ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាជ្ញាធរ​នឹង​ពិភាក្សា​ជាមួយ​សហគមន៍​ពី​ទំនប់​ដនសាហុង


សកម្មជន​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​កម្ពុជា​ស្រែក​ពាក្យ​ស្លោក​ក្នុង​អំឡុង​បាតុកម្ម​មួយ​​ប្រឆាំង​នឹង​​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​​ដនសាហុង (Don Sahong) របស់​ឡាវ ដោយ​ប្រើប្រាស់​ទូក​ទេសចរណ៍​មួយ​​​​នៅ​​ទន្លេសាប​ក្នុង​​រាជធានធី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤។

គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គជាតិ​កម្ពុជា​នឹង​បើក​កិច្ច​ប្រជុំ​ជាមួយប្រជាសហគមន៍​ ពលរដ្ឋ​សង្គម​ស៊ីវិលនៅ​ក្នុង​ខេត្ត​និង​រាជធានី​ចំនួន​បី​ចាប់​ពី​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​នេះ​តទៅ។​ កិច្ច​ប្រជុំ​នេះ​ដើម្បី​ស្តាប់​ប្រតិកម្មជុំវិញ​ការ​សង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ​នៅ​ប្រទេស​ឡាវ​ដែល​ស្ថិត​នៅ​ជាង​មួយ​គីឡូម៉ែត្រ​ពី​ព្រំដែន​ប្រទេស​កម្ពុជា។

​លោក ​តែ​ ណាវុធ​ អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​ទន្លេ​មេគង្គ​កម្ពុជា​ថ្លែង​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ថា​កិច្ច​ប្រជុំ​នឹង​បើក​ឱកាស​ឲ្យ​ក្រុមអាជ្ញាធរ​ សង្គម​ស៊ីវិល​និង​ពលរដ្ឋ​មក​ពី​សហគមន៍នៅ​ទូទាំង​ប្រទេស​កម្ពុជា​លើក​ពីកង្វល់​របស់​ខ្លួនអំពី​ផល​អវិជ្ជមាន​ពី​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​នេះ។

​លោក ​តែ ​ណាវុធ ​បញ្ជាក់​ថា ​កិច្ច​ប្រជុំ​ដំបូង​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​រយៈពេល​ពី​ថ្ងៃគឺ​ពី​ថ្ងៃទី១៧​ដល់​១៨​ខែ​តុលា​នេះ​ ហើយ​បន្ទាប់​មក​នៅ​ក្នុង​ខេត្តសៀបរាប​នៅចុង​ខែតុលា។​ ហើយ​កិច្ច​ប្រជុំ​ជាមួយ​ក្រុម​ប្រជា​ពលរដ្ឋ​និង​សង្គម​ស៊ីវិល​នឹង​ធ្វើ​ឡើង​ចំនួន​ពីរដង​ទៀត​នៅ​ក្នុង​អំឡុង​ខែ​ធ្នូ​ក្នុង​ទីក្រុង​ភ្នំពេញ។

«អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ជា​ពិសេស​ថ្នាក់​ខេត្ត​ហ្នឹង​សង្គម​ស៊ីវិល​ សហគមន៍​អី​ហ្នឹង​អាជ្ញាធរ​ពាក់​ព័ន្ធ​សឹង​តែ​មួយ​ស្រុក​ខ្មែរ​ទៅ​ចូលរួម​គឺ​ប្រមូល​យោបល់​ពី​ពួក​គាត់ថា​គាត់​មាន​យោបល់​ទស្សនៈ​អ្វី​ខ្លះលើ​គម្រោង​កសាង​ទំនប់​ហ្នឹង។ គាត់​បារម្ភ​អ្វី​ខ្លះ​យើង​ទទួល​យក​កត់​ត្រាទុក»។​

គម្រោង​នៃ​កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ខណៈ​ពេល​ដែល​តំណាង​នៃវេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាលស្ដី​ពី​កម្ពុជា (NGO Forum)​ និង​តំណាង​ក្រុម​ប្រជា​សហគមន៍រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ និងទន្លេសាបនៅ​តែ​ទទូច​ចង់​ឲ្យរដ្ឋាភិបាល​ប្រទេស​ឡាវបញ្ឈប់​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ដនសាហុង​ដ៏​ចម្រូង​ចម្រាស​នេះ។​

​សង្គម​ស៊ីវិល​ និង​ពលរដ្ឋ​អះអាង​ថា​ទំនប់​ដនសាហុង​នឹង​បង្ក​ឲ្យ​មាន​វិនាសកម្ម​ដល់​ធនធាន​ធម្មជាតិដូច​ជា​ត្រីពូជ​ដែល​កម្រៗ​ សត្វ​ផ្សោត​ទឹកសាប​ និង​ជីវភាព​រស់នៅ​របស់​ប្រជា​នេសាទរស់នៅ​ជាប់​ដង​ទន្លេ​មេគង្គដែលពឹង​ស្ទើរ​ទាំង​ស្រុង​លើ​ការ​នេសាទ​ត្រី។​

​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែតនៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ដែរ លោក​ តឹក វណ្ណរ៉ា ​នាយក​ប្រតិបត្តិ​នៃ​ ​NGO Forum​ បាន​បង្ហាញ​ពី​ទុទិដ្ឋិ​និយម​ចំពោះ​ការ​ស្រង់​យក​សំឡេង​ប្រតិកម្ម​របស់​ក្រុម​ប្រជាពលរដ្ឋ​និង​សង្គម​ស៊ីវិល​បែបនេះ​ដោយ​លោក​ប្រៀប​ធៀប​ទៅ​នឹងការ​ប្រឆាំង​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាប៊ូរី​របស់​ប្រទេស​ឡាវ​កាល​ពី​ពេល​កន្លង​មក។

