ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ជា​ស្ត្រី​ដំបូង​ទើប​ជាប់​ឆ្នោត​ថ្មី​របស់​ម៉ិកស៊ិក​សន្យា​ផ្សះផ្សា​ប្រទេស


រូបឯកសារ៖ បេក្ខជនប្រធានាធិបតី​មកពី​គណបក្ស​ Morena អ្នកស្រី Claudia Sheinbaum សាទរ​លទ្ធផល​ឈ្នះការ​បោះឆ្នោត​ជាតិ​ នៅទីលាន Zocalo នៅទីក្រុងម៉ិកស៊ីកូ ប្រទេស​ម៉ិកស៊ិក កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។
រូបឯកសារ៖ បេក្ខជនប្រធានាធិបតី​មកពី​គណបក្ស​ Morena អ្នកស្រី Claudia Sheinbaum សាទរ​លទ្ធផល​ឈ្នះការ​បោះឆ្នោត​ជាតិ​ នៅទីលាន Zocalo នៅទីក្រុងម៉ិកស៊ីកូ ប្រទេស​ម៉ិកស៊ិក កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។

កាលពី​ថ្ងៃ​ទី ៣ ខែ​មិថុនា ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​របស់​ប្រទេស​ម៉ិកស៊ិក​អ្នកស្រី Claudia Sheinbaum បាន​បង្ហាញ​ក្ដី​សង្ឃឹម​ដល់​ប្រជាជន​ម៉ិកស៊ិក​ជាង​មួយ​ភាគ​បី​ដែល​មិន​បាន​បោះឆ្នោត​ឱ្យ​អ្នកស្រី ដោយ​អ្នកស្រី​សន្យា​ផ្សះផ្សា​ប្រទេស។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

អ្នកស្រី Sheinbaum ដែល​ជា​ស្ត្រី​ដំបូង​ដែល​ឈ្នះ​តំណែង​ជា​ប្រធានាធិបតី​នេះ នឹង​ប្រឈម​នឹង​ផ្លូវ​ដ៏​លំបាក​ឆ្ពោះ​ទៅរក​ការ​ផ្សះផ្សា​ប្រទេស​មួយ​ដែល​បាន​បែកបាក់​យ៉ាងខ្លាំង​ដែល​បន្សល់​ទុក​ដោយ​លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ Andrés Manuel López Obrador។

អ្នកស្រី Sheinbaum បាន​សន្យា​ថា​នឹង​បន្ត​ទិសដៅ​នយោបាយ​ដែល​កំណត់​ដោយ​លោក López Obrador បើទោះបីជា​ប្រជាជន​ជា​ទូទៅ​មិន​ពេញចិត្ត​ដោយសារតែ​អំពើ​ហិង្សា​ជា​បន្ត​របស់​ក្រុម​ជួញដូរ​គ្រឿង​ញៀន​និង​បញ្ហា​សេដ្ឋកិច្ច​ក៏ដោយ។

អ្នកស្រី Sheinbaum បាន​បញ្ជាក់​នៅក្នុង​ការ​ថ្លែង​សុន្ទរកថា​ពេល​ទទួល​ជ័យជម្នះ​របស់​អ្នកស្រី​ថា៖ «ទោះបីជា​ប្រជាជន​ភាគច្រើន​គាំទ្រ​គម្រោង​របស់​យើង​ក៏ដោយ កាតព្វកិច្ច​របស់​យើង​គឺ​ថា​យើង​នឹង​នៅតែ​គិតគូរ​ដល់​ជនជាតិ​ម៉ិកស៊ិក​គ្រប់រូប​ដោយ​ស្មើភាព​គ្នា‍»។

ក៏​ប៉ុន្តែ វា​មាន​រយៈពេល ៤ ខែ​ទៀត​ទម្រាំតែ​អ្នកស្រី Sheinbaum អាច​ឡើង​កាន់តំណែង​បាន ហើយ​កាលពី​ថ្ងៃ​ទី ៣ ខែ​មិថុនា លោក López Obrador ហាក់ដូចជា​បាន​ប្តេជ្ញា​ជំរុញ​ទៅមុខ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​រដ្ឋធម្មនុញ្ញ​តាម​ការ​ចង់បាន​របស់​លោក មុន​ពេល​លោក​ចាកចេញ​ពី​តំណែង​ជា​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី ៣០ ខែ​កញ្ញា​ខាងមុខ។

