អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ដែលធ្លាប់បានធ្វើឲ្យចិនដីគោកខឹងសម្បានៅពេលដែលលោកកាន់តំណែងជារដ្ឋមន្ត្រីការបរទេស ដោយលោកធ្លាប់បានរិះគន់ និងវាយប្រហារគណបក្សកុម្មុយនីស្តចិននោះ នឹងទៅបំពេញទស្សនកិច្ចកោះតៃវ៉ាន់នៅសប្តាហ៍ក្រោយ ហើយនឹងជួបជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen។ នេះ បើតាមការបញ្ជាក់របស់រដ្ឋាភិបាលតៃវ៉ាន់នៅថ្ងៃចន្ទ ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
លោក Pompeo បានបម្រើការងារនៅក្រោមអតីតប្រធានាធិបតី Donald Trump ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់បញ្ចប់អាណត្តិរបស់រដ្ឋបាលនោះ កាលពីខែមករា ឆ្នាំទៅ។
ក្រសួងការបរទេសតៃវ៉ាន់ បានបញ្ចាក់ថា លោក Pompeo និងភរិយារបស់លោក នឹងទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមីនា ហើយក៏នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់លោក Joseph Wu ហើយនឹងធ្វើសុន្ទរកថានៅអង្គការស្រាវជ្រាវមួយ។
ក្រសួងការបរទេសតៃវ៉ាន់ បានបញ្ចាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «អតីតរដ្ឋមន្ត្រីការបរទេសលោក Pompeo ជាមិត្តភក្តិដ៏យូរអង្វែងនិងប្តូរផ្តាច់របស់តៃវ៉ាន់ ហើយបានរួមវិភាគទានដ៏ច្រើនដើម្បីលើកស្ទួយចំណងទាក់ទងរវាងកោះតៃវ៉ាន់និងសហរដ្ឋអាមេរិកក្នុងអំឡុងពេលដែលលោកកាន់តំណែងជារដ្ឋមន្ត្រីការបរទេស»។
សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ទៀតថា ដំណើរទស្សនកិច្ចរបស់លោក បានឆ្លុះបញ្ចាំងនូវការគាំទ្រ «ដ៏រឹងមាំដូចថ្ម» របស់គណបក្សទាំង២របស់សហរដ្ឋអាមេរិក ដល់កោះតៃវ៉ាន់ ហើយនឹងមិត្តភាពដ៏ជិតស្និទ្ធរវាងតៃវ៉ាន់និងសហរដ្ឋអាមេរិក»។
រដ្ឋបាលរបស់អតីតប្រធានាធិបតី Trump បានផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់កោះតៃវ៉ាន់ ថ្វីបើមិនមានចំណងទាក់ទងខាងការទូតផ្លូវការក៏ដោយ រួមទាំងការលក់អាវុធដ៏ច្រើន និងដំណើរទស្សនកិច្ចរបស់មន្ត្រីកំពូលៗសហរដ្ឋអាមេរិកទៅកាន់រដ្ឋធានីតៃប៉ិផង។
លោក Pompeo បានធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងខឹងសម្បា ជាពិសេសដោយសារការរិះគន់របស់លោកចំពោះគណបក្សកុម្មុយនីស្តចិន។
ចិន បានបង្កើនការដាក់សម្ពាធខាងយោធា និងការទូតរបស់ខ្លួនប្រឆាំងនឹងតៃវ៉ាន់ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះដោយព្យាយាមបង្ខំឲ្យកោះនោះសុខចិត្តទទួលយកការគ្រប់គ្រងរបស់ខ្លួន៕