កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានធនាគារពិភពលោកព្យាករណ៍ថា នឹងធ្លាក់ចុះពី៧ភាគរយនៅឆ្នាំ២០១៦មកត្រឹម៦,៩ភាគរយនៅឆ្នាំ២០១៧និងឆ្នាំ២០១៨ ហើយកំណើននេះនឹងនៅបន្តធ្លាក់ចុះមកត្រឹមចំនួន៦,៨ភាគរយនៅឆ្នាំ២០១៩។ នេះបើយោងទៅតាមរបាយការណ៍របស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីថ្ងៃពុធនេះ។
របាយការណ៍ដែលមានចំណងជើងថា ការរំពឹងទុកនានាទៅលើសេដ្ឋកិច្ចពិភពលោកស្តីពី«ការវិនិយោគទន់ខ្សោយនៅក្នុងពេលមិនប្រាកដប្រជា» បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជានៅតែបន្តមានភាពខ្លាំងក្លាដដែល បើទោះបីជាមានការថយចុះបន្តិចបន្តួចពី៧ភាគរយនៅឆ្នាំ២០១៦មក៦,៩ភាគរយនៅឆ្នាំ២០១៧។
ការនាំចេញសម្លៀកបំពាក់ដែលមានសន្ទុះខ្លាំង សកម្មភាពសាងសង់ និង ជំនួញអចលនទ្រព្យដែលនៅមានភាពរស់រវើក បានបន្តជួយទប់ស្កាត់ការធា្លក់ចុះនេះឲ្យមានកម្រិតទាប។
ក្នុងការព្យាករណ៍នេះ កម្ពុជានឹងជួបបញ្ហាប្រឈមជាច្រើនដែលត្រូវកែសម្រួលដើម្បីរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ បញ្ហាទាំងនោះរួមមានការប្រឈមផ្នែកសារពើពន្ធ អតុល្យភាពហិរញ្ញវត្ថុ និងកំណែទម្រង់រចនាសម្ព័ន្ធនានា។ នៅក្នុងការដោះស្រាយបញ្ហាសារពើពន្ធ កម្ពុជាត្រូវធ្វើឲ្យមានភាពប្រសើរឡើងនៅក្នុងការប្រមូលផ្តុំប្រាក់ចំណូលនិងពន្ធ។
ដើម្បីកែសម្រួលអតុល្យភាពហិរញ្ញវត្ថុ កម្ពុជាត្រូវការការឃ្លាំមើលការអនុវត្តបទបញ្ជាឲ្យបានប្រសើរជាងមុន ហើយកម្ពុជាត្រូវការជាចាំបាច់នូវការត្រួតពិនិត្យលើផ្នែកហិរញ្ញវត្ថុ ដែលមិនពាក់ព័ន្ធនឹងវិស័យធនាគារ។
ប្រទេសឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន ម៉ាឡេស៊ី និងថៃក៏ត្រូវបានចាត់ចូលក្នុងប្រទេសដែលត្រូវតែពង្រឹងសារពើពន្ធ និងអតុល្យភាពហិរញ្ញវត្ថុនេះដែរ។
ការកែទម្រង់រចនាសម្ព័ន្ធ ការធ្វើឲ្យបរិយាកាសធ្វើជំនួញល្អប្រសើរគឺជាចំណុចអាទិភាពរបស់កម្ពុជា ដោយសារតែប្រទេសនេះបានស្ថិតក្នុងចំណាត់ថ្នាក់ទាបដ៏គួរឲ្យកត់សម្គាល់នៅក្នុងសន្ទស្សន៍នៃការយល់ដឹងពីអំពើពុករលួយឆ្នាំ២០១៥ ដែលត្រូវបានរាយការណ៍ដោយអង្គការតម្លាភាពអន្តរជាតិ និងសូចនាករដែលបានបង្ហាញពីអភិបាលកិច្ចនានា។
ប្រទេសជាច្រើនផ្សេងទៀតក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ដែលត្រូវតែកែលម្អបរិយាកាសធ្វើជំនួញដើម្បីឲ្យសេដ្ឋកិច្ចកើនឡើង រួមមានប្រទេសឡាវ ម៉ីយ៉ាន់ម៉ា ប៉ាពូញូគីណេ ទីម័រលីស និងប្រទេសតូចៗផ្សេងទៀតស្ថិតក្នុងកោះប៉ាស៊ីហ្វិក។
លោកបណ្ឌិតចាប សុថារិទ្ធ អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព បានប្រាប់ VOA ថា ការព្យាករណ៍របស់ធនាគារពិភពលោកគឺប្រហាក់ប្រហែលនឹងការទស្សន៍ទាយរបស់រដ្ឋាភិបាលកម្ពុជា។ លោកថា ទោះជាកំណើននេះបានថយចុះបន្តិចបន្តួចក្តី សេដ្ឋកិច្ចកម្ពុជានៅបន្តមានសុខភាពល្អដដែល ដោយសារតែវិស័យទេសចរណ៍នៅតែបន្តកើនឡើង ការនាំចេញសម្លៀកបំពាក់ និង វិស័យសំណង់នៅតែមានស្ថិរភាព។
«ខ្ញុំនៅតែមានសុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ចកម្ពុជាដដែល។ អញ្ចឹងយើងអាចរក្សានៅដដែលថេរ ពីបីខ្ទង់ ប្រហែលជា៦,៩ភាគរយទៅ៧ភាគរយហ្នឹង ជាអត្រាមួយដែលយើងអត់មានការអីព្រួយបារម្ភទេ»។
