ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាមេរិកាំង​វ័យ​ក្មេង​មិន​ធ្វើ​ចំណាក​ស្រុក​ច្រើន​ដូច​មុន​ទេ


រូបឯកសារ៖ អ្នកដំណើរឈរតម្រង់ជួរនៅព្រលានយន្តហោះអន្តរជាតិ Narita ក្នុង​ប្រទេ​សជប៉ុន កាលពីថ្ងៃទី០៩ ខែ​សីហា ឆ្នាំ២០១៦។

នៅ​ក្នុង​អំឡុង​ពេល​២០ឆ្នាំ​កន្លងទៅ​នេះ ​អត្រា​ចំណាកស្រុក​របស់​ក្រុម​ពលរដ្ឋ​អាមេរិកាំង​វ័យ​ក្មេង ដែល​មាន​អាយុ​ចន្លោះ ២២​ឆ្នាំ និង​៣៧​ឆ្នាំ មាន​កម្រិត​ទាប​បំផុត​នៅ​សហរដ្ឋ​អាមេរិក។

ពលរដ្ឋ​អាមេរិកាំង​វ័យ​ក្មេងជា​ច្រើន​នាក់​មិន​សូវធ្វើ​ចំណាក​ស្រុក​ដូច​មុន​ទេ ចាប់​តាំងពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​មក ប៉ុន្តែ​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ចំណាក​ស្រុក ពួក​គេ​ទៅ​រស់នៅ​តំបន់​ផ្សេងៗ ដែល​ខុស​ពី​មុន​ពេល​វិបត្តិ​សេដ្ឋកិច្ច​បាន​កើត​ឡើង​នៅ​ក្នុង​ចន្លោះ​ឆ្នាំ​២០០៧​និង​ឆ្នាំ​២០០៩។ ក្នុង​រយៈពេល​បី​ឆ្នាំ​មុន​វិបត្តិ​សេដ្ឋកិច្ច​នេះ ពលរដ្ឋ​អាមេរិកាំង​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ទីក្រុង Riverside ​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា ទីក្រុង Phoenix Atlanta Houston និង​ទីក្រុង Charlotte នៃ​រដ្ឋ North Carolina នេះ​បើ​តាម​ការ​ស្ទង់​មតិ​អំពី​សហគមន៍​អាមេរិកាំង​របស់​ការិយាល័យ​ជំរឿន​អាមេរិក។

លោក William Frey អ្នក​ជំនាញ​ខាង​ប្រជាសាស្ត្រ​ប្រចាំ​វិទ្យាស្ថាន​ស្រាវជ្រាវ Brookings បាន​លើក​ឡើង​ថា «អ្នក​ចំណាក​ស្រុក​ទាំង​នោះ​គឺជា​ក្រុម​ពលរដ្ឋ​ដែល​ទៅ​កន្លែង​ថ្មី​ដើម្បី​ទិញ​ផ្ទះ និង​រក​ការងារ​ថ្មី​ធ្វើ‍»។ ការ​ធ្វើ​ចំណាក​ស្រុក​បាន​ផ្លាស់ប្តូរ​ក្នុង​អំឡុង​វិបត្តិសេដ្ឋកិច្ច និង​ប៉ុន្មាន​ឆ្នាំ​ក្រោយ​វិបត្តិ​សេដ្ឋកិច្ច​នេះ។

ក្នុង​ចន្លោះ​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១២ នៅ​សហរដ្ឋ​អាមេរិក តំបន់​ទីក្រុង​ដែល​ទាក់ទាញ​ការធ្វើ​ចំណាក​ស្រុក​របស់​ក្រុម​ពលរដ្ឋ​ដែល​កើត​នៅ​ចន្លោះ​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ ១៩៩៦ រួមមាន ទីក្រុង Denver Houston រដ្ឋធានី​វ៉ាស៊ីនតោន ទីក្រុង Austin និង Seattle។ ហើយ​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៧ ទីក្រុង​ដែល​មាន​ចំនួន​ពលរដ្ឋ​វ័យ​ក្មេង​ទៅ​រស់នៅ​ច្រើន​ជាង​គេ រួម​មាន​តំបន់​ទីក្រុង Houston Denver Dallas Seattle និង Austin។

លោក Frey បាន​បន្ថែម​ទៀត​ថា៖ «ពលរដ្ឋ​វ័យ​ក្មេង​មិន​អាច​រក​ការងារ​ដែល​ពួក​គេ​ចង់​ធ្វើ​ ហើយ​ពួកគេ​ក៏​មិន​អាច​ទិញ​ផ្ទះ​ដែល​ពួកគេ​ចូលចិត្ត​ដែរ។ ប៉ុន្តែ ពួកគេ​ចង់​នៅ​កន្លែង​ណា​ដែល​សម្បូរ​សកម្មភាព​សម្រាប់​ពលរដ្ឋ​វ័យ​ក្មេង​ និង​ដែល​មាន​ភាពឡូយ​ឆើត ឬ​ក៏​ទីកន្លែង​ណា​ដែល​ពួកគេ​ហៅ​ថា មាន​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍‍»។