លោក​បាន​បន្ថែម​ថា៖ «បាន​អនុវត្ត​បរាជ័យ​សម្រាប់​ទំនប់​សាយ៉ាប៊ូរី​កន្លង​មក​ ពេល​ប្រមូល​មតិ​យោបល់​បួន​ប្រទេសហ្នឹងឡាវ​មិនពិចារណា​ចាប់​អារម្មណ៍​ទេ។ ចឹង​យើង​អត់​ចង់​ឃើញទំនប់​ដនសាហុងបរាជ័យ​ដូច​សាយ៉ាប៊ូរី​ទេ»។

​លោក​ គង់​ ចន្ធី គឺ​ជា​តំណាង​ប្រជា​សហគមន៍​មក​ពី​ខេត្ត​ស្ទឹងត្រែង​។សហគមន៍​របស់​លោក​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ជាង​១​គីឡូម៉ែត្រ​ពី​ទីតាំង​ដែល​ទំនប់​ដនសាហុង​ត្រូវ​សាងសង់​។​លោក​បញ្ជាក់​ដដែលៗ​ពលរដ្ឋ​ក្នុង​សហគមន៍​របស់​ដែល​មានជាង​៩០% ពឹង​លើ​ផល​នេសាទនឹង​ជួយ​វិបត្តិ​ធ្ងន់ធ្ងរប្រសិន​បើ​ទំនប់​ដងសាហុង​ត្រូវ​គេ​សាងសង់។​

«តំបន់​ផ្សោត​រស់​នៅ​និង​តំបន់​ដែល​ឡាវ​សង់​ទំនប់​ហ្នឹង​នៅ​ឆ្ងាយ​ពី​គ្នាមួយ​គីឡូ​ដី​ហ្នឹង​។ មួយ​ទៀត​មាន​អន្លង់​ជាច្រើន​សម្រាប់​ត្រី​មេ​ពូជ​រស់​នៅ។ ចឹង​ពេលទំនប់​ហ្នឹង​គេ​សាងសង់ត្រី​មេ​ពូជ​ទាំង​អស់​ហ្នឹង​នឹង​បាត់បង់»។

​លោក​ឡុង​ សុចែត​ គឺតំណាង​សហគមន៍​ខេត្ត​ពោធិ៍សាត់របស់​សហគមន៍​អ្នក​នេសាទនៅ​ជុំវិញ​ទន្លេសាប។​ លោកបញ្ជាក់​ថាទំនប់​ដនសាហុង​ក៏​នឹង​ធ្វើឲ្យ​របប​ទឹក​នៅ​ក្នុង​ទន្លេសាបដែល​មាន​ជាង៦២%​បាន​មក​ពី​ទន្លេ​មេគង្គក៏​នឹង​ជួប​បញ្ហាដែរ។

​លោក​តែ​ណាវុធ​ទទួល​ស្គាល់​ដែល​ថាតាម​ក្រប​ខណ្ឌ​ច្បាប់​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​គ្រាន់​តែ​អាច​ចងក្រង​លទ្ធផល​ក្រោយការ​ពិភាក្សាពិគ្រោះ​យោបល់​ហើយ​ដាក់​ទៅ​ឲ្យគណៈ​កម្មការទន្លេ​មេគង្គ​ថ្នាក់​តំបន់​ដើម្បី​ពិភាក្សាតែ​ប៉ុណ្ណោះ។​

គម្រោង​សាងសង់ទំនប់វារី​អគ្គិសនី​មាន​តម្លៃ​ប្រមាណ ៣.៨០០លាន​ដុល្លារ​នេះ​ត្រូវ​គេ​រំពឹង​ទុក​ថា​អាច​នឹង​ផ្ដល់កម្រិត​ភ្លើង​២៦០​មេហ្គាវ៉ាត់​។ ក្រុមហ៊ុន​របស់​ប្រទេស​ម៉ាឡេស៊ី​មេហ្គាហ្វីស​ (Mega​ ​First) ​ជា​អ្នក​ទទួល​បន្ទុក​សាង​សង់​ទំនប់​វារី​អគ្គិសនី​ដ៏​ចម្រូង​ចម្រាស​នេះ។

ដោយ​ឡែកកាល​ពី​ដើម​ខែ​កញ្ញា​កន្លង​ទៅប្រជាពលរដ្ឋ​សរុប​ ២៧​ម៉ឺន​នាក់នៅ​ទាំង​ពិភព​លោក​បាន​ធ្វើ​ការ​ដាក់​ញត្តិ​រួម​គ្នា​ទាមទារ​ឲ្យ​ប្រទេស​ឡាវ​ផ្អាក​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ដន​សាហុងនេះ​ជា​បណ្ដោះអាសន្ន​សិន។

​ជាមួយ​គ្នា​នេះ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ វៀតណាម​ និង​ថៃ​នៅ​តែ​ទទូច​ចង់​ឲ្យ​ប្រទេស​ឡាវ​ផ្អាក​គម្រោង​សាងសង់​នេះ​ដែរដើម្បី​បើក​ការ​សិក្សា​លម្អិត​អំពី​ផល​ប៉ះពាល់​ និង​របៀប​ដែល​អាច​បញ្ចៀស​ផល​ប៉ះពាល់​ទាំង​អស់​នោះ​ជា​មុន​សិន៕

XS
SM
MD
LG