ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ិកស៊ិក​លើកលែង​ការចោទ​ប្រកាន់​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​រឿង​គ្រឿងញៀន


រូបឯកសារ៖ លោក​ Salvador Cienfuegos អតីត​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិប្រទេសម៉ិកស៊ិក ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង ម៉ិកស៊ិក ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧។
រូបឯកសារ៖ លោក​ Salvador Cienfuegos អតីត​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិប្រទេសម៉ិកស៊ិក ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង ម៉ិកស៊ិក ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧។

ការិយាល័យ​រដ្ឋអាជ្ញា​ម៉ិកស៊ិក​និយាយ​នៅក្នុង​សេចក្តីថ្លែង​ការណ៍មួយ​ថា ​រដ្ឋ​អាជ្ញា​នឹង​មិនបន្ត​ចោទ​ប្រកាន់បទ​ព្រហ្មទណ្ឌ​ប្រឆាំងអតីត​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ ដែលត្រូវបាន​ចាប់ខ្លួន​នៅ​សហរដ្ឋ​អាមេរិក​ ពីបទ​សហការ​ជាមួយ​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​មាន​ឥទ្ធិពល​បំផុត​ នៅ​ប្រទេស​ម៉ិកស៊ិក​ទេ។​

សហរដ្ឋ​អាមេរិក​បានចាប់​ខ្លួន​លោក​ Salvador Cienfuegos​ សមាជិក​អតីត​រដ្ឋាភិបាល​ប្រធានាធិបតី Enrique Pena Nieto​ នៅអាកាស​យានដ្ឋាន​អន្តរជាតិ​ទីក្រុង ​Los Angeles ​កាលពី​ខែតុលា។​ ការចាប់ខ្លួន​លោកបាន​បង្កភាព​តានតឹង​ផ្នែក​ការទូត​រវាង​ប្រទេស​ទាំងពីរ។​

នៅក្នុង​ខែ​វិច្ឆិកា លោក​ Cienfuegos ​ត្រូវបាន​បញ្ជូន​ទៅ​ប្រទេស​ម៉ិចស៊ិក ​ដើម្បី​កាត់ក្តី​ដែល​អាច​កើត​មាន។​

ក្រុមមន្រ្តី​ម៉ិកស៊ិក​បាន​និយាយ​ថា​ លោក​ Cienfuegos​ បានបង្ហាញ​ភស្តុតាង​ក្នុង​រយៈពេល​៥​ថ្ងៃ​ ដែល​បដិសេធ​ទាំងស្រុង​នូវ​ការ​អះអាង​របស់​សហ​រដ្ឋ​អាមេរិក។

សេចក្តី​ថ្លែង​ការណ៍​ថា​៖ «ការសន្និដ្ឋាន​ចុងក្រោយ​ដែលឈាន​ដល់​ការ​ឯកភាព​នោះ​ គឺថា​ លោក​ឧត្តមសេនីយ៍​ Salvador Cienfuegos Zepeda ​មិនដែល​មាន​ជំនួប​ជាមួយ​ក្រុមអង្គការ​ឧក្រិដ្ឋកម្ម​ដែល​អាជ្ញាធរ​អាមេរិក​ស៊ើប​អង្កេតទេ។ ហើយ​លោក​ក៏មិនដែល​ទាក់ទង​ជាមួយ​ពួកគេ​ ក៏ដូច​ជា​អនុវត្ត​សកម្មភាព​ដើម្បី​ការពារ ​ឬជួយដល់​បុគ្គល​ទាំងនោះ​ដែរ»។

លើសពីនេះ​សេចក្តីថ្លែង​ការណ៍​និយាយ​ថា​គ្មាន​ភស្តុតាង​បញ្ជាក់ថា ​លោក ​Cienfuegos​ មាន​ប្រាក់​ចំណូល​ខុសច្បាប់​ឬគួរ​ឱ្យ​សង្ស័យ ឬ​ «ថាគាត់បាន​បញ្ជា​ដើម្បី​ប្រយោជន៍​ក្រុម​ឧក្រិដ្ឋជន​នោះ ក៏​មិនមែនដែរ»។​ រដ្ឋ​អាជ្ញា​ម៉ិចស៊ីក​បាន​ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំងអស់​ប្រឆាំង​នឹងលោក​ Cienfuegos​ ទាំងស្រុង។

តែ​លោក​ Mike Vigil​ អតីត​ប្រធាន​រដ្ឋបាល​អាមេរិក​ប្រឆាំង​គ្រឿងញៀន​ផ្នែក​សហ​ប្រតិបត្តិការ​អន្តរជាតិ​ បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ម៉ិកស៊ិក​ឈ្មោះ​ Milenio​ ថា​ «នេះគឺជា​ស្លាក​ស្នាម​ទុរយស​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ម៉ិកស៊ិក»៕

XS
SM
MD
LG