ទាំងប្រទេសអូទ្រីស និងហុងគ្រីបានឃើញចំនួនជនចំណាកស្រុកដ៏ច្រើនបំផុតឆ្លងកាត់ព្រំដែនរបស់ខ្លួននៅពេលយប់ ដែលជាចំនួនថ្មីសម្រាប់ប្រទេសនានានៅជួរមុខនៃវិបត្តិជនភៀសខ្លួនរបស់អឺរ៉ុប។
ប្រទេសហុងគ្រីបានប្រាប់ឲ្យដឹងថា មនុស្សជាង៣.០០០នាក់បានចេញពីប្រទេសសែប៊ី ចូលក្នុងប្រទេសហុងគ្រីកាលពីយប់ថ្ងៃពុធរហូតដល់ព្រឹកថ្ងៃព្រហស្បតី៍នេះ ខណៈដែលប្រទេសអូទ្រីសបាននិយាយថា ចំនួនប្រហាក់ប្រហែលគ្នានេះបានឆ្លងចូលក្នុងទឹកដីរបស់ខ្លួនដោយចេញពីប្រទេសហុងគ្រី។
ក្នុងទីក្រុង Nickelsdorf ភាគខាងកើតប្រទេសអូទ្រីស មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាដើម្បីរង់ចាំរទេះភ្លើងទៅកាន់ទីក្រុងវីយ៉ែន ហើយបន្ទាប់មកចាកចេញពីទីនោះទៅកាន់ប្រទេសអាល្លឺម៉ង់ និងប្រទេសផ្សេងៗទៀត។
ក្រុមអាជ្ញាធរអូទ្រីសនិយាយថា ពួកគេកំពុងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះដើម្បីពិភាក្សាថាតើបញ្ជូនរទេះភ្លើងពិសេសទៅកាន់ព្រំដែនដើម្បីដឹកជនភៀសខ្លួនទៅកាន់រដ្ឋធានីប្រទេសអូទ្រីសដែរឬទេ។
ជនភៀសខ្លួនរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅក្នុងប្រទេសអូទ្រីសចាប់តាំងពីប្រទេសនោះបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងទទួលយកការដាក់ពាក្យសុំសិទ្ធិជ្រកកោន ដូចដែលអាល្លឺម៉ង់បានធ្វើកាលពីមួយសប្តាហ៍មុនដែរ។ អឺរ៉ុបកំពុងឃើញចំនួនជនភៀសខ្លួនដ៏ច្រើនបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២ នៅពេលដែលមនុស្ស ស្វះស្វែងគេចចេញពីអំពើហិង្សានៅក្នុងប្រទេសស៊ីរី អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា និងតំបន់អាហ្វ្រិកខាងជើង។
ស.រ.អាបានសន្យាកាលពីថ្ងៃពុធថា នឹងទទួលយកជនភៀសខ្លួនកាន់តែច្រើនឡើងថែមទៀតពីប្រទេសស៊ីរី និងប្រទេសផ្សេងៗទៀត ខណៈដែលអឺរ៉ុប បានបញ្ចេញផែនការទទួលជនភៀសខ្លួនតាមចំនួនកូតាប្រទេសមួយៗដើម្បីតាំងទីលំនៅជនចំណាកស្រុក១៦០.០០០នាក់៕