ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ានី៖ រដ្ឋាភិបាល​ខិតខំ​ផ្តល់​ឱកាស​ស្មើគា្ន​ឲ្យ​ពលរដ្ឋ​បាន​ចូល​ធ្វើការ​ក្នុង​ក្របខណ្ឌ​រដ្ឋ


លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ថ្លែងទៅកាន់អ្នកកាសែតនៅក្នុងសាលាភូមិន្ទរដ្ឋបាល រាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី ២៦ ខែមករា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)
លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ថ្លែងទៅកាន់អ្នកកាសែតនៅក្នុងសាលាភូមិន្ទរដ្ឋបាល រាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី ២៦ ខែមករា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ​លោក​ ហ៊ុន ម៉ានី ​លើក​ឡើង​ថា​ រដ្ឋាភិបាល​អាណត្តិ​ទី​ ៧ ​ក្រោម​ការ​ដាក់​នាំ​របស់​បង​ប្រុស​លោក ​គឺ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​បាន​និង​កំពុង​ខិតខំ​បើក​ឱកាស​ឲ្យ​ពល​រដ្ឋ​បាន​ចូល​បម្រើ​ការងារ​រដ្ឋ ​ដោយ​ផ្អែក​លើ​សមត្ថភាព​ជា​ចម្បង។​

ការ​ទទួល​បាន​ឱកាស​ស្មើ​គ្នា​នេះ​ត្រូវ​បាន​បញ្ជាក់តាម​រយៈ​ការ​ជ្រើស​រើសមន្ត្រី​ឲ្យ​ចូល​បម្រើ​ការ​ងារ​ក្នុង​ក្រប​ខណ្ឌ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ បន្ថែម​លើ​ការ​ជ្រើស​រើស​មន្ត្រី​កសិកម្ម​ឃុំ។​

នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ស្តីពី​ការ​ជ្រើស​រើស​មន្ត្រី​ឯកទេស​អប់រំកាយ ​និង​កីឡា​ចំនួន​ ១០០ ​នាក់​ ឲ្យ​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ក្របខណ្ឌ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ លោក ​ហ៊ុន ម៉ានី ​ថ្លែង​ថា ​មន្ត្រី​ទាំង​នោះ​នឹង​ត្រូវ​ជ្រើស​រើសដោយ​ផ្អែក​លើ​ចំណេះ និង​ជំនាញ ហើយ​ត្រូវ​ឆ្លង​កាត់​ការ​ប្រឡង​មួយ​ដែល​មានយុត្តិធម៌។​ លោក​បន្ថែម​ថា​ ពួកគេ​នឹង​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​បំពេញ​តួនាទី​នៅ​អនុ​វិទ្យាល័យ​ និង​វិទ្យាល័យនៅតាម​ខេត្ត​ចំនួន​ ២១។​

លោក ​ហ៊ុន ម៉ានី ​លើក​ឡើង​ថា៖ ​«នេះ​គឺ​ជាអ្វី​ដែល​សម្តេច​មហា​បវរ​ធិបតី​ គឺ​បាន​ផ្តល់​ និង​ការ​ណែនាំ​ជា​ប្រចាំ​មក​ដល់​ក្រសួង​មុខងារ​សាធារណៈ។ ​ធំជាង​គេ​បង្អស់​ កែ​ទម្រង់​រដ្ឋបាល​សាធារណៈជារឿង​មួយ។​ ក៏ប៉ុន្តែ​ការ​បង្កើត​ឱកាស​ជា​បន្ត​បន្ទាប់​ ដើម្បី​ឲ្យ​ទាំង​អស់​គ្នា​មាន​ឱកាស​ស្មើៗ​គ្នា​ចូល​រួម​ប្រកួត​ប្រជែង​ពី​ដំណាក់​កាល​មួយ​ ​ហើយ​បើ​ដំណាក់​កាល​ទី​ ១ នេះ​មិន​ជោគ​ជ័យ​ គិត​គូរ​ទៅលើ​អាដំណាក់​កាល​បន្ត​បន្ទាប់​ថែម​ទៀត។ ​ហើយ​ក្រសួង​មុខ​ងារ​សាធារណៈ​នឹង​ខំប្រឹង​ប្រែង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត​ ទៅ​លើ​ឱកាស​ក្នុង​ការ​ចូល​រួម​ប្រកួត​ប្រជែង​ បម្រើ​ការ​ងារ ចូល​ក្នុង​ក្របខណ្ឌ​មន្ត្រី​រាជការ​ស៊ីវិល។ ​អ៊ីចឹង​ សុំ​ឲ្យ​ជឿជាក់​ទៅ​លើ​ការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល»។​

រដ្ឋាភិបាល​ទើបតែ​បាន​បញ្ចប់​ការ​ជ្រើស​រើស​មន្ត្រី​កសិកម្ម​ឃុំ​ចំនួន​ ២៥០ ​នាក់ ​ដែល​ការ​ជ្រើស​រើស​នោះ​ធ្វើ​ឡើង​ដោយ​ឈរ​លើ​គោល​ការណ៍​សមត្ថភាព​ និង​គ្មាន​បក្ខពួក​និយម។​

កាលពី​ថ្ងៃ​សុក្រ​ លោក​ ហ៊ុន ម៉ានី ​អតីត​តំណាង​រាស្រ្ត​ខេត្ត​កំពង់ស្ពឺ​ និង​ធ្វើ​ជា​រដ្ឋមន្រ្តី​ក្រសួង​មុខងារ​សាធារណៈ​បាន​ជាង​ ៥ ​ខែ ​ប្រាប់​អ្នក​កាសែត​ទៀតថា​ ការ​ប្រឡង​ចូល​ធ្វើ​ការ​ក្នុង​ក្រប​ខណ្ឌ​រដ្ឋ​របស់​មន្ត្រី​អប់រំ ​កាយ​ និង​កីឡា​នេះ​ នឹង​ត្រូវ​រៀបចំ​ឡើង​ប្រកប​ដោយ​តម្លាភាព​ ដោយ​មាន​ការ​ចូលរួម​ពី​អង្គភាព​ពាក់​ព័ន្ធ​ដូច​ជា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ហើយ​មន្ត្រី​ដែល​ជ្រើស​រើស​បាន​នោះ​ត្រូវតែ​ទៅ​បំពេញ​ការងារ​នៅ​ទីកន្លែង​ខ្លួន​បាន​ជ្រើស​រើស។​

លោក​ថ្លែង​ថា៖ ​«ចំណុច​មួយ​ដែល​យើង​គិត​គូរ​ដែរ​ ដោយ​ដោះ​ស្រាយ​ទៅ​លើ​អ្វីដែល​កន្លង​មក​ យើង​ធ្លាប់​ឮ​ សាធារណៈ​បាន​និយាយ​ព្រមៗ​គ្នា​នោះ​ថា​ កន្លែង​ខ្លះ​លើស​គ្រូ ​កន្លែង​ខ្លះ​ខ្វះ​គ្រូ។ ​អ៊ីចឹង​ផ្អែក​ទៅ​លើ​មូលដ្ឋាន​នេះ​ មិន​ថា​ ជ្រើស​រើស​មន្ត្រី​កសិកម្ម​ថ្ងៃមុន​ ២៥០ ​នាក់​ ឬក៏​ការ​ជ្រើស​រើស​មន្ត្រី​អប់រំ​ផ្អែក​ទៅ​លើ​ឯកទេស​ អប់រំ​កាយ​ និង​កីឡា​នេះ​ គឺ​មាន​ការ​វិភាគ​ជាក់​លាក់។​ ដូច​ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ​បាន​លើក​ឡើង​ហើយ​សាលា​នីមួយៗ​តែ​ម្តង​ត្រូវ​ប្រាប់​ថា ខ្វះ​គ្រូ​កីឡា​ដែរ​ ឬ​ទេ? ​អ៊ីចឹង​ផ្អែក​ទៅលើ​មូលដ្ឋាន​ហ្នឹង ​១០០ ​នាក់ ​ដែល​នឹង​បាន​ជាប់​ ក្រោយ​ពី​ការ​អប់រំ​២​ឆ្នាំ​ ហើយ ​៤ ​ឆ្នាំ​ គឺ​គាត់​ត្រូវ​ទៅ​បម្រើ​នៅ​សាលា​នោះ​តែ​ម្តង​ដែល​មាន​កម្រិត​អនុវិទ្យាល័យ​ និង​វិទ្យា​ល័យ»។​

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាលោក ណាត ប៊ុនរឿន ថ្លែងទៅកាន់អ្នកកាសែតអំពីការប្រឡងជ្រើសរើសគ្រូអប់រំកាយ និងកីឡានៅក្នុងសាលាភូមិន្ទរដ្ឋបាល រាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី ២៦ ខែមករា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាលោក ណាត ប៊ុនរឿន ថ្លែងទៅកាន់អ្នកកាសែតអំពីការប្រឡងជ្រើសរើសគ្រូអប់រំកាយ និងកីឡានៅក្នុងសាលាភូមិន្ទរដ្ឋបាល រាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី ២៦ ខែមករា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

នៅ​ក្នុង​ដំណើរ​ការ​ជ្រើស​រើស​មន្ត្រី​អប់រំ​កាយ ​និង​កីឡា​នេះ​ បេក្ខជន​ត្រូវ​ឆ្លង​កាត់​វិញ្ញាសា​កីឡាចំនួន​បី​រួម​មាន​ ការ​ចោល​ដុំដែក​ ការ​លោត​ចម្ងាយ​បុរស​ នារី ​និង​ការ​រត់​ល្បឿន។ ​ពួកគេ​ក៏ត្រូវ​ឆ្លង​កាត់​ការ​ប្រឡង​វិញ្ញាសា​វប្បធម៌​ទូទៅ ​ជីវវិទ្យា​ និង​ភាសា​អង់គ្លេស​ផង​ដែរ។​

យ៉ាង​ណា​ក៏​ដោយ ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ​អ្នកស្រី​ អ៊ុក ឆាយ៉ាវី​ យល់​ថា​ ការ​ជ្រើស​រើស​មន្ត្រី​ឯកទេស​អប់រំកាយ ​និង​កីឡា​នេះ​មិន​គួរ​ត្រូវ​ធ្វើ​នៅ​ពេល​នេះ​ទេ ​ដោយ​សារ​តែមុខ​វិជ្ជា​អប់រំ​កាយ​ និង​កីឡា​មិន​តម្រូវ​ឲ្យ​មាន​ការ​ប្រឡង​នៅ​ឡើយ។ ​អ្វី​ដែល​អ្នកស្រីចង់​បាន​នោះ​ គឺ​ការ​រើស​គ្រូ​ឲ្យ​មក​បង្រៀន​មុខ​វិជ្ជា​ដែល​ជា​តម្រូវ​ការ​ចំាបាច់​សម្រាប់​សិស្ស។​

អ្នក​ស្រី​ថ្លែង​ថា៖ ​«បង្រៀន​បាន​ក៏ដោយ​ មិន​គួរ​ណា​យក​មុខ​វិជ្ជា​គាត់​ដែល​ជា​ជំនាញ​អប់រំ​កាយ ​និង​កីឡា​នោះ​ទៅ​បង្រៀន​មុខវិជ្ជា​ផ្សេងៗ​ទៀត​ ដូច​ជា​ភាសា​អង់គ្លេស​ យក​ទៅ​បង្រៀន​ប្រវត្តិ​ ភូមិ​អី​ ខ្ញុំ​ឃើញ​វា​ខុស​បច្ចេក​ទេស​បាត់​ទៅ​ហើយ។ ហើយ​សួរ​ថា​ ថា​តើ​វិស័យ​អប់រំ​ហ្នឹង​ធ្លាក់​ចុះ​ ឬ​ក៏​ឡើង បើ​យក​មុខវិជ្ជា​ខុស​បច្ចេក​ទេស​ខ្លួន​ឯង​ទៅ​បង្រៀន​ហ្នឹង។ ​អ៊ីចឹង​ធ្វើ​ឲ្យ​បញ្ហា​អប់​រំ​ហ្នឹង​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង​ហើយ»។​

រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​លោក ​ណាត ប៊ុនរឿន ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន ​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា​ គ្រូ​កីឡា​អាច​បង្រៀន​បាន​តែ​មុខ​វិជ្ជា​កីឡា​ប៉ុណ្ណោះ ​ពោល​គឺ​មិន​អាច​ទៅ​បង្រៀន​មុខ​វិជ្ជា​ផ្សេង​បាន​ទេ។​

លោក​បន្ថែម​ថា​ សាលា​នីមួយៗ​ត្រូវ​បញ្ជាក់​ឲ្យ​ច្បាស់់​អំពី​កង្វះ​គ្រូកីឡា​ ហើយ​បើ​មាន​ការ​ស្នើ​សុំ​គ្រូ​កីឡា​ខុស​ពី​ស្ថានភាព​ជាក់​ស្តែង​នោះ ​នាយក​សាលា​ត្រូវ​ទទួល​ខុសត្រូវ​នៅ​ចំពោះ​មុខ​មន្ទីរ​មុខងារ​សាធារណៈ​ និង​អប់រំ​ខេត្ត។​

