ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសរកឃើញជំងឺអឹមផក (Mpox) (ឈ្មោះដើមជំងឺអុតស្វា) ករណីទី ១១ ដោយក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់អំពីជំងឺមួយនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយ នៅថ្ងៃអង្គារនេះ។
ក្រសួងបញ្ជាក់ថា យោងតាមលទ្ធផលទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ មានករណីជំងឺអឹមផក (Mpox) មួយករណីទៀត ដែលកើតលើបុរសម្នាក់ដែលមានទីលំនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ អ្នកជំងឺត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យដោយត្រឹមត្រូវ។
ក្រសួងសុខាភិបាលសង្កេតឃើញថា និន្នាការនៃការចម្លងជំងឺអ៊ឹមផកនៅកម្ពុជាកើនឡើង ស្របគ្នានិងនិន្នាការនៅលើសកលលោក។ ក្រសួងបន្ថែមថា ជំងឺអឹមផកបានកំពុងផ្ទុះរាលដាលក្នុងប្រទេសចំនួន ១១៧ ដែលក្នុងនោះមានករណីឆ្លងជំងឺអ៊ឹមផកសរុបចំនួន ៩៣.០៣០នាក់ និងករណីស្លាប់ចំនួន ១៧៦នាក់ នៅលើពិភពលោក។
ក្រសួងសុខាភិបាលកម្ពុជាក៏បានអំពាវនាវនិងក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្ដទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការរីករាលដាលជំងឺអ៊ឹមផកជាចង្កោម។
ជំងឺនេះមានរោគសញ្ញាដូចជាកន្ទួលរមាស់ជាមួយពងទឹកនៅលើមុខ បាតដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬប្រដាប់ភេទ គ្រុនក្តៅ ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ និងឈឺចង្កេះ អស់កម្លាំង។ ជំងឺនេះអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺអឹមផកនិងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមានសម្លៀកបំពាក់ ពួក កន្សែង ស្លាបព្រាចាន កែវទឹក។ នេះបើតាមក្រសួងសុខាភិបាល៕
វេទិកាបញ្ចេញមតិ