បណ្តាញផ្សាយព័ត៌មានស.រ.អានិយាយថាពួកភេវរជនបានធ្វើការសាកល្បងគ្រឿងផ្ទុះដែលអាចលាក់នៅក្នុងកុំព្យូទ័រហើយអាចគេចផុតពីវិធីត្រួតពិនិត្យខាងសន្តិសុខដែលបានត្រូវប្រើជាធម្មតានៅឯចំណតយន្តហោះ។
បណ្តាញទូរទស្សន៍អាមេរិកាំង CNN និង CBS បានផ្សាយថាមន្ត្រីផ្នែកស៊ើបការសម្ងាត់បាននិយាយប្រាប់ពួកគេថាពួកជនសកម្មប្រយុទ្ធនៃអង្គការ al-Qaida និងអង្គការរដ្ឋឥស្លាម បានអភិវឌ្ឍរបៀបថ្មីៗដើម្បីដាក់គ្រឿងផ្ទុះនៅក្នុងឧបករណ៏អេឡិចត្រូនិច។
អង្គការផ្សាយព័ត៌មានទាំងពីរនេះនិយាយថាការស៊ើបការសម្ងាត់ថ្មីចែងថាពួកភេរវជនទាំងនេះមានឧបករណ៏ខាងការពារសន្តិសុខទំនើបនៅឯចំណតយន្តហោះដើម្បីធ្វើការពិសោធន៍ថាថាតើលាក់គ្រឿងផ្ទុះបែបណាដើម្បីអាចឱ្យឡើងជិះយន្តហោះបាន។
អង្គការផ្សាយព័ត៌មានទាំងពីរនេះនិយាយថាការស៊ើបការសម្ងាត់បំពេញមុខនាទីសំខាន់មួយនៅក្នុងសេចក្តីសម្រេចកាលពីពេលថ្មីៗនេះដោយរដ្ឋបាល Trump ក្នុងការហាមប្រាមពួកអ្នកធ្វើដំណើរមកពីចំណតយន្តហោះ១០ក្នុងប្រទេស៨ក្នុងភូមិភាគមជ្ឈឹមបូព៌ានិងទ្វីបអាហ្រ្វិកមិនឱ្យកាន់កុំព្យូទ័រនិងឧបករណ៏អេឡិចត្រូនិច ឯទៀតៗចូលក្នុងកន្លែងពួកអ្នកដំណើរអង្គុយក្នុងយន្តហោះទេ។
កាលពីពេលមុននេះក្នុងខែនេះ រដ្ឋាភិបាលស.រ.អា.បានហាមប្រាមមិនឱ្យកាន់ កុំព្យូទ័រនិងឧបករណ៏អេឡិចត្រូនិច ធំៗឯទៀតៗដោយមានរួមបញ្ចូល iPads និងកាម៉េរ៉ាចូលទៅក្នុងកន្លែងអ្នកដំណើរអង្គុយក្នុងយន្តហោះក្នុងជើងហោះហើរមកកាន់ស.រ.អា.ពីអាកាសយានដ្ឋាន១០ក្នុងប្រទេសអេហ្ស៊ីប
ហ្ស៊កដានី កូវ៉ែត កាតា អារ៉ាប៊ីសាអូឌីត តួកគី និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។ប្រទេសអង់គ្លេសក៏បានចាត់វិធានការស្រដៀងគ្នានេះដែរ។ ពួកអ្នកដំណើរក្នុងជើងហោះហើរទាំងនោះត្រូវដាក់ឧបករណ៏អេឡិចត្រូនិច ធំជាងទូរសព្ទដៃនៅក្នុងហឹបរបស់ពួកគេ៕