ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រវត្តិ​វិទូ៖ ទន្លេ​មេគង្គ​ផ្លាស់ប្តូរ​យ៉ាង​គំហុក ដូច​ក្តី​ព្រួយបារម្ភ​របស់​លោក​ពី​មុន


ទិដ្ឋភាព​ទន្លេ​មេគង្គ​ដែល​ហូរ​កាត់​ប្រទេសឡាវ។
ទិដ្ឋភាព​ទន្លេ​មេគង្គ​ដែល​ហូរ​កាត់​ប្រទេសឡាវ។

«នៅពេល​ដែល​សរសេរ​សៀវភៅ​នេះ ខ្ញុំ​ក៏​មិន​រំពឹង​ថា ប្រទេស​ចិន​បន្ត​សាងសង់​ទំនប់​វារីអគ្គិសនី​ក្នុង​អត្រាមួយ​ដ៏​លឿន​ដូច្នេះ​ដែរ។ ដូច្នេះ ការ​សន្និដ្ឋាន​របស់​ខ្ញុំ​ពី​អនាគត​ដ៏​មិន​ប្រាកដ​ប្រជា​របស់​ទន្លេ​មេគង្គ​នេះ ពិត​ជា​ត្រឹមត្រូវ ហើយ​ទន្លេ​នេះ​ពិតជា​គ្មាន​អនាគត​ច្បាស់លាស់​មែន‍‍»។‍

កំណត់​និពន្ធ៖ លោក Milton Osborne គឺជា​ប្រវត្តិវិទូ​ដ៏​ចំណាស់​ម្នាក់​អំពី​ទន្លេ​មេគង្គ។ លោក​បាន​ចំណាយ​ពេល​ជាង​៤០ឆ្នាំ ធ្វើ​ដំណើរ​តាម​ដង​ទន្លេ​មេគង្គ​ដើម្បី​ស្រាវជ្រាវ និង​និពន្ធ​សៀវភៅ​មួយ​ក្បាល​ដែល​ត្រូវបាន​បោះពុម្ព​ផ្សាយ​កាលពី​ឆ្នាំ២០០០ ដែល​មាន​ចំណង​ជើង​ថា «‍ទន្លេ​មេគង្គ៖ អតីតកាល​ដ៏​ច្របូកច្របល់ និង​អនាគត​ដ៏​មិន​ប្រាកដ​ប្រជា»។ លោក​បាន​ស្រាវជ្រាវ និង​សរសេរ​អត្ថបទ​ជា​ច្រើន​ទាក់ទង​នឹង​ប្រវត្តិ​របស់​ទន្លេ​មេគង្គ ការ​គ្រប់គ្រង​ទន្លេ និង​ស្ថានភាព និង​កត្តា​ប្រឈម​ខាង​សេដ្ឋកិច្ច និង​នយោបាយ​របស់​បណ្តា​ប្រទេស ដែល​ទន្លេ​មេគង្គ​ហូរ​កាត់។ សព្វថ្ងៃ​នេះ លោក Milton Osborne មាន​អាយុ​៨០ឆ្នាំ។ លោក​បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​នឹង​នាង ទែន សុខស្រីនិត នៃ VOA ពី​ទីក្រុង New South Wales ប្រទេស​អូស្ត្រាលី ដើម្បី​ពិភាក្សា​ពី​ផល​ប៉ះពាល់​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​មក​លើ​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ដោយ​ពឹង​ផ្អែក​លើ​ទន្លេ​នេះ។

ចុចស្តាប់បទសម្ភាសន៍ទាំងស្រុងនៅទីនេះ៖

តើ​លោក​ចាប់ផ្តើម​ចាប់អារម្មណ៍​ស្រាវជ្រាវ​អំពី​ទន្លេមេគង្គ​នៅ​ពេល​ណា ហើយ​ហេតុអ្វី​បាន​ជា​លោក​សរសេរ​សៀវភៅ​នេះ​ឡើង?

