ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាពលរដ្ឋ​ដែល​គ្មាន​រដ្ឋ​រាប់​លាន​នាក់​ត្រូវ​បាន​បដិសេធ​សិទ្ធិ​ជា​មូលដ្ឋាន​


រ៉ូហីងគ្ហីយ៉ាស​ (Rohingyas) ដងទឺកពីថ្លុកមួយនៅក្បែរជំរុំ​ជន​ភៀស​ខ្លួនមួយនៅក្នុងភូមិ Cox's Bazar, ប្រទេសបង់គ្ហ្លាដេស​​នៅថ្ងៃទី​១៩​ខែ​សីហា​ឆ្នាំ​២០១១។
រ៉ូហីងគ្ហីយ៉ាស​ (Rohingyas) ដងទឺកពីថ្លុកមួយនៅក្បែរជំរុំ​ជន​ភៀស​ខ្លួនមួយនៅក្នុងភូមិ Cox's Bazar, ប្រទេសបង់គ្ហ្លាដេស​​នៅថ្ងៃទី​១៩​ខែ​សីហា​ឆ្នាំ​២០១១។

ស្នងការ​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជនភៀស​ខ្លួន ហៅ​កាត់​ជា​ភាសា​អង់​គ្លេស​ថា​ UNHCR​ បាន​ធ្វើ​យុទ្ធនាការ​ជា​សាកល​មួយ​ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ស្ថានភាព​រស់​នៅ​របស់​ប្រជាពល​រដ្ឋ​រាប់​លាន​នាក់​ដែល​គ្មាន​រដ្ឋ ​នៅ​ជុំ​វិញ​ពិភពលោក។​ អង្គការ​ UNHCR​ និយាយ​ថា​ ប្រជាពលរដ្ឋ​ដែល​មាន​ចំនួន​ប៉ាន់​ស្មាន​ប្រមាណ​១២​លាន​នាក់​ រស់​នៅ​ក្នុង​ស្ថានភាព​មិន​ស្រប​ច្បាប់​ពិត​ប្រាកដ​មួយ។​ ដោយ​សារ​តែ​ពួក​គេ​មិន​មាន​សញ្ជាតិ​ ប្រជាពលរដ្ឋ​ដែល​គ្មាន​រដ្ឋ​ជា​ញឹក​ញយ​ ត្រូវ​បាន​បដិសេធ​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​ទាំង​ឡាយ​ ដែល​ប្រជាពលរដ្ឋ​នៃ​ប្រទេស​មួយ​ទទួល​បាន​ ដែល​រួមទាំង​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ការងារ​ធ្វើ​ សិទ្ធិ​មាន​ផ្ទះ​សម្បែង​ សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ និង​សិទ្ធិ​ទទួល​បាន​ការ​ថែ​ទាំ​សុខភាព។​ អង្គការ​ UNHCR​ កំពុង​អំពាវនាវ​ដល់​ប្រទេស​ច្រើន​បន្ថែម​ទៀត​ ឱ្យ​យល់ព្រម​ផ្តល់​សច្ចាប័ន​ទៅ​លើ​អនុសញ្ញា​ចំនួន​ពីរ​ ដែល​មាន​បំណង​ជំរុញ​និង​ធ្វើរ​ឱ្យ​ប្រសើរ​ឡើង​នូវ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដែល​គ្មាន​រដ្ឋ។

នាង​ អូតូប៊យ​ កាឌីបាយឺវ៉ា​ (Oftoboy​ Kadibayeva)​ គឺ​ជា​ស្រ្តី​មួយ​រូប​ដែល​មាន​វ័យ​៣៤​ឆ្នាំ​និង​មាន​កូន​បួន​នាក់។​ កូន​ស្រី​បង​គេ​បង្អស់​របស់​នាង​មាន​ជំងឺ​វិកលចរិត​ ហើយ​កូន​ពៅ​របស់​នាង​មិន​មាន​សំបុត្រ​កំណើត​ទេ។​ នាង​និង​ប្តី​របស់​នាង​ធ្លាប់​មាន​លិខិត​ឆ្លង​ដែន​សូវៀត​ ដែល​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​កំឡុង​ពេល​នៃ​អំពើ​ហឹង្សា​រវាង​ជាតិពន្ធ​ ដែល​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​គឺកហ្សីស្ថាន​ (Kyrgyzstan)​ នៅ​ក្នុង​ខែ​មិថុនា​ឆ្នាំ​២០១០​ ដែល​បាន​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​គ្មាន​រដ្ឋ។