ជា​រួម ក្រុម​ពលរដ្ឋ​អាមេរិកាំង​វ័យ​ក្មេង​កំពុង​តែ​ធ្វើ​ចំណាក​ស្រុក​ក្នុង​អត្រា​ទាប ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦​មក។ នៅ​ឆ្នាំ​២០១៧ អត្រា​ចំណាក​ស្រុក​របស់​ពួកគេ​គឺ​មាន​ត្រឹម​តែ ១៧ភាគរយ​ប៉ុណ្ណោះ ដែល​ទាប​ជាង​អត្រា​ចំណាក​ស្រុក​មុន​វិបត្តិ​សេដ្ឋកិច្ច​ដែល​មាន​អត្រា​ជិត ២៣ភាគរយ។

លោក Frey រំពឹង​ថា អត្រា​ចំណាក​ស្រុករបស់​ពលរដ្ឋ​អាមេរិកាំង​វ័យ​ក្មេង​នឹង​កើន​ឡើង ប៉ុន្តែ​លោក​បាន​ខក​ចិត្ត​នៅ​ពេល​ដែល​អត្រា​នេះ​នៅ​តែ​ទាប។ លោក​បាន​លើក​ឡើង​ថា៖ «​ការ​ចំណាក​ស្រុក​គឺ​ល្អ​ដល់​សេដ្ឋកិច្ច ដោយសារ​តែ​ពលរដ្ឋ​ងាយ​នឹង​សម្រប​តាម​ស្ថានភាព​សេដ្ឋកិច្ច​ដែល​បាន​ផ្លាស់​ប្តូរ បើ​សិន​ជា​ពួកគេ​ផ្លាស់ទី​ទៅ​រស់នៅ​កន្លែង​ដែល​មាន​ការងារ​ធ្វើ‍»។

លោក Frey បាន​បន្ថែម​ទៀត​ថា៖ «ជា​ពិសេស ​បើសិន​ជា​ការ​ចំណាក​ស្រុក​ធ្វើ​ឡើង​ដើម្បី​ទិញ​ផ្ទះ និង​ដើម្បី​ចាប់ផ្តើម​វិនិយោគ​លើ​អនាគត​ថ្មី​ដើម្បី​បង្កើន​ទ្រព្យ​សម្បត្តិ នោះ​ខ្ញុំ​គិត​ថា វា​សំខាន់​ ហើយ​ពលរដ្ឋ​វ័យ​ក្មេង​ទាំង​នោះ​ក៏​មិន​មាន​អារម្មណ៍​ថា ពួកគេ​នៅ​ជាប់​គាំង​មួយ​កន្លែង ហើយ​មិន​ត្រូវបាន​គេ​អើពើ»។

អ្នក​ស្រាវជ្រាវ​រូប​នេះ​ក៏​មើល​ឃើញ​សញ្ញា​ខ្លះៗ​ដែល​ថា ក្រុម​ពលរដ្ឋអាមេរិកាំង​វ័យ​ក្មេងកំពុង​ចាប់ផ្តើម​ផ្លាស់ទី​ទៅ​រស់នៅ​តំបន់​ជាយ​ក្រុង និង​តំបន់​ទីប្រជុំ​ជន​តូចៗ និង​ទីក្រុង​នានា​ដែល​ស្ថិត​ភាគ​កណ្តាល​សហរដ្ឋ​អាមេរិក ជាជាង​តំបន់​ភាគ​ខាង​កើត ឬ​ភាគ​ខាង​លិច ដែល​ជា​តំបន់​ពេញ​និយម។

លោក​ William Frey បាន​លើក​ឡើង​ថា៖ «​ខ្ញុំ​សូម​ណែនាំ​ថា នៅ​ពេល​ដែល​យើង​ពិនិត្យ​មើល​អត្រា​ចំណាក​ស្រុក ដែល​ចេញ​ផ្សាយ យើង​នឹង​ឃើញ​បន្តិច​ម្តងៗ​ថា ការ​ផ្លាស់​ទី​កើត​ឡើង​នៅ​តាម​តំបន់​ដែល​មាន​ស្ថានភាព​សេដ្ឋកិច្ចសកម្ម និង​សេដ្ឋកិច្ច​ប្រសើរ ជាង​តំបន់​ដែល​មាន​ភាព​ឡូយ​ឆើត»៕

ប្រែ​សម្រួល​ដោយ​ ទែន សុខស្រីនិត

XS
SM
MD
LG