លោក​ថ្លែង​ថា៖ ​«បើ​កាល​ណា​តែ​លើស​ នាយក​សាលា​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​តួអង្គ​ពីរ​នៅ​ខេត្ត​ គឺ​មន្ទីរ​មុខងារ​សាធារណៈ​ខេត្ត​ និង​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត។ ​អត់មាន​ខ្វះ​គ្រូ​ផង!​ ហើយ​ខ្វះ​គ្រូ​គណិត​សោះ​ មក​សុំ​គ្រូ​កីឡា​យក​ទៅ។ គ្រូ​កីឡា​ឲ្យ​ទៅ​បង្រៀន​គណិត​ម៉េច​កើត? ​អត់​បាន​ទេ!​ មិន​ឃើញ​ទេ​ គ្រូកីឡា​ប្រឡង​អស់​ហើយ​ វប្បធម៌​ទូទៅ ជីវៈ​ ហើយ​នឹង​អង់​គ្លេស។​ ហើយ​យក​គ្រូ​កីឡា​ទៅ​បង្រៀន​គណិត​ម៉េច? ​ច្បាស់​លាស់​ណាស់​ បាទ»។ ​

លោក​បន្ថែម​ថា៖ ​«អ៊ីចឹង​ការ​ពង្រាយ​គ្រូកីឡា​បែប​ម៉េច​ គឺ​អាស្រ័យ​លើ​តម្រូវ​ការ។​ លើក​នេះ​ គឺ​ប្រាកដ​ប្រជា​ណាស់​ អត់​មាន​ចោទ​ថា​ ក្រសួង​ចេះ​ទម្លាក់​ទៅ​ ទម្លាក់​ទៅ។​ ទោះបី​ថា​ ក្រសួង​មុខ​ងារ​សាធារណៈ​ លោក​ចាត់​ចែង​ក៏ដោយ​ ក៏កិច្ច​សហការ​យ៉ាង​ជិត​ស្និទ្ធ​ពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ហើយ​ក៏បាន​ព័ត៌មាន​ពីខាង​ក្រោម​មក។​ ហើយ​អ្នកខាង​ក្រោមនោះគឺ​មន្ទីរ​មុខ​ងារ​សាធារណៈ​ និង​មន្ទីរ​អប់រំ ​យុវជន​ និង​កីឡា​ត្រូវ​តែ​ពិនិត្យ​ពិច័យ​ អត់​មាន​យក​ទៅ​លើស​ទេ»។ ​

លោក ​ហ៊ុន ម៉ានី ​បញ្ជាក់​ថា ​នៅ​ក្នុង​អាណត្តិ​ទី ៧ ​នេះ​ រដ្ឋាភិបាល​នឹង​បន្ត​ធ្វើការ​កែម្រង់​រដ្ឋបាល​សាធារណៈ​ ដើម្បី​ធានា​ថា​ មន្ត្រី​ដែល​ត្រូវ​បាន​ជ្រើស​រើស​គឺ​ត្រូវ​មាន​ជំនាញ​ និង​សមត្ថភាព​ច្បាស់​លាស់​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ការ​នៅ​ចំគោល​ដៅ​នៃ​ស្ថាប័ន​រដ្ឋ​ដែល​ប្រឈម​ការ​ខ្វះ​ខាត​ធនធាន​មនុស្ស ​ដូច​ការ​ជ្រើស​រើស​មន្ត្រី​អប់រំកាយ ​និង​កីឡា​នេះ។​

លោក​បន្ថែម​ថា​ បើ​សិន​ជា​បេក្ខ​ជន​ប្រឡង​ធ្លាក់​ក្នុង​ការ​ចូល​បម្រើ​ការ​ងារ​ក្នុង​ក្របខណ្ឌ​រដ្ឋ​ណា​មួយ​នោះ​ ពួក​គេ​មិន​ត្រូវ​អស់​សង្ឃឹម​នោះ​ទេ​ ពោល​គឺពួកគេ​ត្រូវ​ពង្រឹង​សមត្ថ​ភាព​សម្រាប់​ឱកាស​ផ្សេងៗទៀត៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG