ការ​ចំណាយ​ក្នុង​ការ​រស់​នៅ​ ​ផលិត​ភាព​ ភាព​ប្រកួត​ប្រជែង​របស់​ប្រទេស ​ស្ថាន​ភាព​ទីផ្សារ​ការងារ ​និង​កម្រិត​ចំណេញ​របស់​វិស័យ។​ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ លោក​ កត្តា អន។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​រូប​នេះ ​សង្ឃឹម​ថា​ ​កិច្ច​ប្រជុំ​ត្រីភាគី​ដែល​នឹង​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​ទៀត​ នឹង​មាន​ការ​សម្រប​សម្រួល​គ្នា ​និង​ឈាន​ទៅ​កំណត់​តួលេខ​នៃ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​ឆ្នាំ​ ២០២៤។​

លោក​ កត្តា អន ​ប្រាប់​វីអូអេ​ថា៖​ «កត្តា​ទាំង​ ៧ ​នេះ​ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​នៅក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​បង​ប្អូន​កម្មករ​និយោជិត​យើង​ ដែល​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់ ​ឯ​និយោជក​មាន​ការ​ចំណេញ​សមរម្យ​ផង​ដែរ។​ អ៊ីចឹង​ភាគី​ទាំង​អស់​នឹង​ទទួល​បាន​ប្រយោជន៍​ដូច​គ្នា»។​

បើ​គិត​ត្រឹម​ដំណាច់​ឆមាស​ទី ១ ​ឆ្នាំ​ ២០២៤ កម្ពុជា​មាន​កម្មករ​បម្រើ​ការ​ក្នុង​វិស័យ​វាយន​ភណ្ឌ​កាត់​ដេរ ​ផលិត​ស្បែក​ជើង​ និង​ផលិត​ផល​ធ្វើ​ដំណើរ ​និង​កាបូប ​ចំនួន​ជាង​ ៩១ ​ម៉ឺន​នាក់ ​(៩១៣.០១៧​នាក់) ​ដែល​ធ្វើការ​ក្នុង​រោងចក្រ​ចំនួន​ ១.៥៣៨។​ នេះ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​ការងារ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG