ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​ស៊ុយ សែម​ ​គ្រោង​នឹង​ចូល​បំភ្លឺ​ចំពោះ​មុខ​គណៈ​កម្មការ​​សភា​​ពាក់ព័ន្ធ​​ចំណូល​ពី​ការ​លក់​ខ្សាច់


អ្នក​បើក​ម៉ូតូ​ម្នាក់ បើកម៉ូតូ​ខាងមុខ​​​អគារ​វិមាន​រដ្ឋសភា​ជាតិ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៤។ (REUTERS)
អ្នក​បើក​ម៉ូតូ​ម្នាក់ បើកម៉ូតូ​ខាងមុខ​​​អគារ​វិមាន​រដ្ឋសភា​ជាតិ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៤។ (REUTERS)

ការ​ចូល​បំភ្លឺ​របស់​រដ្ឋមន្ត្រី​រូប​នេះ​គឺតាម​​ការ​កោះ​ហៅ​របស់​លោក​ ​ហូរ វ៉ាន់​ ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ជា​ប្រធាន​គណៈ​កម្មការជំនាញ​​ទី១០​នៃ​រដ្ឋសភា​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ។​ សង្គម​ស៊ីវិល​សំខាន់ៗ​ក្នុង​ប្រទេសកម្ពុជា​​ ​រក​ឃើញ​ថា​របាយ​ការណ៍​របស់​គយ​នៅ​សិង្ហបុរី​ ​និង​របាយការណ៍​របស់​ក្រសួងរ៉ែ​កម្ពុជា​ ​មាន​តួលេខ​លុយ​ខុស​គ្នា​រាប់​រយ​លាន​ដុល្លារ​អាមេរិក។

​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​លោក​ ​ស៊ុយ សែម​ ​គ្រោង​នឹង​ចូល​បំភ្លឺ​ចំពោះ​មុខ​គណៈ​កម្មការ​ទី​១០​នៃ​រដ្ឋសភា​ ​នៅថ្ងៃ​ព្រហស្បតិ៍​ខាងមុខ​ ​ពាក់ព័ន្ធ​ទៅ​នឹង​ភាព​មិន​ប្រក្រតី​នៃ​របាយការណ៍​នាំ​ខ្សាច់​ចេញ​ទៅ​ប្រទេស​សិង្ហបុរី​។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​ជំនាញ។​

​ការ​ចូល​បំភ្លឺ​របស់​រដ្ឋមន្ត្រី​រូប​នេះ​គឺតាមការ​កោះ​ហៅ​របស់​លោក​ ​ហូរ វ៉ាន់​ ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ជា​ប្រធាន​គណៈ​កម្មការជំនាញទី១០​នៃ​រដ្ឋសភា​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ។​ ​

​លោក​ ​ឌិត ទីណា រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ ​ប្រាប់​VOA ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ ​លោក​រដ្ឋមន្រ្តី ស៊ុយ សែម​ ​គ្រោង​នឹង​ចូល​បំភ្លឺ​ ​តាម​ការ​កោះ​អញ្ជើញ​របស់​គណៈ​កម្មការ​ទី១០នៃ​រដ្ឋសភា។

ទោះជា​យ៉ាង​ណាលោក​ ​ឌិត ទីណា ​សុំ​មិន​ធ្វើ​ការ​អធិប្បាយ​ច្រើន​ពាក់ព័ន្ធនឹង​ការ​ចូល​បំភ្លឺ​នេះ​ ​ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា​៖ ​«យើង​បាន​ឆ្លើយ​តប​ជា​ញយ​ដង​ ដដែលៗ​ ​ដូច​ជា​មិនមាន​យល់​យ៉ាង​ណា​ទេ។​ ​បើ​សិន​ជា​ខាង​បក្ស​ប្រឆាំង​លោក​ចង់​យក​រឿង​នេះ​ធ្វើ​ជា​នយោបាយ អាហ្នឹង​គឺ​វាដូច្នេះ​ឯង ប៉ុន្តែ​បើ​ចង់​ដឹង​ថា​រឿង​នេះ​យ៉ាង​ម៉េច​ ​យើង​បាន​ឆ្លើយ​ជាច្រើន​ដង​ទៅ​តាម​សារព័ត៌មាន​ និង​ទៅ​តាម​សង្គម​ស៊ីវិល បាន​ជួប​ជាមួយ​សង្គម​ស៊ីវិល​ម្តង ពីរ​ដង​ទៀត ដូចជា​អត់​មានអី​ប្លែក​ទេ ប្រជាពលរដ្ឋ​លោក​ដឹង​អស់​ហើយ»។​

​កាល​ពី​ពីរសប្តាហ៍​មុន ​គណៈ​កម្មការ​អង្កេត​ ​បោស​សំអាត​ ​និង​ប្រឆាំង​អំពើ​ពុករលួយ​ ​បាន​ដាក់​លិខិត​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​តាម​រយៈ​ប្រធាន​រដ្ឋសភា​ ​លោក​ ហេង សំរិន​ ​ដើម្បី​បង្គាប់​ឲ្យ​ ​លោក​ ស៊ុយ សែម​ ​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​ ​និង​ថាមពល​ចូល​បំភ្លឺ​ចំពោះ​មុខ​សមាជិក​ ​គណៈ​កម្មការ​ ​នៅ​ព្រឹកថ្ងៃ​ទី១៥ ​ខែធ្នូរ​ខាង​មុខ។​ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ ​លោក​ ​ហូរ វ៉ាន់​ ​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​សង្គ្រោះ​ជាតិ​និង​ជាប្រធាន​គណៈកម្មាធិការ​ទី១០​នៃ​រដ្ឋសភា​។​

លោក​ហូ វ៉ាន់​ ​អ្នក​តំណាង​រាស្រ្ត​ជាន់ខ្ពស់​នៃគណបក្ស​សង្រ្គោះជាតិនិយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅទីស្នាក់ការ​កណ្ដាល​បក្ស​នៅ​ទី​ក្រុង​ភ្នំពេញនៅ​ថ្ងៃ​ច័ន្ទ​ទី​៣០​ឧសភា​នេះ ​បន្ទាប់​ពី​ហែរ​ញត្តិ​ទៅ​រដ្ឋសភា​ជាតិ​និង​ថ្វាយជូន​ព្រះ​មហាក្សត្រ​បន្ទាប់ពី​មាន​ករណីតុលាការ​តាមចាប់​ខ្លួន​លោក​កឹម សុខា​ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ​ ក្នុង​ករណី​រឿង​អាស្រូវ​ផ្លូវភេទ​កន្លង​មក(ឡេង ឡែន​/VOA)
លោក​ហូ វ៉ាន់​ ​អ្នក​តំណាង​រាស្រ្ត​ជាន់ខ្ពស់​នៃគណបក្ស​សង្រ្គោះជាតិនិយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅទីស្នាក់ការ​កណ្ដាល​បក្ស​នៅ​ទី​ក្រុង​ភ្នំពេញនៅ​ថ្ងៃ​ច័ន្ទ​ទី​៣០​ឧសភា​នេះ ​បន្ទាប់​ពី​ហែរ​ញត្តិ​ទៅ​រដ្ឋសភា​ជាតិ​និង​ថ្វាយជូន​ព្រះ​មហាក្សត្រ​បន្ទាប់ពី​មាន​ករណីតុលាការ​តាមចាប់​ខ្លួន​លោក​កឹម សុខា​ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ​ ក្នុង​ករណី​រឿង​អាស្រូវ​ផ្លូវភេទ​កន្លង​មក(ឡេង ឡែន​/VOA)

​លោកហូរ វ៉ាន់​ ក៏​បានប្រាប់​VOA​ថា ​ការអញ្ជើញ​រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ​ ​និង​ថាមពល​ឲ្យ​ ​មក​បំភ្លឺ​ពី​ភាព​ខុសគ្នា​រវាង​ថវិកា​ ​និង​របាយ​ការណ៍​នៃ​ការ​នាំ​ខ្សាច់​ទៅ​ប្រទេសសិង្ហបុរី​នេះ​ ​ធ្វើ​ឡើង​បន្ទាប់​ពី​រក​ឃើញ​ថា​របាយ​ការណ៍​របស់​គយ​នៅ​សិង្ហបុរី​ ​និង​របាយការណ៍​របស់​ក្រសួងរ៉ែ​កម្ពុជា​ ​មាន​ចំនួនលុយ​ខុស​គ្នា​រាប់​រយ​លាន​ដុល្លារ ​ដែល​ធ្វើ​ឲ្យបាត់បង់​ចំណូល​ ​ពី​ការ​នាំ​ខ្សាច់​ចេញ​ ​គឺជា​ការ​បាត់​បង់​ថវិកា​ជាតិ​ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រជាពលរដ្ឋ​ជា​ទូទៅ។

លោក​បញ្ជាក់​ថា៖​ ​«កាល​ណា​ចំណូល​របស់​រដ្ឋ​មាន​ការ​បាត់​បង់​ អាហ្នឹង​គឺជា​ការ​ខាត​បង់​ផល​ប្រយោជន៍របស់​ប្រជាពល​រដ្ឋ​យើង។​ ​បើ​សិនជា​អាច​មាន​ភាព​មិន​ប្រក្រតីពិត​ប្រាកដ​មែន​ ​គណៈ​កម្មការ​មាន​ជម្រើស​ពីរ៖​ ​ជម្រើស​ទីមួយ​ ​គឺ​យើង​អាច​ផ្ញើ​ភាព​មិន​ប្រក្រតី​នេះ​ទៅ​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដើម្បី​គាត់​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់​ ​ដើម្បី​មាន​ភស្តុតាង​គ្រប់គ្រាន់​ ​ឬ​មួយ​ដាក់​ទៅសភា​ពេញ​អង្គ​ ​ដើម្បី​ឲ្យសភា​សួរ​ដេញ​ដោល​ ​ហើយ​និង​សភា​អាច​ធ្វើ​ការ​សម្រេច​មួយ​របស់​រដ្ឋ​សភា​ដែរ»។

​កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ​ ​អង្គការ​សង្គម​ស៊ីវិល​ជិត​៥០​ ​បាន​ទាមទារ​ឲ្យ​ក្រសួង​រ៉ែ​ ​និង​ថាមពល​បង្ហាញ​ទិន្នន័យ​នាំ​ខ្សាច់​ចេញ​ក្នុង​ចន្លោះ​ឆ្នាំ​២០០៧​ ​ដល់​ឆ្នាំ​២០១៥​ ​ដោយ​សារតួលេខ​ផ្លូវការ​ របស់រដ្ឋា​ភិបាល​កម្ពុជា​ ​តាម​រយៈ​ក្រសួង​ពាណិជ្ជកម្ម​ គឺ​ការ​នាំ​ខ្សាច់​ចេញ​ទៅ​កាន់​ប្រទេស​សឹង្ហ​បុរី​មានត្រឹម​តែជាង​ ​២,៨លាន​តោន​ ​ប៉ុណ្ណោះ​ ​ខណៈ​ដែល​ទិន្នន័យ​ស្ថិតិ​ពាណិជ្ជកម្ម​លើ​ទំនិញ​របស់​អង្គការ​សហ​ប្រជា​ជាតិ​ ​ដែល​បាន​ទិន្នន័យ​ពី​នាយក​ដ្ឋាន​ស្ថិតិ​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​សិង្ហបុរី​បង្ហាញ​ថា​ ​ការ​នាំ​ខ្សាច់​ចេញ​ពី​កម្ពុជាចូល​សិង្ហបុរី​ ​មាន​ប្រមាណ​ជា​៧២,៨លាន​តោន​ ​សម្រាប់​រយៈ​ពេល​ដូចគ្នា។

​ទិន្នន័យ​នៃ​ការ​នាំចេញ​ខ្សាច់​ពី​កម្ពុជា​ទៅ​សិង្ហបុរី​ ​ដែល​ល្អៀង​ទឹក​ប្រាក់​ប្រមាណ​ជា​៧៤៧​លាន​ដុល្លារនោះ​ ​មិន​ត្រូវ​បាន​ក្រសួង​រ៉ែ ​និង​ថាមពល​ដាក់​បង្ហាញ​ទិន្នន័យ​ជា​សាធារណៈ​នៅ​ឡើយ​នោះ​ទេ​ ​ទោះ​ជា​ក្រសួង​ដដែល​ ​បាន​រៀបចំ​កិច្ច​ប្រជុំ​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ពិភាក្សា​រឿង​នេះ​ម្តង​រួចមក​ហើយ​ កាល​ខែ​វិច្ឆិកា​កន្លង​ទៅ។

​ក្រៅ​ពី​ការ​ស្នើ​ឲ្យ​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​បង្ហាញ​លម្អិត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ខ្សាច់​ទៅ​ប្រទេស​សិង្ហ​បុរី​ ​លោក​ ហូរ វ៉ាន់​ ​ក៏​គ្រោង​ស្នើ​ឲ្យ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ ​ដើម្បី​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការ​នាំចេញ​ឈើ ព្រម​ទាំង​គ្រោង​កោះ​ហៅ​រដ្ឋមន្រ្តី​មួយ​ចំនួន​ទៀត​មក​បំភ្លឺ​ផង​ដែរ។​ ​ចំណែក​លោក​ ​សុន ឆ័យ​ ​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​ដែល​ទើប​ចូល​បំពេញ​ការងារ​សភា​វិញ​ដែរ​នោះ​ ​ក៏​បាន​ចេញ​លិខិត​កោះ​ហៅ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ដើម្បី​ចូល​បំភ្លឺ​ពី​ភាព​មិន​ប្រក្រតី​ពាក់​ព័ន្ធ​នឹង​ប្រាក់​ជំនួយ​ ​ការ​ផ្តល់​សេវា​សាធារណៈ​ ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ ​និង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត​ ​ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ ថ្នាក់​ដឹកនាំ​ក្រសួង​នេះ​មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ​ទេ៕

XS
SM
MD
LG