ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​វាយប្រហារ​​ដោយ​គ្រាប់មីស៊ីល​​ជា​ថ្មី​លើ​ហេដ្ឋារចនាសម្ព័ន្ធ​​ថាមពល​អ៊ុយក្រែន


ផ្សែង​ខ្មៅ​ហុយ​ឡើង​ទៅ​លើ​ពី​តំបន់​អាកាសយានដ្ឋាន​ Kursk ដែល​ស្ថិត​នៅ​ជាយក្រុង Kursk ប្រទេស​រុស្ស៊ី ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២២។ (Administration of the Kursk region of Russia via AP)
ផ្សែង​ខ្មៅ​ហុយ​ឡើង​ទៅ​លើ​ពី​តំបន់​អាកាសយានដ្ឋាន​ Kursk ដែល​ស្ថិត​នៅ​ជាយក្រុង Kursk ប្រទេស​រុស្ស៊ី ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២២។ (Administration of the Kursk region of Russia via AP)

មន្រ្តី​អ៊ុយក្រែនបាន​រាយការណ៍​ពី​ការ​បាញ់​ស្រោច​យ៉ាងខ្លាំង​ដោយ​គ្រាប់មីស៊ីល​របស់រុស្ស៊ី​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។​ សឺរ៉ែន​ប្រកាស​អាសន្នពី​ការ​វាយប្រហារ​តាមផ្លូវ​អាកាស​បាន​បន្លឺ​យ៉ាង​កង​រំពង​ ដើម្បី​ឱ្យ​ជន​ស៊ីវិលរត់​រក​កន្លែង​ពួន។​

ការ​វាយប្រហារ​ជា​ថ្មី​តាម​អាកាស​ដ៏ខ្លាំង​នេះ​ គឺសំដៅលើ​លំនៅ​ដ្ឋាន​ អគារ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ ដែល​អាជ្ញាធរអ៊ុយក្រែន​បាន​រំពឹង​ទុក​រួច​មក​ហើយ​ ដោយ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​គឺ​ចង់​ទុកឱ្យ​អ៊ុយក្រែន​ស្ថិត​ក្នុង​ស្ថានភាព​ដែល​គ្មានថាមពល​ គ្មានកម្តៅ​ និង​ទឹក​ប្រើប្រាស់​នៅក្រោមរដូវ​រងា​ដ៏​ត្រជាក់​ខ្លាំងរហូត​ដល់​ស្លាប់។​

ក្រុមហ៊ុនអគ្គិសនី​រដ្ឋ​ Ukrenergo បាន​បញ្ជាក់​ថា​ រុស្ស៊ីបាន​វាយប្រហារ​ចំ​ទីតាំង​ហេដ្ឋារចនាសម្ព័ន្ធថាមពល​ ដែល​នាំ​ឱ្យមាន​ការផ្តាច់ចរន្តអគ្គិសនីក្នុង​គ្រាអាសន្នជាច្រើន​ក្នុង​ប្រទេស​អ៊ុយក្រែន។​

បើ​ទោះបី​ជា​យ៉ាងនេះក្តី​ ក៏​ប្រព័ន្ធ​ថាមពលនៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន​ នៅ​តែមាន​ដំណើរការនិងស្ថិតក្នុង​សភាព​ដើម​។​ នេះបើតាម​ការ​លើក​ឡើង​របស់​នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន​ លោក Denys Shmyhal។

សារព័ត៌មាន​អ៊ុយក្រែន​ បានរាយការណ៍​ពី​ការ​ផ្ទុះ​នៅ​កន្លែងជា​ច្រើន​នៅ​ភាគខាង​ត្បូង​រដ្ឋធានី​កៀវ​ ដែល​ក្នុង​នោះ​រួម​មានទីក្រុង Cherkasy ទីក្រុង Kryvyi Rih និងទីក្រុង​កំពង់​ផែ Odesa ដែល​ក្រុមហ៊ុន​ទឹក​បាន​និយាយ​ថា​ ចរន្តអគ្គិសនីត្រូវ​បាន​កាត់​ផ្តាច់​មិន​មាន​ភ្លើង​ដើម្បី​បូមទឹក​ ​ហើយ​ទីក្រុង​មិន​មាន​ទឹក​ប្រើប្រាស់​នោះ​ឡើយ។​ ​

អនុប្រធាន​ខុទ្ទកាល័យប្រធានាធិបតី​អ៊ុយក្រែន​ លោក Kyrylo Tymoshenko បាន​សរសេរលើ​បណ្តាញ​តេឡេក្រាម​ថា​ «​ខ្មាំង​សត្រូវ​ បាន​វាយប្រហារជា​ថ្មី​ម្តងទៀតលើ​ទឹកដី​អ៊ុយក្រែន​ ដោយ​គ្រាប់​មីស៊ីល​»។ ​

លោក Tymoshenko បន្តទៀត​ថា​ មនុស្ស​២​នាក់​បាន​ស្លាប់​ ហើយ​៣​នាក់​រងរបួស​ ដែលក្នុង​នោះ​មានកូនក្មេង​អាយុ​ជិត​២​ឆ្នាំ​ម្នាក់​ផង​ នៅ​ក្នុង​ភូមិ Novosofiyivka ខាង​ត្បូង​តំបន់ Zaporizhzhia៕

XS
SM
MD
LG