ជនប្រដាប់អាវុធម្នាក់ ដែលបានប្តេជ្ញាការស្មោះស្ម័គ្រចំពោះក្រុមភេរវកម្មរដ្ឋឥស្លាម បានស្ទាក់វាយប្រហារប៉ូលិសម្នាក់ នៅពេលប៉ូលិសនេះអង្គុយនៅក្នុងឡានគាត់នៅក្នុងក្រុង Philadelphia រដ្ឋ Pennsylvania នាប៉ែកខាងកើតស.រ.អាកាលពីថ្ងៃព្រហស្បតិ៍ ដោយបានបាញ់កាំភ្លើងច្រើនគ្រាប់ទៅលើប៉ូលិសរូបនោះ។
ក្រុមអាជ្ញាធរបាននិយាយថា ប៉ូលិសរូបនោះដែលត្រូវបានបាញ់បីគ្រាប់ចំដៃខាងឆ្វេងបានបាញ់តបតវិញ ហើយត្រូវចំជនវាយប្រហារអាយុ៣០ឆ្នាំរូបនោះ ដែលបានរត់គេចខ្លួន តែត្រូវចាប់បាននៅពេលបន្ទាប់មក។
ជនប្រដាប់អាវុធជាប់សង្ស័យនោះ ដែលត្រូវបានរាយការណ៍ថា បានបាញ់កាំភ្លើងយ៉ាងតិចណាស់១១គ្រាប់ បានត្រូវស្គាល់អត្តសញ្ញាណតាមឈ្មោះ Edward Archer អាយុ៣០ឆ្នាំ មកពីក្រុង Philadelphia។ ជននោះមានប្រវត្តិធ្លាប់ប្រព្រឹត្តឧក្រិដ្ឋកម្មកន្លងមក។ គ្មានការបញ្ជាក់ណាមួយថា ឈ្មោះ Archer បានធ្វើសកម្មភាពជាមួយនរណាម្នាក់ទៀតក្នុងការវាយប្រហារនេះទេ។ ក្រុមមេដឹកនាំ ឥស្លាមក្នុងស្រុកនិយាយថា គ្មានការបញ្ជាក់ណាមួយថា Archer ជាអ្នកប្រតិបត្តិសាសនាឥស្លាមទេ។
ក្រុមអាជ្ញាធរបាននិយាយថា Archer បានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ី សាអូឌីតកាលពីឆ្នាំ២០១១ និងទៅកាន់ប្រទេសអេហ្ស៊ីបក្នុងឆ្នាំ២០១២ ហើយថាការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) កំពុងស៊ើបអង្កេតអំពីគោលបំណងនៃការធ្វើដំណើរទៅទាំងពីរប្រទេសខាងលើរបស់ជននោះ។
ប៉ូលិសដែលបានត្រូវរងការបាញ់ប្រហារនោះមានឈ្មោះថា Jesse Harnett អាយុ៣៣ឆ្នាំ។ គេរំពឹងថា លោកមិនមានគ្រោះថ្នាក់ដល់ជីវិតទេ ក៏ប៉ុន្តែលោកនឹងត្រូវវះកាត់ច្រើនកន្លែង នេះបើតាមការប្រាប់ឲ្យដឹងពីសំណាក់មន្រ្តីប៉ូលិសកាលពីថ្ងៃសុក្រ៕