ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ហិរញ្ញវត្ថុ​ព្រមាន​កាត់​ចោល​ថវិកា​ដែល​ក្រសួង​នានា​ចាយ​មិន​ត្រឹមត្រូវ


បទបង្ហាញ​ស្តីពី​ថវិកាជាតិ​នៅ​ក្នុង​វេទិកា​សាធារណៈ​ស្តីពី​«ការ​គ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច និង​ថវិកា​ឆ្នាំ​២០១៧» នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
បទបង្ហាញ​ស្តីពី​ថវិកាជាតិ​នៅ​ក្នុង​វេទិកា​សាធារណៈ​ស្តីពី​«ការ​គ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច និង​ថវិកា​ឆ្នាំ​២០១៧» នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

ក្រសួង​សេដ្ឋកិច្ច​នឹង​តាម​ដាន​ការ​ចំណាយ​របស់​ក្រសួង​នីមួយៗ​ ដើម្បី​ធានា​ថា​ការ​ចំណាយ​ទាំង​នោះ​ស្រប​តាម​ការ​កំណត់​របស់​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៧។

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​អះអាង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា ​ក្រសួង​សេដ្ឋកិច្ច​មាន​វិធាន​ការ​កាត់​ចោល​នូវ​កញ្ចប់​ថវិកា​ណា​ដែល​ក្រសួង​នីមួយៗ​មិន​បាន​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ។

នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ​ស្តី​ពី​ «ការ​គ្រប់​គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ថវិកា​ឆ្នាំ​២០១៧»​លោក​ វង្សី​ វិស្សុត ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ ថ្លែង​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ​ ក្រសួង​សេដ្ឋកិច្ច​នឹង​កាត់​ចោល​កញ្ចប់​ថវិកា​ណា​ដែល​ក្រសួង​សាម៉ី​មិន​បាន​ចាយ​តាម​ពេល​វេលា​កំណត់។

«នៅ​ឆ្នាំ​ថ្មី​នេះ​ដឹង​ម៉េច​ទេ? ក្រសួង​ណា​ក៏ដោយ​ កាល​ណា​សុំ​ធានា​ចំណាយ​ឆ្នាំ​ ដល់​ឆមាស​ទី​២ហើយ​ មិន​សុំ​ធានា​នូវ​ចំណាយ​ហ្នឹង​ទេ​ យើង​កាត់​ចោល​ហ្មង។​ មិន​ព្រម​ចាយ​ពី​ដើម​ឆ្នាំ​ទេ​ ដល់​ពេល​ចុង​ឆ្នាំ​ប្រលែង​បណ្តោយ។ ឆ្នាំ​នេះ​ជា​ឆ្នាំ​ចាប់​ផ្តើម​ ធ្វើ​របង​ច្រើន​ណាស់​ តែ​អត់​ចាយ​ កាត់​ចោល​បណ្តាយ»។

លោក​វង្សី វិស្សុត​ ថ្លែង​បន្ត​ថា​ ក្រសួង​សេដ្ឋកិច្ច​នឹង​តាម​ដាន​ការ​ចំណាយ​របស់​ក្រសួង​នីមួយៗ​ ដើម្បី​ធានា​ថា​ការ​ចំណាយ​ទាំង​នោះ​ស្រប​តាម​ការ​កំណត់​របស់​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៧។​

«ដូច្នេះ​ ការ​អនុវត្ត​ត្រូវ​តែ​ធ្វើ​ឲ្យ​ល្អ​ មាន​អ្នក​តាម​ដាន​ អ្នក​តាម​មើល​នៅ​តាម​ក្រសួង​មួយៗ​ តើ​អ្វី​ដែល​យើង​គិតគូរ​តាម​ការ​បែង​ចែក​នេះ​ ប៉ុន្តែ​នៅ​ពេល​ចាយ​ជាក់​ស្តែង​ យើង​ត្រូវ​តាម​មើល​ទាំង​អស់​គ្នា​ ធ្វើ​ម៉េច​ចាយ​ឲ្យ​ស្រួល​ ចាយ​ឲ្យ​ចំ​មុខ។ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ត​ទៀត»។

