ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិបត្តិ​ករ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​​ការពារ​អន្តរាគមន៍​រដ្ឋាភិបាល​ចំពោះ​ពិដាន​អត្រា​ការប្រាក់


 ធនាគារ​អេស៊ីលីដា​បាន​ផ្លាស់ប្តូរ​ស្លាកសញ្ញា​បប្រចាំក្រុមហ៊ុន​បន្ទាប់ពី​រដ្ឋាភិបាល​បាន​ប្រកាស​ថា​ស្លាក​សញ្ញា​របស់​ធនាគារ​នេះ​ស្រដៀង​នឹង​ស្លាកសញ្ញា​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុកាល​ពី​ថ្ងៃទី​​១៩ កុម្ភៈ ២០១៧។(នៅ វណ្ណារិន/VOA)
ធនាគារ​អេស៊ីលីដា​បាន​ផ្លាស់ប្តូរ​ស្លាកសញ្ញា​បប្រចាំក្រុមហ៊ុន​បន្ទាប់ពី​រដ្ឋាភិបាល​បាន​ប្រកាស​ថា​ស្លាក​សញ្ញា​របស់​ធនាគារ​នេះ​ស្រដៀង​នឹង​ស្លាកសញ្ញា​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុកាល​ពី​ថ្ងៃទី​​១៩ កុម្ភៈ ២០១៧។(នៅ វណ្ណារិន/VOA)

ប្រព័ន្ធ​ខ្ចី​ប្រាក់​ក្នុង​ប្រទេស​កម្ពុជា ​បាន​រីក​ធំ​ ចាប់​តាំង​ពី​ប្រទេស​ដ៏​ក្រីក្រ​នេះ​ បាន​បើក​ចំហ​ជើងមេឃ​របស់​ខ្លួន​ទទួល​ការ​វិនិយោគ​ពី​ក្រៅ​ប្រទេស ដោយ​ឈរ​លើ​គោល​ការណ៍​ទីផ្សារ​សេដ្ឋកិច្ច​សេរី។

ទោះបីជា​មាន​ការ​ព្រមាន​ពី​ផលវិបាក​នានា​ដែល​អាច​កើត​ពី​ការ​ដាក់​ពិដាន​អត្រា​ការប្រាក់​ពី​អ្នក​ជំនាញ​ខាង​ហិរញ្ញវត្ថុ​ក្ដី​ ក្រុម​អ្នកតំណាង​ប្រតិបត្តិ​ករ​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​បាន​ប្រកាស​ថា ​ពិដាន​អត្រា​ការ​ប្រាក់​ថ្មី​នេះ​ គឺ​ជា​ចំនួន​សមរម្យ និង​មិន​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក​វិយោគ​ក្រៅ​ប្រទេស​នោះ​ទេ។

កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា​នេះ​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ស្ដីពី​ការ​ដាក់​ពិដាន​អត្រា​ការ​ប្រាក់​ឥណទាន​ឬ​ការ​កំណត់​ឲ្យ​ស្ថាប័ន​ផ្ដល់​ប្រាក់កម្ចី យក​ការ​ប្រាក់​ខ្ពស់​បំផុត​ត្រឹម​១៨​ភាគរយ​ក្នុង​មួយ​ឆ្នាំ។

ប្រតិ​កម្ម​ពី​ប្រតិបត្តិ​ករ​នៃ​គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ

ក្នុង​សន្និសីទ​ព័ត៌មាន​ ធ្វើឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​រាជធានី​ភ្នំពេញ​ លោក​ ហួត​ អៀង​តុង​ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​និយាយ​ថា​ អត្រាការ​ប្រាក់​ ១៨ភាគរយនេះ​ ធ្វើ​ឲ្យ​ប្រតិបត្តិ​ករ​នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ មាន​ការ​បារម្ភ​ តែ​វា​ជា​អត្រា​ដែល​អាច​ទទួលយក​បាន។