«ដោយ​សារ​ខ្ញុំ​ ជា​មនុស្ស​ដែល​គ្មាន​រដ្ឋ​មួយ​រូប​ និង​មិន​មាន​លិខិត​ឆ្លង​ដែន​ ខ្ញុំ​មាន​បញ្ហា​នៅ​ក្នុង​ការ​ធ្វើ​ឯកសារ​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ថ្ងៃ​ខែ​ សម្រាប់​កូនៗ​របស់​ខ្ញុំ។​ ទី​ពីរ​ ប្រាក់​វិភាជន៍​សង្គម​របស់​កូន​ស្រី​ខ្ញុំ​ លែង​មាន​សុពលភាព​ត​ទៅ​ទៀត​ហើយ។​ ខ្ញុំ​ត្រូវ​តែ​ធ្វើ​ឯកសារ​ទាំង​នោះ​សារ​ឡើង​វិញ​ ប៉ុន្តែ​ ដោយ​សារ​ខ្ញុំ​មិន​មាន​លិខិត​ឆ្លង​ដែន​ នេះ​គឺ​ជា​បញ្ហា​មួយ។​ ខ្ញុំ​មិន​អាច​ធ្វើសំបុត្រ​កំណើត​សម្រាប់​កូន​ពៅ​របស់​ខ្ញុំ​បាន​ទេ។​ ដោយសារ​ខ្ញុំ​ជា​មនុស្ស​ដែល​គ្មាន​រដ្ឋ​មួយ​រូប​ និង​មិន​មាន​ឯកសារ​ ខ្ញុំ​មិន​មាន​លទ្ធភាព​ទទួល​បាន​ការ​ថែ​ទាំ​សុខភាព​ឱ្យ​បាន​ត្រឹម​ត្រូវ​នោះ​ទេ»។

ប្រជាពល​រដ្ឋ​ដែល​គ្មាន​រដ្ឋ​មិន​មាន​សញ្ជាតិ​ទេ។​ ដូច្នេះ​ ប្រទេស​ទាំងឡាយ​ជា​ទូទៅ​បាន​បដិសេធ​មិន​ផ្តល់​ការ​ការពារ​និង​សេវាកម្ម​ទាំង​ឡាយ​ដល់​ពួកគេ​ ដែល​ប្រជាពលរដ្ឋ​ប្រទេស​ទាំង​នោះ​ទទួល​បាន។​ ប្រជាពលរដ្ឋ​ដែល​មិន​មាន​រដ្ឋ​ ជា​ញឹក​ញយ​មិន​មាន​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​និង​ការ​ថែ​ទាំ​សុខភាព​ទេ។

ពួក​គេ​ប្រហែល​ជា​មិន​អាច​មាន​សិទ្ធិ​កាន់​កាប់​ទ្រព្យ​សម្បត្តិ​ ធ្វើ​ដំណើរ​ទៅ​បរទេស​ រៀប​ការ​ដោយ​ស្រប​ច្បាប់​ ឬ​ចុះ​សំបុត្រ​កំណើត​សម្រាប់​កូន​ ដូច​ក្នុង​ករណី​កូន​ពៅ​របស់​នាង​ កាឌីបា​យឺវ៉ា​ (Kadibayeva)​ ជា​ដើម។​ ជា​មួយ​នឹង​ធនធាន​និងការ​គាំទ្រ​តិច​តួច​ ប្រជាពលរដ្ឋ​ដែល​គ្មាន​រដ្ឋ​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អ្នក​ដែល​ងាយ​នឹង​ទទួល​រង​គ្រោះ​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក។

លោក​ស្រី​ អ៊ីរីកា​ ហ្វែល័រ​ (Erika​ Feller)​ ជំនួយការ​របស់​ស្នងការ​ជាន់​ខ្ពស់​នៃ​អង្គការ​ UNHCR​ ទទួល​បន្ទុក​ការ​ការពារ​ និយាយ​ថា​ ប្រជាពលរដ្ឋ​ដែល​គ្មាន​រដ្ឋ​រស់​នៅ​ក្នុង​ស្ថានភាព​មិន​ពិត​ប្រាកដ​និង​ងងឹត​មួយ។​ ជា​សំខាន់​ ពួកគេ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដែល​មិន​មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់។

«ប្រជាពលរដ្ឋ​ដែល​មិន​មាន​រដ្ឋ​ គឺ​ជា​មនុស្ស​ដែល​មិន​មាន​សញ្ជាតិ​ឬ​ប្រទេស​មួយ​ពិត​ប្រាកដ​ដែល​ត្រៀម​ខ្លួន​ជួយ​ការពារ​ និង​ផ្តល់​សេវា​កុងស៊ុល​ដល់​ពួក​គេ។​ ជន​ទាំង​នេះ​គឺ​ជា​មនុស្ស​ដែល​ងាយ​ទទួល​រង​គ្រោះ​ខ្លាំង​បំផុត​ ហេតុអ្វី?​ ពីព្រោះ​ពួក​គេ​ជា​ញឹក​ញយ​គឺ​ជា​ប្រជាពលរដ្ឋ​ដែល​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង»។

លោក​ស្រី​ ហ្វែល័រ​ (Feller)​ និយាយ​ថា​ សូម្បី​តែ​នៅ​ពេល​ដែល​ពួក​គេ​ស្លាប់​ មរណភាព​របស់​ពួកគេ​នឹង​កន្លង​ផុត​ទៅ​ដោយ​មិន​មាន​ការ​កត់​សម្គាល់​ទេ។​ ពួក​គេ​មិន​ទទួល​បាន​វិញ្ញាបនបត្រ​មរណភាព​មួយ​នោះ​ទេ។