លោក​ ព្រាប​ កុល​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​បញ្ជាក់​ប្រាប់​ VOA ​ថា ​ចំណាត់​ការ​របស់​ក្រសួង​សេដ្ឋកិច្ច​នេះ​ អាច​កាត់​បន្ថយ​ការ​ចាយ​ថវិកា​រដ្ឋ​ដោយ​គំហុក​ និង​មិន​ត្រឹម​ត្រូវ​នា​ត្រីមាស​ចុង​ក្រោយ ដូច​ដែល​ធ្លាប់​កើត​ឡើង​កន្លង​មក។​ ក៏​ប៉ុន្តែ​លោក​ព្រាប កុល​ ថា​លទ្ធផល​យ៉ាង​ណា​នោះ​ត្រូវ​រង់​ចាំ​មើល​ការ​អនុវត្ត​ជាក់​ស្តែង។​

លោក​ព្រាប​ កុល ​ថ្លែង​បន្ត​ទៀត​ថា​ រដ្ឋាភិបាល​គួរ​តែ​បង្ហាញ​ជា​សាធារណៈ​នូវ​ទិន្នន័យ​លម្អិត​ពី​ការ​ចាយ​វាយ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន។​

«យើង​ចង់​ឃើញ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ស្ថាប័ន​រដ្ឋ​នីមួយៗ ពី​ថ្នាក់​ខេត្ត​រហូត​ដល់​ថ្នាក់​ក្រសួង​ហ្នឹង​ មាន​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ។ មាន​ន័យ​ថា​ គាត់​បង្ហោះ​លើ​គេហទំព័រ​ ឬ​បោះ​ពុម្ព​ចែក​ចាយ​ជា​សាធារណៈ​ថា​ ហិរញ្ញវត្ថុ​ដែល​គាត់​ទទួល​បាន​សម្រាប់​ឆ្នាំ​ហ្នឹង​មាន​ចំនួន​ប៉ុន្មាន​ ហើយ​គាត់​ចាយ​វាយ​អស់​ប៉ុន្មាន​ ចាយ​វាយ​លើ​អ្វី​ខ្លះ​ មាន​ទឹក​ប្រាក់​សម្រាប់​ឆ្នាំ​ហ្នឹង​ដែល​ចាយ​មិន​អស់​ទេ​ មាន​ចាយ​លើស​ទេ​ មាន​ការ​ធ្វើ​សវនកម្ម​ពី​អ្នក​ជំនាញ​សវនករ​ទេ»។

ថវិកា​ជាតិ​ ឆ្នាំ២០១៧​ ត្រូវ​បាន​បែក​ចែក​ទៅ​ឲ្យ​ក្រសួង​អប់រំ​ច្រើន​ជាង​ក្រសួង​ដទៃ​ទៀត​ ដែល​ស្មើ​នឹង​១៩,៩៥%។ ​ក្រសួង​ដែល​ទទួល​បាន​ថវិកា​ជាតិ​ច្រើន​បន្ទាប់​ គឺ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ទទួល​បាន​ចំនួន​១១,៤០%​ និង​ក្រសួង​ការពារ​ជាតិ​ទទួល​បាន​ចំនួន​៨,៧៨%។

ថវិកា​ជាតិ​ ឆ្នាំ​២០១៧​នេះ​ ក៏​បាន​កំណត់​ដំឡើង​ប្រាក់​បៀវត្សរ៍​ឲ្យ​មន្ត្រី​រាជការ​ និង​កងទ័ព​ផង​ដែរ​ដើម្បី​ធានា​ថា​ មន្ត្រី​សាធារណៈ​ទាំង​នោះ​អាច​បំពេញ​ការងារ​របស់​ខ្លួន​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ដល់​ពលរដ្ឋ។ នេះ​បើ​យោង​តាម​ លោក​វង្សី​ វិស្សុត ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច។

លោក​ ចាន់​ សុផល​ នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​ និង​ជា​អ្នក​វិភាគ​សេដ្ឋកិច្ច​ ថ្លែង​ថា​ ការ​បែង​ចែក​ថវិកា​ទៅ​តាម​ក្រសួង​នីមួយៗ​ហាក់​មាន​ភាព​ប្រសើរ​ហើយ​ ក៏​ប៉ុន្តែ​លោក​ថា​ ការ​បែក​ចែក​ថវិកា​ទៅ​ថ្នាក់​ក្រោម​ជាតិ​ នៅ​មាន​តិចតួច​នៅ​ឡើយ។​

