ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ម៉ិកស៊ិក​គាំទ្រ​ការ​សម្រេច​របស់​លោក Biden បញ្ឈប់​ការ​សាងសង់​ជញ្ជាំង​ព្រំដែន


ប្រធានាធិបតី​ម៉ិកស៊ិកលោក Andres Manuel Lopez Obrador ថ្លែង​សុន្ទករថា​ ក្នុង​អំឡុងពេល​នៃ​សន្និសីទ​ព័ត៌មាន​ប្រចាំ​ថ្ងៃ​របស់​លោក​​នៅ​វិមាន Palacio Nacional ក្នុង​ទីក្រុង Mexico City ប្រទេស​ម៉ិកស៊ិក ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។
ប្រធានាធិបតី​ម៉ិកស៊ិកលោក Andres Manuel Lopez Obrador ថ្លែង​សុន្ទករថា​ ក្នុង​អំឡុងពេល​នៃ​សន្និសីទ​ព័ត៌មាន​ប្រចាំ​ថ្ងៃ​របស់​លោក​​នៅ​វិមាន Palacio Nacional ក្នុង​ទីក្រុង Mexico City ប្រទេស​ម៉ិកស៊ិក ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រធានាធិបតី​ម៉ិកស៊ិក​លោក Andres Manuel Lopez Obrador បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ទី១២ ខែ​កុម្ភៈ​ថា លោក​គាំទ្រ​សេចក្តី​សម្រេច​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ឲ្យ​បញ្ឈប់​ការ​សាងសង់​ជញ្ជាំង​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។​

បទបញ្ជា​ដំបូង​មួយរបស់​លោក​ប្រធានាធិបតី​ Biden គឺ​បញ្ឈប់​ការ​សាងសង់​ជញ្ជាំង​ព្រំដែន​នេះ​ ដែល​ធ្លាប់​ជា​ការ​សន្យា​ដំបូងមួយ​អំឡុង​យុទ្ធនាការ​ឃោសនា​របស់​អតីត​ប្រធានាធិបតី​លោក Donald Trump។ អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​កាល​ពី​ឆ្នាំ ២០១៦ លោក Trump បាន​ទទូច​ម្តង​ហើយ​ម្តង​ទៀត​ថា ប្រទេស​ម៉ិកស៊ិក​នឹង​បង់ថ្លៃ​សម្រាប់​ការ​សាងសង់​ជញ្ជាំង​ព្រំដែន​នោះ ទោះ​បី​ជា​ពេល​បន្ទាប់​មក​លោក​បាន​ស្នើ​សុំ​ថវិកា​ពី​សភា​អាមេរិក​សម្រាប់​គម្រោង​សាងសង់​នោះ​ក៏​ដោយ។ ​

​ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​ជា​ប្រចាំ​មួយ លោក​ប្រធានាធិបតី​ម៉ិកស៊ិក​បាន​ប្រាប់​ទៅ​ក្រុម​អ្នក​សារព័ត៌មាន​ថា លោក​គាំទ្រ​សេចក្តី​សម្រេច​របស់​លោក​ប្រធានាធិបតី​ Biden ដោយលោក Obrador លើក​ឡើង​ថា ​កាល​ពី​អតីតកាល ប្រធានាធិបតីអាមេរិក​មក​ពី​គណបក្ស​ទាំង​ពីរធ្លាប់​បានចូល​រួម​ស្ថាបនា​ជញ្ជាំង​ព្រំដែន​នេះ។ ​

លោក Obrador បាន​មាន​ប្រសាសន៍​ថា៖ «សឹង​គ្រប់​[ប្រធានាធិបតី​ទាំង​អស់​]​ធ្លាប់​បានចូល​រួម​ស្ថាបនា​ផ្នែករៀងៗ​ខ្លួន​នៅជញ្ជាំង​ព្រំដែន​នេះ ហើយ​ឥឡូវ​នេះ​ លោក​ប្រធានាធិបតី Biden បាន​សម្រេច​ថា លោក​លែង​សាងសង់​ជញ្ជាំង​តាម​បណ្តោយ​ព្រំដែន​តទៅ​ទៀត​ហើយ។ ដូច្នេះ នេះ​គឺ​ជា​ រឿង​ប្រវត្តិសាស្រ្ត​មួយ»។

លោក​ប្រធានាធិបតី​ក៏​បាន​ជំរុញ​ឲ្យ​ជន​ចំណាកស្រុក​ដែល​បាន​បំណងទៅ​សហរដ្ឋ​អាមេរិក ជៀសវាងការ​លួច​ឆ្លង​ដែន​ខុស​ច្បាប់​តាម​បណ្តោយ​ព្រំដែន​សហរដ្ឋ​អាមេរិក និង​ម៉ិកស៊ិក នា​ពេល​ឥឡូវ​នេះ​នៅ​ពេល​ដែល​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​ថ្មីមួយ​បាន​ចូល​កាន់​តំណែង។

រដ្ឋបាល​លោក​ប្រធានាធិបតី Biden បាន​ប្រកាស​នៅ​ថ្ងៃ​ដូចគ្នា​នេះ​ផង​ដែរ​ថា មុន​ដំណាច់ខែ​កុម្ភៈ រដ្ឋាភិបាល​អាមេរិក​នឹង​ចាប់ផ្តើម​ដំណើរការ​ពិនិត្យ​លើ​ករណី​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​ ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​រង់ចាំ​នៅ​ប្រទេស​ម៉ិកស៊ិក​ ក្រោម​កម្មវិធី​ដ៏​ចម្រូងចម្រាសមួយ​ដាក់​ចេញ​ដោយ​លោក Trump។

​មន្រ្តី​ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​និយាយ​ថា ដោយ​ចាប់ផ្តើម​កាល​ពី​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ​ទៅ មន្រ្តី​អន្តោប្រវេសន៍​អាមេរិកាំង​នឹង​ចាប់​ផ្តើម​ដំណាក់កាល​ជំហាន​ដំបូង ​ដើម្បី​ពិនិត្យ​លើ​ករណីមនុស្ស​ដែលត្រូវ​បាន​ដាក់​ក្នុង​ស្ថានភាព «រង់ចាំ​នៅ​ប្រទេស​ម៉ិកស៊ិក» ក្រោម​កម្មវិធីអនុស្សរណៈការពារ​ជន​ចំណាកស្រុក ឬ MPP ដែល​បង្ខំ​ឲ្យ​ជន​ស្វែងរក​សិទ្ធិ​ជ្រក​កោន​រាប់​ម៉ឺន​នាក់ត្រូវ​ស្ថិត​នៅ​ផ្នែក​ព្រំដែន​របស់​ប្រទេស​ម៉ិកស៊ិក ដើម្បី​រង់ចាំ​ការ​កោះហៅ​ពី​តុលាការ​អន្តោប្រវេសន៍​សហរដ្ឋអាមេរិក។​

​ជនចំណាកស្រុក​ប្រមាណ ២៥.០០០​នាក់​មាន​ករណី​ជាប់​នៅ​ក្នុង​កម្មវិធី​ការពារ​ជនចំណាក​ស្រុក MPP នេះ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG