ក្រុមសេដ្ឋវិទូនៃអង្គការសហប្រជាជាតិកំពុងអំពាវនាវប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឲ្យជំរុញសេដ្ឋកិច្ចរបស់ខ្លួនទៅមុខតាមរយៈការធ្វើកំណែទម្រង់នានា ជាពិសេសទៅលើវិសមភាពប្រាក់ចំណូលនិងទ្រព្យសម្បត្តិដែលកាន់តែរីកធំដុះដាល ទោះបីជាតំបន់នេះមានកំណើនសេដ្ឋកិច្ចអស់រយៈពេលជាច្រើនទសវត្សរ៍ក៏ដោយ។
ក្រុមសេដ្ឋវិទូនៃគណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ចរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ហៅកាត់ថា UNESCAP បាននិយាយថា បណ្តារដ្ឋាភិបាលនៃប្រទេសក្នុងតំបន់នេះ ត្រូវតែដោះស្រាយបញ្ហាកំណើនវិសមភាពប្រាក់ចំណូល ដែលត្រូវគេមើលឃើញថា បានកើនឡើងគួរឲ្យកត់សម្គាល់ចាប់តាំងពីទសវត្សរ៍១៩៩០មក។
វិសមភាពប្រាក់ចំណូលគឺជាបញ្ហាមួយ
លោកHamza Ali Malik សេដ្ឋវិទូទទួលបន្ទុកផ្នែកគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនៃអង្គការ UNESCAP និយាយថា វិសមភាពប្រាក់ចំណូលបានកើនឡើង៣០% ក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ។
លោក Ali Malik និយាយថា៖ «នេះគឺជាកំណើនយ៉ាងខ្ពស់។ ដូចគ្នាទៅនឹងករណីសូចនាករទ្រព្យសម្បត្តិដែរ។ ទ្រព្យសម្បត្តិរបស់អ្នកមានកំពូលៗមានចំនួនច្រើនជាងពាក់កណ្ដាលទ្រព្យសម្បត្តិរបស់គ្រួសារធម្មតាសរុបក្នុងសេដ្ឋកិច្ចនៃប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី រុស្ស៊ី និងថៃ។ វាមានកម្រិតខ្ពស់គួរសម។ បញ្ហានេះតម្រូវឲ្យពង្រឹងគោលនយោបាយសារពើពន្ធ ក្នុងគោលបំណងបែងចែកប្រាក់ចំណូលឡើងវិញ»។
ការដំឡើងពន្ធជាដំណោះស្រាយមួយសម្រាប់វិសមភាពប្រាក់ចំណូល
លោកបាននិយាយថា គន្លឹះសំខាន់គឺស្ថិតនៅលើកំណែទម្រង់គោលនយោបាយដូចជាការយកពន្ធ ជាពិសេសបង្កើនពន្ធលើប្រាក់ចំណូលរបស់បុគ្គលិកដែលមានកម្រិតទាប «តាមរយៈការបែងចែកប្រាក់ចំណូលឡើងវិញ ដើម្បីកាត់បន្ថយវិសមភាពទាំងនេះ»។
ការព្រួយបារម្ភទាំងនេះ ផ្ទុយពីទស្សនវិស័យសេដ្ឋកិច្ចរីកចម្រើនក្នុងតំបន់នេះ ខណៈពេលដែលសេដ្ឋកិច្ចពិភពលោកមិនមានភាពប្រាកដប្រជា។ នេះបើយោងតាមអង្គការ UNESCAP និងធនាគារអភិវឌ្ឍន៍អាស៊ី ADB។
អាស៊ីប៉ាស៊ីហ្វិកនៅតែមានសក្ដានុពលកំណើនសេដ្ឋកិច្ច
លេខាធិការប្រតិបត្តិនៃអង្គការ UNESCAP លោកស្រី Shamshad Akhtar បាននិយាយថា តំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែជាមជ្ឈមណ្ឌលសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចសកលលោក។
លោកស្រី Akhtar មានប្រសាសន៍ថា ការងើបឡើងវិញនៃតម្រូវការក្នុងស្រុក និងការគាំទ្រផ្នែកគោលនយោបាយពីរដ្ឋាភិបាល បានជំរុញឲ្យមានកំណើនសេដ្ឋកិច្ចនៃប្រទេសក្នុងតំបន់ «ស្ថិតក្នុងអត្រាមួយថេរ គឺ ៤,៩%» ក្នុងឆ្នាំ២០១៦។ លោកស្រី Akhtar និយាយបន្ថែមថា៖ «ថ្វីដ្បិតតែសេដ្ឋកិច្ចពិភពលោកមានកំណើនយឺតយ៉ាវហើយពាណិជ្ជកម្មបន្តធ្លាក់ចុះក៏ដោយ ជាក់ស្តែងសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែល្អជាងបណ្តាប្រទេសផ្សេងទៀតនៅទូទាំងពិភពលោក ហើយយើងអាចនិយាយបានថា គឺជាយុថ្កានៃស្ថិរភាពមួយសម្រាប់ជួយដល់សេដ្ឋកិច្ចពិភពលោកដែលកំពុងជួបបញ្ហា»។
លោកស្រីបាននិយាយទៀតថា ទស្សនវិស័យសម្រាប់ឆ្នាំ២០១៧នៅតែ«មានភាពវិជ្ជមានជាទូទៅ» ដោយសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីមានកំណើនខ្លាំងជាងមុន ប៉ុន្តែសេដ្ឋកិច្ចរបស់ចិនធ្លាក់ចុះ ខណៈពេលដែលចិនធ្វើ«លំនឹងសេដ្ឋកិច្ចឡើងវិញ» ឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចក្នុងស្រុក។
បញ្ហានានា
ប៉ុន្តែរបាយការណ៍របស់អង្គការ UNESCAP បានឲ្យដឹងថា ប្រទេសនាំចេញទំនិញ នានា ដូចជាប្រទេសម៉ុងហ្គោលី កាហ្សាក់ស្ថាន និងសហព័ន្ធរុស្ស៊ី នៅតែបន្តប្រឈមនឹង «ការថ្លឹងថ្លែងសេដ្ឋកិច្ចនិងសារពើពន្ធ» ដោយសារតែតម្លៃប្រេងចុះថោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
សញ្ញាណវិជ្ជមាននៃសេដ្ឋកិច្ចរុស្ស៊ីមានភាពនឹងនរ បន្ទាប់ពីថយចុះពីរឆ្នាំជាប់គ្នាមក។ ហើយការព្យាករណ៍បង្ហាញថា មានអត្រាកំណើន១%នៅក្នុងឆ្នាំ២០១៧។ នេះបើយោងតាមក្រុមអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ។
នៅក្នុងរបាយការណ៍ផ្សេងមួយទៀត ធនាគារ ADB ក៏មានសុទិដ្ឋិនិយមទៅលើទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ីដូចគ្នាដែរ។
លោក Juzhong Zhuang អនុប្រធានក្រុមសេដ្ឋវិទូនៃធនាគារ ADB និយាយថា៖ «សេដ្ឋកិច្ចបណ្តាប្រទេសក្នុងតំបន់អាស៊ីបន្តស្ទុះឡើងយ៉ាងខ្លាំងក្លា ខណៈដែលសេដ្ឋកិច្ចសកលលោកមិនមានភាពប្រាកដប្រជា»។
សេដ្ឋកិច្ចមានស្ថិរភាពនៅទូទាំងតំបន់អាស៊ី
ធនាគារ ADB បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីនៅតែមាន«ស្ថិរភាពជាទូទៅ» បើទោះបីជាសេដ្ឋកិច្ច«ធ្លាក់ចុះបន្តិច»នៅក្នុងប្រទេសឥណ្ឌា បានសម្របសម្រួលដល់ទស្សនវិស័យសម្រាប់ឆ្នាំ២០១៦ក៏ដោយ។