«ក៏​ប៉ុន្តែ​ចំពោះ​ការ​បែង​ចែក​មួយ​ទៀត​ គឺ​រវាង​ថ្នាក់​កណ្តាល ​គឺ​ថ្នាក់​ជាតិ​ និង​ក្រោម​ជាតិ​ ថ្នាក់​មូលដ្ឋាន​ នៅ​មាន​កម្រិត​តិច​តួច​ ស្ទើរ​តែ​មិន​កើន​ឡើង​យូរ​ឆ្នាំ​មក​ហើយ។ គួរ​មាន​ការ​បែង​ចែក​ឲ្យ​ច្រើន​ថែម​ទៀត​ដល់​ថ្នាក់​មូលដ្ឋាន។ អស់​លោក​ត្រូវ​ការ​ច្រើន​ណាស់​ក្នុង​ការ​លើក​ជា​ផែន​ការ​ ដើម្បី​អភិវឌ្ឍ​ក្នុង​ភូមិ​ ឃុំ»។​

កាល​ពី​ចុង​ឆ្នាំ​២០១៦​កន្លង​ទៅ​ សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ថវិកា​ជាតិ​ឆ្នាំ២០១៧ ​ត្រូវ​បាន​រដ្ឋ​សភា​អនុម័ត​ដោយ​សំឡេង​គាំ​ទ្រ​តែ​ពី​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ ចំនួន​៦៦​សំឡេង​ និង​មិន​ទទួល​បាន​ការ​យល់ព្រម​ពី​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​នោះ​ទេ។​

យ៉ាង​ណា​ក៏ដោយ ​លោក​ស៊ុន ឆ័យ ​ប្រធាន​ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បញ្ជាក់​ប្រាប់​ VOA​ ថា​ គណបក្ស​ជំទាស់​នៅ​តែ​បន្ត​តាម​ដាន​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ថា​ត្រឹម​ត្រូវ​ និង​មាន​តម្លាភាព​តាម​ការ​កំណត់​របស់​ច្បាប់​ថវិកា​ជាតិ។

«ក្នុង​ករណី​នេះ​ យើង​តាម​ដាន​ ពេល​ការ​អនុវត្ត​ យើង​នៅ​តែ​បន្ត​តាម​ដាន ​ថា​មាន​ការ​លួច​បន្លំ​ពន្ធ​ ការ​ប្រមូល​ពន្ធ​ត្រឹម​ត្រូវ​ទេ​ តើ​លុយ​លក់​សំបុត្រ​ចូល​អង្គរវត្ត​មាន​ការ​លួច​ទេ​នៅ​ឆ្នាំ​២០១៧។ នេះ​ជា​ការ​តាម​ដាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ នៅ​ក្នុង​ច្បាប់​ហ្នឹង​ តួ​លេខ​វា​តិច​ហើយ​ ដល់​ចំណាយ​ជាក់ស្ដែង​ហ្នឹង​វា​មិន​គ្រប់​ទៀត។ ជំរុញ​យ៉ាង​ហោច​ណាស់​ ក៏​ឱ្យ​ចាយ​ត្រឹម​ត្រូវ​ដូច​មាន​ចែង​ក្នុង​ច្បាប់​ហ្នឹង»។

លោក​ស៊ុន ឆ័យ ​បញ្ជាក់​ទៀត​ថា​ ក្នុង​ករណី​ដែល​គណបក្ស​ជំទាស់​រក​ឃើញ​ភាព​មិន​ប្រក្រតី​ចំពោះ​ចំណូល​ ឬ​ចំណាយ​ណា​នោះ​ គណបក្ស​ជំទាស់​នឹង​ប្រមូល​ភស្តុតាង​ និង​កោះ​ហៅ​រដ្ឋ​មន្ត្រី​ក្រសួង​សាម៉ី​មក​ធ្វើ​ការ​បំភ្លឺ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG