អាជ្ញាធរអូស្ត្រាលីក្នុងរដ្ឋ Victoria ភាគខាងត្បូងបានបន្តពេលមួយសប្តាហ៍ទៀតនៅក្នុងការបិទខ្ទប់ទីក្រុង Melbourne ដើម្បីបិទខ្ទប់ការផ្ទុះឆ្លងការរាលដាលជាថ្មីនៃជំងឺកូវីដ១៩។
ការបិទសកម្មភាពសង្គមនេះត្រូវបានធ្វើឡើងពីកាលពីសប្តាហ៍មុនសម្រាប់រដ្ឋ Victoria ទាំងមូល បន្ទាប់ពីមន្ត្រីសុខាភិបាលបានរកឃើញនូវប្រភេទវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មីមួយដែលបានវាយលុកនិងឆ្លងយ៉ាងឆាប់រហ័សនៅក្នុងរដ្ឋនេះ។ ការឆ្លងថ្មីៗនេះ ត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងអ្នកដំណើរម្នាក់មកពីក្រៅប្រទេសដែលបានឆ្លងវីរុសប្រភេទថ្មីដែលកើតមានក្នុងប្រទេសឥណ្ឌាក្នុងអំឡុងពេលនៃការធ្វើចត្តាឡីស័ករបស់អ្នកដំណើរនោះក្នុងសណ្ឋាគារមួយ។
ក្រុមមន្ត្រីសុខាភិបាលបានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ដែលបានឆ្លងថ្មីចំនួន៦នាក់ទៀតនៅថ្ងៃពុធម្សិលមិញដែលធ្វើឲ្យអ្នកឆ្លងសរុបមានចំនួន៦០នាក់នៅក្នុងរដ្ឋនេះ។
ទោះបីជាទីក្រុង Melbourne ដែលមានពលរដ្ឋរស់នៅចំនួន៥លាននាក់នឹងត្រូវស្ថិតក្នុងការរឹតបន្តឹងរហូតដល់ថ្ងៃទី១០ខែមិថុនាក៏ដោយក៏វិធានការបិទសកម្មភាពសង្គមសម្រាប់រដ្ឋ Victoriaទាំងមូលត្រូវបានគេដកចេញវិញហើយប៉ុន្តែនៅដាក់កម្រិតដល់ការជួបជុំជាសាធារណៈនិងឯកជននៅឡើយ។
ការបិទសកម្មភាពសង្គមថ្មីគឺជាលើកទី៤ដែលបានធ្វើឡើងនៅក្នុងទីក្រុង Melbourne និងរដ្ឋ Victoria ចាប់តាំងពីការចាប់ផ្តើមការរាលដាលជំងឺឆ្លងនោះមក។ ពេលឆ្លងខ្លាំងបំផុតនៅពាក់កណ្តាលឆ្នាំ២០២០ ដែលមានរយៈពេលជាង៣ខែនៅពេលដែលរដ្ឋ Victoria បានឆ្លងជំងឺកូវីដ១៩យ៉ាងខ្លាំងដែលបានសម្លាប់មនុស្សជាង៨០០នាក់៕