ខ្ញុំ​ចាប់​អារម្មណ៍​ពី​ទន្លេ​មេគង្គ​នេះ នៅ​ពេល​ដែល​ខ្ញុំ​ត្រូវបាន​បញ្ជូន​ទៅ​ធ្វើការ​នៅ​ស្ថានទូត​អូស្ត្រាលី នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ១៩៥៩។ ខ្ញុំ​បាន​ឃើញ​ទន្លេ​មេគង្គ​ជា​លើក​ដំបូង​នៅ​ពេល​នោះ​ឯង។ ហើយ​ខ្ញុំ​បាន​ដឹង​ពី​ទំហំ​នៃ​សារៈប្រយោជន៍​របស់​ទនេ្ល​នេះ​សម្រាប់​បណ្តាប្រទេស​ដែល​ទន្លេ​មេគង្គ​ហូរកាត់។ ឧទាហរណ៍ នៅ​ប្រទេស​កម្ពុជា ប្រភព​ប្រូតីន​ជាង​៨០ភាគរយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គឺ​ចេញ​ពី​ត្រី ដែល​ចាប់​បាន​ពី​ទន្លេមេគង្គ​នេះ។ អស់រយៈពេល​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅកាន់​បណ្តា​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​នេះ ហើយ​ខ្ញុំ​យល់​ថា មាន​រឿងរ៉ាវ​ជាច្រើន​ដែល​ខ្ញុំ​អាច​សរសេរ និង​ផ្សព្វផ្សាយ​បាន អំពី​ទន្លេ​មេគង្គ និង​ការ​រកឃើញ​ទន្លេ​មេគង្គ​ជា​លើក​ដំបូង​បង្អស់​ក្នុង​អំឡុង​ទសវត្សរ៍១៨៦០។ នេះ​គឺជា​ការ​រកឃើញ​ដ៏​ធំបំផុត​មួយ នៅក្នុង​សតវត្សរ៍​ទី១៩។

ក្រោយ​ពេល​ដែល​ខ្ញុំ​បាន​ចាប់អារម្មណ៍​ពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​លើ​ទន្លេ​មេគង្គ ខ្ញុំ​ក៏​បាន​ស្វែងយល់​ដឹង​ថា គម្រោង​សាងសង់​ទំនប់​ទាំង​អស់​នេះ​បង្ក​បញ្ហា​ច្រើន​ណាស់។ ខ្ញុំ​បាន​ធ្វើការ​ស្រាវជ្រាវ​ច្រើន​ដើម្បី​ស្វែងយល់​អំ​ពី​ទន្លេ​នេះ​បន្ថែម​ទៀត ដោយសារតែ​ខ្ញុំ​មិនមាន​ជំនាញ​បច្ចេកទេស​ខាង​ទំនប់​វារីអគ្គិសនី។ ក្នុង​អំឡុង​ទសវត្សរ៍​១៩៨០ និង​១៩៩០ ខ្ញុំ​បាន​រកឃើញ​ថា ប្រទេស​ចិន គឺជា​ប្រទេស​ដំបូង​គេ​បង្អស់​ដែល​បាន​សាងសង់​ទំនប់​វារីអគ្គិសនី​លើ​ទន្លេ​មេគង្គ។ ហើយ​រហូត​មក​ដល់​សព្វថ្ងៃនេះ ចិន​បាន​ចាប់ផ្តើម​សាងសង់ និង​កំពុងតែ​បន្ត​សាងសង់​ទំនប់​វារី​អគ្គិសនី​ចំនួន​៧ នៅ​តាម​ដង​ទន្លេ​មេគង្គ​ដែល​ហូរ​កាត់​ប្រទេស​ចិន។

ប្រវត្តិវិទូ Milton Osborne ទទួល​បាន​មេដាយ​កិត្តិយស​ថ្នាក់ជាតិ​ឈ្មោះ Commander of the National Order of Merit ពី​រដ្ឋាភិបាល​បារាំង សម្រាប់​ការ​និពន្ធ​របស់​លោក​អំពី​ប្រទេស​បារាំង​នៅ​ក្នុង​តំបន់​អាស៊ី កាលពី​ខែតុលា ឆ្នាំ២០១៥។ (រូបថត​ផ្តល់​ឲ្យ)
ប្រវត្តិវិទូ Milton Osborne ទទួល​បាន​មេដាយ​កិត្តិយស​ថ្នាក់ជាតិ​ឈ្មោះ Commander of the National Order of Merit ពី​រដ្ឋាភិបាល​បារាំង សម្រាប់​ការ​និពន្ធ​របស់​លោក​អំពី​ប្រទេស​បារាំង​នៅ​ក្នុង​តំបន់​អាស៊ី កាលពី​ខែតុលា ឆ្នាំ២០១៥។ (រូបថត​ផ្តល់​ឲ្យ)

តើ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​របស់​ចិន​នៅ​លើ​ទន្លេ​មេគង្គ ជា​ព្រឹត្តិការណ៍​ដំបូង​គេ​ដែល​ផ្តល់​ការ​គំរាមកំហែង​ដល់​ទន្លេ​មេគង្គ​មែនទេ​លោក?

មាន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ជាច្រើន​នៅ​លើ​ទន្លេ​មេគង្គ​ ក្រោយ​ពី​ទន្លេ​នេះ​ហូរ​ចេញ​ពី​ប្រទេស​ចិន ប៉ុន្តែ​ដោយសារ​តែ​មូលហេតុ​ជាច្រើន គម្រោង​ទាំង​នោះ​មិន​ទាន់​ទទួល​បាន​លទ្ធផល​នៅ​ឡើយ​ទេ។ ប៉ុន្តែ គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​របស់​ចិន ដែល​ចិន​បាន​ចាប់ផ្តើម​តាំងពី​ដើម​ទសវត្សរ៍​១៩៨០ រហូត​មក​ដល់​ពេល​សព្វថ្ងៃនេះ បាន​បង្ក និង​កំពុង​តែ​បង្ក​ផល​ប៉ះពាល់​ដល់​តួនាទី និង​ផល​ប្រយោជន៍រួម​នៃ​ទន្លេ​មេគង្គ។

ខ្ញុំ​យល់​ថា បញ្ហាមួយ​ដែល​យើង​មិន​បាន​គិត​ និង​មិន​បាន​ដឹង​ឲ្យ​បាន​ល្អិតល្អន់​នោះ គឺ​តួនាទី និង​ផល​ប្រយោជន៍​រួម​របស់​ទន្លេ​មេគង្គ​សម្រាប់​ប្រទេស​នៅ​តាម​ដង​ទន្លេ​នេះ។ ការ​សាងសង់​ទំនប់​នៅ​កន្លែង​មួយ មិនមែន​មាន​ន័យ​ថា វា​ប៉ះពាល់​តែ​ផ្នែក​មួយ​នោះ​នៃ​ទឹក​ទន្លេ​មេគង្គទេ។ វា​ជា​ការ​យល់ខុស បើ​យើង​យល់​ថា វា​មិន​ប៉ះពាល់​ផ្នែក​ផ្សេង​នៃ​ទន្លេ​មេគង្គ​នោះ។ ដូច្នេះ ការ​សាងសង់ទំនប់​វារី​អគ្គិសនី​នៅ​ចិន ប៉ះពាល់​ដល់​បរិមាណ​ទឹក​ទន្លេ​មេគង្គ​ដែល​ហូរ​កាត់​ប្រទេស​ឡាវ កម្ពុជា និង​វៀតណាម។ ហើយ​នេះ​គឺជា​ការណ៍​ពិត​ដ៏​មាន​សារៈសំខាន់​បំផុត​មួយ ដែល​យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​យល់​ឲ្យ​ច្បាស់។

នៅ​ក្នុង​សៀវភៅ​របស់​លោក លោក​បាន​សរសេរ​ថា «‍ប្រទេស​ទាំងអស់​ដែល​ទន្លេ​មេគង្គ​ហូរ​កាត់​មិន​ប្រឈម​នឹង​បញ្ហា​ និង​ការ​គំរាម​កំហែង​ដូចគ្នា​នោះទេ។ តើ​ត្រង់​ចំណុច​មួយ​នេះ លោក​ចង់​មាន​ន័យ​យ៉ាង​ដូចម្តេច?»

បើ​សិន​ជា​យើង​មើល​លើ​ករណី​ជាក់ស្តែងដូចជាលំហូរ​ទឹក​ទន្លេ​មេគង្គ ហើយ​គិតពីទំនាក់​ទំនង​រវាង​ប្រទេស​ចិន និង​ប្រទេស​ឡាវ យើង​បាន​ដឹង​ថា រដ្ឋាភិបាល​ចិន និយាយ​ថា បរិមាណ​ទឹក​ដែល​ហូរ​ចូល​ទន្លេមេគង្គ​ពី​ដៃទន្លេ​ជា​ច្រើន​នៅ​ប្រទេស​ចិន​មាន១០ភាគរយ ឬ​១១ភាគរយ​ បើ​ធៀប​នឹង​បរិមាណ​ទឹក​សរុប​ដែល​ហូរ​ចេញ​ពី​ផ្ទៃ​ទន្លេ​មេគង្គ​នៅ​ប្រទេស​ចិន។ ប៉ុន្តែ ក្នុង​អំឡុង​រដូវប្រាំង បើ​គិតពី​ចុងខែ​វិច្ឆិកា ដល់​ខែ​ឧសភា បរិមាណ​ទឹក​ទន្លេ​មេគង្គ​នៅ​ប្រទេស​ចិន ដែល​អាច​ចូល​ទៅ​ប្រទេស​ឡាវ​គឺ​ស្មើ​នឹង​៤០ភាគរយ​នៃ​បរិមាណ​ទឹក​ទន្លេ​មេគង្គ​សរុប។ ដូច្នេះ យើង​មិន​អាច​កាត់ផ្តាច់​បរិមាណ​ទឹក​ហូរ​ក្នុង​មួយ​រដូវ ឬ​ក៏​ផ្នែក​មួយ​នៃ​ទឹក​ទន្លេ​មេគង្គ​ ដោយ​មិន​ទទួល​ស្គាល់​ពី​ផលប៉ះពាល់​ពី​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​មក​លើ​ចរន្ត​ទឹក​ ដែល​ហូរ​ចេញ​ពី​ផ្នែក​មួយ​នៃ​ទន្លេ​មេគង្គ ដែល​មាន​ទំនប់​វារី​អគ្គិសនី​នោះ​បាន​ទេ។

យើង​នឹង​ដឹង​ពី​ផលប៉ះពាល់​ដែល​យើង​នឹង​ទទួល​បាន​ក្នុង​អំឡុង​ពេលប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ ដោយសារ​តែ​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នេះ។ ប៉ុន្តែ គំរូ​ជា​ច្រើន​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ទំនប់​វារី​អគ្គិសនី​នៅ​ប្រទេស​ចិន​អាច​នឹង​ប៉ះពាល់​ដល់​អនាគត​នៃ​បរិមាណ​ទឹក​ទន្លេ ដែល​ហូរ​ចូល​ទន្លេសាប​នៅ​ប្រទេស​កម្ពុជា។ វា​អាច​នឹង​ប៉ះពាល់​ដល់​ទៅ​១០ភាគរយ​នៃ​បរិមាណ​ទឹក​ដែល​ហូរ​ចូល​ទន្លេ​សាប​នៅ​ប្រទេស​កម្ពុជា​ជា​រៀងរាល់​ឆ្នាំ។ បន្ថែម​លើ​នេះ វា​នឹង​ប៉ះពាល់​ខ្លាំង​ដល់​បរិមាណ​ត្រី​នៅ​ក្នុង​ទន្លេសាប​នេះ​ទៀត។ ជាក់ស្តែង ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ បរិមាណ​ទឹក​ដែល​ហូរ​ចូល​ទន្លេ​សាប​នៅ​កម្ពុជា​មាន​បរិមាណ​តិច​ជាង​ពី​មុន។

រូបឯកសារ៖ បុរសនេសាទ​ម្នាក់​ចាប់​បាន​កូន​ត្រី​តូចៗ​ពី​ទន្លេ​មេគង្គ នៅ​ទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី ៨ ខែ​ធ្នូ ឆ្នាំ២០១១។
រូបឯកសារ៖ បុរសនេសាទ​ម្នាក់​ចាប់​បាន​កូន​ត្រី​តូចៗ​ពី​ទន្លេ​មេគង្គ នៅ​ទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី ៨ ខែ​ធ្នូ ឆ្នាំ២០១១។

តើ​ផលប៉ះពាល់​អ្វី​ខ្លះ​ដែល​បាន​កើតឡើង​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ ដោយសារ​តែ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី?

ការ​ផ្លាស់ប្តូរ​ដែល​បង្កឡើង​ដោយ​សារ​តែ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​មាន​ច្រើន។ ផល​ប៉ះពាល់​មួយ​ដែល​មិន​ត្រូវបាន​គេ​ពិភាក្សា​ឲ្យ​បាន​ដិតដល់​នោះ គឺថា​ ទំនប់​វារី​អគ្គិសនី​រារាំង​ដីល្បាប់​ដែល​ហូរ​ចេញ​ពី​ទន្លេ​មេគង្គ។ ខ្ញុំ​ដឹង​ថា អ្នក​ច្បាស់ជា​បាន​ឃើញ​ទឹក​ទន្លេ​មេគង្គ​នៅ​ប្រទេស​កម្ពុជា ជាពិសេស​នៅ​ពេល​ចុង​រដូវ​ភ្លៀង និង​ដីល្បាប់​ដែល​ហូរ​ចុះ​មក​នៅ​ក្នុង​រដូវ​ភ្លៀង​នោះ។

ដីល្បាប់​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​វិស័យ​កសិកម្ម​នៅ​តំបន់​តាម​បណ្តោយ​ដងទន្លេ​មេគង្គ និង​ផលិតផល​កសិកម្ម​របស់​អ្នក​រស់នៅ​តាម​តំបន់​ដី​សណ្តរ​ទន្លេ​មេគង្គ។ អ្នក​វិទ្យាសាស្ត្រ​ជឿថា កាលពី​មុន ដីល្បាប់​ប្រមាណ​៨០ភាគរយ ឬ៩០ភាគរយ ​ដែលហូរ​ចេញ​ពី​ទន្លេ​មេគង្គ​មក​កាន់​តំបន់​ដី​សណ្តរ​ទន្លេមេគង្គ​មាន​ប្រភព​ចេញ​ពី​ប្រទេស​ចិន។ ប៉ុន្តែ មក​ដល់​ពេល​នេះ យើង​បាន​ដឹង​យ៉ាង​ច្បាស់​ថា ទំនប់​វារី​អគ្គិសនី​ដែល​ចិន​កំពុង​សាងសង់​បាន​រារាំង​ដីល្បាប់ មិន​ឲ្យ​ហូរ​ចុះ​មក​តំបន់​ដី​សណ្តរ​នេះ។ ដីល្បាប់​នាំ​មក​នូវ​ជីជាតិ​សម្រាប់​ការ​ដាំ​ដំណាំ​នៅ​តាម​ដង​ទន្លេ​មេគង្គ និង​តាម​តំបន់​ដី​សណ្តរ​ទន្លេ​មេគង្គ ជាពិសេស​គឺ​នៅ​ប្រទេស​វៀតណាម។ ដូច្នេះ បើ​សិន​ជា​អ្នក​សាងសង់​ទំនប់​វារី​អគ្គិសនី នោះ​អ្នក​នឹង​រារាំង​ការ​ហូរ​នៃ​ដីល្បាប់​ ដែល​នឹង​បង្ក​ផល​ប៉ះពាល់​អាក្រក់​ជាក់​ជា​មិន​ខាន។

ទាក់ទង​នឹង​ការ​គ្រប់គ្រង​ទន្លេ​មេគង្គ តើ​លោក​យល់​ថា ប្រទេស​នីមួយៗ​ដែល​ទន្លេ​មេគង្គហូរ​កាត់​ព្យាយាម​គ្រប់គ្រង​លំហូរ​ទឹក​ទន្លេ​មេគង្គ​នេះ ដើម្បី​ប្រយោជន៍​របស់​ខ្លួន​ដល់​កម្រិត​ណា​ដែរ?

ជាក់ស្តែង ការ​រំពឹង​ទុក​របស់​ខ្ញុំ​ពី​កិច្ច​ព្រមព្រៀង​ទន្លេ​មេគង្គ​ឆ្នាំ១៩៩៥ ដែល​ត្រូវបាន​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​ឡាវ កម្ពុជា ថៃ និង​វៀតណាម គឺ​ថា នឹង​មាន​ការ​សហការ​គ្នា​រវាង​ប្រទេស​ជា​សមាជិក​ទាំង​បួន​នេះ។ ខ្ញុំ​មិន​គិត​ដល់​ថា ប្រទេស​នីមួយៗ​នឹង​ព្យាយាម​ធ្វើ​អ្វីមួយ ដែល​អាច​បង្ក​ផល​ប៉ះពាល់​អាក្រក់​ដល់​ប្រទេស​ជា​សមាជិក​គណៈកម្មាការ​ទន្លេ​មេគង្គ​នេះ​ទេ។
ក៏ប៉ុន្តែ ការ​រំពឹង​ទុក​របស់​ខ្ញុំ​គឺ​ខុស​ដោយសារ​តែ​ឥឡូវ​នេះ យើង​បាន​ឃើញ​យ៉ាង​ច្បាស់​ថា ប្រទេស​ទាំង​អស់​ដែល​ជា​សមាជិក​នៃ​គណៈកម្មាការ​ទន្លេ​មេគង្គ​នេះ កំពុង​ប្រឈម ឬ​ក៏​បាន​ប្រឈម​នឹង​លទ្ធភាព​មួយ​ដែល​ថា ប្រទេស​ឡាវ​កំពុង​តែ​ត្រៀម​ខ្លួន​រួច​ជា​សេ្រច​ដើម្បី​សង់​ទំនប់​វារី​អគ្គិសនី​នៅ​លើ​ទន្លេ​មេគង្គ បើ​ទោះបី​ជា​ប្រទេស​ផ្សេង​ដូចជា​ប្រទេស​កម្ពុជា និង​វៀតណាម​ជំទាស់​ក៏​ដោយ។ រដ្ឋាភិបាល​ឡាវ​បាន​ចាប់ផ្តើម​សាងសង់​ទំនប់​រួច​ទៅ​ហើយ ហើយ​ក៏​រំពឹង​ថា​នឹង​បញ្ចប់​ការ​សាងសង់​ទំនប់​នៅ Xayaburi ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ។ ក្រៅពីនេះ នៅ​មាន​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ដ៏​ចម្រូង​ចម្រាស់​មួយ​ទៀត​គឺទំនប់​ ដន សាហុង។

ហើយ​ខ្ញុំ​យល់​ច្បាស់​ណាស់​ថា គណៈកម្មាការ​ទន្លេ​មេគង្គ​នេះ​មិន​អាច​បញ្ឈប់​ប្រទេស​ឡាវ​ក្នុងការ​ធ្វើ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​របស់​ខ្លួន​បាន​ឡើយ។ នេះ​គឺ​ដោយសារ​តែ​គណៈកម្មាការ​ទន្លេ​មេគង្គ​មិន​មាន​ឱកាស ឬ​សមត្ថភាព​ ដើម្បី​បង្គាប់​ឲ្យ​ប្រទេស​ណាមួយ​ធ្វើ​តាម​សេចក្តី​សម្រេច​ចិត្ត​រួម​របស់​គណៈកម្មាការ​នេះ​ឡើយ។

រូបឯកសារ៖ បដា​របស់​អ្នក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​លើ​ទន្លេ​មេគង្គ។
រូបឯកសារ៖ បដា​របស់​អ្នក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​លើ​ទន្លេ​មេគង្គ។

តើ​អ្វី​ទៅ​ជា​យន្តការ​ដើម្បី​ដោះសា្រយ​ភាព​តានតឹង​ក្នុង​ចំណោម​ប្រទេស​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ទន្លេ​មេគង្គ​នេះ?

ខ្ញុំ​មិន​រំពឹង​ថា បញ្ហានេះ​នឹង​ត្រូវបាន​ដោះសា្រយ​នោះ​ទេ។ ខ្ញុំ​សុំទោស​ផង​ដែល​ខ្ញុំ​យល់​ឃើញ​ដូច្នេះ។ ខ្ញុំ​យល់ថា ការ​គិត​ពី​ប្រយោជន៍​រៀងៗខ្លួន​គឺ​ខ្ពស់​ជាង ការ​គិត​ និង​ការ​ខិតខំ​ប្រឹងប្រែង​ការពារ​មិន​ឲ្យ​ប្រទេស​ណាមួយ ធ្វើ​អ្វី​មួយ​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ​ទៅ​ទៀត។ ហើយ​ក្នុង​ករណី​នេះ ប្រទេស​ឡាវ​គឺជា​ឧទាហរណ៍​ឲ្យ​ឃើញ​ស្រាប់។

រដ្ឋាភិបាល​ឡាវ​សម្រេច​ចាប់យក​ឱកាស​ដើម្បី​ទទួល​បាន​ប្រាក់ចំណេញ​តាមរយៈ​ការ​លក់​អគ្គិសនី ដែល​ទាញ​ចេញ​ពី​ទំនប់​វារី​អគ្គិសនី​ដែល​ខ្លួន​បាន​សាងសង់​រួច និង​ពី​ទំនប់​ដែល​ប្រទេស​ឡាវ​គ្រោង​នឹង​សង់​នៅ​ទន្លេ ដន សាហុង បើ​ទោះ​បី​ប្រទេស​កម្ពុជា និង​វៀតណាម​ប្រឆាំង​នឹង​គម្រោង​នេះ​ក៏​ដោយ។ រដ្ឋាភិបាល​ឡាវ​អាច​នឹង​បន្ត​គម្រោង​នេះ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ជាជាង​ប្រយោជន៍​របស់​តំបន់​ទន្លេ​មេគង្គ​ទាំង​មូល។

ត្រង់នេះ វា​ពាក់ព័ន្ធ​នឹង​ការណ៍ពិត​ដែល​ថា ទនេ្លមេគង្គ​មាន​តួនាទី​បម្រើ​ផលប្រយោជន៍​រួម​សម្រាប់​ប្រទេស​តាម​ដង​ទន្លេ​នេះ។ ប្រជា​ពលរដ្ឋ​ប្រមាណ​៦០លាន​នាក់ ពឹងផ្អែក​លើ​ទន្លេ​មេគង្គ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​របស់​ពួកគេ គឺប្រទេស​ទាំង​បួន​ដែល​ទន្លេមេគង្គ​ហូរកាត់។ សម្រាប់​ខ្ញុំ អ្វី​ដែល​រដ្ឋាភិបាល​ឡាវ​បាន​ធ្វើ​នោះ បាន​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ព្រងើយ​កន្តើយ​របស់ប្រទេស​ឡាវ ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ ដោយ​គិត​តែ​ពី​ប្រយោជន៍​របស់​ខ្លួន។

មួយ​វិញ​ទៀត តើ​លោក​គិត​ថា ការ​ប្រែប្រួល​អាកាសធាតុ​អាច​មាន​ផល​ប៉ះពាល់​អ្វី​ដែរ​ឬ​ទេ​លើ​ចរន្ត​ទឹក​ទន្លេ​មេគង្គ?

មាន​ការ​ស្រាវជ្រាវ​ជា​ច្រើន​ ដែល​ព្យាយាម​សន្និដ្ឋាន​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុនេះ។ បន្ថែម​លើ​នេះ ក៏​មាន​ភាព​ចម្រូងចម្រាស​គ្នា​ទាក់ទង​នឹង​ទំហំ​ផ្ទាំង​ទឹកកក​ដែល​បាន​រលាយ​នៅ​ខ្ពស់រាប​ទីបេ ដែល​ជា​ប្រភព​ទឹក​ទន្លេ​មេគង្គ។ ហើយ​យើង​ឃើញ​មាន​ការ​សន្និដ្ឋាន​បែប​បំផ្លើស​ថា ផ្ទាំង​ទឹកកក​នៅ​ទីបេ​នោះ​បាន​ថយចុះ ដោយសារ​តែ​ឥទ្ធិពល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ។

ក៏ប៉ុន្តែ ប្រសិន​បើ​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​នៅ​តែ​បន្ត នោះ​ផ្ទាំង​ទឹកកក​ដែល​រលាយ​នៅ​ក្នុង​រដូវក្តៅ នឹង​កាត់បន្ថយ​បរិមាណ​ទឹក​ដែល​ហូរ​ចូល​ទន្លេ​មេគង្គ។ ក៏ប៉ុន្តែ ក្នុង​នោះ យើង​ក៏​ឃើញ​មាន​ការ​ស្រាវជ្រាវ​មួយ​ទៀត ដែល​យល់​ថា នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន និង​ហូរ​ចូល​ល្បាក់​ទន្លេ​មេគង្គ​ក្រោម។ ខ្ញុំ​យល់​ថា ការ​ប្រែប្រួល​អាកាស​ធាតុ​នេះ​ពិត​ជា​នាំ​ឲ្យ​មាន​បញ្ហា ហើយ​ខ្ញុំ​មិន​បដិសេធ​ថា មិន​មាន​ផល​ប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​នេះ​ទេ។ ក៏ប៉ុន្តែ ក្នុង​ពេល​បច្ចុប្បន្ន​នេះ យើង​មិន​ដឹង​ឲ្យ​ច្បាស់ថា តើ​នឹង​មាន​ការ​ផ្លាស់ប្តូរ​ដល់​កម្រិត​ណា​នៅ​ទន្លេ​មេគង្គ​ដោយសារ​តែ​ការ​ប្រែប្រួល​អាកាសធាតុ​នេះ ហើយ​ខ្ញុំ​គិត​ថា អ្នកស្រាវជ្រាវ​កំពុងតែ​រង់ចាំ​វិភាគ​លើ​បញ្ហា​នេះ​ឲ្យ​គ្រប់​ជ្រុងជ្រោយ។

រូបឯកសារ៖ បុរស​ពីរនាក់​ធ្វើ​ដំណើរ​តាម​រទេះគោ​តាម​ដង​ទន្លេ​មេគង្គ នៅ​ខេត្ត​កណ្តាលនៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១០។
រូបឯកសារ៖ បុរស​ពីរនាក់​ធ្វើ​ដំណើរ​តាម​រទេះគោ​តាម​ដង​ទន្លេ​មេគង្គ នៅ​ខេត្ត​កណ្តាលនៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១០។


លោក​បាន​ចំណាយ​ពេល​ជាង​បី​ទសវត្សរ៍​ធ្វើដំណើរ​តាម​ទន្លេ​មេគង្គ និង​ស្រាវជ្រាវ​អំពី​ទន្លេ​នេះ។ តើ​ទន្លេ​នេះ​មាន​សារសំខាន់​យ៉ាង​ដូចម្តេច​ខ្លះ​សម្រាប់​រូប​លោក?

ទនេ្ល​មេគង្គ​នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ជីវិត​របស់​ខ្ញុំ ដោយសារតែ​ខ្ញុំ​បាន​ធ្វើដំណើរ​ស្ទើ​ពេញ​ផ្ទៃ​ទឹក​ទន្លេ​នេះ។ ហើយ​ខ្ញុំ​នឹង​ចងចាំ​អនុស្សាវរីយ៍​នេះ​ជា​រៀងរហូត។ ខ្ញុំ​យល់​ថា អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​ខ្ញុំ​នោះ​គឺថា ទន្លេ​មេគង្គ​នេះ​បាន​ប្រែប្រួល​ច្រើន​ក្នុង​រយៈពេល​តែ​ពាក់​កណ្តាល​ជីវិត​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ។ ឆ្នាំ​នេះ ខ្ញុំ​មាន​អាយុ​៨០ឆ្នាំ​ហើយ ហើយ​ការ​ផ្លាស់ប្តូរនៅ​លើ​ទន្លេ​មេគង្គ​ដែល​បាន​កើត​ឡើង​កន្លង​មក​នេះ ដូចជា​ទំនប់​វារី​អគ្គិសនី និង​ការ​ប្រែប្រួល​លើ​ចរន្ត​ទឹក​ទន្លេ​នេះ​ បាន​កើត​ឡើង​ក្នុង​រយៈពេល​មិន​ដល់​៤០ឆ្នាំ​ទេ។ ដូច្នេះ​សម្រាប់​ខ្ញុំ ទន្លេ​ដ៏​សំខាន់​មួយ​នេះ បាន​ផ្លាស់ប្តូរ​ច្រើន​ណាស់ ក្នុង​រយៈពេល​មិន​ដល់​៤០ឆ្នាំ​ផង។

១៦ឆ្នាំ​មុន លោក​បាន​សន្និដ្ឋាន​ពី​ភាព​មិន​ប្រាកដ​ប្រជា​នៃ​អនាគត​របស់​ទន្លេ​មេគង្គ នៅ​ក្នុង​សៀវភៅ​របស់​លោក។ តើ​ការ​សន្និដ្ឋាន​របស់​លោក​អ្វី​ខ្លះ ដែល​បាន​ក្លាយ​ជា​ការពិត?

នៅ​ពេល​ដែល​ខ្ញុំ​បោះពុម្ភ​សៀវភៅ​របស់​ខ្ញុំ​កាលពី​១៦ឆ្នាំ​មុន ខ្ញុំ​ពិត​ជា​មិន​រំពឹង​ថា ទំនប់​វារី​អគ្គិសនី​នឹង​ត្រូវបាន​សាងសង់​ឡើង​នៅ​ប្រទេស​ឡាវ​នោះ​ទេ។ នៅ​ពេល​នោះ ខ្ញុំ​រពឹង​ថា​ប្រទេស​ទាំង​បួន ដែល​ជា​សមាជិក​នៃ​គណៈកម្មាការ​ទន្លេ​មេគង្គ​នឹង​ទទួល​ស្គាល់​ថា ពួកគេ​នឹង​ទទួល​បាន​ផល​ប្រយោជន៍​រៀងៗ​ខ្លួន នៅ​ពេល​ដែល​ពួកគេ​មិន​សាងសង់​ទំនប់​វារី​អគ្គិសនី តាម​ដង​ទន្លេ​មេគង្គ​ដែល​ហូរ​ចេញ​ពី​ប្រទេស​ចិន។ តែ​ការ​រំពឹងទុក​របស់​ខ្ញុំ​នេះ​គឺ​ខុស។ នៅពេល​ដែល​សរសេរ​សៀវភៅ​នេះ ខ្ញុំ​ក៏​មិន​រំពឹង​ថា ប្រទេស​ចិន​បន្ត​សាងសង់​ទំនប់​វារីអគ្គិសនី​ក្នុង​អត្រាមួយ​ដ៏​លឿន​ដូច្នេះ​ដែរ។ ដូច្នេះ ការ​សន្និដ្ឋាន​របស់​ខ្ញុំ​ពី​អនាគត​ដ៏​មិន​ប្រាកដ​ប្រជា​របស់​ទន្លេ​មេគង្គ​នេះ ពិត​ជា​ត្រឹមត្រូវ ហើយ​ទន្លេ​នេះ​ពិតជា​គ្មាន​អនាគត​ច្បាស់លាស់​មែន។

តើ​លោក​យល់​យ៉ាងណា​ចំពោះ​ស្ថានភាព​ទន្លេ​មេគង្គ​នា​ពេល​បច្ចុប្បន្ន​នេះ?

ទនេ្ល​មេគង្គ​ដ៏​អស្ចារ្យ​មួយ​នេះ​បាន​ផ្លាស់ប្តូរ​យ៉ាង​គំហុក។ ទន្លេ​នេះ​មិន​អាច​វិល​ត្រឡប់​ដូច​ដើម​បាន​ទេ ដោយសារ​តែ​ទំនប់​វារី​អគ្គិសនី​ដែល​ចិន និង​ឡាវ​បាន​សាងសង់។ សម្រាប់​ខ្ញុំ ទន្លេ​នេះ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​អនាគត​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ។ យើង​ត្រូវ​ទទួល​ស្គាល់​ថា គេ​មិន​អាច​សាងសង់​ទំនប់​វារីអគ្គិសនី​ដោយ​មិន​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​បាន​ទេ។ ដូច្នេះ ប្រទេស​ទាំង​នេះ​ត្រូវតែ​ទទួល​ស្គាល់​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នេះ៕

XS
SM
MD
LG