វិធានការ​របស់​លោក López Obrador នេះ​បាន​នាំឱ្យ​មាន​ការ​បែកបាក់​យ៉ាងខ្លាំង​រួច​មក​ហើយ ដោយ​អ្នកប្រឆាំង​ភាគច្រើន​បារម្ភ​ថា​វិធានការ​នេះ​នឹង​ធ្វើឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​ម៉ិកស៊ិក​ចុះខ្សោយ​យ៉ាងខ្លាំង។

គណបក្ស Morena របស់​លោក López Obrador ដែល​លោក​បាន​បង្កើត​ឡើង ហើយ​ដែល​លោក​នៅតែ​មាន​ប្រជាប្រិយភាព​ជាង​អ្នកស្រី Sheinbaum ហាក់ដូចជា​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ដែល​ឈាន​ទៅ​ដល់​ការ​ឈ្នះ​បាន​សំឡេង​ពីរ​ភាគ​បី​ដែល​ជា​សំឡេង​ភាគច្រើន​ដែល​ជា​ចំនួន​ត្រូវការ​ដើម្បី​អាច​កែប្រែ​រដ្ឋធម្មនុញ្ញ​បាន។

លោក López Obrador បាន​ដាក់​ចេញ​រួចហើយ​នូវ​សំណើ​កែប្រែ​រដ្ឋធម្មនុញ្ញ​ចំនួន ២០ ចំណុច​ដែល​លោក​គ្រោង​នឹង​ដាក់​ជូន​សភា ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​លុបចោល​នូវ​ទីភ្នាក់ងារ​ត្រួត​ពិនិត្យ​ឯករាជ្យ​និង​និយតកម្ម​ផងដែរ។

វិធានការ​កែប្រែ​រដ្ឋធម្មនុញ្ញ​នេះ​គឺជា​អ្វី​ដែល​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក​ព្រួយ​បារម្ភ។

លោក Alfredo Coutiño ប្រធាន​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ Moody's Analytics បាន​សរសេរ​នៅក្នុង​របាយការណ៍​មួយ​កាលពី​ថ្ងៃ​ទី ៣ ខែ​មិថុនា​ថា៖ «បរិយាកាស​នៃ​ការ​បែកបាក់​នយោបាយ​គឺ​កាន់តែ​អាក្រក់​ជាងមុន​ក្នុង​អំឡុងពេល​នៃ​ការ​គ្រប់គ្រង​របស់​ប្រធានាធិបតី​បច្ចុប្បន្ន។ ប្រទេស​នេះ​មាន​ការ​បែកបាក់​គ្នា​យ៉ាង​ខ្លាំង ហើយ​ត្រូវការ​ឱ្យ​មាន​ការ​ដឹកនាំ​នយោបាយ​របស់​ប្រធានាធិបតី​ថ្មី​ដើម្បី​ស្ដារ​ឯកភាព​ជាតិ»។

នៅ​ពេល​នេះ លោក López Obrador បាន​ចូលរួម​អបអរសាទរ​ជ័យជម្នះ​របស់​អ្នកស្រី Sheinbaum ជាង​ការ​សងសឹក ទោះបីជា​ពេញ​មួយ​អាណត្តិ​រយៈពេល ៦ ឆ្នាំ​របស់​លោក លោក​បាន​បន្ទាប​បន្ថោក​អ្នកកាសែត​និង​អ្នក​ប្រឆាំង​លោក​ជាង​ក្រុម​ជួញដូរ​គ្រឿងញៀន​នៅក្នុង​ប្រទេស​ក៏ដោយ។

លោក López Obrador បាន​និយាយ​ថា៖ «នេះ​ពិតជា​ប្រវត្តិសាស្ត្រ​មួយ។ យើង​កំពុង​រស់នៅ​ក្នុង​ពេល​វេលា​ដ៏​វិសេសវិសាល អស្ចារ្យ និង​រុងរឿង‍»។

លោក​ក៏​បាន​សន្យា​ជាថ្មី​ម្តងទៀត​ក្នុង​ការ​អនុញ្ញាត​ឱ្យ​អ្នកស្រី Sheinbaum គ្រប់គ្រង​ប្រទេស ដោយ​លោក​នឹង​មិន​ព្យាយាម​គ្រប់គ្រង​ពី​ក្រោយ​ឆាក​បន្ទាប់ពី​លោក​ចាកចេញ​ពី​តំណែង​នោះ​ទេ។

លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​សូម​និយាយ​ឱ្យ​ឮៗ​និង​ច្បាស់ៗ​ថា បន្ទាប់ពី​ខ្ញុំ​ចប់​អាណត្តិ ខ្ញុំ​នឹង​ចូល​និវត្តន៍​ហើយ​ខ្ញុំ​នឹង​មិន​ចូលរួម​ក្នុង​សកម្មភាព​សាធារណៈ​ឬ​នយោបាយ​ទៀតទេ‍»។

អ្នកស្រី Sheinbaum ដែល​ជា​អ្នកវិទ្យាសាស្ត្រ​អាកាសធាតុ​និង​ជា​អតីត​អភិបាល​ក្រុង​ម៉ិកស៊ីកូ បាន​ប្តេជ្ញា​បន្ត​គោលនយោបាយ​របស់​លោក López Obrador ហើយ​នៅក្នុង​សុន្ទរកថា​ទទួល​ជ័យជម្នះ​របស់​អ្នកស្រី​នៅ​ថ្ងៃទី ៣ ខែមិថុនា អ្នកស្រី​បាន​ផ្តល់​សញ្ញា​តិចតួច​ប៉ុណ្ណោះ​អំពី​របៀប​ដែល​អ្នកស្រី​នឹង​គ្រប់គ្រង​ប្រទេស​ក្នុង​នាម​ជា​ប្រធានាធិបតី។

អ្នកស្រី Sara Ríos អាយុ ៧៦ ឆ្នាំ ដែល​ជា​សាស្រ្តាចារ្យ​ចូល​និវត្តន៍​ផ្នែក​អក្សរសាស្ត្រ​នៅ​សាកល​វិទ្យាល័យ​ជាតិ​ស្វយ័ត​ម៉ិកស៊ិក (National Autonomous University of Mexico) បាន​បង្ហាញ​ទំនុកចិត្ត​លើ​អ្នកស្រី Sheinbaum ថា អ្នកស្រី​នឹង​ផ្សះផ្សា​ប្រទេស។

អ្នកស្រី Ríos បាន​និយាយ​ថា៖ «មធ្យោបាយ​តែ​មួយ​គត់​ដែល​នាំ​យើង​ឆ្ពោះ​ទៅមុខ​គឺ​តាមរយៈ​ការ​ធ្វើការ​ជាមួយ​គ្នា‍។ អ្នកស្រី Sheinbaum នឹង​ធ្វើការ​ដើម្បី​នាំ​មក​នូវ​សន្តិភាព​សម្រាប់​ប្រទេស ហើយ​នឹង​គ្រប់គ្រង​ឱ្យ​មាន​ការ​រីក​ចម្រើន ប៉ុន្តែ​វា​ជា​ដំណើរ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​យឺតៗ»។

ការ​បោះឆ្នោត​នេះ​ត្រូវបាន​គេ​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ថា​ជា​ការ​បោះឆ្នោត​ប្រជាមតិ​លើ​លោក López Obrador ដែល​ជា​អ្នក​បាន​បង្កើត​គម្រោង​នានា​សម្រាប់​សង្គម ប៉ុន្តែ​បាន​បរាជ័យ​ភាគច្រើន​ក្នុង​ការ​កាត់បន្ថយ​អំពើ​ហិង្សា​របស់​ក្រុម​ជួញដូរ​គ្រឿងញៀន​នៅក្នុង​ប្រទេស។

អ្នកស្រី Sheinbaum ដែល​មាន​អាយុ ៦១ ឆ្នាំ​ទំនងជា​នឹង​មិន​ទទួល​បាន​ភក្តីភាព​ទាំងស្រុង​ពី​ប្រជាជន​ដូច​អ្វី​ដែល​លោក López Obrador ទទួល​បាន​នោះទេ៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG