ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កសិករ​ខ្មែរ​កំពុង​ប្រឈម​នឹង​ដង្កូវទ័ពដែល​បំផ្លាញ​ដំណាំ

  • នៅ វណ្ណារិន

ដង្កូវ​ហ្វូង ឬ​​​ដង្កូវទ័ព​បំផ្លាញ​ចម្ការ​ឪឡឹក​មួយ​កន្លែង​របស់​ប្រជាកសិករ​កម្ពុជា។ ​ក្រសួង​កសិកម្ម​ ​បាន​ឲ្យ​ដឹង​នា​ថ្ងៃ​សុក្រ​នេះ​ថា​ ​យ៉ាង​ហោច​ណាស់​មាន​ប្រជាកសិករ​កម្ពុជា​ក្នុង​៨ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា កំពុង​ប្រឈម​នឹង​បញ្ហា​ដង្កូវហ្វូង ឬ​​​ដង្កូវទ័ព។ (រូបភាព​ផ្តល់​ដោយ​អគ្គ​នាយក​ដ្ឋាន​កសិកម្មនៃ​ក្រសួងកសិកម្ម)

ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹង​នា​ថ្ងៃ​សុក្រ​នេះ​ថា យ៉ាង​ហោច​ណាស់​មាន​ប្រជា​កសិករ​កម្ពុជា​ក្នុង​ខេត្ត​ចំនួន​៨​ទូទាំង​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ដង្កូវ​ហ្វូង​ ឬ​ដង្កូវទ័ព​ ដែល​កំពុង​បំផ្លាញ​ដំណាំ​របស់​ខ្លួន។

មិន​ដល់​ប៉ុន្មាន​ខែ​ក្រោយ​ពីគ្រោះ​រាំងស្ងួត​ ប្រជា​កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ផ្ទុះ​ឡើង​នៃ​សត្វ​ល្អិត​ចង្រៃ​ដែល​បំផ្លាញ​ដំណាំ​របស់​ខ្លួន។​ ក្រសួង​កសិកម្ម​កម្ពុជា​បាន​ប្រកាស​នា​សប្តាហ៍​នេះ​ថា ​ដង្កូវហ្វូង ឬ​ដង្កូវទ័ព​កំពុង​តែ​រាតត្បាត​នៅ​ក្នុង​ខេត្ត​ជា​ច្រើន​នៃ​ប្រទេស​កម្ពុជា​ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ឡើង​វិញ​ចាប់​តាំង​ពី​ដើម​ខែ​មិថុនា​មក។​

ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹង​នា​ថ្ងៃ​សុក្រ​នេះ​ថា យ៉ាង​ហោច​ណាស់​មាន​ប្រជា​កសិករ​កម្ពុជា​ក្នុង​ខេត្ត​ចំនួន​៨​ទូទាំង​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ដង្កូវ​ហ្វូង​ ឬ​ដង្កូវទ័ព​ ដែល​កំពុង​បំផ្លាញ​ដំណាំ​របស់​ខ្លួន។ អ្នក​ជំនាញ​កសិកម្ម​បាន​លើក​ឡើង​ថា​ ការ​ប្រែប្រួល​ធាតុអាសកាស​ និង​ភាព​រាំងស្ងួត នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បាន​ឲ្យ​មាន​កំណើត​ហ្វូង​ដង្កូវ​ចង្រៃ​នេះ។​

លោក​ ឌី សំអាន ​អនុ​ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ​ និង​អនាម័យ​នៃ​ក្រសួង​កសិកម្ម​ ​បាន​ថ្លែង​ប្រាប់​ ​VOA ថា​ បញ្ហា​ដង្ហូវ​នេះ​បាន​ចាប់ផ្តើម​កើត​មាន​តាំង​ពី​ដើម​ខែ​មិថុនា​មក​ម៉្លេះ ​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន។ មក​ដល់​ពេល​នេះ​ យ៉ាង​ហោច​ណាស់​មាន​ខេត្ត​ចំនួន​៨​ រួមមានខេត្ត​ព្រះវិហារ​ ​ត្បួងឃ្មុំ​ កំពង់ចាម​ ​បន្ទាយ​មានជ័យ​ ឧត្តរមានជ័យ​ ​ព្រៃវែង​ និង​ស្ទឹង​ត្រែង​ កំពុង​ប្រឈម​នឹង​បញ្ហា​នេះ។ ​ថ្មីៗ​នេះ ដង្កូវ​ហ្វូង​ ឬ​ដង្កូវទ័ពក៏​មាន​ផ្ទុះ​ឡើង​នា​ខេត្ត​សៀមរាប​ ​និង​ខេត្ត​កំពង់ធំ​ ​ហើយ​កំពុង​តែ​បំផ្លាញ​ដំណាំ​របស់​កសិករ​ ​រួមមាន​ស្ពៃ សណ្តែក ​ពោត​ និងស្រូវ​ផង​ដែរ។​

