ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចិន​និយាយ​ថា​អ្នក​ប្រឆាំង​នយោបាយ​អាច​ដាក់​ពាក្យ​សុំ​ទៅ​សិក្សា​បាន


លោក​ chen_guangcheng សកម្មជនពិការ​ភ្នែក​ចិន សុំ​​​សិទ្ធិ​ជ្រក​កោន​​នៅ​សហរដ្ឋ​អាមេរិក​ ដោយ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​របស់​ខ្លួន​លោក​និង​គ្រួសារ​របស់​លោក។

ប្រទេស​ចិនបាន​ប្រាប់​ឲ្យ​ដឹង​ថា​អ្នក​ប្រឆាំង​ពិការ​ភ្នែក​លោក ចេន គ្វាងចេង (Chen Guangcheng) មាន​សេរីភាព​ដើម្បី​ដាក់​ពាក្យ​សុំ​ទៅ​សិក្សា​នៅ​បរទេស​បាន ដែល​ជា​ការ​ផ្តល់​សញ្ញា​ពី​លទ្ធ​ភាព​នៃ​ការ​ដោះ​ស្រាយ​ជម្លោះ​ខាង​ផ្លូវ​ការទូត​ដែល​បាន​ចាប់​ផ្តើម​ឡើង នៅ​ពេល​ដែល​លោក​បាន​គេច​ខ្លួន​ពី​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​ហើយ​បាន​រត់​គេច​ខ្លួន​ទៅ​ស្ថានទូត​សហរដ្ឋអាមេរិក​ក្នុង​ទីក្រុង​ប៉េកាំង។

ការ​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ការ​អំពាវនាវ​ជា​បន្ត​បន្ទាប់​ពី​លោក​ ចេន ដែល​និយាយ​ថា​លោក​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​លោក​ហើយ​លោក​ចង់ធ្វើ​ដំណើរទៅ​កាន់​សហរដ្ឋ​អាមេរិក​ជាមួយ​គ្រួសារ​របស់​លោកនៅ​ពេល​ណា​មួយ។ លោក ចេន បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​តាម​ទូរស័ព្ទ​ពី​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​លោក​មិន​អាច​ជួប​ជាមួយ​មន្រ្តី​សហរដ្ឋ​អាមេរិក​ចាប់​តាំង​ពី​ថ្ងៃ​ពុធ​មក នៅពេល​ដែល​លោក​ចាក​ចេញពី​ស្ថានទូត​ដែល​ជា​ទី​កន្លែង​ដែលលោក​បាន​ស្វះ​ស្វែង​រក​កន្លែង​ជ្រក​កោណអស់​រយៈពេល​ជិត​មួយ​សប្តាហ៍។

កាល​ពី​ដំបូង លោក​បាន​ប្រាប់សភា​សហរដ្ឋ​អាមេរិក​ក្នុង​អំឡុង​ពេល​នៃ​ការ​និយាយ​ទូរស័ព្ទបន្ត​ផ្ទាល់​នៅ​ក្នុង​ការ​បើក​អង្គ​ប្រជុំ​សភា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​លោក​សង្ឃឹម​ថា​លោក នឹង​បាន​ជួប​ជាមួយ​លោកស្រី​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ដែល​បាន​ចូល​រួម​ក្នុង​ការ​ចរចា​ប្រចាំ​ឆ្នាំ​កម្រិត​ខ្ពស់​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​ក្នុង​ទីក្រុង​ប៉េកាំង។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេង​ទៀត៖

ស៊ីរី៖ សកម្មជន​ស៊ីរី​និយាយ​ថា​កងទ័ព​ស៊ីរី​បាន​សម្លាប់​ជន​ស៊ីវិល​៤​នាក់ៅ​ថ្ងៃ​សុក្រ​នេះ នៅ​ពេល​ដែល​អ្នក​នាំ​ពាក្យ​បេសកជន​អន្តរជាតិ​របស់​លោក កូហ្វី អានណាន់ (Kofi Annan) បាន​និយាយ​ថា​ផែនការ​សន្តិភាព​សម្រាប់​រដ្ឋាភិបាល​ទីក្រុង​ដាម៉ាស (Damascus) បាន​ប្រព្រឹត្ត​ទៅ​ជា​វិជ្ជមាន​ទោះ​បី​មាន​ការ​បន្ត​ប្រើ​អំពើ​ហិង្សា​ក៏​ដោយ។

ប៉ាគីស្ថាន៖ ពួក​មន្រ្តី​និយាយ​ថា​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ម្នាក់​នៅ​ក្នុង​តំបន់​នៃ​ក្រុម​កុល​សម្ព័ន្ធ​ដែល​មាន​ភាព​វឹកវរ​នៃ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ប៉ាគីស្ថាន​តាម​បណ្តោយ​ព្រំ​ដែន​ជាមួយ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​សម្លាប់​មនុស្ស​២០​នាក់​និង​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏៤០​នាក់​ទៀត​ដែរ​រង​របួស។ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ មាន​៥​នាក់​ជា​ប៉ូលិស។