«អ្វី​ដែល​យើង​ព្រួយបារម្ភ​ យើង​ព្រួយបារម្ភ​ថា​ អ្នក​វិនិយោគ​នៅ​លើ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នេះ​ គាត់​នឹង​ដក​ទុន​ហ្នឹង​ទៅវិញ។​ អញ្ចឹង​អ្វី​ដែល​យើង​ខិតខំ​ប្រឹង​ប្រែង​ គឺ​យើង​ខិត​ខំ​ប្រឹងប្រែង​ខ្លាំង​មែនទែន​ ពន្យល់​ទៅ​អ្នក​វិនិ​យោគ​ទាំង​អស់នោះ​ ប្រាប់​ថា​ ទោះ​ជា​ អត្រា​ការប្រាក់ បាន​បញ្ចុះ​មក​នៅ​ត្រឹម​១៨​ភាគរយ​ហ្នឹង​ក៏ដោយ​ ក៏​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​ មិន​មាន​បញ្ហា​អី​ទេ»។

លោក​ថា​ ដើម្បី​រក្សា​លំនឹង​នៃ​កិច្ច​ប្រតិបត្តិការ​ និង​ភាព​ចម្រើន​ទៅមុខ​នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ប្រតិបត្តិ​ករ​នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ត្រូវ​បង្កើន​ការ​ត្រួតពិនិត្យ​លើ​ថ្លៃ​ដើម​នៃ​ប្រតិបត្តិការ​របស់​ខ្លួន។

«អញ្ចឹង​អ្វី​ដែល​យើង​ខិតខំ​ ពិនិត្យមើល​គឺ​គ្រប់​គ្រឹះស្ថាន​ទាំង​អស់​គឺ​ យើង​នឹង​ពិនិត្យ​មើល​អំពី​តម្លៃ​ ប្រតិបត្តិការ​របស់​យើង។​ អញ្ចឹង​យើង​ចាំបាច់​ត្រូវតែ​រៀបចំ​ធ្វើ​យ៉ាង​ណា ឲ្យ​តម្លៃ​ប្រតិបត្តិ​របស់​យើង​មាន​ការ​ថយ​ចុះ​ ដើម្បី​អាច​ទប់​ទល់​ជាមួយ​នឹង​ ការ​ថយ​ចុះ​នៃ​ចំណូល​របស់​យើង​ ដោយសារ​តែ​យើង​បញ្ចុះ​អត្រា​ការ​ប្រាក់​ហ្នឹង»។

រូបឯកសារ៖ ប្រជាជន​ខ្មែរ​រាប់​លុយ​រៀល​ដែល​ជា​រូបិយប័ណ្ណ​ជាតិ​និង​លុយ​ដុល្លារ​អាមេរិច​នៅ​ឯ​តូប​ដូរ​លុយ​ក្នុង​ស្រុក​មួយ​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ​ខែ​មេសា​ ឆ្នាំ២០១៦។​ (​ឡេង ឡែន/VOA)
រូបឯកសារ៖ ប្រជាជន​ខ្មែរ​រាប់​លុយ​រៀល​ដែល​ជា​រូបិយប័ណ្ណ​ជាតិ​និង​លុយ​ដុល្លារ​អាមេរិច​នៅ​ឯ​តូប​ដូរ​លុយ​ក្នុង​ស្រុក​មួយ​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ​ខែ​មេសា​ ឆ្នាំ២០១៦។​ (​ឡេង ឡែន/VOA)

សន្និសីទ​ព័ត៌មាន​របស់​តំណាង​ប្រតិបត្តិ​ករ​នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ធ្វើឡើង​ ក្រោយ​ការ​រិះគន់​ខ្លាំងៗ​ពី​អ្នក​ជំនាញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ដែល​បាន​ថ្លែងកាលពី​ពេល​កន្លងមក​ថា ការ​ដាក់​ពិដាន​នេះ​ នឹង​ជួយ​សម្រួល​បញ្ហា​ដល់​អ្នក​ជាប់​បំណុល​បាន​មួយរយៈពេល​ខ្លី​ប៉ុណ្ណោះ។ ​តែ​វា​ក៏​នឹង​ផ្ដល់​ឥទ្ធិ​ពល​ជា​អវិជ្ជមាន​ផង​ដែរ​ ទៅ​ដល់​កិច្ច​ប្រតិបត្តិការ​របស់​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ខ្នាត​តូច។

ពួកគេ​បាន​ឲ្យ​ដឹង​ថា ពួកគេ​មិន​បាន​ទទួល​ដំណឹង​ជាមុន​អំពី​ការ​សម្រេច​ដាក់​ពិដាន​លើ​អត្រា​យ៉ាង​តក់​ក្រហល់​នោះ​ឡើយ។

ប្រព័ន្ធ​ខ្ចី​ប្រាក់​ក្នុង​ប្រទេស​កម្ពុជា ​បាន​រីក​ធំ​ ចាប់​តាំង​ពី​ប្រទេស​ដ៏​ក្រីក្រ​នេះ​ បាន​បើក​ចំហ​ជើងមេឃ​របស់​ខ្លួន​ទទួល​ការ​វិនិយោគ​ពី​ក្រៅ​ប្រទេស ដោយ​ឈរ​លើ​គោល​ការណ៍​ទីផ្សារ​សេដ្ឋកិច្ច​សេរី។

​បើ​តាម​ប្រភព​ពី​ធនាគារ​កណ្ដាល​របស់​ប្រទេស​កម្ពុជា​ ប្រព័ន្ធ​ធនាគារ​បាន​រីក​ធំ​យ៉ាង​ខ្លាំង​ ក្នុង​នោះ​រួមមាន​ ធនាគារ​ពាណិជ្ជកម្ម​ចំនួន​៣៦​ ធនាគារ​ឯកទេស​ចំនួន​ ១១​ ការិយាល័យ​តំណាង​ធនាគារ​បរទេស​ចំនួន​ ៨ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ចំនួន​ ៥៨​ ដែល​ក្នុង​នោះ​មាន​គ្រឹះ​ស្ថាន​ដកប្រាក់​បញ្ញើ​ចំនួន​ ៨​ និង​ប្រតិបត្តិ​ករ​ផ្ដល់​កម្ចី​ចំនួន​ ១០៤ ហើយ​ក្រុមហ៊ុន​ធ្វើ​កិច្ចសន្យា​ជួល​ចំនួន​ ៩​ និង​ក្រុម​ហ៊ុន​ការិយាល័យ​ឥណទាន​ចំនួន​មួយ។​

ទំហំ​ប្រាក់​កម្ចី​ដែល​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ក្នុង​ប្រព័ន្ធ​ផ្ដល់ឥណទាន​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​មាន​ចំនួនប្រមាណ​ ៣៥០០​លាន​ដុល្លារ​អាមេរិក​ គឺ​ស្មើនឹង​ជាង​ពាក់​កណ្ដាល​នៃ​ប្រាក់​បំណុល​ជាតិ​ ដែល​មាន​ចំនួន​ ៦០០០ លាន​ដុល្លារ​អាមេរិក។​

រូបឯកសារ៖ ធនាគារ​ជាតិ​នៃ​កម្ពុជា ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះនរោត្តម​ នៅ​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៨ ខែ សីហា ២០១៥។ (អ៊ុច នីដា/ VOA)
រូបឯកសារ៖ ធនាគារ​ជាតិ​នៃ​កម្ពុជា ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះនរោត្តម​ នៅ​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៨ ខែ សីហា ២០១៥។ (អ៊ុច នីដា/ VOA)

ទំហំ​ប្រាក់​កម្ចី​ ៣៥០០លាន​ដុល្លារ​ ត្រូវ​បាន​ផ្ដល់​ទៅ​អតិថិជន​ចំនួន​ជាង​២លានគ្រួសារ​គិត​ត្រឹម​ឆ្នាំ​ ២០១៦។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​ជំនាញ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ។

