ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទឹក​ជំនន់​ទន្លេ​មេគង្គ​ស្រក​តែ​ទឹក​ភ្លៀង​នៅ​បន្ត​ធ្លាក់

  • គង់ សុឋានរិទ្ធ

ទឹកជំនន់​ដោយសារ​ទឹកភ្លៀង​​និង​ជំនន់​ទន្លេ​មេគង្គ​នៅ​ប្រទេស​កម្ពុជា​ បានទាញ​យក​ជីវិត​ជនរងគ្រោះ​ចំនួន​៨៣នាក់​​ និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ដែល​កំពុង​ទទួល​រង​ការប៉ះពាល់​ចំនួន​ជាង​៨០ម៉ឺន​នាក់។
ភ្នំពេញ៖ មន្ត្រី​ជាន់ខ្ពស់​នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​នៅថ្ងៃ​អង្គារ​នេះ​ថា​ ទឹក​ចាប់ផ្តើម​ស្រក​នៅ​តំបន់​ជុំវិញ​ទន្លេ​មេគង្គ​ ប៉ុន្តែ​មិនទាន់មាន​ចំនួន​តួលេខថ្មី​សម្រាប់​ជនរងគ្រោះ​នៅ​ឡើយ​ទេ។

លោកញឹម វណ្ណដា ​អនុប្រធាន​ទី១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយមាន​ប្រសាសន៍​ថា​ ជំនន់​ទឹកភ្លៀង​និង​ជំនន់​ទន្លេ​មេគង្គ​ចាប់ផ្តើម​ស្រក​មកវិញ ប៉ុន្តែ​ជំនន់​ទឹកភ្លៀង​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ទៀត​អាចនឹង​ចាប់ផ្តើម​ស្រក​នៅពេល​ក្រោយ។

«នៅតាម​ទន្លេ​មេគង្គ​ទឹក​បាន​ស្រក​ធម្មតា​វិញ​ហើយ​ចាប់ពី​ខេត្ត​រតនៈគីរី ​ស្ទឹងត្រែង ​ក្រចេះ​ កំពង់ចាម​ប៉ុន្តែ​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ​គិត​ចាប់ពី​ខេត្តព្រះវិហារ​ ឧត្តមានជ័យ ​សៀមរាប ​បន្ទាយមាន​ជ័យ បាត់ដំបង ​ពោធិ៍សាត់ ​ទឹក​នឹង​ស្រក​បន្តិច​នឹង​ហូរចូល​ទៅ​ក្នុង​ទន្លេសាប»។

ទឹកជំនន់​ដោយសារ​ទឹកភ្លៀងនិង​ជំនន់​ទន្លេ​មេគង្គ​នៅ​ប្រទេស​កម្ពុជា​បានចាប់​ផ្តើម​បន្តិច​ម្តងៗ​ចាប់​តាំង​ពី​ខែកញ្ញា​កន្លង​ទៅនិង​បានទាញ​យក​ជីវិត​ជនរងគ្រោះ​ចំនួន​៨៣នាក់និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ដែល​កំពុង​ទទួល​រង​ការប៉ះពាល់​ចំនួន​ជាង​៨០ម៉ឺន​នាក់។​ នេះ​បើយោង​តាម​តួលេខ​ផ្លូវ​ការ​របស់​គណៈកម្មាការធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​គិតត្រឹម​ថ្ងៃច័ន្ទ​ម្សិល​មិញ​ដោយ​មិន​ទាន់​បាន​បូក​បញ្ចូល​បន្ថែម​ទិន្នន័យ​ថ្មីៗ​ពីខេត្តភាគ​ពាយព្យ​និង​ភាគ​ខាងជើង​ប្រទេស​ដូចជា​ខេត្ត​ពោធិ៍សាត់ ​បាត់​ដំបង ​បន្ទាយ​មានជ័យ​និង​ខេត្តប៉ៃលិន​ជាដើម។

ខេត្ត​ចំនួន​១៥​យ៉ាងតិច​កំពុង​លិចលង់​ហើយ​ភ្លៀងបាន​ធ្លាក់​ជា​បន្តបន្ទាប់​រាល់ថ្ងៃ​ចាប់តាំង​ពី​សប្តាហ៍​មុន​មក​និង​បន្តធ្លាក់​ទៀត​នៅថ្ងៃ​នេះ​នៅ​ភាគ​ខ្លះ​នៃ​ប្រទេស​កម្ពុជា​និង​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

លោកលឹម គានហោ ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​និង​ឧត្តុ​និយម​មាន​ប្រសាសន៍​កាលពីថ្ងៃ​ច័ន្ទ​ថា៖​«អាកាសធាតុ​មាន​លក្ខណៈ​ធូរស្រាល​ហើយ​ភ្លៀង​ក៏​មាន​ការធូរស្បើយ​ជាងមុន​ដែរ»។ នេះ​បើ​យោង​តាម​គេហទំព័រ​ផ្លូវការ​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម។
ទឹកជំនន់​បានធ្វើឲ្យ​លិច​នៅ​តំបន់​ក្បែរប្រាសាទ​មួយ​ចំនួននិង​ដើមឈើ​ដ៏ធំ​មួយ​បាន​រលំ​លើ​ប្រាសាទ​ព្រះខ័ន​នៅ​ក្នុង​ខេត្ត​សៀមរាប​ផងដែរ។

លោកប៊ុន ណារិទ្ធ ​អគ្គនាយក​អាជ្ញាធរ​អប្សារា ​មាន​ប្រសាសន៍​ថា​ដើមឈើ​នោះ​នឹង​ត្រូវ​យក​ចេញ​នៅ​ថ្ងៃ​ស្អែក​យ៉ាងយូរ។ ដោយឡែក​ការបង្ហូរ​ទឹកជំនន់​កំពុង​ដំណើរការ។

«រហូត​មកទល់​ពេល​នេះ​អត់មាន​អ្វី​បង្ក​ឲ្យ​មាន​បញ្ហា​ទេ។​យើង​បាន​ដោះស្រាយ​ទឹកជំនន់​ហ្នឹង​មួយ​ចំនួន​ទៅ​តាមប្រពន្ធ័​បង្ហៀរ​ទឹក​នៅ​ខាងលិច​បារាយ​នេះ។​ម្សិលមិញ​យើង​ធ្វើ​បាន​ពាក់​កណ្តាល​ហើយ។​យើង​បានបោះ​បង្គោលហើយ​ថ្ងៃនេះ​នឹង​បន្ត​ទៀត​ដោយ​សង្ឃឹម​ថា​ល្ងាច​នេះ​ឬ​យប់​ឲ្យ​ហើយ។​ហើយ​ទឹកនឹង​លែង​ធ្លាក់​មក​ក្រុងសៀមរាប​ទៀត​ហើយ។​ក្នុងពីរបី​ថ្ងៃ​ខាងមុខនេះ​អ្វីៗ​នឹង​ដោះស្រាយ​បញ្ចប់»។

ខេត្តបន្ទាយមានជ័យ​ក៏ជា​ខេត្ត​មួយ​ដែល​កំពុង​ទទួល​រងគ្រោះ​ទឹកជំនន់​ដែល​ហូរចាក់​មកពី​ប្រទេស​ថៃ​ដែរ​ ហើយ​បាន​គំរាម​កំហែង​ដល់​ការស្នាក់នៅ​របស់​អ្នកទោស​ចំនួន​៨៤២​នាក់។

លោកសោម ចន្ទគា ​អ្នកសម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​មាន​ប្រសាសន៍​ថា​ទឹក​ជំនន់​នេះ​នឹងនាំ​ឲ្យ​មាន​កង្វល់​ដល់​ការជម្លៀស​ទណ្ឌិត​ទៅកាន់​មន្ទីរ​ឃុំឃាំង​បណ្តោះ​អាសន្ន​និង​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​ដល់​សុខភាព​ពួកគេ។ ប៉ុន្តែ​លោកហ៊ីន សុផល ​ប្រធាន​ពន្ធនាគារ​ខេត្ត​បញ្ជាក់​ថា​ទឹក​បាន​លិចនៅ​ផ្នែក​ខាងក្រៅ​នៃ​ពន្ធនាគារ​នៅឡើយ​និង​មិនទាន់​មាន​តម្រូវការ​ឲ្យ​ធ្វើការ​ជម្លៀស​អ្នកទោស​នោះ​ទេ៕
XS
SM
MD
LG