ភរិយារបស់លោកនួន ជា មេមនោគមវិជ្ជារបស់ខ្មែរក្រហមគឺអ្នកស្រីលី គឹមសេង បានស្លាប់កាលពីថ្ងៃពុធគឺជិត២ឆ្នាំបន្ទាប់ពីប្តីរបស់អ្នកស្រីដែលជាប្រធានរដ្ឋសភារបស់របបកម្ពុជាប្រជាធិបតេយ្យបានស្លាប់កាលពីថ្ងៃទី៤ខែសីហា ឆ្នាំ២០១៩នៅពេលលោកកំពុងត្រូវបានតុលាការកាត់ទោសខ្មែរក្រហមកាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាមបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងប្រល័យពូជសាសន៍។
អ្នកស្រីលី គឹមសេង អាយុ៨៦ឆ្នាំបានស្លាប់ក្រោយពីបានមើលទូរទស្សន៍ហើយក្រោកឈររួចក៏ដួលបោកក្បាលផ្នែកខាងក្រោយនៅម៉ោងជាង១រសៀលហើយក៏បានស្លាប់នៅម៉ោងប្រមាណ៣រសៀលនៅថ្ងៃពុធ ទី២៦ខែឧសភា។
អ្នកស្រី លី គឹមសេង បានស្លាប់នៅផ្ទះកូនស្រីរបស់អ្នកស្រីនៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យហើយសពរបស់អ្នកស្រីត្រូវបានបញ្ជូនទៅធ្វើបុណ្យនៅផ្ទះកូនស្រីច្បងឈ្មោះ លី ប៊ុនធឿននៅក្រុងប៉ៃលិន ខេត្តប៉ៃលិននៅពេលល្ងាចថ្ងៃដដែល។នេះបើតាមលោក ថេត សម្បត្តិសហផលិតករខ្សែភាពយន្តរឿង«សត្រូវប្រជាជន»ដែលបានសម្ភាសន៍លោកនួន ជានិងអតីតកម្មាភិបាលខ្មែរក្រហមដែលបានសារភាពអំពីការសម្លាប់ពលរដ្ឋខ្មែរក្នុងរបបខ្មែរក្រហម។
អំឡុងពេលខ្មែរក្រហមកាន់អំណាចពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ដល់ថ្ងៃទី៧ ខែមករាឆ្នាំ១៩៧៩ អ្នកស្រី លី គឹមសេង ធ្វើមេចុងភៅសម្រាប់លោក ប៉ុល ពតនិងលោក នួន ជា ដែលជាមេដឹកនាំកំពូលរបស់ខ្មែរក្រហម។
អាពាហ៍ពិពាហ៍របស់អ្នកស្រីជាមួយលោកនួន ជា នៅឆ្នាំ១៩៥៧មិនមានការចូលរួមរបស់ឪពុកម្តាយរបស់លោកនួន ជាទេ ដោយសារពេលនោះលោក នួន ជា ដែលធ្វើការងារសម្ងាត់របស់បក្សកុម្មុយនីស្តប្រឆាំងនឹងរបបសង្គមរាស្ត្រនិយមអំឡុងទសវត្សរ៍១៩៥០មិនបានអនុញ្ញាត។
អាពាហ៍ពិពាហ៍របស់លោក នួន ជានិងអ្នកស្រី លី គឹមសេង គឺធ្វើឡើងតាមរយៈបក្សកុម្មុយនីស្តដែលអនុញ្ញាតឲ្យតែមនុស្សក្នុងបក្សប៉ុណ្ណោះរៀបការនឹងគ្នា។ ឪពុករបស់អ្នកស្រីលី គឹមសេងគឺជាសមាជិកថ្នាក់កណ្តាលខណៈលោកនួនជាកាលនោះ ជាមេដឹកនាំចលនាតស៊ូសម្ងាត់នោះ។
អាពាហ៍ពិពាហ៍របស់អ្នកស្រីជាមួយលោក នួន ជា គឺដូចការរៀបការក្នុងសម័យខ្មែរក្រហមដែរ គឺរៀបចំឡើងដោយគ្មានភ្លេងការគ្មានព្រះសង្ឃនិងគ្មានពិធីនានាដូចអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរនោះទេ៕