លោក​ស្រី​រដ្ឋ​មន្រ្តី​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​ Hillary Clinton ស្តីពី​បញ្ហា​ប្រទេស​កូរ៉េខាង​ជើង។
លោក​ស្រី​រដ្ឋ​មន្រ្តី​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​ Hillary Clinton ស្តីពី​បញ្ហា​ប្រទេស​កូរ៉េខាង​ជើង។
ស.រ.អា/កូរ៉េខាងជើង៖ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ចង់​ឲ្យ​ភ្ជាប់​ទំនាក់​ទំនង​ខាង​ការទូត​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង ក៏​ប៉ុន្តែ​ល្គឹកណា​មេដឹកនាំ​របស់​ប្រទេស​នោះ ផ្លាស់​ប្តូរ​មាគ៌ា​ហើយ​និង​គិត​គូរ​ពី​ប្រជាពលរដ្ឋ​របស់​ខ្លួន​ជា​ចំបង។

ភូមា៖ បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​ភូមា បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​មាន​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​នៅ​ក្នុង​រដ្ឋ​កាជិន (Kachin) នា​ភាគ​ខាង​ជើង​ដែល​បាន​សម្លាប់​ពួក​ឧទ្ទាម​ជនជាតិ​ភាគ​តិច​២៩​នាក់​ហើយ​និង​កងទ័ព​រដ្ឋាភិបាល​២​នាក់​ក្នុង​អំឡុង​ពេល​មួយ​សប្តាហ៍​កន្លង​មក​នេះ។

ប៉ាគីស្ថាន៖ ការ​សិក្សា​ពី​ឯកសារ​សម្ងាត់​ថ្មី​មួយ​ដែល​បាន​រកឃើញ​ក្នុង​គេហដ្ឋាន​របស់​លោក ប៊ីន ឡាដេន (Bin Laden) ក្នុង​ប្រទេស​ប៉ាគីស្ថាន​បន្ទាប់​ពី​មរណៈភាពរបស់​លោក​កាល​ពី​ឆ្នាំ​ទៅ ដែល​គូស​បង្ហាញ​ពី​អ្វី​នៅ​ពេល​នោះ ថា​ជា​ទំនាក់​ទំនង​ដ៏​រកាំរកូស​រវាង​ក្រុម​អាល កៃដា (al-Qaida) កណ្តាល និង​សាខា​របស់​ខ្លួន។

រុស្ស៊ី៖ ពួក​មន្រ្តី​រុស្ស៊ី​កំពុង​ថ្កោល​ទោស​ពួក​អ្នក​ដាក់​គ្រាប់​អត្តឃាត​ចំពោះ​ការ​វាយ​ប្រហារ​២​កន្លែង​នៅ​ក្នុង​រដ្ឋ​ ដាហ្គេស្ថាន (Dagestan) ក្នុង​តំបន់​កូកាស​ភាគ​ខាង​ជើង​ដែល​បាន​សម្លាប់មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​១៣​នាក់​ដែរហើយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជាង​១​រយ​នាក់​ទៀត​រង​របួស។

ម៉ិកស៊ិក៖ សាកសព​ដាច់​ខ្ទេចខ្ទី​របស់​អ្នក​កាសែត​ជាតិ​ម៉ិកស៊ិក (Mexico) ៣​នាក់ បាន​ត្រូវ​គេ​រក​ឃើញ​នៅ​ក្នុង​រដ្ឋ​ វឺរ៉ាគ្រូស (Veracruz) ភាគ​ខាង​កើត​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ដែល​ជា​ការ​កាប់​សម្លាប់​ជា​បន្ត​បន្ទាប់​ដែល​គេ​បាន​ចោទ​ប្រកាន់​លើ​ក្រុមមេឈ្មួញ​ជួញ​ដូរ​ថ្នាំ​ញៀន​ក្នុង​ប្រទេស​នោះ។

កេនយ៉ា៖ អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ​កំពុង​ចោទ​ប្រកាន់​ទាហាន​និង​ប៉ូលិស​កេនយ៉ា (Kenya) ពី​បទ​រំលោភ​សិទ្ធិ​មនុស្ស​ដោយ​កម្រោល​ប្រឆាំង​នឹង​ជនជាតិ​ភាគ​តិច​សូម៉ាលី​និង​ពលរដ្ឋ​កេនយ៉ា​ដោយ​គ្មាន​ការ​ប្រឈម​មុខ​នឹង​ផល​វិបាក​អ្វី​ទាំង​អស់។

XS
SM
MD
LG