ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​វិភាគ៖ គោលការណ៍​អហិង្សា​ដែល​លោក​ឃីង​ប្រើ​ជោគជ័យ​អាច​ប្រើប្រាស់​បាន​ដើម្បី​បង្រួម​ខ្មែរ

  • ម៉ែន គឹមសេង

លោកគុជ​ ច័ន្ទលី ​អ្នក​វិភាគ​ឯករាជ្យ​ខ្មែរ​អាមេរិកាំង​​ជាវាគ្មឹន​ក្នុង​កម្មវិធី​ហេឡូវីអូអេពិសេស​។​

វ៉ាស៊ីនតោន - ៥០ឆ្នាំ​ក្រោយ​ពី​មហាបាតុកម្ម​ដែល​ដឹកនាំ​ដោយ​បណ្ឌិត​ ម៉ាទីន លូថ័រ ឃីង​សកម្មជន​សិទ្ធិ​ពលរដ្ឋ​របស់​សហរដ្ឋ​អាមេរិក​ដែល​លោក​បាន​ថ្លែង​សុន្ទរកថា​ពី​ក្តី​សុបិន្ត​មួយ​របស់​លោក​សម្រាប់​សិទ្ធិ​ពលរដ្ឋ​នៅ​សហរដ្ឋ​អាមេរិក​ លោក​ គុជ​ ច័ន្ទលី ​អ្នក​វិភាគ​ឯករាជ្យ​ខ្មែរ​អាមេរិកាំង​យល់​ថា​គោល​ការណ៍​របស់​លោក​ឃីង​អាច​នឹង​ប្រើ​ប្រាស់​បាន​នៅ​ក្នុង​ការតវ៉ា​អហិង្សា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​បង្រួប​បង្រួម​អ្នក​ដែល​មាន​និន្នាការ​ប្រើ​ប្រាស់​ហិង្សា​ឱ្យ​ទន់​ចិត្ត​មក​រួមរស់​ដោយសុខសាន្ត​ជាមួយ​នឹង​អ្នក​ដែល​ស្រឡាញ់​សន្តិភាព។

ការលើក​ឡើង​ស្រប​ពេល​ដែល​គណបក្ស​សង្គ្រោះជាតិ​ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី​និង​លោក​កឹម សុខា​មាន​គម្រោង​ធ្វើ​មហាបាតុកម្ម​អហិង្សា​មួយ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៧​ខែ​កញ្ញា​ដើម្បី​តវ៉ា​នឹង​លទ្ធផល​ឆ្នោត​ជាតិ​ដែល​បាន​បោះឆ្នោត​កាលពីថ្ងៃ​ទី​២៨​ខែកក្កដា​កន្លងមក។​

លោក​ច័ន្ទលី​ផ្តល់​ជា​ដំបូន្មាន​ថា​ការប្រើ​ប្រាស់​យុទ្ធសាស្រ្ត​អហិង្សា​ទាម​ទារ​ឱ្យ​មាន​ការ​អត់​ធ្មត់​ខ្លាំង​ណាស់​ដូច​ជា​លោក​បណ្ឌិត​ម៉ាទីន លូថ័រ​ ឃីង​ត្រូវ​បាន​អាជ្ញា​ធរ​ចាប់​ឃុំឃាំង​អស់​ចំនួន​២៩​ដង​ហើយ​លោក​មហាត្មះ​ គន្ធី​ បិតា​ឯករាជ្យ​ឥណ្ឌា​ក៏​ធ្លាប់​ត្រូវ​គេ​ចោល ដុំ​ថ្ម ពងទាស្អុយ​និង​ប៉េងប៉ោះ​ដាក់​ជាដើម​ប៉ុន្តែ​អ្នក​ទាំងនោះ​នៅ​តែ​អត់​ធ្មត់​រហូត​ដល់​សម្រេច​បាន​គោល​ដៅ​របស់​គេ​ដូច​ជា​លោក​ឃីង​ទទួល​បាន​សិទ្ធិ​សេរីភាព​ស្មើ​គ្នា​រវាង​ជន​ជាតិ​អាមេរិកាំង​ស្បែក​ស​និង​ខ្មៅ​ រី​ឯ​លោក​គន្ធី​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស។​

លោក​ច័ន្ទលី​បន្ថែម​ថា​ការស្នើ​របស់​លោក​ម៉ាទីន​ លូថ័រ​ ឃីង​ឱ្យ​«ជួង​នៃ​សេរីភាព​បន្លឺឡើង​និង​បន្លឺ​នៅ​គ្រប់​ទី​កន្លែង»​អាច​ជា​ស្នូរ​ជួង​មួយ​ទាញ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​គំនិត​ខ្វែងគ្នា​និង​ប្រកាន់​ជំហរ​ខុស​គ្នា​ឱ្យ​ចេះ​ស្រឡាញ់​គ្នា​និង​មិន​ប្រើ​ហិង្សា​ដាក់​គ្នា​ទៅវិញ​ទៅមក។​

មាន​ការ​រិះគន់​និង​មិន​យល់ស្រប​ចំពោះវិធី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រើដើម្បី​ទាម​ទារ​យុត្តិធម៌​ពី​ការ​បោះឆ្នោត​នេះ​ប៉ុន្តែ​លោកកឹម​ សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះ ជាតិ​បាន​បញ្ជាក់​ថា​កន្លង​មក​អំពើ​ហិង្សា​ដែល​បាន​កើត​មាន​ឡើង​ក្នុង​ប្រទេស​កម្ពុជា​«បានត្រឹមតែ​សម្លាប់​គ្នា» តែ មិន​អាច​ដោះស្រាយ​អ្វី បាន​ទេ​ហើយ​ការដែល​គណបក្ស​នេះ​ប្រើ​គោល​ការណ៍​នេះ​មិន​មែន​«ជាការ​ទន់​ជ្រាយ​ទេ»។

អត្ថបទ​ទាក់ទង

XS
SM
MD
LG