ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា នឹងចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងខេត្តរតនគិរី នាសប្តាហ៍ក្រោយពាក់ព័ន្ធការចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានការរើសអើង» ដែលផ្តើមចេញពីការអត្ថាធិប្បាយរបស់លោក ពាក់ព័ន្ធប្រាក់ឈ្នួលមិនស្មើគ្នារវាងកម្មករខ្មែរ និងកម្មករវៀតណាម ដែលធ្វើការនៅក្នុងចម្ការកៅស៊ូ និងចម្ការចេករបស់ក្រុមហ៊ុនវៀតណាម ក្នុងខេត្តរតនគិរី។
លោកត្រូវបានចោទប្រកាន់ ដោយសាលាដំបូងខេត្តរតនគិរី កាលពីឆ្នាំ ២០២៣ គឺក្រោយពេលលោកបានចុះជួបសំណេះសំណាលជាមួយពលរដ្ឋនៅក្នុងខេត្តដែលស្ថិតនៅភាគឦសានមួយនេះ។
បើតាមលោក មាជ សុវណ្ណារ៉ា លោកចូលទៅបំភ្លឺដំណាក់កាលចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តរតនគិរី នៅថ្ងៃទី ៧ ខែតុលាខាងមុខនេះ គឺដើម្បីស្វែងរកយុត្តិធម៌ និងបញ្ជាក់ភាពស្អាតស្អំរបស់លោក។
លោកប្រាប់វីអូអេថា៖ «ខ្ញុំនិយាយជាង១ឆ្នាំមកហើយ។ ខ្ញុំនិយាយមានហេតុមានផលហើយខ្ញុំបានបង្ហាញថា មិនមែនជាការរើសអើស ឬក៏ ញុះញង់ទេគឺខ្ញុំនិយាយ មើលឃើញថា កម្មករ នៅក្នុងចម្ការចេក ចម្ការកៅស៊ូ ស្រុកលំផាត់ ខេត្តរតនគិរីហ្នឹងគឺថា វាមានការឱ្យប្រាក់ប្រចាំថ្ងៃ ប្រាក់ឈ្នួលធ្វើការហ្នឹងវាអត់មានភាពស្មើភាពគ្នា រវាងជនជាតិខ្មែរ កម្មករខ្មែរ និងជនជាតិវៀតណាម ជនជាតិយួនជាកម្មករ នៅក្នុងចម្ការចេក ចម្ការកៅស៊ូ អ៊ីហ្នឹង»។
ក្នុងសំណុំរឿងនេះ តុលាការខេត្តរតនគិរីក៏បានចេញដីកាចាប់ខ្លួនមេដឹកនាំគណបក្សនយោបាយរូបនេះផងដែរ កាលពីខែកញ្ញា ឆ្នាំ ២០២៣។ ប៉ុន្តែលោក មាជ សុវណ្ណារ៉ា ទើបទទួលបានដីកាចាប់ខ្លួននោះ ពេលលោកទៅលេងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក កាលពីដើមខែកញ្ញា ឆ្នាំ ២០២៤ ពោលគឺដីកាចាប់ខ្លួននោះ ធ្វើឡើងមួយឆ្នាំកន្លងមកហើយ។
លោក មាជ សុវណ្ណារ៉ា ដែលជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានចូលមកប្រទេសកម្ពុជាវិញកាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីបន្តសកម្មភាពនយោបាយ និងរង់ចាំតតាំងក្តីនៅតុលាការ។
លោកបន្ថែមថា៖ «ឥឡូវខ្ញុំចូលមកស្រុកកម្ពុជា។ ខ្ញុំដើរធ្វើនយោបាយស្របច្បាប់ទៀត។ ខ្ញុំមិនមានការភ័យព្រួយ តក់ស្លុតទៅនឹងការចាប់ចងទេ ព្រោះខ្ញុំ[ជា]មនុស្សស្អាតស្អំ។ អ្នកនយោបាយមួយដែលទទួលខុសត្រូវ ក្នុងអ្វីដែលខ្ញុំបានធ្វើកន្លងមក។ វាអត់មានពាក់ព័ន្ធទៅនឹងគម្រោងអភិវឌ្ឍន៍ត្រីកោណ CLV អីទៅទៀត។ ហើយពេលនេះ គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV រវាងប្រទេសយួន ប្រទេសឡាវ និងកម្ពុជា ក៏ត្រូវបានរដ្ឋាភិបាលដកគម្រោងឈប់សហប្រតិបត្តិការទៅទៀត»។
លោក សឺន ជុំជួន មេធាវីការពារក្តីឱ្យលោក មាជ សុវណ្ណារ៉ា ប្រាប់វីអូអេថា ក្នុងដំណាក់កាលស៊ើបសួរនេះ ចៅក្រមអាចប្រើឆន្ទានុសិទ្ធិក្នុងការលើកលែងបទចោទប្រកាន់លើកូនក្តីរបស់លោកបាន ប្រសិនបើរកមិនឃើញភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់នោះ។
លោកថ្លែងថា៖ «បើសិនណាស៊ើបឃើញថា វាមិនមានភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុកទេ អ៊ីចឹងចៅក្រម គាត់ប្រើសិទ្ធិមួយទៀត ក្នុងការសម្រេចដោយឆន្ទានុសិទ្ធិរបស់គាត់ ក្នុងការលើកលែងបទចោទប្រកាន់ជាដើម»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក កែវ ពិសុទ្ធ អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី បាននៅឡើយទេ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា ការផ្តល់មតិប្រៀបធៀបក្នុងស្ថានភាពមួយ គឺជាការប្រើប្រាស់សិទ្ធិ និងជាការបង្ហាញក្តីកង្វល់។ ដូច្នេះលោកថា ករណីនេះគួរតែមានការសម្របសម្រួលគ្នា ដើម្បីធានាដល់សេរីភាពបញ្ចេញមតិ។
លោកប្រាប់វីអូអេថា៖ «អ៊ីចឹងខ្ញុំគិតថា រឿងទាំងអស់នេះ មិនគួរឱ្យកើតមានឡើងទេ។ វាគួរតែមានការសម្របសម្រួលគ្នាណាមួយដើម្បីឱ្យសេរីភាពក្នុងការបញ្ចេញមតិ វាមានការបើកទូលំទូលាយ ហើយសិទ្ធិសេរីភាពនយោបាយហ្នឹង គឺមានការបើកទូលំទូលាយ»។
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា ដែលធ្លាប់ជាប់ពន្ធនាគារចំនួន២លើក នៅតែមានក្តីសង្ឃឹមថា អ្នកនយោបាយជំនាន់ថ្មីនឹងគិតអំពីស្ថិរភាពនយោបាយ និងគិតអំពីដៃគូគណបក្សប្រកួតប្រជែង ដោយមិនរើសអើងគ្នា ជាពិសេសប្រកួតប្រជែងលើកម្មវិធីគោលនយោបាយនៅពេលបោះឆ្នោតម្តងៗ ដោយ«អ្នកឈ្នះ គឺឈ្នះដោយថ្លៃថ្នូរ អ្នកចាញ់គឺចាញ់ដោយអស់ចិត្ត»៕
វេទិកាបញ្ចេញមតិ