«អ្នក​អាច​ស្លាប់​នៅ​ក្នុង​នាម​ជា​មនុស្ស​ដែល​គ្មាន​រដ្ឋ​ម្នាក់​ ហើយ​មិន​មាន​ការ​កត់​ត្រា​អំពី​ការ​ស្លាប់​របស់​អ្នក​ទេ​ ពីព្រោះ​អ្នក​មិន​មាន​រូប​រាង​ទេ​ ហើយ​ដូច្នេះ​ ការ​ស្លាប់​របស់​អ្នក​មិន​មាន​ការ​ជាប់​ទាក់​ទង​និង​អ្វី​ទេ»។

លោក​ស្រី​ ហ្វែល័រ​ (Erika​ Feller)​ និយាយ​ថា​ ភាព​ជា​មនុស្ស​ដែល​គ្មាន​រដ្ឋ​ បាន​បង្កើន​ហនិភ័យ​ដល់​ការ​ធ្វើ​អាជីវកម្ម​ជួញ​ដូរ​កុមារ។​ ពួក​គេ​អាច​បាត់​ខ្លួន​យ៉ាង​ស្រួល​ ពី​ព្រោះ​មិន​មានបញ្ជី​ស្នាម​អំពី​ពួក​គេ។​ លោក​ស្រី​និយាយ​ថា​ ប្រជាពលរដ្ឋ​ដែល​គ្មាន​រដ្ឋ​ ងាយ​នឹង​ទទួល​រង​គ្រោះ​ពី​ការ​ធ្វើជា​ទាសករ​ ពេស្យាចារ​ និង​ការ​រំលោភ​បំពាន​ផ្សេងៗ​ទៀត។

«ឧទហរណ៍​ ពួក​គេ​ប្រឈម​នឹង​ការ​ជ្រើសរើស​ឱ្យ​ចូល​បម្រើ​ក្នុង​កង​កម្លាំង​ប្រដាប់​អាវុធ​ ឬ​ទទួល​រង​ការ​ធ្វើ​ពលកម្ម​ដោយ​បង្ខំ។​ ជា​ថ្មី​ម្តង​ទៀត​ ដោយ​មិន​ទទួល​បាន​ការ​ការពារ​ពី​ច្បាប់​ ការ​ការពារ​ដែល​រដ្ឋ​មួយ​មាន​កតព្វកិច្ច​ចំពោះ​អ្នក​ និង​ផ្តល់​ឱ្យ​អ្នក​ អ្នក​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​ប្រឈម​និង​គ្រោះ​ថ្នាក់​គ្រប់​បែប​យ៉ាង»។

សន្ធិសញ្ញា​អន្តរជាតិ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៥៤​និង​ឆ្នាំ​១៩៦១​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ភាព​គ្មាន​រដ្ឋ​របស់​ប្រជា​ពលរដ្ឋ​រាប់​លាន​នាក់។​ សន្ធិ​សញ្ញា​ទាំង​នេះ​ផ្តល់ឱ្យ​នូវ​បទដ្ឋាន​អប្បរមា​នៃ​ការ​ថែ​ទាំ​ និង​រចនា​សម្ព័ន្ធ​ផ្លូវ​ច្បាប់​មួយ​ ដើម្បី​ជួយ​រដ្ឋ​ទាំងឡាយ​ឱ្យ​កាត់​បន្ថយ​ភាព​គ្មាន​រដ្ឋ។​ អង្គការ​ UNHCR​ កំពុង​អំពាវនាវ​ឱ្យ​ប្រទេស​ច្រើន​បន្ថែម​ទៀត ​ផ្តល់​សច្ចាប័ន​ទៅ​លើ​សន្ធិសញ្ញា​ទាំង​នេះ​ ហើយ​លុប​បំបាត់​ចោល​នូវ​របាំង​ផ្លូវ​ច្បាប់​ទាំងឡាយ​ ដែល​បង្កើត​ឱ្យ​មាន​ភាព​គ្មាន​រដ្ឋ​នេះ​ឡើង។

ទី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​កត់​សម្គាល់​ថា​ ប្រទេស​ បង់ក្លាដែស​ (Bangladesh)​ ប្រេហ្សីល​ (Brazil)​ អ៊ីរ៉ាក់​ (Iraq)​ វៀតណាម​ (Vietnam)​ និង​ឥណ្ឌូនេស៊ី​ (Indonesia)​ ជា​ប្រទេស​មួយ​ចំនួន​ដែល​បាន​ធ្វើ​វិសោធនកម្ម​របស់​ខ្លួន​ ប្រកប​ដោយ​ជោគ​ជ័យ​ នៅ​ក្នុង​កំឡុង​ពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ​ ដើម្បី​ប្រគល់​សញ្ជាតិ​ដល់​ប្រជាពលរដ្ឋ​ដែល​គ្មាន​រដ្ឋ​របស់​ពួក​គេ៕

រាយការណ៍​ដោយ​ ឌី ខាំបូលី

XS
SM
MD
LG