ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាច់ញាតិ​ជន​រងគ្រោះ​​ ​បក្ស​ភ្លើងទៀន​ ​និង​អតីត​សមាជិក​បក្ស​ជំទាស់​​ប្រារព្ធ​ខួប​២១​ឆ្នាំ​នៃ​ការ​គប់​គ្រាប់បែក


រូប​ឯកសារ៖ ពិធី​បង្សុកូល​នៅ​ស្តូប​ ក្នុង​សួនច្បារ​វត្តបុទុមវត្តី​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណកន្ធ​ អ្នក​បាត់បង់​ជីវិត​ក្នុង​ការ​វាយ​ប្រហារ​​​ដោយ​ការគប់​គ្រាប់បែក​ឆ្នាំ​១៩៩៧​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)
រូប​ឯកសារ៖ ពិធី​បង្សុកូល​នៅ​ស្តូប​ ក្នុង​សួនច្បារ​វត្តបុទុមវត្តី​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណកន្ធ​ អ្នក​បាត់បង់​ជីវិត​ក្នុង​ការ​វាយ​ប្រហារ​​​ដោយ​ការគប់​គ្រាប់បែក​ឆ្នាំ​១៩៩៧​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

​ការ​ប្រារព្ធ​ពិធី​ដោយ​គណបក្ស​ភ្លើង​ទៀន​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​គណ​បក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​រំលាយ។​

គណបក្ស​ភ្លើង​ទៀន​ ​ដែលប្តូរ​ឈ្មោះ​មក​ពី​គណ​បក្ស​ ​សម រង្ស៊ី​ ​បន្ត​វេន​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ​ក្នុង​ការប្រារព្ធ​ពិធី​រំឭក​វិញ្ញាណ​ក្ខន្ធជន​រងគ្រោះ​ដែល​បាន​ស្លាប់​ដោយ​សារ​ការ​គប់​គ្រាប់​បែកទៅលើ​ការ​ប្រមូល​ផ្តុំ​របស់​គណបក្ស​ប្រឆាំង​នៅ​សួនច្បារ​មុខ​វត្តបទុម​កាល​ពី​ឆ្នាំ​១៩៩៧។

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ​លោក​ ទាវ វណ្ណុល​ ប្រធាន​គណបក្ស​ភ្លើងទៀន​ បាន​លើក​ឡើង​ក្នុង​ខួប​លើក​ទី​២១​នៃ​ការ​រំឭក​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​នោះ​ថា​ ​លោក​សម្រេច​ធ្វើ​ជា​អ្នក​បន្ត​វេន​ជំនួស​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ​ដែល​ម្នាក់​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស ​និង​ម្នាក់ទៀត​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ។​ លោក​បន្ថែម​ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាលដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ទាំង​នោះ​ ​តាម​រយៈការ​តាម​រក​ជន​ដៃដល់​ដែល​បាន​គប់គ្រាប់​បែក​នា​ពេល​នោះ​ ​យក​មកផ្តន្ទាទោស។​

លោក​បញ្ជាក់​ថា៖​

«ខួប​ទី​២១​ឆ្នាំ​នេះ​បាន​បញ្ជាក់​ថា​ លទ្ធិ​ប្រជាធិប​តេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​កាន់តែរួម​តូចទៅៗ​ជា​បន្ត​បន្ទាប់។​ ​ដូច្នេះ​ ​ថ្ងៃ​នេះ​ដែរ​គឺខ្ញុំ​សុំ​អំពាវនាវ​ទៅ​ដល់​រាជ​រដ្ឋាភិបាល​ សុំឲ្យ​រាជ​រដ្ឋាភិបាល​តាម​រក​ជន​ដៃ​ដល់​ដែល​បាន​គប់​គ្រាប់​បែក​នៅ​លាន​ប្រជា​ធិបតេយ្យ​កាលពី​២១​ឆ្នាំ​មុន​ ​ហើយ​ក៏​សុំ​ឲ្យ​រដ្ឋា​ភិបាល​បើក​ចំហ​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ ​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​គ្រប់​រូប​ ទាំង​អស់​ ​បានចូលរួម​កសាងលទ្ធិ​ប្រជា​ធិបតេយ្យ​ដើម្បី​កូន​ចៅ​របស់​យើង​ត​ទៅ​មុខ​ទៀត»។​

នា​ពេល​កន្លង​មក ការ​ប្រារព្ធ​ពិធី​រំឭក​វិញ្ញាណ​ក្ខន្ធ​អ្នក​ស្លាប់​ក្នុង​ហេតុ​ការណ៍​គប់គ្រាប់​បែក​នេះ​ ​តែង​ធ្វើ​ដោយក្រុម​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​មាន​អ្នក​ចូលរួម​ជាច្រើន​រយ​នាក់​ ​ជា​រៀង​រាល់​ឆ្នាំ។​ ទោះ​យ៉ាង​ណា​ ​គេ​ឃើញ​ថា​ ​ក្នុង​ពិធីបង្សុកូល ដែល​ដឹកនាំ​ដោយ​ប្រធាន​គណបក្ស​ភ្លើងទៀន​នៅ​ព្រឹក​មិញ​នេះ​ ​មាន​អ្នក​ចូលរួម​ប្រមាណ​ជា​៤០​នាក់​ ​ក្នុង​នោះ​មាន​ទាំង​ក្រុម​មន្រ្តី​ ​និង​តំណា​ង​រាស្រ្ត​គណ​បក្សសង្គ្រោះ​ជាតិ​មួយ​ចំនួន​ដែល​ត្រូវ​បាន​តុលាការ​ព្យួរ​សិទ្ធិ​នយោបាយ ​ស្រប​ពេល​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពីពាក់​កណ្តាល​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ ​កន្លង​ទៅ​ ផង​ដែរ។​

ហេតុការណ៍​នៃ​ការវាយ​ប្រហារ​ដោយ​គប់គ្រាប់​បែក​ចំនួន​បួន​គ្រាប់ចូល​ទៅ​ក្នុង​ក្រុម​អ្នក​គាំទ្រ​គណ​បក្សជាតិ​ខ្មែរ​ដែល​ដឹកនាំ​ដោយ​លោក​ ​សម រង្ស៊ី​ ​ក្នុង​ការ​ប្រមូល​ផ្តុំ​នៅ​ខាង​មុខ​វត្ត​បទុម​ ​និង​ខាងមុខ​រដ្ឋ​សភា​ចាស់​ ​ដើម្បី​ទាមទារ​ឲ្យ​មាន​តុលាការ​ឯករាជ្យ​នា​ពេល​នោះ​ ​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់១៦​នាក់​បានស្លាប់​ ​និង​ប្រមាណ​ជាជាង១០០​នាក់​ផ្សេងទៀត​ ​បាន​រង​របួស​ ​ដែល​ក្នុង​នោះ​រួមទាំង​លោក​ ​សម រង្ស៊ី​ ​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ផង​ដែរ៕

XS
SM
MD
LG