ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​រាប់​លាន​នាក់​ប្រឈមនឹង​ភាពអត់ឃ្លាន​ធ្ងន់ធ្ងរ​នៅ​ប្រទេស​សូម៉ាលី ដោយសារ​គ្រោះរាំងស្ងួត​នៅតែ​បន្ត


រូបឯកសារ៖ ពលរដ្ឋ​ដែល​ភៀសខ្លួន​ពី​គ្រោះរាំងស្ងួត​នៅ​តំបន់ Lower និង Middle Shabelle នៃ​ប្រទេស​សូម៉ាលី បាន​ទៅដល់​ជំរំ​បណ្តោះ​អាសន្ន​សម្រាប់​ជនភៀស​ខ្លួន​នៅ​សង្កាត់ Daynile នៅ​ជាយក្រុង​នៃ​រដ្ឋធានី Mogadishu កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។
រូបឯកសារ៖ ពលរដ្ឋ​ដែល​ភៀសខ្លួន​ពី​គ្រោះរាំងស្ងួត​នៅ​តំបន់ Lower និង Middle Shabelle នៃ​ប្រទេស​សូម៉ាលី បាន​ទៅដល់​ជំរំ​បណ្តោះ​អាសន្ន​សម្រាប់​ជនភៀស​ខ្លួន​នៅ​សង្កាត់ Daynile នៅ​ជាយក្រុង​នៃ​រដ្ឋធានី Mogadishu កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។

គ្រោះ​រាំងស្ងួត​រយៈពេល​មួយ​ទសវត្សរ៍​ក្នុង​ប្រទេស​សូម៉ាលី ​បន្ត​ប៉ះពាល់​ដល់​លទ្ធភាព​របស់​ប្រជាជន​ក្នុង​ការ​ដោះស្រាយ​គ្រោះ​មហន្តរាយ​ដែល​ហាក់​ដូចជា​មិន​ចេះ​ចប់​នេះ។ ស្ថានភាព​អាក្រក់​បំផុត​ មិន​ទាន់​កើត​ឡើង​នៅ​ឡើយ​ទេ។ អង្គការ​សហប្រជាជាតិ​បាន​រាយការណ៍​ថា ស្ថានភាព​មុន​គ្រោះ​រាំងស្ងួត​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ផ្នែក​ជាច្រើន​នៃ​រដ្ឋ Somaliland រដ្ឋ Puntland រដ្ឋ Hirshabelle រដ្ឋ Galmudug និង​រដ្ឋ Jubaland។

លោក Jens Laerke អ្នក​នាំពាក្យ​នៃ​ការិយាល័យ OCHA បាន​និយាយ​ថា ប្រជាជន​នៅ​ក្នុង​តំបន់​ទាំង​នេះ​ដែល​មិន​ទាន់​រួច​ផុត​ពី​ការ​មាន​ទឹក​ភ្លៀង​តិចតួច​កាលពី​ឆ្នាំ​មុន​ផង​ កំពុង​ប្រឈម​នឹង​ស្ថានភាព​គួរ​ឱ្យ​ព្រួយបារម្ភ​ស្រដៀង​គ្នា​នេះ​ម្តង​ទៀត​នៅ​ឆ្នាំ​នេះ។

លោក Jens Laerke បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖

«មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​សូម៉ាលី​ ​ត្រូវ​បាន​បង្ខំ​ឱ្យ​ចាកចេញ​ពី​ផ្ទះសម្បែង​របស់​ពួកគេ​ចាប់​តាំង​ពី​ខែវិច្ឆិកា ដោយសារ​តែ​កង្វះខាត​ទឹក​ធ្ងន់ធ្ងរ ហើយ​ការ​ព្យាករណ៍​នៅ​ពេល​នេះ​បង្ហាញ​ថា រដូវ​វស្សា​នា​ពេល​បច្ចុប្បន្ន​ដែល​មាន​រយៈពេល​ចាប់​ពី​ខែមីនា ដល់​ខែមិថុនា ​នឹង​ផ្តល់​ទឹក​ភ្លៀង​ក្រោម​កម្រិត​មធ្យម​តែ​ប៉ុណ្ណោះ»។

ទីភ្នាក់ងារ​ផ្តល់​ជំនួយ​សង្គ្រោះ​បាន​រាយការណ៍​ថា ការ​មិន​មាន​ទឹក​ភ្លៀង​គ្រប់គ្រាន់​ក្នុង​រដូវ​វស្សា​ជាប់​គ្នា​ពីរ​ឆ្នាំ ​នឹង​ធ្វើ​ឱ្យ​មាន​ដំណាំ​មិន​គ្រប់គ្រាន់​ ការ​ចិញ្ចឹម​សត្វ​ធ្លាក់​ចុះ និង​អសន្តិសុខ​ស្បៀង​អាហារ​ធ្ងន់ធ្ងរ។ លោក Laerke បាន​និយាយ​ថា វិបត្តិ​អត់​ឃ្លាន​នៅ​ក្នុង​ប្រទេស​សូម៉ាលី​ នឹង​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​បំផុត​នៅ​ចន្លោះ​ខែមេសា និង​ខែមិថុនា។ លោក​បាន​និយាយ​ថា ក្នុង​ចំណោម​ប្រជាជន​សូម៉ាលី​ប្រមាណ​២,៧លាន​នាក់​ដែល​រង​ផលប៉ះពាល់ ​មាន​ក្មេងៗ​អាយុ​ក្រោម​៥ឆ្នាំ​ចំនួន​៨៤០.០០០នាក់។

លោក Jens Laerke បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖

«នេះ​ជា​ចំនួន​កើន​ឡើង​ជាង​៦៥%​ បើ​ប្រៀបធៀប​ទៅ​នឹង​កម្រិត​នា​ពេល​បច្ចុប្បន្ន។ កង្វះខាត​ទឹក​ក៏​នឹង​ធ្វើ​ឱ្យ​ហានិភ័យ​នៃ​ការ​ផ្ទុះ​ជំងឺ​កើន​ឡើង។ ការ​បាត់​បង់​វាលស្មៅ​ដែល​មាន​ជាតិ​ទឹក​សន្សើម​កំពុង​គំរាមកំហែង​ដល់​ជីវិត​សត្វ​ចិញ្ចឹម​ ដែល​ជា​មូលដ្ឋាន​នៃ​ជីវភាព​របស់​ប្រជាជន​សូម៉ាលី​ជាច្រើន។ មនុស្ស​ដែល​រត់ភៀស​ខ្លួន​បាន​ប្រាប់​ការិយាល័យ OCHA ថា ពួកគេ​កំពុង​ផ្លាស់ទី​ដើម្បី​ស្វែងរក​ទឹក និង​វាលស្មៅ​ឱ្យ​សត្វ​របស់​ពួកគេ»។

អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ស្វែងរក​ទឹក​ប្រាក់​ចំនួន​១ពាន់លាន​ដុល្លារ​ដើម្បី​ផ្តល់​ជំនួយ​សង្គ្រោះ​ជីវិត​នៅ​ឆ្នាំ​នេះ​ ទៅ​ឱ្យ​ប្រជាជន​៤លាន​នាក់​នៅ​ក្នុង​ប្រទេស​សូម៉ាលី​ដែល​រង​ផលប៉ះពាល់​ដោយ​ជម្លោះ បញ្ហាប្រែប្រួលអាកាសធាតុ និង​ជំងឺ​កូវីដ១៩។ លោក Laerke បាន​និយាយ​ថា គេ​ទទួល​បាន​ទឹកប្រាក់​ចំនួន​តែ​២,៥%​ប៉ុណ្ណោះ ដែល​ចំនួន​នេះ​ ទាប​ជាង​ចំនួន​ដែល​ត្រូវ​ការ​ដើម្បី​ប្រទេស​សូម៉ាលី​ដោះស្រាយ​ភាព​អាសន្ន​នេះ៕

ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា

អត្ថបទ​ទាក់ទង

XS
SM
MD
LG