លោក​ ឌី សំអាន ​បាន​ថ្លែង​ប្រាប់​ VOA​ ​យ៉ាង​ដូច្នេះថា៖​ «បាទ! ​អញ្ចេះ​ មក​ដល់​ថ្ងៃ​១៧​ហ្នឹង​ ​ការ​ផ្ទុះ​មាន​ដង្កូវ​ហ្វូង​ហ្នឹង​ដូច​ជា​មាន​នៅ​ក្នុង​៧​ទៅ​៨ខេត្ត​ ​ហើយ​បង។ វា​ឥឡូវ​ហ្នឹង​ ​វា​កំពុង​តែ​បំផ្លាញ​ ហើយ​អគ្គ​នាយកដ្ឋាន​កសិកម្ម​ក៏​កំពុង​ចាត់​វិធានការ​ ​ដាក់​អ្នក​បច្ចេកទេស​ទៅ​គ្រប់​ខេត្ត​អស់​ហើយ​ ​ដាក់​គ្រប់​ខេត្ត​ឲ្យ​ជួយ​ផ្សព្វផ្សាយ​អញ្ចឹង»។​

ដង្កូវ​ហ្វូង ឬ​ដង្កូវទ័ព​បំផ្លាញ​ដំណាំ​សន្ទូង​របស់​ប្រជាកសិករ​កម្ពុជា។ ក្រសួង​កសិកម្ម​ ​បាន​ឲ្យ​ដឹង​នា​ថ្ងៃ​សុក្រ​នេះ​ថា​ ​យ៉ាង​ហោច​ណាស់​មាន​ប្រជាកសិករ​កម្ពុជា​ក្នុង​៨ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា កំពុង​ប្រឈម​នឹង​បញ្ហា​ដង្កូវហ្វូង ឬ​ដង្កូវទ័ព។ (រូបភាព​ផ្តល់​ដោយ​អគ្គ​នាយក​ដ្ឋាន​កសិកម្មនៃ​ក្រសួងកសិកម្ម)
ដង្កូវ​ហ្វូង ឬ​ដង្កូវទ័ព​បំផ្លាញ​ដំណាំ​សន្ទូង​របស់​ប្រជាកសិករ​កម្ពុជា។ ក្រសួង​កសិកម្ម​ ​បាន​ឲ្យ​ដឹង​នា​ថ្ងៃ​សុក្រ​នេះ​ថា​ ​យ៉ាង​ហោច​ណាស់​មាន​ប្រជាកសិករ​កម្ពុជា​ក្នុង​៨ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា កំពុង​ប្រឈម​នឹង​បញ្ហា​ដង្កូវហ្វូង ឬ​ដង្កូវទ័ព។ (រូបភាព​ផ្តល់​ដោយ​អគ្គ​នាយក​ដ្ឋាន​កសិកម្មនៃ​ក្រសួងកសិកម្ម)

​សេចក្តី​ជូន​ដំណឹង​របស់​អគ្គនាយក​ដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ បាន​ឲ្យ​ដឹងថា ធាតុ​អាកាស​ក្តៅ​ខ្លាំង និង​រាំង​ស្ងួត​ខុសពី​ឆ្នាំ​ធម្មតា​ ​ហើយ​មាន​ភ្លៀង​ធ្លាក់​ចុះ​ជា​គំហុក​នៅ​តាម​ខេត្ត​មួយ​ចំនួន ចាប់​តាំង​ពី​ដើម​ខែ​មិថុនា​នេះ បាន​បង្ក​ភាព​ងាយ​ស្រួល​ដល់​ការ​កកើត​នៃ​ដង្កូវ​ចង្រៃ​ទាំង​នេះ។

លោក ​ឌី សំអាន ​បាន​បញ្ជាក់​ថា៖​ «ដោយសារ​អាកាសធាតុ​ប្រែប្រួល​ ​ឆ្នាំហ្នឹង​វា​ក្តៅ​ខ្លាំង​អញ្ចឹង​ណា៎ ​ហើយ​វាស្ងួត ​វារាំង​អញ្ចឹង​ទៅ។ វា​សមស្រប​ បាន​ន័យ​ថា​ វា​បង្ក​លក្ខណៈ​ឲ្យ​អាសត្វ​ល្អិត​ប្រភេទ​ហ្នឹង​វាកកើត​ឡើង។ ​វា​សម​ប្រកប​នឹង​អាកាសធាតុ​បែប​ហ្នឹង»។​

ប្រទេស​កម្ពុជា ដែល​មាន​ប្រជា​ពល​រដ្ឋ​ជិត​៨០​ភាគ​ប្រកប​របរ​កសិកម្ម​ ​ក៏​បាន​ទទួល​រង​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ពី​បាតុភូត​ El Nino នៃ​ការ​ប្រែ​ប្រួល​ធាតុ​អាកាស​ ដូច​ប្រទេស​នៅ​អាស៊ី​ផ្សេងៗ​ទៀត​ដែរ។ ការ​ឡើង​កម្តៅ​ដល់​ជាង​៤០​អង្សាសេ នា​ប៉ុន្មាន​ខែ​កន្លង​មក​នេះ បាន​បង្កឲ្យ​ដី​ស្រែ ​និង​ស្ទឹង ត្រពាំង ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង​រីងស្ងួត។​ អ្នក​ស្រែ​ចម្ការ​រាប់​លាន​នាក់​រស់​ក្នុងភាព​ខ្វះ​ទឹក​ប្រើ​ប្រាស់​ ​ហើយ​សត្វ​ព្រៃ​កម្រ​មួយ​ចំនួន​ក៏​ស្លាប់​ដោយ​អត់​ទឹក​ដែរ។ អ្នក​ជំនាញ​ក៏​ធ្លាប់​បាន​ព្រមាន​អំពី​ការ​កើត​មាន​សត្វល្អិត​ ក្រោយ​ពី​បាតុភូត El Lino នេះ​ផង​ដែរ។​

លោក ​ឌី សំអាន​ មន្ត្រី​ជំនាញ​នៃ​ក្រសួង​កសិកម្ម​ ក៏​បាន​ឲ្យដឹង​ផង​ដែរ​ថា សត្វ​ដង្កូវ​ហ្វូង​ ដែល​បំផ្លាញ​ដំណាំ​កសិកម្ម​នេះ​ មិន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្សទេ។​ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មក​ដល់​ពេល​នេះ​ពុំទាន់​មាន​របាយ​ការណ៍​ណា​មួយ​អាច​បញ្ជាក់​ពី​ទំហំ​នៃ​ផល​ប៉ះពាល់​នៅ​ឡើយ។ ក៏​ប៉ុន្តែ​លោក​លើក​ឡើង​យ៉ាង​ដូច្នេះ៖​

«និយាយ​ទៅ​ខ្ញុំ​ថា​ ខេត្ត​ព្រះវិហារ​គឺ​ផ្ទៃដី​ប៉ុន្មាន​ដែល​យើង​បាន​ធ្វើ​ហ្នឹង​ ខ្ញុំ​គិត​ថា​ បាន​ប៉ះ​ពាល់​ទាំង​អស់។ ក៏ប៉ុន្តែ​ការ​ខូចខាត​ការ​អី​ហ្នឹង​ គឺ​យើង​អត់​ទាន់​បាន​ដឹង​ជា​ផ្លូវ​ការ​នោះ​ទេ​ ​ដោយ​សារតែ​យើង​ចាត់​វិធានការ​តាំង​ពី​ថ្ងៃ​មួយ​រហូត​មក​ដល់​ពេល​ហ្នឹង​អញ្ចឹង។​ ​នៅ​ខេត្ត​ព្រះ​វិហារ​បង​មិន​បាច់​ទៅ​រក​មើល​នៅ​ឯណា​ទេ​ បង​មើល​តែ​នៅ​ក្នុង​ផ្ទះ​សំណាក់​ក៏​មាន​វត្តមាន​ដង្កូវ​នេះ​ដែរ។​ កន្លែង​ដេប៉ូ​លក់​ថ្នាំ​ ក៏​វា​មក​ដល់​ហ្នឹង​ដែរ​ នៅ​តាម​ផ្សារ​តាម​អី​ក៏មាន​វត្តមាន​ដង្កូវ​ហ្នឹង​ដែរ។​ អញ្ចឹង​បាន​ន័យ​ថា​ វា​ពេញ​ហ្នឹង​អញ្ចឹង»។​

កសិករ​ប្រើ​សំណាញ់​អូស​យក​ដង្កូវហ្វូង ឬ​ដង្កូវទ័ព​ចេញពី​ស្រែ​របស់​ខ្លួន។ ក្រសួង​កសិកម្ម​ ​បាន​ឲ្យ​ដឹង​នា​ថ្ងៃ​សុក្រ​នេះ​ថា​ ​យ៉ាង​ហោច​ណាស់​មាន​ប្រជាកសិករ​កម្ពុជា​ក្នុង​៨ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា កំពុង​ប្រឈម​នឹង​បញ្ហា​ដង្កូវហ្វូង ឬ​ដង្កូវទ័ព។ (រូបភាព​ផ្តល់​ដោយ​អគ្គ​នាយក​ដ្ឋាន​កសិកម្មនៃ​ក្រសួងកសិកម្ម)
កសិករ​ប្រើ​សំណាញ់​អូស​យក​ដង្កូវហ្វូង ឬ​ដង្កូវទ័ព​ចេញពី​ស្រែ​របស់​ខ្លួន។ ក្រសួង​កសិកម្ម​ ​បាន​ឲ្យ​ដឹង​នា​ថ្ងៃ​សុក្រ​នេះ​ថា​ ​យ៉ាង​ហោច​ណាស់​មាន​ប្រជាកសិករ​កម្ពុជា​ក្នុង​៨ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា កំពុង​ប្រឈម​នឹង​បញ្ហា​ដង្កូវហ្វូង ឬ​ដង្កូវទ័ព។ (រូបភាព​ផ្តល់​ដោយ​អគ្គ​នាយក​ដ្ឋាន​កសិកម្មនៃ​ក្រសួងកសិកម្ម)

លោក​ សម វិទូ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សេដាក​ (CDAC)​ ​បាន​ប្រាប់​ VOA ​ថា​ ការ​ផ្ទុះ​មាន​នៃ​ដង្កូវ​ហ្វូង​ភាគ​ច្រើន​ គឺ​កើត​មាន​ចំពោះ​ដំណាំ​កសិកម្ម​ប្រភេទ​ជា​បន្លែ​ ​ច្រើន​ជាង​ដំណាំស្រូវ ហើយ​ក្នុង​នោះ​ វា​កើត​មាន​ចំពោះ​ដំណាំ​ដែល​ប្រើប្រាស់​ជាតិគីមី​ ឬ​ក៏​ធ្វើតាម​របៀប​ប្រពល​វប្ប​កម្ម។​

លោក​បញ្ជាក់​ថា៖​ «ប៉ុន្តែ​ប្រសិន​បើ​តំបន់​ដែល​កសិករ​ គាត់​ដាំ​ដំណាំ​ដែល​ប្រើ​ប្រាស់​សារធាតុ​សិរីរាង្គ​ គាត់​ប្រើ​ប្រាស់​ជីរ​ធម្មជាតិ​ ​គាត់​ប្រើប្រាស់​ជីរ​កំប៉ុស​ ជីរ​ទឹក​អី​ដែល​គាត់​ផ្សំខ្លួន​ឯង​ ​ខ្ញុំ​អត់​ទាន់​មាន​ឃើញ​បញ្ហា​ហ្នឹង​កើត​មាន​ឡើង​ទេ!»

អ្នក​ជំនាញ​កសិកម្ម​រូប​នេះ​ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផលិតកម្ម​ស្រូវ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​ ​ប្រសិន​បើ​ការ​កើត​មាន​ដង្កូវ​ហ្វូង​ ឬដង្កូវទ័ព​នេះ​នៅ​តែ​បន្ត​កើត​មាន​ទៅ​ទៀត។​

«បើ​សិន​ជា​មាន​ភ្លៀង​ធ្លាក់​ដូច​សព្វថ្ងៃ​ គឺ​វា​នឹង​មិន​ប៉ះ​ពាល់​ខ្លាំង​ទេ។​ ចង់​និយាយ​ថា ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់ ហើយ​មាន​ទឹក​ដក់​ គឺ​វា​នឹង​មិន​ប៉ះពាល់​ខ្លាំង​ទេ។​ ​ប៉ុន្តែ​បើ​សិន​ជា​ចាប់​ពី​ពេល​នេះ​ទៅ​ ​មាន​ភ្លៀង​ធ្លាក់​ ហើយ​ស្រាប់​តែ​ឈប់​ភ្លៀង​រយៈពេល​១ខែ ទៅ​២ខែ គឺ​កសិករ​នឹង​ជួប​ប្រទះ​បញ្ហា​សំណាប​ ឬ​សន្ទូង​របស់​ពួក​គាត់​ហើយ»។​

​អ្នក​ជំនាញ​កសិកម្ម​កម្ពុជា​ ​និង​ក្រសួង​កសិកម្ម​ក៏​បញ្ជាក់​នា​ថ្ងៃ​សប្តាហ៍​នេះ​ផង​ដែរ​ថា​ ​កសិករ​អាច​កម្ចាត់​ដង្កូវ​ហ្វូង​ ឬ​ដង្កូវទ័ព​ទាំង​នោះ​បាន​ដោយ​ខ្លួន​ឯង ​ដោយ​ប្រើវិធី​ងាយៗ​ ​រួម​ទំាង​ការ​ដាក់​អន្ទាក់​សម្លាប់​ហ្វូង​មេ​អំបៅ​ ​ការ​ជីកចង្អូរ​ទឹក​ព័ទ្ធ​ជុំវិញ​ដំណាំ​របស់​ខ្លួន​ ​និង​ការ​កម្ចាត់​ដង្កូវ​ទាំង​នោះ​ ដោយ​ការ​សំអាត​ស្មៅ​នៅ​ជុំវិញ​ដំណាំ​ជា​ដើម៕

XS
SM
MD
LG