ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មេធាវី​ការពារ​ក្តី​លោក មាស មុត សម្តែង​ការ​មិន​ពេញ​ចិត្ត​និង​ស្នើ​ឲ្យ​អង្គ​ជំនុំជម្រះ​ពន្លឿន​រឿង​ក្តី​០០៣


រូបឯកសារ៖ លោក​ មាស មុត​ អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​របស់​របប​ខ្មែរក្រហម​ ដែល​រឿងក្តី​របស់​លោកកំពុង​បន្តទៅមុខ​ទាំង​ភាព​មិន​ច្បាស់​លាស់​​នៅសាលាក្តី​ខ្មែរក្រហម​ អង្គុយនៅក្នុង​​​គេហដ្ឋាន​របស់​​លោក​នៅស្រុក​សំឡូត ខេត្តបាត់​ដំបង ថ្ងៃ​ទី​១៦ ខែ​ធ្នូ​ ឆ្នាំ​២០១៩​។ (សុខ ខេមរា/វីអូអេ)
រូបឯកសារ៖ លោក​ មាស មុត​ អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​របស់​របប​ខ្មែរក្រហម​ ដែល​រឿងក្តី​របស់​លោកកំពុង​បន្តទៅមុខ​ទាំង​ភាព​មិន​ច្បាស់​លាស់​​នៅសាលាក្តី​ខ្មែរក្រហម​ អង្គុយនៅក្នុង​​​គេហដ្ឋាន​របស់​​លោក​នៅស្រុក​សំឡូត ខេត្តបាត់​ដំបង ថ្ងៃ​ទី​១៦ ខែ​ធ្នូ​ ឆ្នាំ​២០១៩​។ (សុខ ខេមរា/វីអូអេ)

ក្រុម​សហ​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ត្រូវ​ចោទ​លោក មាស មុត​ នៅ​សាលាក្តី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ចន្ទ បាន​សម្តែង​ការមិន​ពេញ​ចិត្ត​នឹង​ដំណើរការ​នីតិវិធី​របស់​អង្គ​បុរេ​ជំនុំ​ជម្រះ​នៃ​សាលាក្តី​កូន​កាត់​នេះ ក្រោយ​ពី​សំណើ​របស់​ពួកគេ​ត្រូវ​បាន​បដិសេធ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃ​ទី​១៩​ ខែ​កក្កដា ឆ្នាំ​២០២១ លោក​ អាង ឧត្តម និង​លោក Michael Karnavas ដែល​ការពារ​ក្តី​ឲ្យ​លោក មាស មុត អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​ខ្មែរក្រហម​ក្នុង​សំណុំ​រឿង​០០៣ បាន​សរសេរ​ថា​៖

«...បន្ទាប់​ពី​បាន​ដាក់​សំណើ​សុំ​ធ្វើ​ការ​ឆ្លើយតប​នោះ​មក អង្គ​បុរេជំនុំជម្រះ ដោយ​សង្ខេប​បាន​បដិសេធ​សំណើ​នៅ​ក្នុង​សារអេឡិចត្រូនិក ដោយ​គ្រាន់តែ​រំឭក​ពី​សេចក្តី​ណែនាំ​ជា​សារ​អេឡិច​ត្រូនិក​របស់​ខ្លួន​ថា​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ឆ្លើយតប»។

ការ​បដិសេធ​នេះ​កើត​ឡើង​ក្រោយ​ពី​អង្គ​បុរេ​ជំនុំ​ជម្រះ ​កាល​ពី​ខែ​មេសា​ ឆ្នាំ​២០២១ បាន​ពិចារណា​ថា​ដីកា​ដំណោះស្រាយ​ពីរ​ដែល​ផ្ទុយ​គ្នា​ចេញ​ដោយសហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​និង​អន្តរជាតិ​ក្នុង​សំណុំ​រឿង​នេះ គឺ​ខុស​ច្បាប់​ហើយ​ថា​សេចក្តី​សម្រេច​របស់​អង្គ​បុរេជំនុំជម្រះ​នៅពេល​នោះបិទ​ផ្លូវ​តវ៉ា។ ការណ៍​នេះ បាន​ញ៉ាំង​ឲ្យ​សំណុំ​រឿង​០០៣​នេះ ត្រូវ​ជាប់​គាំង ដោយ​មិន​ប្រាកដ​ថា​តើ​សំណុំ​រឿង​នេះ នឹង​ត្រូវ​រុញ​ទៅ​ជំនុំជម្រះ​ឬ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់។

សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​បាន​ចោទ​ប្រកាន់​លោក មាស មុត ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ បទ​ប្រល័យ​ពូជសាសន៍​ ​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ​និង​បទ​ល្មើស​ថ្នាក់​ជាតិ​ដែល​ស្ថិត​នៅ​ក្រោម​ច្បាប់​របស់​កម្ពុជា​ផង​ដែរ។ ប៉ុន្តែ សហ​ចៅ​ក្រម​ស៊ើប​អង្កេត​ជាតិ​បាន​លើក​លែង​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ លោក​មាស មុត ដោយ​លើក​ហេតុផល​ថា​អតីត​មេទ័ព​ជើង​ទឹក​ខ្មែរ​ក្រហម​រូប​នេះ​មិន​ស្ថិត​ក្រោម​យុត្តាធិការ​បុគ្គល​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ទេ។

ក្រៅ​ពី​រៀបរាប់​ទឡ្ហីករណ៍​ជា​ច្រើន​ សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក មាស មុត ក៏​បាន​ជំរុញ​ឲ្យ​អង្គបុរេ ជំនុំ​ជម្រះ​«ត្រូវ​តែ​បំពេញ​កិច្ច​ឲ្យ​ឆាប់​រហ័ស នៅ​ក្នុង​ការសម្រេច​ពី​ជោគវាសនា​នៃ​រឿង​ក្តី​០០៣»។

ក្រុមមេធាវី​បាន​បន្ថែម​ថា៖ «អង្គបុរេជំនុំជម្រះ​មិន​អាច​បោះបង់​ចោល​នូវ​ទំនួល​ខុសត្រូវ​របស់​ខ្លួន​ក្នុង​ការប្រកាស​ទៅ​លើបញ្ហា​នៅ​ចំពោះ​មុខ​ខ្លួន​វៀរលែង​តែ​ពួកគេ​មាន​បំណង​នឹង​ផ្លាស់ប្តូរ​ទំនួល​ខុសត្រូវ​នេះ​ទៅ​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​ឬ​ទៅ​សហចៅក្រម​ស៊ើបអង្កេត​ឲ្យ​សម្រេច​បញ្ចប់​ជាស្ថាពរ​នូវ​ដំណើរការ​នីតិវិធី​និង​ឲ្យ​បញ្ចប់​ការភ័យ​ខ្លាច​លើ​ការសម្រេច​នៅ​ក្នុង​រឿងក្តី​០០៣»។ ​

ក្រៅ​ពី​សំណុំ​រឿង​០០៣​នេះ សាលាក្តី​ខ្មែរ​ក្រហម​នៅ​សល់​សំណុំ​រឿង ​០០៤ពាក់ព័ន្ធ​នឹងអតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ម្នាក់​ទៀត​គឺ​លោក យឹម ទិត្យ​ ដែល​សាលាក្តី​កូន​កាត់​នេះ​នឹង​ត្រូវ​សម្រេច​ថាតើ​ត្រូវ​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ជំនុំ​ជម្រះ​ឬ​ក៏​ទម្លាក់​ចោល​បទ​ចោទ៕

XS
SM
MD
LG