ដោយ​បាន​ចូលរួម​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​ ប៊ុន​ មុនី​ ទីប្រឹក្សា​ហិរញ្ញវត្ថុ​របស់​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ បាន​ផ្ដល់តួលេខ​ខុសគ្នា​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ដោយ​លោក​បាន​ឲ្យដឹង​ថា​ ប្រទេស​កម្ពុជា​មាន​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុចំនួន​៨៣​ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា។​ តែមាន​គ្រឹះស្ថាន​ធំៗ​មិន​ដល់​១០​ទេ​ ដែល​អាច​ផ្ដល់​ប្រាក់​កម្ចី​បាន​ទូទាំង​ប្រទេស​នោះ។ លោក​ចាត់​ទុក​ថា​ នេះ​ជា​ការ​រីកចម្រើន​មួយ​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា។

ពាក់​ព័ន្ធ​នឹង​ក្តី​បារម្ភ​ដែល​បាន​លើកឡើង​កាល​ពី​ពេល​កន្លង​មកថា​ ពិដាន​អត្រា​ការ​ប្រាក់​នេះ​នឹង​ធ្វើ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​មួយ​ចំនួន​បិទទ្វារ លោក ប៊ុន​ មុនី​បាន​ឆ្លើយ​ថា៖​ ​

«ជុំវិញ​រឿង​អស់​ហ្នឹង​ ខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់​ថា ៨៣​គ្រឹះស្ថាន​បច្ចុប្បន្ន​គឺ​មាន​ប្រហែល​ជា​១០​ទេ ដែល​មាន​ប្រាក់​ទុន​សរុប​ ហើយ​និង​ស្មើ​នឹង​៩០​ភាគរយ​ ឬ​ក៏​ជាង​៣០០០លាន​ដុល្លារ​នោះ​ នៃ​ប្រាក់​ទុន​បច្ចុប្បន្ន។ ​រីឯ​ ៧០​ជាង​ទៀត​នោះ​ គឺ​គាត់​ស្ថិត​នៅ​ក្នុង​រូបភាព​តូចៗ​នៅឡើយ​បាទ។ មាន​ទុន​ខ្លះ​មិន​ដល់​១លាន​ ខ្លះ​១លាន​ ២លានដុល្លារ​ជាដើម​អញ្ចឹង»។​

លោក​បន្ត​ថា៖​

«ដូច្នេះ​វា​នឹង​មិន​មាន​ឥទ្ធិពល​ធំដុំ​ទៅលើ​អ្នក​ជនបទ​នោះ​ទេ ដោយ​យើង​ព្រួយបារម្ភ​សម្រាប់​តែ​ អ្នក​ដែល​មាន​ប្រតិបត្តិការ​ច្រើន​ ដែល​គាត់​បញ្ចេញ​រហូតដល់​ជនបទ។ បច្ចុប្បន្ន​នេះ​ គឺ​អ្នក​ទាំង​១០​នោះ​ឯង»។

ពលរដ្ឋ​មិន​ទាន់​យល់​ពី​ការប្រើប្រាស់​ឥណទាន

អ្នក​ឃ្លាំ​មើល​កិច្ច​អភិវឌ្ឍ​សង្គម​កម្ពុជា​ និយាយ​ថា​ ភាគី​ពាក់​ព័ន្ធ​ក្នុង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ត្រូវ​បង្កើន​ការ​អប់រំ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ឲ្យ​យល់​ពី​ការ​ប្រើប្រាស់​កម្ចី​ឲ្យ​ចំ​គោលដៅ​ ខណៈ​ដែល​អ្នក​ខ្ចី​ប្រាក់​ភាគច្រើន​ មិនបាន​យក​ប្រាក់​កម្ចី​ទៅ​បង្កើត​ប្រាក់​ដើម្បី​សង​ត្រឡប់​ទៅ​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​វិញ​ តែ​បែរ​ជា​យក​ទៅ​ទិញ​សម្ភារៈ​ប្រើប្រាស់​ផ្ទាល់ខ្លួន។

លោក​ សន ជ័យ ​នាយក​ប្រតិបត្តិនៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​កម្ពុជា​ ប្រាប់ VOA ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ ស្រប​ពេល​នឹង​ការ​ដាក់​ពិដាន​អត្រា​ការ​ប្រាក់​នេះ​ ភាគី​ពាក់​ព័ន្ធ​ក្នុង​ប្រតិបត្តិ​ការ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ត្រូវ​បង្កើន​ការ​យល់​ដឹង​របស់​អ្នកខ្ចី​ប្រាក់​ ឲ្យ​យល់​ពី​ការ​គ្រប់​គ្រង​ប្រាក់​កម្ចី​របស់​ខ្លួន​ ក្នុង​ការ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន។

លោក​ថា​ មាន​តែ​មន្ត្រី​រដ្ឋាភិបាល ឬ​បុគ្គលិក​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ឲ្យ​យល់​ពី​ការ​គ្រប់​គ្រាន់​ឥណទាន​ឲ្យបាន​ត្រឹមត្រូវ​នោះ។

រូបឯកសារ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុមាន​មុខងារ​រៀបចំ​អនុវត្ត និង​តាមដាន​ការ​អនុវត្ត​គោល​នយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល​ ក្នុងរាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៨ ខែ សីហា ២០១៥។ (ស៊ូ ពិសែន/ VOA)
រូបឯកសារ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុមាន​មុខងារ​រៀបចំ​អនុវត្ត និង​តាមដាន​ការ​អនុវត្ត​គោល​នយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល​ ក្នុងរាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៨ ខែ សីហា ២០១៥។ (ស៊ូ ពិសែន/ VOA)

«មន្ត្រី​រដ្ឋាភិបាល​ បុគ្គលិក​ក្រុមហ៊ុន​អី​ គេ​បណ្តុះបណ្តាល​ ជំនាញ​រឿង​គ្រប់​គ្រង​ហិរញ្ញវត្ថុ​ហ្នឹង​ យ៉ាង​ញឹកញាប់​ ក៏ប៉ុន្តែ​ មន្ត្រី​ឬ​ក៏​ហៅថា​ ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​វិញ​ អ្នក​ដែល​ខ្ចី​លុយ​ ដូច​ជា​ពុំ​សូវ​មាន​គេ​អើ​ពើ​ ទៅ​ពង្រឹង​សមត្ថភាព​ពួកគាត់​ទេ។ អញ្ចឹង​ទៅ​អាច​ថា​ ពួកគាត់​ ជា​ជន​រងគ្រោះ​ដោយ​ប្រយោល​ ឬ​ក៏​ដោយ​យថាហេតុ​ណាមួយ​ដែរ​នៅ​ក្នុង​រឿង​គ្រប់​គ្រង​លុយ​កម្ចី​ពី​មីក្រូហិរញ្ញវត្ថុ​ សម្រាប់​អាជីវកម្ម​របស់​ខ្លួន​ហ្នឹង»។

លោក​ មាស នី​ អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍ​សង្គម ប្រាប់​ VOA ​ថា ក្រុម​បុគ្គលិក​របស់​ប្រតិបត្តិ​ករ​ផ្ដល់​ប្រាក់​ឥណទាន​ ឬ​ប្រាក់​កម្ចី​នៅ​តំបន់​ជន​បទ​ មិន​បាន​ធ្វើ​ការ​វាយ​តម្លៃ​ឲ្យបាន​ល្អិតល្អន់​ចំពោះ​ គោលបំណង​នៃ​ការ​ស្នើសុំ​ប្រាក់​កម្ចី​របស់​ប្រជា​ពលរដ្ឋ​ថា​ ពួកគេ​នឹង​ប្រើ​កម្ចី​ទៅ​លើ​អ្វី​នោះ​ទេ។

ផ្ទុយ​ទៅវិញ​ ពួកគេ​ខិតខំ​បញ្ចេញ​ឥណទាន​ ឲ្យ​ទាន់​ពេលវេលា​ ដើម្បី​រក្សា​សន្តិសុខ​ការ​ងារ​របស់​ពួកគេ​ ជាហេតុ​នាំឲ្យ​អ្នក​ខ្ចី​ប្រាក់​ ប្រើ​ប្រាក់​កម្ចី​មិន​ចំ​គោលដៅ។

«តាម​អ្វី​ដែល​ខ្ញុំ​ដឹង​មួយ​ភូមិៗ​ មាន​ពី៨ ទៅ ១០​ ឬ​១៣​ឯណោះ។ កន្លែង​ខ្លះ ​មាន​ដល់​១៣​ស្ថាប័ន​ដែល​ចូល​ក្នុង​ភូមិ ជាមួយ​គ្នា​ហ្នឹង។ ហើយ​បុគ្គលិក​ក្នុង​ស្ថាប័ន​មួយៗ​ហ្នឹង​គឺ​មាន​តួនាទី​ធ្វើ​ម៉េច​ ចេញ​ប្រាក់​កម្ចី​ហ្នឹង​ឲ្យ​ទាន់​ពេលវេលា​ តាម​ចំនួន​ដែលគេ​បាន​កំណត់។ បើ​មិន​អញ្ចឹង​ទេ​ វា​អាច​ប៉ះពាល់​ ដល់​ការ​ងារ​ទៅ​ថ្ងៃ​អនាគត។​ អញ្ចឹង​អា​ហ្នឹង​វា​អាច​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ទៅលើ​គុណភាព​នៃ​ការ​ធ្វើការ​ជា​មួយ​នឹងអ្នក​កម្ចី​ អ្នក​ដែល​ខ្ចី​លុយ​ហ្នឹង ដើម្បី​ឲ្យ​ ធ្វើ​ម៉េច​ឲ្យ​មើល​ទៅ​ ឃើញ​ថាលុយ​ហ្នឹង​អាច​ខ្ចី​ទៅ​អាច​រក​ស៊ី​បាន»។

លោក​បន្ត​ថា៖​

«ហើយ​មាន​ចំណុច​មួយ​ទៀត​នោះ​ ពេល​ដែល​ជជែក​គ្នា​ពី​រឿង​ប្រាក់​ខ្ចី​ គេ​មិនសូវ​បាន​គិត​អំពី​ ការ​យក​លុយ​ទៅ​បង្កើត​លុយ​ ចេញ​មក​ដើម្បី​យក​មកសង​ទេ​ ​ច្រើន​យក​លុយ​ហ្នឹង​ចុះ​ទៅ​ធ្វើ​អី​ ក៏​ធ្វើ​ចុះ​ ប៉ុន្តែ​ ឲ្យតែ​ឮសូរ​ថា​មាន​ប្រភព​លុយ​សង​ហ្នឹង​មក​វិញ​ពី​អ្នក​ផ្សេង​វិញ។​ ឧទាហរណ៍​ថា​មាន​កូន​ធ្វើ​ការ​អញ្ចឹង​ទៅ​ ឬ​ក៏​មាន​ប្ដី​បាន​ប្រាក់​ខែ​អញ្ចឹង​ទៅ។ អញ្ចឹង​គេ​ឲ្យ​ខ្ចី​ អា​ហ្នឹង​ជា​រឿង​ធម្មតា​ទេ ដែល​ឃើញ​បាទ ប៉ុន្តែ​គេ​មិន​សូវ​ផ្ដោត​ការ​យក​លុយ​ហ្នឹង​ ហើយ​ធ្វើ​ម៉េច​ឲ្យ​ប្រាកដ​ថា​លុយ​ហ្នឹង​ ពិតជា​យក​ទៅ​រក​ស៊ី​បាន​លុយ​មក​សង​វិញ​ គេ​អត់សូវ​បាន​គិត​រឿង​ហ្នឹង»។

អ្វី​ទៅ​ជា​ការ​ដាក់​ពិដាន​អត្រា​ការ​បា្រក់​ ហើយ​គុណសម្បត្តិ​ និង​គុណ​វិបត្តិ​របស់វា?​

ការ​ដាក់​ពិដាន​ការប្រាក់​ គឺ​ជា​ ការ​កំណត់​អត្រា​ការប្រាក់​អតិបរមា​ ដែល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ អាច​យក​ពី​អ្នកខ្ចី​ប្រាក់​ពី​កិច្ច​ព្រមព្រៀង​ដាក់​បញ្ចាំ ឬ​ប្រាក់​កម្ចី​ ដោយ​យោង​តាម​ថេរវេលា​នៃ​កិច្ចសន្យា​ នៃ​កិច្ច​ព្រមព្រៀង​ដាក់​បញ្ចាំ​ ឬ​ក៏​ប្រាក់​កម្ចី​នោះ។