យ៉ាងណាក៏ដោយ ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលនឹងថយចុះចំនួនតិចតួចចាប់ពីឆ្នាំ២០១៧ដល់ឆ្នាំ២០១៩ ធនាគារពិភពលោកបានឲ្យដឹងថា ការវិនិយោគក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គឺជាចំណុចអាទិភាពសម្រាប់កម្ពុជា។ ប្រទេសកម្ពុជាក៏ត្រូវពង្រឹងគុណភាពអប់រំ និងត្រូវការពារមិនឲ្យមានការបំផ្លិចបំផ្លាញបរិស្ថាន ដោយហេតុថា បញ្ហាបរិស្ថានអាចនឹងធ្វើឲ្យខូចដល់ស្ថិរភាព និងកំណើនសេដ្ឋកិច្ចនាពេលអនាគត។
នៅពេលដែលកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងថយចុះតិចតួចនោះ កំណើនសេដ្ឋកិច្ចសកលលោកត្រូវបានធនាគារពិភពលោកព្យាករណ៍ថា នឹងមិនមានការកើនឡើងខ្លាំងផងដែរ។ ការព្យាករណ៍របស់ធនាគារពិភពលោកបានឲ្យដឹងបន្ថែមថា ល្បឿនកំណើនសេដ្ឋកិច្ចពិភពលោកនឹងកើនពីកំណើន២,៣ភាគរយនៅឆ្នាំ២០១៦ដល់២,៧ភាគរយនៅឆ្នាំ២០១៧។
ពាណិជ្ជកម្មពិភពលោកដែលនៅមានភាពអាប់អួរ ការវិនិយោគដែលមិនសូវមានសន្ទុះខ្លាំង និងការបង្កើនគោលនយោបាយដែលកាន់តែមានភាពមិនប្រាកដប្រជា បានរួមចំណែកធ្វើឲ្យកំណើនសេដ្ឋកិច្ចពិភពលោកមានភាពយឺតយ៉ាវនៅឆ្នាំ២០១៧នេះ។
របាយការណ៍របស់ធនាគារពិភពលោកបានឲ្យដឹងថា សកម្មភាពផលិតកម្មដែលគេរំពឹងថា នឹងងើបឡើងវិញនៅសហរដ្ឋអាមេរិកនឹងរួមចំណែកតិចតួចដល់ការកើនឡើងនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិកពីកំណើនជាមធ្យម១,៦ ភាគរយនៅឆ្នាំ២០១៦ទៅដល់កំណើនជាមធ្យម២,២ភាគរយនៅឆ្នាំ ២០១៧ និង២០១៨។
រីឯកំណើនសេដ្ឋកិច្ចប្រទេសចិន ដែលជាអ្នកវិនិយោគ និងផ្តល់ជំនួយដ៏ធំរបស់កម្ពុជា ត្រូវបានធនាគារពិភពលោកទស្សន៍ទាយថា ធ្លាក់ចុះមកត្រឹម៦,៧ភាគរយនៅឆ្នាំ២០១៦ ដោយសារតែការវិនិយោគទុនបន្តធ្លាក់ចុះ បើទោះបីជាប្រទេសនេះបន្តប្រឹងប្រែងធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនមានតុល្យភាពឡើងវិញក៏ដោយ។
សម្រាប់ឆ្នាំ២០១៧ កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះត្រូវបានធនាគារពិភពលោកព្យាករណ៍ថា នឹងបន្តធ្លាក់ចុះមកនៅត្រឹម៦,៥ភាគរយ។ តួលេខនេះនឹងបន្តធ្លាក់ចុះដល់៦,៣ភាគរយនៅឆ្នាំ២០១៨ និង២០១៩។ ការធ្លាក់ចុះបង្ហាញឲ្យឃើញថា ប្រទេសចិនបានប្រឈមនឹងការចុះថមថយនៃតម្រូវការពីក្រៅប្រទេស ហើយពិសេសជាងនោះទៅទៀត គឺការវិនិយោគពីវិស័យឯកជនគឺមានលក្ខណៈកាន់តែយឺតយ៉ាវ។
លោកបណ្ឌិតចាប សុថារិទ្ធ អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព បានបន្ថែមថា ទោះបីជាកំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិកកើនក្នុងសន្ទុះមួយមិនសូវខ្លាំង ហើយកំណើនសេដ្ឋកិច្ចចិននៅតែបន្តធ្លាក់ចុះ សេដ្ឋកិច្ចប្រទេសកម្ពុជានឹងមិនរងឥទ្ធិពលខ្លាំងក្លាពីប្រទេសមហាអំណាចទាំងពីរនេះទេ ដោយសារកម្ពុជា មានទំនាក់ទំនងសេដ្ឋកិច្ចជាច្រើនទៀតជាមួយប្រទេសក្នុងតំបន់ និងប្រទេសមហាអំណាចផ្សេងៗទៀត។
លោកបន្តថា សេដ្ឋកិច្ចប្រទេសកម្ពុជាក៏នឹងបន្តមានលំនឹង ដោយសារការបង្កើនគម្រោងវិនិយោគរបស់ប្រទេសជប៉ុនមកកាន់ប្រទេសកម្ពុជា៕