ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជីវសាស្រ្ត​ផ្នែក​ជីវិត​ក្នុង​សមុទ្រ​សរសេរ​មុខ​វិជ្ជា​វិទ្យាសាស្រ្ត​ឡើង​វិញ​សម្រាប់​កុមារ


លោកស្រី Danielle Dixson ជា​អ្នក​ជីវសាស្រ្ត​ផ្នែក​ជីវិត​ក្នុង​សមុទ្រ​ម្នាក់​ ដែល​បាន​ចាប់​ផ្តើម​សរសេរ​សៀវភៅ​ក្មេងៗ​ដើម្បី​ជួយ​ពួកគេ​យល់​ពី​ការ​សិក្សា​ស្រាវជ្រាវ​របស់​គាត់។
លោកស្រី Danielle Dixson ជា​អ្នក​ជីវសាស្រ្ត​ផ្នែក​ជីវិត​ក្នុង​សមុទ្រ​ម្នាក់​ ដែល​បាន​ចាប់​ផ្តើម​សរសេរ​សៀវភៅ​ក្មេងៗ​ដើម្បី​ជួយ​ពួកគេ​យល់​ពី​ការ​សិក្សា​ស្រាវជ្រាវ​របស់​គាត់។

អ្នក​ជីវសាស្រ្ត​ផ្នែក​ជីវិត​ក្នុង​សមុទ្រ​ម្នាក់​កំពុង​តាក់​តែង​ការ​ស្រាវជ្រាវ​របស់​ខ្លួន​ឲ្យ​កាន់​តែ​ងាយ​ស្រួល​យល់ តាម​រយៈ​ការ​បំប្លែង​វា​ទៅ​ជា​សៀវភៅ​សម្រាប់​ក្មេងៗ​ជា​ស៊េរី។

ភាសា​ដែល​ពិបាក​យល់់​នៅ​ក្នុង​ឯកសារ​វិទ្យាសាស្រ្ត​គឺ​ជា​ផ្នែក​នៃ​មូលហេតុ​ដែល​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ហាក់​ដូចជា​ពិបាក​យល់​ឲ្យ​បាន​ទូលំ​ទូលាយ។ នៅ​ពេល​នេះ ​អ្នក​ជីវសាស្រ្ត​ផ្នែក​ជីវិត​ក្នុង​សមុទ្រ​ម្នាក់​កំពុង​តាក់​តែង​ការ​ស្រាវជ្រាវ​របស់​ខ្លួន​ឲ្យ​កាន់​តែ​ងាយ​ស្រួល​យល់ តាម​រយៈ​ការ​បំប្លែង​វា​ទៅ​ជា​សៀវភៅ​សម្រាប់​ក្មេងៗ​ជា​ស៊េរី។ គោល​បំណង​ទី​២​របស់​អ្នក​ជីវសាស្រ្ត​រូប​នេះ​គឺ​ការ​បង្កើន​ការ​យល់​ដឹង​អំពី​ការ​អភិរក្ស​បរិស្ថាន​និង​សមុទ្រ។

លោកស្រី ​Danielle Dixson ​បាន​ចំណាយ​ពេល​ជិត​ពីរ​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ហ្វ៊ីជី (Fiji) ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​ថ្នាក់​ក្រោយ​បណ្ឌិត​របស់​លោកស្រី​លើ​ប្រធាន​បទ ​«ការ​អង្កេត​លើ​ការ​បាត់​បង់​ផ្កាថ្ម​ប៉ប្រះ​ទឹក»។

លោកស្រី​និយាយ​ថា៖ «ប៉ប្រះ​ទឹក​ជាច្រើន​ចាប់​ផ្តើម​ប្រែប្រួល​ពី​ប្រព័ន្ធ​ផ្កាថ្មប៉ប្រះ​ទឹក​ដ៏​ស្រស់​ស្អាត​ និង​មាន​រន្ធ​ច្រើន​សម្រាប់​សត្វ​លាក់​ខ្លួន ទៅ​ជា​ថ្ម​ប៉ប្រះ​ទឹក​ដែល​បាត់​បង់​សម្រស់ និង​បែក​បាក់​ហើយ​មិន​មាន​កន្លែង​លាក់​ខ្លួន​ច្រើន​ដូច​មុន​សម្រាប់​ត្រី​ និង​សត្វ​ផ្សេងៗ​ទៀត​ទេ។ ដូច្នេះ ខ្ញុំ​កំពុង​ព្យាយាម​ស្វែង​យល់​ថា​តើ​ការ​ផ្លាស់​ប្តូរ​ពី​ថ្ម​ប៉ប្រះ​ទឹក​ដ៏ល្អ ​ទៅ​ជា​ថ្ម​ប៉ប្រះ​ទឹក​ដែល​គ្មាន​សម្រស់​ដូច​នេះ នឹង​ប៉ះ​ពាល់​ដល់​ឥរិយាបថ​នៃ​អម្បូរ​ត្រី​ដែល​រស់​នៅ​តំបន់​នោះ​យ៉ាង​ដូចម្តេច»។​

នៅ​ដំណាក់​កាល​ដំបូង​នៃ​ការ​ស្រាវជ្រាវ​របស់​លោកស្រី​សាស្រ្តាចារ្យ​ជំនួយការ​នៅ​សាកល​វិទ្យាល័យ Delaware ​រូបនេះ​បាន​សម្រេច​ចិត្ត​យកអ្នក​រស់​នៅ​ក្នុង​ស្រុក​មក​ចូលរួម​ក្នុង​ការងារ​នេះ។

«តាម​ពិត ​ខ្ញុំ​បាន​រស់​នៅ​ក្នុង​ភូមិ​មួយ​ជាមួយ​នឹង​អ្នក​ភូមិ​មួយ​ចំនួន។ វានឹង​ងាយ​ស្រួល​ក្នុង​ការ​ស្រាវជ្រាវ​របស់​ខ្ញុំ​ ប្រសិន​បើ​ពួក​គេ​យល់​ពី​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ និង​ដឹង​ថា​ការងារ​របស់​ខ្ញុំ​នឹង​ជួយ​ពួកគេ​ដោយ​វិធី​ណា​នោះ។ វិធី​មួយ​ដែល​ខ្ញុំ​អាច​ធ្វើ​ទំនាក់ទំនង​ជាមួយ​យុវជន​បាន​នោះ​គឺ​ ខ្ញុំ​បង្កើត​វីដេអូ​សម្រាប់​ពួកគេ។ ខ្ញុំ​បាន​ចាប់​ផ្តើម​បង្កើត​សៀវភៅ​សម្រាប់​ក្មេងៗ​ ដើម្បី​ឲ្យ​ពួកគេ​អាច​យល់​បាន​កាន់​តែ​ច្បាស់​ថា​ហេតុអ្វី​បាន​ជា​ខ្ញុំ​ទៅ​ទី​នោះ។ វា​នឹង​ងាយ​ស្រួល​នៅ​ពេល​ខ្ញុំ​សុំ​ឲ្យ​ពួកគេ​កុំ​ដើ​រកាត់​ហាង​ហែល​ទឹក​របស់​កុមារ​ដែល​ខ្ញុំ​បង្កើត​នៅ​ទីនោះ​សម្រាប់​ការ​ពិសោធន៍​ ឬ​អ្វី​មួយ​ស្រដៀង​នេះ​ដែល​នឹង​ត្រូវ​បង្កើត​ឡើង»។

