ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ជូន​ដំណឹង​ដល់​បណ្ដា​ប្រទេស​នៅ​ទន្លេ​មេគង្គ​ក្រោម​ច្រើន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​ខ្លួន​បាន​បង្អាក់​ទឹក


រូបឯកសារ៖ អ្នកនេសាទចែកទូកលើដងទន្លេមេគង្គក្បែរទំនប់ដនសាហុង ស្ថិតក្នុងតំបន់ព្រំដែនរវាងកម្ពុជានិងឡាវ ក្នុងខេត្តស្ទឺងត្រែង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦។
រូបឯកសារ៖ អ្នកនេសាទចែកទូកលើដងទន្លេមេគង្គក្បែរទំនប់ដនសាហុង ស្ថិតក្នុងតំបន់ព្រំដែនរវាងកម្ពុជានិងឡាវ ក្នុងខេត្តស្ទឺងត្រែង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦។

ប្រទេស​ចិន​បាន​ជូន​ដំណឹង​ដល់​បណ្ដា​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​ទន្លេ​មេគង្គ​ខាង​ក្រោម ​ពី​ការ​បង្អាក់​ទឹក​រយ:ពេល ២០ ថ្ងៃ នៅ​ទំនប់​វារីអគ្គិសនី​លើ​ទន្លេ​មេគង្គ​នៅ​ភាគ​ខាង​ត្បូង​បំផុត​នៃ​ប្រទេស​ចិន។

ប្រទេស​ចិន​បាន​ជូន​ដំណឹង​ដូច​នេះ​ក្នុង​ពេល ៦ ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​ខ្លួន​បាន​ទប់​ទឹក​កាល​ពី​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ដោយ​បង្ក​ឲ្យ​មាន​ភាព​មិន​ច្បាស់លាស់​ នៅ​ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​ថៃ ឡាវ កម្ពុជា និង​វៀតណាម នៅ​តាម​ដង​ទន្លេ​មេគង្គ​ខាង​ក្រោម និង​បណ្ដាល​ឲ្យ​មាន​ការ​រិះគន់​ផងដែរ​ថា​ មិន​បាន​ជូន​ដំណឹង​ជា​មុន​ដល់​បណ្ដា​ប្រទេស​ទាំង​នោះ។

សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ដោយ​គណ:កម្មការ​ទន្លេ​មេគង្គ​ កាល​ពី​ថ្ងៃ​ពុធ បាន​ឲ្យ​ដឹងថា ប្រទេស​ចិន​បាន​សន្យា​ថា ការ​ទប់​ទឹក​នៅ​ទំនប់​វារីអគ្គិសនី Jinghong «នឹង​ត្រូវ​បើក​ដំណើរការ​បន្តិច​ម្ដងៗ​ជា​ធម្មតា​វិញ​នៅ​ថ្ងៃទី ២៥ ខែ​មករា»។

ការិយាល័យ​ធនធាន​ទឹក​ធម្មជាតិ​របស់​ប្រទេស​ថៃ បាន​បញ្ជាក់​ថា ខ្លួន​ទទួល​បាន​ការ​ជូន​ដំណឹង​ពី​ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​អង្គារ​ថា ការ​បើក​ទឹក​ឲ្យ​ហូរ​មាន​ត្រឹមតែ​ជិត​ពាក់​កណ្ដាល​តែ​ប៉ុណ្ណោះ។

ការ​ជូន​ដំណឹង​របស់​ប្រទេស​ចិន​នេះ​បាន​ធ្វើ​ឡើង​មិន​យូរ​ប៉ុន្មាន បន្ទាប់​ពី​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ដែល​ឧបត្ថម្ភ​ដោយ​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ថា ប្រទេស​ចិន​មិន​បាន​ប្រាប់​បណ្ដា​ប្រទេស​នៅ​ទន្លេ​មេគង្គ​ខាង​ក្រោម​អំពី​ការ​រាំង​ខ្ទប់​ទឹក​ ដែល​បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី ៣១ ខែ​ធ្នូ​មក​នោះ​ទេ។

កម្មវិធី​ត្រួត​ពិនិត្យ​ទំនប់​វារី​អគ្គិសនី​ទន្លេ​មេគង្គ​នៃ​មជ្ឈមណ្ឌល Stimson ដែល​ប្រើ​រូបភាព​ផ្កាយ​រណប ដើម្បី​បង្ហាញ​អំពី​កម្រិត​ទឹក​របស់​ទន្លេ​មេគង្គ បាន​ឲ្យ​ដឹង​ថា កម្រិត​ទឹក​មាន​ស្ថានភាព​ទាប​តាម​កន្លែង​ជា​ច្រើន នៅ​ក្នុង​ប្រទេស​ចំនួន ៣ នៅតាម​ដង​ទន្លេ​មេគង្គ​ក្រោម៕

XS
SM
MD
LG