ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងសុខាភិបាលណែនាំឱ្យពលរដ្ឋអនុវត្តវិធានការការពារជំងឺឆ្លងភ្នែកក្រហម


រូបឯកសារ៖ គ្រូពេទ្យម្នាក់កំពុងយកសំណាកដើម្បីពិនិត្យមើលការឆ្លងរាលដាលនៃជំងឺភ្នែកក្រហម នៅឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ (Facebook/នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)
រូបឯកសារ៖ គ្រូពេទ្យម្នាក់កំពុងយកសំណាកដើម្បីពិនិត្យមើលការឆ្លងរាលដាលនៃជំងឺភ្នែកក្រហម នៅឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ (Facebook/នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)

ក្រសួង​សុខាភិបាល​ណែនាំ​ឱ្យ​ប្រជា​ពលរដ្ឋ​អនុវត្ត​វិធាន​ការ​ការពារ​ជំងឺ​ឆ្លង​ភ្នែក​ក្រហម ដើម្បី​បញ្ចៀស​ការ​រាលដាល​បន្ត​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ចូល​ក្នុង​សហគមន៍។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខា​ភិបាល ​ចេញ​នៅ​ថ្ងៃ​ទី១៩​ ខែ​តុលា ​ឆ្នាំ​២០២៣​ ក្រសួងបញ្ជាក់​ថា បើ​គិត​ត្រឹមថ្ងៃទី​១៨ ខែតុលា ឆ្នាំ២០២៣​នេះ ​ ក្រសួង​បាន​រក​ឃើញ​ករណី​ជំងឺ​ភ្នែក​ក្រហម​កំពុង​កើត​ឡើង​ថ្មី​គួរ​ឱ្យ​កត់​សម្គាល់ ​ក្នុង​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​កម្ពុជា។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា៖ ​«ក្នុង​ខណៈ​នេះ​ក្រុម​ឆ្លើយ​តប​បន្ទាន់​របស់​ក្រសួង​សុខា​ភិបាល​ មន្ទីរ​សុខាភិបាល ​ស្រុក​ប្រតិបត្តិ ​មន្ទីរពេទ្យ​បង្អែក​ និង​មណ្ឌល​សុខភាព ​បាន​ចុះ​អង្កេត ​ឆ្លើយ​តប​ តាមដាន ​ផ្តល់​ការ​ព្យាបាល ​និង​អប់រំ​បង្ការ​ការ​ឆ្លង​រាលដាល​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​បន្ត​ក្នុង​សហគមន៍»។​

បើតាម​ក្រសួង​សុខាភិបាល ​រោគ​សញ្ញា​ជំងឺ​ឆ្លង​ភ្នែក​ក្រហម​រួមមាន​ ភ្នែក​ឡើង​ពណ៌​ផ្កាឈូក ​ឬ​ពណ៌​ក្រហម​នៅ​ផ្នែក​ស​នៃ​ភ្នែក ​ហើម​ត្របក​ភ្នែក​ រកាំ​ភ្នែក ​ឬ​ក្រហាយ​ភ្នែក។ ​ជំងឺ​នេះ​បង្ក​ឡើង​ដោយ​មូលហេតុ​ធំៗ​ពីរ​ប្រភេទ ​គឺ​វីរុស ​និង​បាក់តេរី​ ដែល​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​យ៉ាង​ងាយ ​និង​ឆាប់​រហ័ស​ ប្រសិន​បើ​បុគ្គល​នោះ​មិន​បាន​អនុវត្ត​អនាម័យ​ឱ្យ​បាន​ដិត​ដល់។​

ជំងឺ​ភ្នែក​ក្រហម​ដែល​បង្ក​ឡើង​ដោយ​វីរុស ​និង​បាក់តេរី​នេះ​ ភាគ​ច្រើន​ជា​ករណី​ស្រាល ​ដែល​អាច​ជា​សះស្បើយ​ក្នុង​រយៈពេល​ខ្លី ​ចន្លោះ​ពី​៧ ​ទៅ​ ១៤​ថ្ងៃ ​ដោយ​មិនមាន​ផល​វិបាក​ក្នុង​រយៈ​ពេល​វែង។​ យ៉ាងណា​ក្តី ​ករណី​ខ្លះ​អាច​មាន​រយៈ​ពេល ​២​ ទៅ​ ៣​ សប្តាហ៍​ ឬ​ច្រើន​ជាង​នេះ។​

ក្រសួង​សុខាភិបាល​បន្ថែម​ដោយ​រំឭក​ដល់​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​ភ្នែក​ក្រហម​ និង​អ្នក​មិន​ទាន់​ឆ្លង​ជំងឺ​នេះ​ឱ្យ​បន្ត​អនុវត្ត​ការ​ធ្វើ​អនាម័យ​ដៃ​ជា​ប្រចាំ ​ចៀសវាង​យក ​ដៃ​ដែល​មិន​បាន​លាង​សម្អាត​ទៅប៉ះ​ភ្នែក​ មិន​ត្រូវប្រើ​ថ្នាំ​បន្តក់​ភ្នែក​រួម​គ្នា ​មិន​ប៉ះ​វត្ថុ​ដែល​អាច​មាន​វីរុស ​ឬ​បាក់តេរី​ដែល​អាច​ឆ្លង​ ហើយ​ត្រូវ​រក្សា​គម្លាត​ពី​អ្នក​ដែល​មាន​ជំងឺ​ភ្នែក​ក្រហម​ជាដើម៕​

XS
SM
MD
LG