លោក Juzhong និយាយថា៖ «ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធដើម្បីបង្កើនផលិតកម្ម ការកែលម្អបរិយាកាសវិនិយោគ និងការគាំទ្រតម្រូវការក្នុងស្រុក អាចជួយរក្សាសំទុះកំណើននៅពេលអនាគតបាន»។
ជាទស្សនៈសកល ធនាគារ ADB ក៏មានសុទិដ្ឋិនិយមផងដែរ។ នៅក្នុង ធនាគារ ADB បាននិយាយនៅក្នុងរបាយការណ៍ទស្សនវិស័យមួយថា «ការចំណាយដ៏លើសលប់របស់អតិថិជនបានទ្រទ្រង់សេដ្ឋកិច្ចអាមេរិក ជាមួយនឹងគោលនយោបាយគាំទ្ររូបិយប័ណ្ណនិងការកែលម្អទីផ្សារពលកម្ម ដែលបានជំរុញឲ្យមានកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្នុងតំបន់ចាយរូបិយវត្ថុអឺរ៉ូ»។
សក្តានុពលក្នុងប្រទេសជប៉ុន
របាយការណ៍នោះបានឲ្យដឹងបន្ថែមទៀតថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ស្ទុះឡើងដោយសារការនាំចេញខ្លាំង បើទោះបីជាមានរូបិយប័ណ្ណក្នុងស្រុកខ្លាំងជាងក៏ដោយ។
ប៉ុន្តែអង្គការ UNESCAP ក៏បានលើកឡើងពីភាពមិនប្រាកដប្រជាដែលកើតមាន ដោយសារធនាគារកណ្ដាលសហរដ្ឋអាមេរិកបានដំឡើងអត្រាការប្រាក់០,២៥% គឺចន្លោះពី ០,៥០% និង ០,៧៥% ។ នេះជាការដំឡើងអត្រាការប្រាក់លើកទី២ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨មក។
ចំណុចដែលគួរឲ្យព្រួយបារម្ភ
ក្រុមអ្នកវិភាគឯករាជ្យនិយាយថា ការដំឡើងអត្រាការប្រាក់របស់អាមេរិកអាចបង្កើតបញ្ហាដល់សេដ្ឋកិច្ចប្រទេសចិន ខណៈដែលអ្នកវិនិយោគទុនចិនជាច្រើនព្យាយាមផ្លាស់មូលនិធិចេញពីប្រទេសចិនទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិកវិញ។
លោកស្រី Akhtar នៃអង្គការ UNESCAP និយាយថា ការព្រួយបារម្ភផ្សេងទៀតសម្រាប់តំបន់អាស៊ីគឺផលប៉ះពាល់ទៅលើតំបន់ចាយរូបិយវត្ថុអឺរ៉ូ ដោយសារតែការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប ឬហៅថា Brexit នោះ។
បញ្ហាផ្សេងទៀតដែលត្រូវបញ្ជាក់នោះ គឺស្ថិតនៅលើគោលនយោបាយក្រោមរដ្ឋបាលថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ។
ក្រុមសេដ្ឋវិទូនិយាយថា នៅតែមានការព្រួយបារម្ភទៅលើនិន្នាការឆ្ពោះទៅរកកំណើនការពារពាណិជ្ជកម្ម ដែលប៉ះពាល់ដល់ការធ្វើវិនិយោគ ដែលជាកត្តាចម្បងមួយសម្រាប់កំណើនសេដ្ឋកិច្ចក្នុងស្រុក។ ការវិនិយោគជារួមបានបរាជ័យក្នុងការធ្វើឲ្យមានកំណើនសេដ្ឋកិច្ចនៅទូទាំងតំបន់ បើទោះបីជាស្ថានភាពហិរញ្ញវត្ថុមានភាពល្អប្រសើរជាងមុនក៏ដោយ៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា