ក្រសួងសុខាភិបាលអំពាវនាវឱ្យអភិបាលខេត្តជាប់ព្រំដែនពង្រឹងវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់នឹងការឆ្លងរាលដាលជំងឺនៅតាមច្រកចេញចូលប្រទេស បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺអុតស្វា ឬ Mpox ដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនិងអាចបង្កការបាត់បង់ជីវិតរបស់អ្នកជំងឺ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា។
ការអំពាវនាវរបស់ក្រសួងសុខាភិបាលធ្វើឡើង បន្ទាប់ពីអង្គការសុខភាពពិភពលោកបានប្រកាសគ្រោះអាសន្នសុខភាពសាធារណៈគួរឱ្យព្រួយបារម្ភ ក្រោយមានការផ្ទុះឡើងនៃជំងឺអុតស្វា (Mpox) ជាអន្តរជាតិកាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤។
ក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី ២៣ ខែសីហា ក្រសួងបានលើកឡើងថា ការផ្ទុះឡើងនៃជំងឺអឹមផក (Mpox) គឺដំណាលពេលមានការរីករាលដាលជំងឺផ្តាសាយបក្សី(H5N1) ដែលឆ្លងពីសត្វទៅមនុស្ស និងជំងឺអង់ត្រាក់ (Anthrax) ដែលមាននៅក្នុងតំបន់ និងប្រទេសជិតខាងផងដែរ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាលប្រទេសកម្ពុជា បានបង្ហាញថា រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមានជំងឺអឹមផក (Mpox) ចំនួន ២០ ករណីសុទ្ធតែភេទប្រុស និងបានព្យាបាលជាសះស្បើយទាំងអស់ និងជំងឺផ្តាសាយបក្សី (H5N1) ចំនួន ៧២ ករណី (ស្លាប់ ៤៣ ករណី)។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជាលោក អ៊ូច វុទ្ធី លើកឡើងថា ករណីជំងឺអុតស្វាបានវិវឌ្ឍចេញពីជំងឺអុតស្វាយ នៅពេលដែលអ្នកជំងឺប្រឈមនឹងការកើតជំងឺអុតស្វាយហើយមិនទទួលបានការចាក់វ៉ាក់សាំងការពារជំងឺ ៦ មុខ នៅពេលដែលកុមារទើបកើត។
លោកបន្ថែមថា ជំងឺអុតស្វាដែលទើបលិចឡើងជាចុងក្រោយថ្មីៗពីតំបន់អាហ្រ្វិក ហើយកំពុងរាលដាលមកតំបន់អាស៊ី គឺមានលក្ខណៈធ្ងន់ធ្ងរជាងជំងឺអុតស្វាយ ហើយអ្នកជំងឺអាចនឹងមានហានិភ័យខ្ពស់ចំពោះការបាត់បង់ជីវិត។
លោកគ្រូពេទ្យ អ៊ូច វុទ្ធី ថ្លែងថា៖ «ជំងឺអុតស្វានេះវាមិនថា វ័យចាស់ វ័យក្មេងទេ ប្រសិនបើមានឆ្លងទៅដល់មនុស្សយើងគ្រប់គ្នា សម្រាប់វ័យក្មេងជួនកាលមានអង់ទីក័រទប់ទល់ខ្លះ។ ប្រសិនបើគាត់មានអង់ទីក័រធម្មជាតិពីម្ដាយក៏អាចទប់ទល់ឱ្យគាត់រស់បានដែរប្រសិនជាក្មេង។ ហើយហានិភ័យខ្លាំងចំពោះមនុស្សចាស់ ប្រសិនបើជាមានជំងឺអុតស្វានេះ ប្រព័ន្ធការពារគាត់ចុះខ្សោយ អ៊ីចឹងទៅ គាត់អាចមានការឈឺចាប់ខ្លាំង និងមានហានិភ័យទៅដល់ជីវិតគាត់»។
បើតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា អភិបាលខេត្តជាប់ព្រំដែនទាំងអស់ត្រូវយកចិត្តទុកដាក់ ក្នុងការតាមដាន និងពង្រឹងទប់ស្កាត់ជំងឺឆ្លងដែលអាចនាំចូលពីបណ្តាប្រទេសនានា ដោយពង្រឹងវិធានការចត្តាឡីស័ក ឬការដាក់ឱ្យនៅដោយឡែកពីគេឯងចំពោះអ្នកដែលមានអាការរោគនៃការឆ្លងជំងឺខាងលើដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៅតាមច្រកចេញចូលប្រទេស និងដើម្បីការពារសុខភាពជូនប្រជាជន ស្របតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពី អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានទេ។ វីអូអេក៏ពុំទាន់អាចសុំការអត្ថាធិប្បាយពីលោក លី សុវណ្ណ នៅនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានដែរ។
យ៉ាងណាមិញ បើតាមព័ត៌មានរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) រហូតដល់ថ្ងៃចន្ទ ទី ២៦ ខែសីហា ឆ្នាំ ២០២៤ នេះ គេនៅមិនទាន់រកឃើញករណីជំងឺ អឹមផក (Mpox) ប្រភេទថ្មី (Clad 1b )ដែលជាមេរោគឆ្លងខ្លាំងនៅឡើយទេ។ ហើយ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) ក៏កំពុងតាមដានយ៉ាងសកម្មតាមព្រំដែន ចេញ-ចូលទាំងអស់ និងទូទាំងផ្ទៃប្រទេស។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសុខភាពពិភពលោក WHO ចេញផ្សាយកាលពីថ្ងៃទី ១៤ ខែសីហា ជំងឺអុតសា្វ (Mpox) ត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងទ្វីបអាហ្រ្វិកតាំងពីឆ្នាំ ២០២២ ដែលមានដើមកំណើតចេញប្រទេសកុងហ្គោ។ អង្គការសុខភាពពិភពលោកប្រកាសថា ជំងឺអុតស្វានេះជាមេរោគជំងឺអាសន្នរោគថ្មីមួយក្នុងពិភពលោកដែលចាំបាច់ត្រូវទប់ស្កាត់ជាកំហិត។
នាយកគ្រប់គ្រងទូទៅនៃអង្គការសុខភាពពិភពលោក លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus ត្រូវបានសម្រង់សម្តីក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ការលេចឡើងនៃជំងឺ Mpox ថ្មី ដែលរីករាលដាលយ៉ាងឆាប់រហ័សនៅភាគខាងកើតប្រទេសកុងហ្គោ និងការរាយការណ៍អំពីករណីនៅក្នុងប្រទេសជិតខាងមួយចំនួនបង្កការព្រួយបារម្ភយ៉ាងខ្លាំង។ ការឆ្លើយតបជាអន្តរជាតិគឺចាំបាច់ដើម្បីបញ្ឈប់ការផ្ទុះឡើងទាំងនេះ និងជួយសង្គ្រោះជីវិតមនុស្ស»។
នៅចំពោះមុខគ្រាអាសន្ននៃការផ្ទុះឡើងនៃជំងឺ Mpox ថ្មីនេះ អង្គការសុខភាពពិភពលោកបានណែនាំឱ្យប្រើប្រាស់វ៉ាក់សាំងចំនួន ២ ប្រភេទ និងកំពុងធ្វើការជាមួយបណ្តាប្រទេសផ្សេងទៀត ព្រមទាំងក្រុមហ៊ុនផលិតវ៉ាក់សាំងលើការបរិច្ចាគវ៉ាក់សាំងតាមរយៈបណ្តាញវិធានការប្រឆាំងរបស់វេជ្ជសាស្ត្រ (Medical Countermeasures Network) ជាបណ្តោះអាសន្នដើម្បីជួយសម្រួលដល់សិទ្ធិទទួលបានវ៉ាក់សាំងដោយស្មើភាព ការព្យាបាល ការធ្វើរោគវិនិច្ឆ័យ និងឧបករណ៍ផ្សេងទៀត។
ជំងឺអឹមផក (Mpox) ឆ្លងតាមរយៈការរួមភេទគ្រប់ទម្រង់ជាមួយ អ្នកជំងឺអឹមផក និង ការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកមាត់ តំណក់ទឹកតូចៗតាមផ្លូវដង្ហើមរបស់អ្នកជំងឺអឹមផក។ ការប្រើប្រាស់សម្ភារៈដែលប្រឡាក់ប្រឡូកជាមួយនឹងវីរុសអុតស្វា រួមមានសម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារៈ ស្លាបព្រាចាន កែវទឹក។ល។ វីរុសអុតស្វាឆ្លងពីម្តាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល តាមរយៈការប៉ះពាល់ផ្ទាល់ បើស្ត្រីមានផ្ទៃពោះ ឬឪពុកម្តាយមានជំងឺអឹមផក។ នេះបើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC)។
បើតាមវិធានការបង្ការជំងឺអុតស្វា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) ណែនាំឱ្យប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ និងចៀសវាងមានដៃគូរួមភេទច្រើន។ ហាមប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអឹមផក។ ចៀសវាងការប៉ះពាល់របស់របរអ្នកមានជំងឺអឹមផក និងតំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវ តាមមាត់របស់អ្នកជំងឺអឹមផក។ ត្រូវលាងដៃជាមួយសាប៊ូ ឬអាល់កុលលាងដៃ។ បុគ្គលដែលសង្ស័យ ឬបញ្ជាក់ថា មានជំងឺអឹមផកត្រូវតែដាក់ឱ្យនៅដាច់ដោយឡែករហូតដល់ក្រមរ ជ្រុះអស់ និងទទួលលទ្ធផលអវិជ្ជមានវីរុសអុតស្វា។
ចំណែកបុគ្គលដែលផ្តល់ការថែទាំ អ្នកជំងឺអឹមផកត្រូវការពារខ្លួន ដោយពាក់ម៉ាស់ លាងដៃ ពេលប៉ះពាល់ជាមួយអ្នកជំងឺ។ ចំពោះបុគ្គលណាដែលមានរោគសញ្ញាដូចជា កន្ទួលរមាស់ជាមួយពងទឹកនៅលើមុខ បាតដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬប្រដាប់ភេទ គ្រុនក្តៅ ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ និងឈឺចង្កេះ អស់កម្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងទៅលេខទូរស័ព្ទ ១១៥៕
វេទិកាបញ្ចេញមតិ