ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាពអាសន្ននៃសុខភាពសាកលស្ថិតក្នុងរបៀបវារៈកំពូលនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការ​សុខភាព​ពិភពលោក WHO


រូបឯកសារ៖ ពលរដ្ឋ​ពាក់ម៉ាស់​ការពារ​ការ​ឆ្លង​ជំងឺកូវីដ១៩ នៅទីក្រុង​ប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី​១៥ ខែឧសភា ឆ្នាំ២០២២។
រូបឯកសារ៖ ពលរដ្ឋ​ពាក់ម៉ាស់​ការពារ​ការ​ឆ្លង​ជំងឺកូវីដ១៩ នៅទីក្រុង​ប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី​១៥ ខែឧសភា ឆ្នាំ២០២២។

កិច្ចប្រជុំក្រុម​ប្រឹក្សាភិបាល​ប្រតិបត្តិនៃអង្គការសុខភាព​ពិភពលោក​ WHO នៅ​ឆ្នាំនេះ​បាន​ធ្វើ​ឡើង​នៅ​ពេលដែល​មានភាពអាសន្ន​ខាងសុខភាព​សាកល​ច្រើន​ជាងមុន តែ​ក៏ក្នុងពេលមួយដែលអង្គការ​ WHO​ អាច​លើក​បង្ហាញ​ពី​ «សមិទ្ធផលនិង​ព្រឹត្តិការណ៍​ជាច្រើន»ក្នុងវិស័យ​សុខភាព​សាធារណៈ​ផងដែរ។

អគ្គនាយកអង្គការ​សុខភាព​ពិភពលោក WHO លោក​ Tedros Adhanom Ghebreyesus បានថ្លែង​ប្រាប់ក្រុមប្រតិភូក្នុង​កិច្ចប្រជុំ​កាល​ពី​ថ្ងៃ​ទី២២ ខែ​មករា​កន្លង​ទៅ​នេះថា៖ «ក្នុង​រយៈពេល​ជិតបីឆ្នាំ​កន្លះ កាលពី​ខែ​ឧសភាកន្លង​ទៅ​ ខ្ញុំ​បានប្រកាស​ថា ជំងឺ​កូវីដ១៩​ និង​ជំងឺ​អុតស្វា (mpox) លែង​ក្លាយជាភាពអាសន្នខាងសុខភាព​សាកលទៀត​ហើយ ​ទោះជាជំងឺទាំងពីរនេះ​នៅតែជា​ការគំរាម​កំហែងសាកលក៏​ដោយ»។

លោក​បាន​ថ្លែងបន្ត​ថា៖ «នៅពេល​នេះ​ ប្រជាជន​ក្នុង​ពិភពលោក​ចំនួនជាងពីរ​ភាគបី​បានទទួល​វ៉ាក់សាំង​ការពារ​ដំបូង​ពេញលេញ​ប្រឆាំង​នឹងជំងឺកូវីដ១៩​ រួចហើយ។​ កម្មវិធី​ផ្តល់​វ៉ាក់សាំង​ COVAX ដែលបាន​បិទ​បញ្ចប់​កាល​ពី​បំណាច់​ឆ្នាំ​ទៅ បាន​ដើរ​តួនាទី​ដ៏​សំខាន់​មួយ​ ដោយ​បាន​ផ្តល់​វ៉ាក់សាំង​ជិត​ពីរ​ពាន់​លានដូស​ និង​បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ប្រមាណ ២លាន​ ៧សែន​នាក់​ ក្នុង​ប្រទេស​ដែលមាន​ប្រាក់​ចំណូល​ទាប»។

កិច្ច​ប្រជុំ​នេះ​ក៏ត្រូវបាន​ដំណើរ​ការ​នៅ​ក្នុងថ្ងៃ​ដ៏​ពិសេស​មួយ ​ដែលវ៉ាក់សាំង​មួយ​ក្នុង​ចំណោមពីរ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​ ដែល​ផ្តល់​អនុសាសន៍​ដោយ​អង្គការ​ WHO​ ក្នុង​ការ​ជួយ​សង្គ្រាះ​ជីវិត​មនុស្ស​នោះ​ ​ត្រូវ​បានប្រើ​នៅ​ក្នុងប្រទេស​កាមេរូន​ ដែល​ជា​ប្រទេសទី​ ១ ​ក្នុងពិភពលោក​ ដែល​បាន​ចាប់​ផ្តើម​ប្រើ​វ៉ាក់សាំងការពារ​ជំងឺ​គ្រុន​ចាញ់នេះ​ជា​ប្រចាំ។

អង្គការ​ WHO បានរាយការណ៍​ថា​ កុមារ​ជាង ៥សែននាក់ ​ក្រោម​អាយុ ​៥ឆ្នាំ បាន​ស្លាប់​ជា​រៀងរាល់​ឆ្នាំ ដោយសារជំងឺ​គ្រុន​ចាញ់ ដែល​ភាគ​ច្រើន​ក្នុងបណ្តាប្រទេស​នៅ​ទ្វីបអាហ្វ្រិក។​

លោក Tedros បាន​ថ្លែង​បន្ត​ទៀតថា៖ «​ការ​មាន​វ៉ាក់សាំង​ពីរ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់នឹង​ជួយ​បិទ​គម្លាត​ធំ​រវាង​តម្រូវការនិង​ការ​ផ្គត់ផ្គង់​ ហើយអាច​ជួយ​ជីវិត​កុមាររាប់​ម៉ឺននាក់ ជាពិសេសនៅ​ទ្វីប​អាហ្វ្រិក»។​

អគ្គនាយកអង្គការ​ WHO រូបនេះ ក៏​បានបង្ហាញ​ផង​ដែរ​ ពី​សមិទ្ធផល​ឯទៀតៗ​កាល​ពី​ឆ្នាំ​ទៅ​ក្នុង​ការ​លើក​កម្ពស់​ និង​ការ​ផ្តល់​ការការពារ​សុខភាព​ជា​ដើម។​

សមិទ្ធផល​ទាំង​នេះ រួម​មាន​ភាព​ជឿនលឿនក្នុង​ការកាត់​បន្ថយចំនួន​អ្នក​ជក់​បារីក្នុង​ប្រទេស ​១៥០ ​ក្នុង​ពិភពលោក ​ការគាំទ្រ​ប្រទេស​ជាង ​៥០ ដើម្បី​បង្កើត​ប្រព័ន្ធ​ភាព​ធន់​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ប្រព័ន្ធ​សុខភាព​ដែល​ស៊ាំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ទ្រទ្រង់​និង​បង្កើន​លទ្ធភាព​ដល់​ប្រទេស​នានា​ឱ្យ​មាន​ឱសថ​ជា​សំខាន់​ មាន​វ៉ាក់សាំង​ការពារ​ ការធ្វើ​រោគ​វិនិច្ឆ័យ​ និង​ផលិតផលសុខាភិបាល​ឯទៀតៗ​ផង​ដែរ។

ទិន្នន័យ​ថ្មីៗ​ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ WHO ​និង​ធនាគារ​ពិភពលោក បាន​បង្ហាញ​ថា​ ​ប្រជាជន​ពាក់​កណ្តាល​ពិភពលោក​ មិន​បាន​ទទួល​សេវាសុខភាព​សំខាន់ៗ​ពេញលេញ​នោះ​ទេ​ ហើយ​ថា «មនុស្ស​២ពាន់​លាន​នាក់ កំពុងប្រឈម​នឹង​ការ​ពិបាកខាង​ហិរញ្ញវត្ថុ​ ដោយ​សារត្រូវ​ចំណាយច្រើន​ខាងការ​ថែទាំ​សុខភាព»។

ក្រុម​ប្រឹក្សា​ភិបាល​នៃ​អង្គការ​សុខភាព​ពិភពលោក​ ដែល​មាន​សមាជិក​ចំនួន ៣៤នាក់​បាន​ជួប​ប្រជុំ​គ្នា​ជារៀងរាល់​ឆ្នាំ ដើម្បី​កំណត់​របៀបវារៈសម្រាប់​សន្និបាត​សុខភាព​ពិភពលោក និង​អនុវត្ត​សេចក្តីសម្រេច​និង​គោលនយោបាយរបស់​អង្គការ​នេះ​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ​លោក​ ឈឹម សុមេធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG