ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ប្រែប្រួល​អាកាស​ធាតុ​ស្ថិត​នៅ​ក្នុង​ចំណោម​របៀបវារៈ​សំខាន់ៗ​​នៅ​ឯ​សន្និសីទ​កំពូល G7


មេដឹកនាំ​ពិភពលោក​ស្ថិត​នៅ​ក្នុង​ទីក្រុង​ Sicily ​ប្រទេស​អ៊ីតាលី ដើម្បី​ចូល​រួម​កិច្ច​ប្រជុំកំពូល​ G7 កាល​ពី​ថ្ងៃទី​២៦ ខែ​ឧសភា។

ការប្រែ​ប្រួល​អាកាសធាតុ​ស្ថិត​នៅ​ក្នុង​ចំណោម​ចំណុច​សំខាន់ៗ​នៅ​លើ​របៀប​វារៈ​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ឯ​សន្និសីទ​កំពូល​ G7 ​ក្នុង​ទីក្រុង​ Sicily​ នៃ​ប្រទេស​អ៊ីតាលី ​ក៏ប៉ុន្តែ ​ទាំង​ពួក​មន្រ្តី​រដ្ឋាភិបាល​អាមេរិកាំង​និង​អង់គ្លេស​កំពុង​បដិសេធ​ជាសាធារណៈ​អំពី​ការ​មិន​ចុះ​សម្រុង​គ្នា។

លោកស្រី ​Theresa May ​នាយក​រដ្ឋមន្រ្តី​អង់គ្លេសបាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា ពួក​មេដឹកនាំ​បាន​ពិភាក្សា​គ្នា​យ៉ាង​ល្អ​អំពី​បញ្ហា​អាកាស​ធាតុ។​ លោកស្រី​នា​យករដ្ឋ​មន្រ្តី​មាន​ប្រសាសន៍​បន្ថែ​ទៀត​ថា មិន​មាន​ការ​ងឿង​ឆ្ងល់​ឡើយ​នៅ​ជុំវិញ​តុ​ចរចា​ដែល​រួម មាន​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ ថា​តើ​បញ្ហា​នោះ​មាន​សារៈ​សំខាន់​យ៉ាង​ដូចម្តេច។

យោងតាម​លោក​ Gary Cohn​ ទីប្រឹក្សា​សេដ្ឋ​កិច្ច​របស់​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​ថា លោក​ប្រធានា​ធិបតី​បានស្វែង​យល់ពីពួកមេដឹកនាំ​ពិភព​លោក​នៅ​ថ្ងៃ​នេះ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​ តើ​គោរព​ការប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កខ្វក់​ផ្ទះ​កញ្ចក់​នៅ​ក្រោម​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ដែល​បាន​ចុះ​ហត្ថលេខាកាលពី​២​ឆ្នាំ​មុន​ដែរ​ឬ​ទេ។

ពួក​មន្រ្តីរដ្ឋបាលសហរដ្ឋ​អាមេរិក​បាន​និយាយ​ថា​ លោក​ត្រាំ​ នឹង​រង់ចាំ​រហូត​ដល់​សន្និសីទ​កំពូល​នេះ​បញ្ចប់​ មុន​ពេល​ធ្វើ​ការ​សម្រេច​លើ​បញ្ហា​នេះ។ ​លោក​ធ្លាប់​ចាត់​ទុក​ការ​ឡើង​កំដៅ​ផែនដីថា​ដោយ​សារ​តែ​កត្តា​មនុស្សគឺ​ជា​កុហកក្នុង​អំឡុង​ពេល​នៃ​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​សម្រេច​ជោគ​ជ័យ​កាល​ពី​ឆ្នាំ​ទៅ។​

សន្និសីទ​កំពូល​ G-7 ​បាន​ទទួល​ស្គាល់​ម្តង​ហើយ​ម្តងទៀត​ពីការ​គំរាម​កំហែង​នៃ​ការ​ប្រែ​ប្រួលអាកាស​ធាតុ​កាល​ពី​ជាង​មួយ​ទសវត្សរ៍​មុន។ ​គេ​បាន​ពិនិត្យ​មើល​យ៉ាង​ដិត​ដល់​នូវ​ភាសា​ដែល​បាន​ចេញ​ផ្សាយ​អំពី​ប្រធាន​បទ​នេះ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ Taormina ដែល​ត្រូវ​គេគេ​រំពឹង​នឹង​ចេញ​ផ្សាយ​នៅ​រសៀល​ថ្ងៃ​សុក្រ​ឬ​ក៏​ព្រឹក​ថ្ងៃ​សៅរ៍​នេះ៕

XS
SM
MD
LG