ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Manafort ​នឹង​ធ្វើ​កិច្ច​សហការ​ជា​មួយ​​ស្មាក្តី​ពិសេស​ Mueller


លោក Paul Manafort អតីត​ប្រធាន​ឃោសនា​របស់​លោក​ ត្រាំ ចេញ​ពី​អាគារ​តុលាការ​ក្រោយ​ពេល​សវនាការ​រឿង​ក្តី​លោក កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨។
លោក Paul Manafort អតីត​ប្រធាន​ឃោសនា​របស់​លោក​ ត្រាំ ចេញ​ពី​អាគារ​តុលាការ​ក្រោយ​ពេល​សវនាការ​រឿង​ក្តី​លោក កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨។

លោក ​Paul Manafort ​អតីត​ប្រធាន​ក្រុម​អ្នក​ឃោសនា​បោះឆ្នោត​ឱ្យ​លោក ត្រាំ​ បាន​យល់​ព្រម​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ការ​ស៊ើប​អង្កេត​របស់​លោក Robert Mueller ​ស្មាក្តី​ពិសេស​អំពី​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ទៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.​កាល​ពី​ឆ្នាំ​២០១៦។​

កិច្ច​សហ​ប្រតិបត្តិការ​របស់​លោក ​Manafort ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រម​ព្រៀងអំពី​ចម្លើយ​ចុង​ចោទ​ដែល​បាន​សម្រេច​ជា​មួយ​ពួក​រដ្ឋ​អាជ្ញា​សហព័ន្ធ​ដែល​អនុញ្ញាត​ឱ្យ​លោក​ចៀស​វៀង​ពី​ការ​កាត់​ក្តី​មួយ​អំពី​ការ​ចោទ​ប្រកាន់​ទាក់​ទិន​ជាមួយ​ការងារ​ខាង​ការ​ពិគ្រោះ​យោបល់​នយោបាយ​របស់​លោក​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

គេ​មិន​បាន​ដឹង​ច្បាស់​លាស់​ជា​បន្ទាន់​ទេ​ អំពី​ព័ត៌មាន​ជាក់​លាក់​ស្តី​ពី​ប្រធានាធិបតី ដូណាល់ ត្រាំ​ និង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​ដែល​លោក Manafort ​នឹង​ផ្តល់​ឱ្យ​ពួក​អ្នក​ស៊ើប​អង្កេត។​ ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ក៏​លោក​ជា​ជន​ម្នាក់​ក្នុង​បណ្តា​ពួក​អ្នក​បាន​ចូល​រួម​នៅ​ក្នុង​ជំនួប​កាលពី​ខែ​មិថុនា​ឆ្នាំ២​០១៦​ នៅ​ឯអាគារ​ Trump Tower ​រវាង​ពួកមន្ត្រី​ធ្វើ​ការ​ឃោសនា​បោះឆ្នោត​ឱ្យ​លោក ត្រាំ និង​មេធាវី​រុស្ស៊ី​ម្នាក់​ដែល​បាន​បញ្ជាក់​ថា ​អ្នកស្រី​មានព័ត៌មាន​នាំ​ឱ្យ​មាន​ការ​ខាត​បង់​ដល់​លោកស្រី​ Hillary Clinton ​ដែល​ជា​គូ​ប្រជែង​របស់​លោក ត្រាំ។

កាល​ពី​ខែ​មុន​ លោក​ Manafort ​បាន​ត្រូវ​រក​ឃើញ​ថា​មាន​ទោស​ពី​បទ​ប្រព្រឹត្តឧក្រិដ្ឋកម្ម​ហិរញ្ញ​វត្ថុ​៨​នៅ​ក្នុង​ការ​កាត់​ក្តី​សហព័ន្ធ​មួយ​ដាច់​ដោយ​ឡែក​នៅ​ក្នុង​រដ្ឋ​ Virginia​ ហើយ​លោក​ប្រឈម​នឹង​ការ​ជាប់​គុក​ពី៧​ទៅ​១០​ឆ្នាំ​នៅ​ក្នុង​ករណី​នេះ។ គ្មាន​ការ​ចោទ​ប្រកាន់​ណា​មួយ​ទាក់​ទិន​នឹង​យុទ្ធនាការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៦​ ទេ។​

លោក ​Manafort​ ជា​សហការី​ចុង​ក្រោយ​បង្អស់​ក្នុង​បណ្តា​ពួក​អ្នក​ជំនួយ​ការ​របស់​លោក ត្រាំ​ មួយ​ចំនួន​ដែល​សារភាព​ថា​ខ្លួន​មាន​ពិរុទ្ធ​ហើយ​បាន​ធ្វើ​សហការ​ជា​មួយ​ពួក​អ្នក​ស៊ើប​អង្កេត​ក្នុង​សេចក្តី​សង្ឃឹម​ថា​ នឹង​មាន​ការ​អត់​ឱន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG