ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុរស​ម្នាក់​បាន​ត្រូវ​ចាប់​ខ្លួន​បន្ទាប់​បើក​រថយន្ត​បុក​អ្នក​ថ្មើរ​ជើង​នៅ​ខាង​ក្រៅ​សភា​អង់គ្លេស


ប៉ូលិស​ឈរ​នៅ​លើ​ផ្លូវ​ បន្ទាប់​ពី​រថយន្ត​មួយ​បាន​បុក​អ្នក​ថ្មើរ​ជើង​នៅ​ខាង​ក្រៅ​សភា​អង់គ្លេស នៅ​ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។
ប៉ូលិស​ឈរ​នៅ​លើ​ផ្លូវ​ បន្ទាប់​ពី​រថយន្ត​មួយ​បាន​បុក​អ្នក​ថ្មើរ​ជើង​នៅ​ខាង​ក្រៅ​សភា​អង់គ្លេស នៅ​ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។

ប៉ូលិស​នៅ​ក្នុង​ក្រុង​ឡុងដ៍​បាន​និយាយ​ថា​ នៅ​ថ្ងៃ​អង្គារ​នេះ​បុរស​ម្នាក់​បាន​បើក​ឡាន​ទៅ​បុក​ពួក​អ្នក​ថ្មើរ​ជើង​ និង​ពួក​អ្នក​ជិះ​កង់​នៅ​មុន​ពេល​បុក​របាំង​មួយ​ចំនួន​នៅ​ខាង​ក្រៅ​សភា​នៃ​ប្រទេស​អង់គ្លេស​ បណ្តាល​ឱ្យ​មនុស្ស​មួយ​ចំនួន​ត្រូវ​របួស។​

អាជ្ញាធរ​បាន​និយាយ​ថា​ ពួក​ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​អ្នក​បើក​រថយន្ត​នេះ​ពី​បទ​សង្ស័យ​ថា​ប្រព្រឹត្ត​ភេរវកម្ម។ ​ប៉ូលិស​បាន​ថ្លែង​ថា ​គ្មាន​មនុស្ស​ឯទៀត​នៅក្នុង​រថយន្ត​នោះ​ទេ​ ហើយ​ថា​ពួក​គេ​មិន​បាន​រក​ឃើញ​អាវុធ​អ្វី​ឡើយ។

សេវា​ឡាន​ពេទ្យ​ក្រុង​ឡុងដ៍​បាន​និយាយ​ថា​ ពួកគេ​បាន​ព្យាបាល​និង​បាន​ដឹក​មនុស្ស​ពីរ​នាក់​ទៅ​កាន់​មន្ទីរពេទ្យ​មួយ​ហើយ​ថា​ ជន​ទាំង​ពីរ​នាក់នេះ​រង​របួស​មិន​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទេ។

អាជ្ញាធរ​បាន​បិទ​តំបន់​នៅ​ជុំវិញ​កន្លែង​កើត​ហេតុ​នោះ និង​ស្ថានីយ​រថភ្លើង​ក្រោម​ដី​មួយ​នៅ​ជិត​សភា។​ គ្មាន​ការ​ប្រជុំ​សភា​អង់គ្លេស​នៅ​ពេល​នោះ​ទេ។​

កាលពី​ឆ្នាំ​ទៅ​មិញ បុរស​ម្នាក់​បាន​បើក​រថយន្ត​បុក​អ្នក​ថ្មើរ​ជើង​នៅ​លើ​ស្ពាន​ Westminster នៅ​ជិត​សភា​បណ្តាល​ឱ្យ​មនុស្ស​បួន​នាក់​ស្លាប់​នៅ​ទី​នោះ​នៅ​មុន​ពេល​គាត់​ចាក់​សម្លាប់​ប៉ូលិស​ម្នាក់​នៅ​ខាង​ក្រៅ​សភា។ ប៉ូលិស​បាន​បាញ់​សម្លាប់​អ្នក​វាយ​ប្រហារ​នោះ៕

XS
SM
MD
LG