ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​ និង​លោក Pence ប្រមូល​តំណាងរាស្រ្ត​ដើម្បី​តស៊ូ​មតិ​ទៅ​លើ​ច្បាប់​សុខាភិបាល​អាមេរិក


លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ថ្លែង​នៅ​ក្នុង​ពិធី Armed Forces Full Honor Farewell Review សម្រាប់​ប្រធានាធិបតី​ កាលពី​ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅ​សាល Conmy Hall រដ្ឋ Virginia។
លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ថ្លែង​នៅ​ក្នុង​ពិធី Armed Forces Full Honor Farewell Review សម្រាប់​ប្រធានាធិបតី​ កាលពី​ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅ​សាល Conmy Hall រដ្ឋ Virginia។

ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា ខាង​គណបក្ស​ប្រជាធិបតេយ្យ​ និង​លោក​អនុប្រធានាធិបតី​ជាប់​ឆ្នោត Mike Pence ខាង​គណបក្ស​សាធារណរដ្ឋ បាន​ប្រមែប្រមូល​សមាជិក​គណបក្ស​នយោបាយ​របស់​ពួកគេរៀង​ខ្លួន​នៅ​ក្នុង​សភា​កាល​ពី​ថ្ងៃ​ពុធ ដើម្បី​តស៊ូ​មតិ​ទៅ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​គណបក្ស​សាធារណរដ្ឋ​ក្នុង​ធ្វើ​វិសោធនកម្ម ​និង​ផ្លាស់ប្ដូរ​កំណែ​ទម្រង់​សេវា​សុខាភិបាល​ជាតិ ដែល​ជា​ស្នាដៃ​សម្រេច​បាន​របស់​លោក អូបាម៉ា។ ​

លោក អូបាម៉ា បាន​ជួប​ជាមួយ​នឹង​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដោយ​ជំរុញ​ឲ្យ​ពួកគេ​ប្រឆាំង​នឹង​ការ​ព្យាយាម​មិន​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​ប្រជាពលរដ្ឋ​អាមេរិកាំង​ស្គាល់​ថា «Obamacare»។ Obamacare នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​២០​លាន​នាក់​ទទួល​បាន​ប័ណ្ណ​ធានារ៉ាប់រង​សុខភាព ប៉ុន្តែ​ពេល​ខ្លះ​ធ្វើ​ឲ្យ​ពួកគេ​ចំណាយ​ប្រាក់​ច្រើន។

ខណៈ​ពេល​ជាមួយ​គ្នា​នោះ​ដែរ លោក Pence ក៏​បាន​ជួបជុំ​ជាមួយ​នឹង​សមាជិក​គណបក្ស​សាធារណរដ្ឋ​ដែល​បាន​ប្តេជ្ញា​ថា​នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​ឆ្នាំ​២០១០ ដែល​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​អាមេរិកាំង​ទាំងអស់​ទិញ​ប័ណ្ណ​ធានា​រ៉ាប់រង​សុខភាព បើ​មិន​ដូច្នោះ​ទេ ពួកគេ​ត្រូវ​ផាក​ពិន័យ។ ប៉ុន្តែ​គណបក្ស​សាធារណរដ្ឋ​នៅ​មិន​ទាន់​ព្រមព្រៀង​គ្នា​ទៅ​លើ​ផែនការ​សម្រាប់​ជំនួស Obamacare នៅ​ឡើយ​ទេ។​

តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ស្រង់​សម្តី​របស់​លោក អូបាម៉ា ថា «កុំ​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​គណបក្ស​សាធារណរដ្ឋ​ក្នុង​ការ​ជំនួស​ច្បាប់​នេះ​ជាមួយ​នឹង​អ្វី​ផ្សេង​ដែល​អាក្រក់​ជាង​នេះ»។

លោក Pence បាន​និយាយ​ថា លោក​បាន​ប្រាប់​ដល់​អ្នក​តំណាងរាស្ត្រ​ខាង​គណបក្ស​សាធារណរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន ខណៈ​ដែល​ពួកគេ​វិវត្ត​យ៉ាង​លឿន​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​បាន​អនុម័ត ដោយ​គ្មាន​ការ​បោះឆ្នោត​គាំទ្រ​ពី​សមាជិក​គណបក្ស​សាធារណរដ្ឋ​សូម្បី​តែ​ម្នាក់ នៅ​ពេល​ដែល​ពួកគេ​មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា​ទាំង​២​ជាន់​ថ្នាក់។ ឥឡូវ​នេះ សមាជិក​ខាង​គណបក្ស​សាធារណរដ្ឋ​គ្រប់គ្រង​លើ​សភា ហើយ​លោក Trump និង​លោក Pence នឹង​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី២០ ខែ​មករា ខាង​មុខ​នេះ ដូច្នេះ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​គឺ​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ខាង​ផ្លូវ​ច្បាប់​ជា​លើក​ដំបូង​បង្អស់​របស់​ពួកគេ។ ​

លោក Pence បាន​និយាយ​ថា អ្នក​តំណាងរាស្ត្រ​ខាង​គណបក្ស​សាធារណរដ្ឋ​ត្រូវ​តែ​ចងចាំ​ថា «យើង​កំពុង​និយាយ​អំពី​ជីវិត​មនុស្ស និង​សេចក្តី​សម្រេច​ចិត្ត​របស់​ពួកគេ​ទៅ​លើ​សុខភាព និង​មធ្យោបាយ​ក្នុង​ការ​បង់ថ្លៃ​សេវា​សុខភាព​របស់​ពួកគេ»។ ​

លោកស្រី Nancy Pelosi មេដឹកនាំ​សំឡេង​ភាគតិច​នៅ​ក្នុង​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ចំអក​ទៅ​លើ​កិច្ចខិតខំប្រឹងប្រែង​របស់​គណបក្ស​សាធារណរដ្ឋ​ក្នុង​ការ​ជំនួស​ច្បាប់​នេះ៕

XS
SM
MD
LG