ពិដាន​អត្រា​ការ​ប្រាក់​នេះ​ គឺ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ចំនួន​ភាគរយ​ដាច់​ខាត​មួយ​ ដែល​មិន​អាច​កែប្រែ​បាន​នោះ​ឡើយ។​

រីឯ គោល​បំណង​នៃ​ការ​ដាក់​ពិដាន​នេះ​ គឺ​ការពារ​អ្នកប្រើ​ប្រាស់​ប្រាក់​កម្ចី​ពី​ការ​យក​អត្រា​ការ ប្រាក់​ខ្ពស់​ហួសហេតុ​ បង្កើន​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ ហើយនិង​ធ្វើ​អ្នកខ្ចី​មាន​លទ្ធភាព​ច្រើន​ក្នុង​ការខ្ចី​ប្រាក់។

ក៏ប៉ុន្តែ​ការ​ដាក់​ពិដាន​អត្រា​ការ​ប្រាក់​នេះ​ ក៏​ផ្ដល់​ផល​ប៉ះពាល់​ជាច្រើន​ផង​ដែរ។​ ផល​ប៉ះពាល់​ទាំង​អស់នោះ​ រួមមាន​ ការ​កើន​ឡើង​នូវ​ការ​ខ្ចី​ប្រាក់​ដោយ​ខុស​ច្បាប់​ និង​ការ​រារាំង​ដល់​លទ្ធភាព​ទទួល​បាន​ឥណទាននៅ​ទី​ជន​បទ​ និង​តំបន់​ដែល​ងាយ​រង​គ្រោះ​ ការបង្កើន​ថ្លៃ​ចំណាយ​លើ​ប្រតិបត្តិការ ការ​រំខាន​ដល់​ការ​ច្នៃ​ប្រឌិត​ផលិត​ផល​ហិរញ្ញវត្ថុ និង​ការបង្កើន​ការ​ចំណាយ​ដល់​អ្នកខ្ចី​ប្រាក់​ចំពោះ​ថ្លៃ​ចំណាយ​ដែល​មិន​ពាក់​ព័ន្ធ​នឹង​ការ​ប្រាក់។

សន្និសីទ​ព័ត៌មាន​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ធ្វើ​ឡើង​ តែ​មួយថ្ងៃ​ក្រោយ​លោក​ នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​បញ្ជាក់​ជាថ្មី​ម្តង​ទៀតកាលពី​ថ្ងៃ​ពុធថា​ ការ​ដាក់​ពិដាន​អត្រា​ការប្រាក់​ត្រឹម​ ១៨ភាគរយក្នុង​មួយ​ឆ្នាំ​នេះ ជា​ការ​បើក​ផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ទទួល​បាន​ទុន​យក​មក​ធ្វើ​អាជីវកម្ម។

សន្និសីទ​ព័ត៌មាន​របស់​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ដដែល​នេះ​ ត្រូវ​គេ​ជឿ​ថា​ ធ្វើ​ឡើង​ក្រោម​សម្ពាធ​ពី​រដ្ឋាភិបាល​ផង​ដែរ ដោយសារតែ​អ្នក​ជំនាញ​ខាង​ហិរញ្ញវត្ថុ​ឯករាជ្យ​បាន​លើកឡើង​ថា​ ការ​ដាក់​ពិដាន​អត្រា​ការ​ប្រាក់​ត្រឹម​១៨ភាគរយ​នេះ​ នឹង​អាច​ធ្វើ​ឲ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​តូចៗ​ជាច្រើន​ត្រូវ​ប្រឈម​នឹង​ការ​បញ្ចប់​អាជីវកម្ម​របស់​ខ្លួន៕

រាយការណ៍​បន្ថែម​ដោយ​កញ្ញា​ ខាន់ សុគុំមនោ។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG