ការដើរដង្ហែក្បួនដើម្បីវិទ្យាសាស្ត្រឬ March for Science ប្រចាំឆ្នាំលើកទីពីរ ត្រូវបានប្រារព្ធធ្វើឡើងនៅសួន National Mall ក្នុងរដ្ឋធានី វ៉ាស៊ីនតោន កាលពីថ្ងៃសៅរ៍ ហើយព្រឹត្តិការណ៍ស្រដៀងគ្នានេះជាង២០០ ត្រូវបានប្រារព្ធឡើងនៅទូទាំងពិភពលោក។
មនុស្សរាប់ពាន់នាក់បានចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះក្នុងរដ្ឋធានី វ៉ាស៊ីនតោន ប៉ុន្តែចំនួនអ្នកចូលរួមគឺតិចជាងកាលពីឆ្នាំមុនយ៉ាងខ្លាំង។
ការដើរដង្ហែក្បួនកាលពីថ្ងៃសៅរ៍ត្រូវបានធ្វើឡើង បន្ទាប់ពីមានភាពចលាចលទៅលើគោលនយោបាយវិទ្យាសាស្ត្រក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ការផ្លាស់ប្ដូរពាក់ព័ន្ធនឹងវិទ្យាសាស្ត្រពីសេតវិមានបានធ្វើឲ្យសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុទីក្រុងប៉ារីស ហើយក៏មានការអនុញ្ញាតឲ្យបើកដំណើរការរោងចក្រដែលដំណើរការដោយធ្យូងនៅក្នុងសហរដ្ឋអាមេរិកផងដែរ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក៏កំពុងតែព្យាយាមដកបទបញ្ញត្តិបរិស្ថានមួយចំនួនចេញទៀតផង។
អ្នកដើរដង្ហែក្បួនម្នាក់ក្នុងចំណោមនោះ បានលើកផ្ទាំងបដាដែលសរសេរថា «ធ្វើឲ្យអាមេរិកឈ្លាសវៃឡើងវិញម្ដងទៀត» ដែលស្រដៀងនឹងពាក្យស្លោករបស់លោកប្រធានាធិបតី ត្រាំ ដែលនិយាយថា «ធ្វើឲ្យអាមេរិកអស្ចារ្យឡើងវិញម្ដងទៀត»។
ប៉ុន្តែអ្នករៀបចំការដើរដង្ហែក្បួននេះនិយាយថា ការវាយប្រហារទៅលើវិទ្យាសាស្ត្រមិនមែនទើបតែចាប់ផ្ដើមជាមួយនឹងរដ្ឋបាលលោក ត្រាំ នោះទេ។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ពួកគេនិយាយថា មនោគមវិជ្ជាមានឥទ្ធិពលទៅលើភស្តុតាងស្ដីពីបញ្ហាសុខភាពស្ត្រី អំពើហិង្សាដោយសារកាំភ្លើង និងប្រធានបទដ៏ចម្រូងចម្រាសដទៃទៀត៕