នៅ​ពេល​ដែល​លោកស្រី ​Dixson​ ត្រឡប់​មក​សហរដ្ឋ​អាមេរិក​វិញ លោកស្រី​បានសម្រេច​ចិត្ត​ចាប់​ផ្តើម​ធ្វើ​ការងារ​ទាំង​នេះ​សម្រាប់​ក្មេងៗ​នៅ​សហរដ្ឋ​អាមេរិក​ដែរ។
«ខ្ញុំ​គិត​ថា ក្មេងៗ​គួរ​តែមាន​ចំណែក​ក្នុង​ការងារ​នេះ ហើយ​ខ្ញុំ​គិត​ថា​សៀវភៅ​រឿង​អាច​ជា​វិធី​មួយ​ក្នុង​ចំណោម​វិធី​នានា​ដែល​ងាយ​ស្រួល​បំផុត​ដើម្បី​ទាក់​ទាញ​ពួកគេ​ និង​ធ្វើ​ឲ្យ​ពួកគេ​យល់​បាន»។

គំនិត​នេះ​បាន​ធ្វើ​ឲ្យ​លោកស្រី​បង្កើត​សៀវភៅ​ចំនួន​៩ក្បាល។

«សៀវភៅ​មួយ​ក្នុង​ចំណោម​សៀវភៅ​ទាំង​អស់​របស់​ខ្ញុំ​និយាយ​អំពី​របៀប​ដែល​ត្រី​ហ្គូប៊ី​តូច​ (Goby)​ មួយ​ការពារ​ជម្រក​របស់​វា»។

រឿង​និយាយ​អំពី​ត្រី​តូច​មួយ​នេះ​គឺ​យក​ចេញ​ពី​ការ​សិក្សា​ស្រាវជ្រាវមួយ​របស់​លោកស្រី ​Dixson។

«យើង​មិន​ដឹង​ថា​ មាន​ប្រភេទ​សារ៉ាយ​ម្យ៉ាង​ ប្រសិន​បើ​អ្នក​ដាក់​វា​ប៉ះ​នឹង​ផ្កាថ្ម​ក្នុង​រយៈពេល​៤៨ម៉ោង​ នោះ​ផ្នែក​របស់​ផ្កា​ថ្ម​ដែល​បាន​ប៉ះ​ជា​មួយ​នឹង​សារ៉ាយ​នោះ​នឹង​ស្លាប់។ មាន​សរីរាង្គ​ជាច្រើន​ដែល​រស់​នៅ​ក្នុង​ផ្កាថ្ម​នោះ​ រួម​មាន​ទាំង​ត្រី​ហ្គូប៊ី​ផង​ដែរ។ ដូច្នេះ វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ដែល​យើង​អាច​ដឹង​ថា​ ត្រី​ហ្គូប៊ី​រស់​នៅ​ក្នុងផ្កាថ្ម​ ហើយ​ផ្កា​ថ្ម​នោះ​ពិត​ជា​ជម្រក​របស់​វា។ អញ្ចឹង​ ត្រី​ហ្គូប៊ី​ចំាបាច់​ត្រូវ​តែ​ការពារ​ជម្រក​របស់​វា។ ហេតុ​ដូច្នេះ​ហើយ​ ខ្ញុំ​បង្កើត​ការ​ពិសោធន៍​ជា​ស៊េរី​មួយ​ដើម្បី​មើល​ថា ​តើ​ត្រី​ហ្គូប៊ី​ជួយ​ផ្កាថ្ម​ក្នុង​ការ​ប្រយុទ្ធ​នឹង​សារ៉ាយ​ដែរ​ឬ​ទេ? ចុង​ក្រោយ​យើង​រក​ឃើញ​ថា វា​ពិត​ជា​បាន​ជួយ​ផ្កា​ថ្ម។ យើង​រក​ឃើញ​ថា ផ្កាថ្ម​អាច​ធ្វើ​ទំនាក់​ទំនង​ជាមួយ​នឹង​ត្រី​ហ្គូប៊ី​តាម​បែប​គីមីសាស្ត្រ​ដើម្បី​ប្រាប់​ឲ្យ​ត្រីហ្គូប៊ី​មក​ជួយ ឬ​ប្រាប់​ថា​ខ្ញុំ​ឈឺ​នៅ​ត្រង់​នេះ»។

នៅ​ពេល​បំប្លែង​ការ​ស្រាវជ្រាវ​នេះ​ទៅ​ជា​រឿង លោកស្រី​ Dixson បាន​ចាប់​ផ្តើម​ដោយ​ការ​ណែនាំ​អ្នក​អាន​វ័យក្មេងៗ​ឲ្យ​ស្គាល់​លោក​និង​លោកស្រី​ហ្គូប៊ី​ជាមុន។

«លោក​និង​លោកស្រី​ហ្គូប៊ី​កំពុង​រស់​នៅ​ក្នុង​ផ្ទះផ្កាថ្ម​របស់​ពួកគេ​ ហើយ​ភ្លាម​នោះ​ផ្កាថ្ម​ចាប់​ផ្តើម​ឈឺ ​ប៉ុន្តែគ្រួសារ​លោក​និង​លោកស្រី​ហ្គូប៊ី​ត្រូវ​ការផ្ទះ​ដើម្បី​រស់រាន​មាន​ជីវិត។ ដូច្នេះ​ តើ​ពួកគេ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ជួយ​ផ្ទះ​របស់​ពួកគេ? សៀវភៅ​រឿង​នោះចាប់​ផ្តើម​ចូល​ដល់​ការ​រក​ឃើញ​បែប​វិទ្យាសាស្រ្ត ប៉ុន្តែ​យើង​ធ្វើ​វា​ដោយ​ការ​ចាប់​ផ្តើម​ពី​ឈុតឆាក​អំពី​លោក​និង​លោកស្រី​ហ្គូប៊ី​ព្យាយាម​ជួយ​ផ្ទះ​របស់​ពួកគេ»។

ក្នុង​នាម​ជា​អ្នក​វិទ្យាសាស្ត្រ​សត្វ​ក្នុង​សមុទ្រ ​លោកស្រី​ Dixson​ ចង់​ឲ្យ​រឿង​របស់​គាត់​ក្លាយ​ជា​រឿង​អប់រំ និង​ជា​រឿង​លើក​ទឹក​ចិត្ត​ក្នុង​ពេល​តែ​មួយ។

«រឿង​មួយ​ដែល​ខ្ញុំ​ធ្វើ​គ្របប់​សៀវភៅ​រឿង​ទាំង​អស់​របស់​ខ្ញុំ​ គឺ​ខ្ញុំ​មាន​ទំព័រ​ចុង​ក្រោយ​មួយ​ ដែល​ទំព័រ​នោះ​និយាយ​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ជួយ។ ខ្ញុំ​គិត​ថា មាន​រឿង​ច្រើន​ដែល​សូម្បី​តែ​ក្មេង​អាយុ​៦ឆ្នាំ​ក៏​អាច​ធ្វើ​បាន​ដែរ ជា​ពិសេស​សម្រាប់​ការ​ធ្វើ​អាស៊ីតកម្ម​ក្នុង​សមុទ្រ​ ដូចជា​ការ​បិទ​ភ្លើង​នៅ​ពេល​អ្នក​ចេញ​ពី​បន្ទប់​ ឬ​ការ​ជិះ​កង់​ទៅ​ផ្ទះ​មិត្តភក្តិ​របស់​អ្នក​ជា​ជាង​ឲ្យ​ឪពុក​ម្តាយ​របស់​អ្នក​ជូន​អ្នក​ទៅ។ មាន​រឿង​រ៉ាវ​ច្រើន​ដែល​ពួកគេ​អាច​ធ្វើ​ ហើយ​ពួក​គេ​មាន​អារម្មណ៍​ថា​ពួកគេ​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ»។

លោក​ស្រី​សាស្រ្តាចារ្យ ​Danielle Dixson​ កំពុង​សហការ​ជាមួយនិស្សិត​របស់​គាត់​ និង​ដេប៉ាតឺម៉ង់​អប់រំនិង​ភាសារ​អង់គ្លេស​ ​ដើម្បី​បញ្ចប់​គម្រោង​នេះ​និង​បោះពុម្ភ​សៀវភៅ​ទាំង​នោះ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG