ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​នឹង​ពិភាក្សា​ពី​ការ​គំរាម​កំហែង​របស់​កូរ៉េ​ខាង​ជើង​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទ្វីប​អាស៊ី


លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក James Mattis ចូលរួម​ក្នុង​សន្និសីទ​មួយ​ជាមួយ​នឹង​មេដឹកនាំ​យោធា​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក James Mattis បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​រារាំង​ការ​គំរាមកំហែង​ផ្នែក​យោធា​ពី​ប្រទេស​កូរ៉េ​ខាង​ជើង គឺ​ជា​ចំណុច​អាទិភាព​នៅ​ក្នុង​ការ​ពិភាក្សា​របស់​លោក​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទ្វីប​អាស៊ី​ក្នុង​សប្ដាហ៍​នេះ នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី Donald Trump ទៅ​កាន់​ទ្វីប​អាស៊ី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន​ដើម្បី​ចូលរួម​នៅ​ក្នុង​ការ​ពិភាក្សា​អំពី​បញ្ហា​សន្តិសុខ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការពារ​ជាតិ​មក​ពី​បណ្ដា​ប្រទេស​នានា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ លោក James Mattis បាន​និយាយ​ថា លោក​នឹង​ពិភាក្សា​អំពី «វិបត្តិ​សន្តិសុខ​ក្នុង​តំបន់​ដែល​បណ្ដាល​មក​ពី​ភាព​គឃ្លើន​របស់​កូរ៉េ​ខាង​ជើង‍» ក្នុង​ចំណោម​បញ្ហា​ផ្សេងៗ​ទៀត។

នៅ​ឯ​កិច្ច​ពិភាក្សា​នោះ លោក​ក៏​ត្រូវ​គេ​រំពឹង​ថា​នឹង​រៀបចំ​ជំនួប​ត្រី​ភាគី​ជាមួយ​នឹង​សម​ភាគី​របស់​លោក​មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទ្វីប​អាស៊ី​ផង​ដែរ មុន​ពេល​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង​ដើម្បី​ចូលរួម​នៅ​ក្នុង​ការ​ពិភាក្សា​ប្រចាំ​ឆ្នាំ​អំពី​ផ្នែក​ការពារ​ជាតិ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​មក​ពី​ប្រទេស​ទាំង ១០ នៃ​សមាគម​អាស៊ាន ដែល​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង Clark ភាគ​ខាង​ជើង​ប្រទេស​ហ្វីលីពីន​នៅ​មុន​ជំនួប​ជាមួយ​នឹង​លោក James Mattis បាន​ចេញ​នូវ​សេចក្ដី​ថ្លែងការណ៍​ខ្លាំងៗ​ប្រឆាំង​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​ចន្ទ​នេះ។

សេចក្ដី​ថ្លែងការណ៍​រួម​នោះ​សរសេរ​ក្នុង​ន័យ​ដើម​ថា៖ «យើង​បង្ហាញ​នូវ​ក្ដី​បារម្ភ​ដ៏​ខ្លាំងក្លា​ពាក់ព័ន្ធ​នឹង​ការ​រីក​រាលដាល​នៃ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ដែល​ក្នុង​នោះ​មាន​ទាំង​ការ​សាកល្បង និង​ការ​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប​របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ បន្ថែម​ទៅ​នឹង​ការ​សាកល្បង​នុយក្លេអ៊ែរ និង​ការ​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​កាល​ពី​លើក​មុន​របស់​ប្រទេស​នេះ។ យើង​ជំរុញ​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​កូរ៉េ​ខាង​ជើង​គោរព​ជា​បន្ទាន់​ទៅ​តាម​កាតព្វកិច្ច​របស់​ខ្លួន​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្ដី​សម្រេច​ពាក់ព័ន្ធ​ទាំង​អស់​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ៕

XS
SM
MD
LG